ឯកអគ្គរដ្ឋទូត​អាមេរិក​ប្រចាំ​ប្រទេស​ស៊ីម​បាវ៉េ​ថា​ទណ្ឌកម្ម​នានា​នឹង​ដក​ចេញ​ប្រសិន​បើ​មាន​កំណែ​ទម្រង់​ជាក់​លាក់​នៅ​ស៊ីមបាវ៉េ

លោក Brian Nichols ឯក​អគ្គ​រដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ស៊ីមបាវ៉េ និង​ប្រធានាធិបតី​ជាប់​ឆ្នោត​ Emmerson Mnangagwa នៅ​និវេសដ្ឋាន​របស់​លោក Emmerson ក្នុង​ទីក្រុង​ហារ៉ារ៉េ កាល​ពី​ថ្ងៃទី​១៥ សីហា ២០១៨។

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេសស៊ីមបាវ៉េ​ លោក Brian Nichols បាន​ថ្លែង​ថា​ប្រទេសស៊ីមបាវ៉េ​ត្រូវតែ​បង្ហាញ​ពី​កំណែទម្រង់​ក្នុង​ប្រទេស​ឲ្យ​បាន​ជាក់លាក់​ប្រសិន​បើ​ប្រទេស​នៅក្នុង​ទ្វីបអាហ្វ្រិក​ភាគខាងត្បូង​មួយ​នេះ​ចង់​ឲ្យ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដក​ចេញ​ទណ្ឌកម្ម​នានា​ប្រឆាំង​នឹង​មន្រ្តី​កំពូលៗ​របស់​ខ្លួន។

លោក​ឯក​អគ្គរដ្ឋទូត​បាន​ថ្លែង​ដូច្នេះ​បន្ទាប់​ពី​ជំនួប​ជាមួយ​នឹង​ប្រធានាធិបតី​ស៊ីមបាវ៉េ​លោក ​Emmerson Mnangagwa​ កាល​ពី​ថ្ងៃពុធ​នៅ​ឯ​វិមាន​ប្រធានាធិបតី​ស៊ីមបាវ៉េ​ក្នុង​ទីក្រុង​ហារ៉ារ៉េ។

ជំនួប​រយៈ​ពេល​ប្រហែល​មួយ​ម៉ោង​រវាង​ឯក​អគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​ប្រចាំ​ប្រទេស

ស៊ីមបាវ៉េ​ជា​មួយ​នឹង​ប្រធានាធិបតី​ស៊ីមបាវ៉េ​ បាន​ត្រូវ​ធ្វើ​ឡើង​ក្រោយ​មួយ​សបា្តហ៍​បន្ទាប់​ពី​លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិកដូណាល់ ត្រាំ បាន​ចុះ​ហត្ថលេខា​លើ​វិសោធន​កម្ម​ច្បាប់​ឆ្នាំ​២០១៨ ​ស្តី​ពី​ការ​ងើប​ឡើង​វិញ​នូវ​លទ្ធិ​ប្រជាធិបតេយ្យ​និង​សេដ្ឋ​កិច្ច​របស់​ប្រទេស​ស៊ីមបាវ៉េ​ឬ​ហៅថា ​ZIDERA។ វិសោនធកម្ម​ច្បាប់​របស់​សហរដ្ឋ​អាមេរិក​នេះ​បាន​ដាក់​ទណ្ឌកម្មសារ​ឡើង​វិញ​ទៅ​លើ​មេដឹកនាំ​ស៊ីមបាវ៉េ​មួយ​ចំនួន​និង​ក្រុមហ៊ុន​នានា​ បន្ទាប់​ពី​មាន​ការ​ចោទ​ប្រកាន់​ថា ​មាន​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​ការ​លួច​បន្លំ​នៅ​ក្នុង​ការ​បោះឆ្នោត​កាល​ពីឆ្នាំ​២០០២​ ប្រឆាំង​នឹង​អតីត​ប្រធានាធិបតី​លោក​Robert Mugabe។

