អាមេរិក​ជំរុញ​កម្ពុជា​ឱ្យ​ផ្តោត​លើ​គុណភាព​ជំនាញ​ការងារ

លោក​វីលាម ថដ (William E.Todd) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​​ថ្លែង​នៅ​ក្នុង​​សន្និសីទ​បច្ចេកវិទ្យា TechCamp ក្នុង​រាជធានី​ភ្នំពេញ​កាល​ពី​ពាក់​កណ្តាល​ខែ​មិនា។ (គុណ ចិន្តា/វីអូអេ)

ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​បាន​រំឭក​ដល់​ប្រទេស​កម្ពុជានៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​ឲ្យ​ផ្តោត​ការ​យក​ចិត្ត​ទុក​ដាក់​លើការ​ពង្រឹង​គុណភាព​ជំនាញ​ដល់​ពលរដ្ឋ​របស់​ខ្លួន​សម្រាប់​ការ​ប្រជែង​ទីផ្សារ​ការងារ​ក្នុង​ចំណោម​បណ្តា​ប្រទេស​អាស៊ាន​នៅ​ឆ្នាំ​២០១៥។

ប្រទេស​កម្ពុជា ​វៀតណាម ​ឡាវ ​ថៃ ​ម៉ាឡេស៊ី ​ហ្វ៊ីលីពីន ​សិង្ហបុរី ​ប្រ៊ុយណេ ​ភូមា ​និង​ឥណ្ឌូណេស៊ី ​សរុប​ចំនួន​១០​ប្រទេស​នៃ​សមាគម​ប្រជាជាតិ​អាស៊ី​អាគ្នេយ៍​ហៅ​កាត់​ថា​អាស៊ាន​នឹង​បង្កើត​ជា​សហគមន៍​សេដ្ឋកិច្ច​រួមតែ​មួយ​នៅ​ឆ្នាំ​២០១៥។

លោក​វីលាម ថដ (William E.Todd) ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិក​មាន​ប្រសាសន៍​នៅ​ក្នុង​វេទិកា​ពិភាក្សា​ស្តីពីការ​លើក​កម្ពស់​ការ​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​ធ្វើ​ជា​កម្លាំង​ជំរុញ​សេដ្ឋកិច្ច​ក្នុង​ទីក្រុង​ភ្នំពេញ៖

«សហគមន៍​សេដ្ឋកិច្ច​អាស៊ាន​ឆ្នាំ​២០១៥​គឺជា​រឿង​សំខាន់​ណាស់​គឺ​មាន​ន័យ​ថា​ប្រជាពលរដ្ឋ ​ពលករ​នឹង​អាច​ទៅ​មក​ពី​ប្រទេស​ផ្សេងៗ​ក្នុង​សហគមន៍​នេះ​ដើម្បី​រក​ការងារ​ធ្វើ​ដូច្នេះ​វា​ជា​រឿង​ល្អ​សម្រាប់​ប្រទេស​កម្ពុជា»។

ក៏​ប៉ុន្តែ​លោក​ឯកអគ្គរដ្ឋទូត​សហរដ្ឋ​អាមេរិកបាន​សង្កត់ធ្ងន់​ថា​គុណភាព​ផ្នែក​ជំនាញ​របស់​ពលករ​ខ្មែរ​គឺជា​កង្វល់។

«ប៉ុន្តែ​អ្វី​ដែល​ធ្វើ​ឲ្យ​ខ្ញុំ​ព្រួយបារម្ភ ​និង​នៅ​តែ​ធ្វើ​ឲ្យ​ខ្ញុំ​បារម្ភ​ខ្លាំង​រហូត​ដល់​ពេល​នេះ​គឺថា​ប្រសិន​បើ​ពលករ​មិន​មាន​ជំនាញ ​មិន​មាន​សមត្ថភាព​ដើម្បី​ទទួល​បាន​ការងារ​ដែល​មាន​ជំនាញ​ខ្ពស់​និង​ការងារ​ដែល​ទទួល​បាន​ប្រាក់ខែ​ខ្ពស់​នោះ ​ពលរដ្ឋ​កម្ពុជា​នឹង​ទទួល​បាន​ប្រាក់ខែ​ទាប​និង​មាន​មាន​ជំនាញ​ទាប»។