លោក ​Emmerson Mnangagwa​ ដែល​ជា​ប្រធានាធិបតី​ស៊ីមបាវ៉េ​បច្ចុប្បន្ន​ក៏​ស្ថិត​ក្នុង​ចំណោម​បុគ្គល​ពាក់​ព័ន្ធ​នានា​ដែល​ត្រូវ​បាន​ដាក់​បម្រាម​រារាំង​ការ​ធ្វើ​ដំណើរ​និង​ផ្នែក​ហរិញ្ញ​វត្ថុ​ផង​ដែរ។

នៅ​ពេល​ដែល​លោក​ Mnangagwa​ ឡើង​កាន់​តំណែង​ជា​ប្រធានាធិបតី​កាល​ពី​ខែ​វិចិ្ឆកា​ឆ្នាំ​មុន​ លោក​បាន​សន្យា​ធ្វើ​ឲ្យ​មាន​ភាព​ប្រក្រតី​ឡើង​វិញ​នូវ​ទំនាក់​ទំនង​របស់​ស៊ីមបាវ៉េ​ជាមួយ​នឹង​សហ​រដ្ឋ​អាមេរិក​ និង​បណ្តា​បស្ចឹម​ប្រទេស​នានា​ដែល​បាន​ដាក់​ទណ្ឌកម្ម​លើ​ប្រទេស​ស៊ីមបាវ៉េ។

កាល​ពី​ថ្ងៃ​ពុធ​កន្លង​ទៅ​ លោក​ឯកអគ្គរដ្ឋ ​Nichols​ បាន​ថ្លែង​ថា​ សហរដ្ឋអាមេរិក​ពេញ​ចិត្ត​នឹង​កំណែ​ទម្រង់​ក្នុង​ប្រទេស​ស៊ីមបាវ៉េ​ចាប់​តាំង​ពី​លោក​ Mugabe​ ចាក​ចេញ​ពី​តំណែង​កាល​ពី​ខែ​វិច្ឆិកា ​ឆ្នាំមុន​ ប៉ុន្តែ​មាន​ការ​ព្រួយ​បារម្ភ​ចំពោះ​អំពើ​ហិង្សា​ក្រោយ​ការ​បោះឆ្នោត​នា​ពេល​ថ្មីៗ​នេះ​ដែល​បាន​ផ្ទុះ​ឡើង​កាល​ពី​ថ្ងៃ​ទី១​ ខែសីហា​ ដោយ​ពួក​កងទ័ព​បាន​បាញ់​ទៅ​លើ​ហ្វូង​បាតុករ​ដែល​បាន​បណ្តាល​ឲ្យ​ពន្យារ​ពេល​ដល់​ការ​ប្រកាស​លទ្ធផល​បោះ​ឆ្នោត​ប្រធានាធិបតី។

លោក​ឯកអគ្គរដ្ឋទូត Nicholsបាន​ថ្លែង​ថា៖​«ការ​ប្តេជ្ញា​របស់​លោក​ប្រធានាធិបតី ​Mnangagwa​ ក្នុង​ការ​ស៊ើប​អង្កេត​ប្រកប​ដោយ​តម្លាភាព​ទៅ​លើ​ហេតុការណ៍​ដែល​បាន​កើតឡើង​ទាំងនោះ​គឺ​មាន​សារៈ​សំខាន់​ខ្លាំង​ណាស់​ចំពោះ​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក។ ​អំពើ​ហិង្សា​កាល​ពី​ថ្ងៃទី១​ ខែសីហា​បាន​បណ្តាល​ឲ្យ​មនុស្ស​៦​នាក់​ស្លាប់​នៅ​តាម​ផ្លូវ​ ការ​បំភិតបំភ័យ​ភ្នាក់ងារ​បោះឆ្នោត​របស់​ក្រុម​ប្រឆាំង និង​បង្ក​អំពើ​ហិង្សា​នៅ​តាម​កន្លែង​នានា​ក្នុង​ទីក្រុង​ហារ៉ារ៉េ រឿង​រ៉ាវ​ទាំងអស់​នេះ​បាន​ក្លាយ​ជា​ក្តីបារម្ភ​យ៉ាង​ខ្លាំង»។