មាន​ពលរដ្ឋ​កម្ពុជា​ប្រមាណ​ជា​៣០ម៉ឺន​នាក់​ត្រូវ​ការ​ការងារ​ធ្វើ​ជា​រៀង​រាល់​ឆ្នាំ។ ទីផ្សារ​ការងារ​ក្នុង​ស្រុក​ភាគច្រើន​បង្កើត​ឡើង​ដោយ​ឧស្សាហកម្ម​វាយនភណ្ឌ​ក្រៅ​ពី​នោះ​មាន​ពលករ​កម្ពុជា​រាប់​សែន​នាក់​ទៀត​ស្វែងរក​ការងារ​ទាំង​ស្រប​ច្បាប់​និង​ខុសច្បាប់​នៅ​ក្រៅ​ប្រទេស​ដូចជា​ប្រទេសថៃ ​ម៉ាឡេស៊ី ​ជប៉ុន​ និង​កូរ៉េ​ជាដើម។

លោក​ឡៅ ហ៊ីម ​អគ្គនាយក​អប់រំ​វិជ្ជាជីវៈ​និង​បច្ចេកទេស​និង​បណ្តុះបណ្តាល​នៃ​ក្រសួង​ការងារ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ ​មាន​ប្រសាសន៍​ក្នុង​វេទិកា​ដែល​រៀប​ចំ​ដោយ​ស្ថានទូត​សហរដ្ឋ​អាមេរិក​នោះ​ដោយ​ទទួល​ស្គាល់​ថា​ កត្តា​ជំនាញ​របស់​ប្រជា​ពលរដ្ឋ​កម្ពុជា​គឺ​បញ្ហា​ប្រឈម​ក្នុង​ប្រទេស។

លោក​លើក​ឡើង​ថា​អ្នក​បច្ចេកទេស​ដែល​មាន​អាយុ​ចន្លោះ​ពី​២០​ទៅ​២៩​ឆ្នាំ​មាន​ចំនួន​តិចតួច​ដើម្បី​ឆ្លើយ​តបទៅ​នឹង​ទីផ្សារ។

លោក​ឡៅ ហ៊ីម ​បន្ថែម​ថា​ ទីផ្សារ​ការងារ​អាស៊ាន​តម្រូវ​ឲ្យ​មាន​អ្នក​បច្ចេកវិទ្យា​កម្រិត​មធ្យម​និង​កម្រិត​ខ្ពស់​ហើយ​ដើម្បី​ពង្រឹង​ជំនាញ​អ្នក​ទាំង​នេះ​ត្រូវការ​ចូលរួម​ពី​ផ្នែក​វិនិយោគ​ឯកជន ​ម្ចាស់​ជំនួយ​ ការ​កសាង​មូលដ្ឋាន​អប់រំ​និង​បណ្តុះ​បណ្តាល​វិជ្ជាជីវៈ​និង​ការ​កសាង​ហេដ្ឋា​រចនា​សម្ព័ន្ធ។

លោក​អះអាង​ថា​ រដ្ឋាភិបាល​បាន​ផ្តោត​សំខាន់​លើ​ការបណ្តុះ​បណ្តាល​លើ​ផ្នែក​មូលដ្ឋាន​ចំនួនបី៖ «ផ្នែក​ដែល​យើង​កំពុងតែ​យកចិត្ត​ទុកដាក់​គឺ​មាន​ផ្នែក​សំណង់ ​ផ្នែកមេកានិក ​និង​ផ្នែកទេសចរណ៍»។

ផ្នែក​ទាំងបី​គឺ​ជា​មូលដ្ឋាន​គ្រឹះ​នៃ​កំណើន​សេដ្ឋកិច្ច។

​ជាមួយគ្នា​នេះ​លោកស្រី​បណ្ឌិត ​ហ្ស៊ីមេនណា ​ដែល ខាព្យោ​ (Ximena Del Carpio) អ្នកសេដ្ឋកិច្ច​ជាន់​ខ្ពស់​នៃ​ធនាគារ​ពិភពលោក​ក៏​បាន​សង្កត់​ធ្ងន់​លើ​ការបណ្តុះបណ្តាល​ជំនាញ​ដល់​ពលរដ្ឋ​កម្ពុជា​ហើយ​ជាពិសេស​ការបង្កើត​ប្រព័ន្ធ​ព័ត៌មាន​អំពី​ទីផ្សារ​ការងារ​ឲ្យ​ទូលំ​ទូលាយ៕​