លោក​ Mnangagwa​ បាន​ប្រកាស​ទទួល​ជោគជ័យ​លើ​ការ​បោះ​ឆ្នោត​កាល​ពីថ្ងៃ​ទី​៣០​ខែ​កក្កដា​កន្លង​ទៅ​ ប៉ុន្តែ​គណបក្ស​ប្រឆាំង​បាន​ប្តឹង​តវ៉ា​ទៅ​តុលាការ​ធម្មនុញ្ញ​លើ​លទ្ធផល​នៃ​ការ​បោះឆ្នោត​នេះ​ ដោយ​បាន​ប្រកែក​មិន​ទទួល​ស្គាល់​លទ្ធផល​បោះឆ្នោត​ ហើយ​បាន​អះ​អាង​ថា​មេដឹកនាំ​គណបក្ស​ប្រឆាំង​លោក ​Nelson Chamisa​ ទៅ​វិញ​ទេ​ដែល​ជា​អ្នក​ទទួល​ជ័យជម្នះ​ពិត​ប្រាកដ។

លោក​ Nichols​ បាន​ថ្លែង​កាល​ពី​ថ្ងៃពុធ​ថា​លោក​សង្ឃឹម​ថា​ តុលាការ​នឹង​មាន​ភាព​អព្យាក្រឹត​នៅក្នុង​ការ​ដោះស្រាយ​ករណី​នេះ។ កាល​ពី​ថ្ងៃពុធ​លោកMnangagwa

បាន​ថ្លែង​ពី​លទ្ធផល​វិជ្ជមាន​នៃ​ជំនួប​ជាមួយ​លោក​ឯកអគ្គរដ្ឋទូត ​Nichols។ លោក​Mnangagwa​ បាន​ថ្លែង​ថា៖​ «លោក​ត្រូវ​តែ​យល់​ដឹង​អំពី​បរិយាកាស​នៅ​ក្នុង​ប្រទេស​ស៊ីមបាវ៉េ។ យើង​បាន​ផ្លាស់​ប្តូរ​ទស្សនៈ​ទៅ​វិញ​ទៅ​មក​អំពី​ស្ថានភាព​ក្នុង​ប្រទេស​នា​ពេល​បច្ចុប្បន្ន។ ហើយ​យើង​កំពុង​ធ្វើ​ឲ្យ​ប្រទេស​ស៊ីមបាវ៉េ​ក្លាយ​ជា​ប្រទេស​មួយ​ដែល​មាន​ប្រជាពលរដ្ឋ​រស់​នៅ​ក្នុង​សន្តិភាព។ មាន​តែ​សន្តិភាព​នឹង​ស្ថិរភាព​ទេ​ដែល​អាច​ធ្វើ​ឲ្យ​ប្រទេស​មាន​ការអភិវឌ្ឍ​បាន។ មិន​មែន​ការ​ចោល​ដុំ​ថ្ម​ដាក់​គ្នា​នោះ​ទេ»។

នៅ​ពេល​ចោទ​សួរ​ពាក់​ព័ន្ធ​នឹង​ការ​យល់​ឃើញ​ចំពោះ​វិសោធន​កម្ម​ច្បាប់ ​ZIDERA លោក​ប្រធានាធិបតី​វ័យ​៧៥​រូប​នេះ​ បាន​ផ្ទុះ​សំណើច​បន្ទាប់​មក​បាន​ដើរ​ចូល​រថយន្ត​ដែល​កំពុង​រង់ចាំ​លោក។

តុលាការ​ធម្មនុញ្ញ​នៃ​ប្រទេស​ស៊ីមបាវ៉េ​មាន​ពេល​ពីរ​សប្តាហ៍​ដើម្បី​ធ្វើ​ការ​សម្រេច​ទៅ​លើ​ញត្តិ​តវ៉ា​អំពី​លទ្ធផល​បោះឆ្នោត​របស់​គណបក្ស​ប្រឆាំង។

ប្រែសម្រួលដោយ ស៊ូ ពេជ្រចិន្តា