សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​បង្កើន​ការគាំទ្រ​ដល់​ប្រទេស​អ៊ុយក្រែន

រដ្ឋមន្ត្រី​ការពារជាតិ​​សហរដ្ឋ​អាមេរិក លោក Lloyd Austin ថ្លែង​ក្នុង​ជំនួប​ជាមួយ​នឹង​សមាជិក​​ក្រុមប្រឹក្សា​សន្ដិសុខ​អ៊ុយក្រែន​នៅ​​មូលដ្ឋានទ័ព​អាកាស​សហរដ្ឋ​អាមេរិក​​ក្នុង​ទីក្រុង Ramstein ប្រទេស​អាល្លឺម៉ង់ ថ្ងៃទី ២៦​ ខែមេសា ឆ្នាំ២០២២។ (Photo by ANDRE PAIN / AFP)

សហរដ្ឋ​អាមេរិក​និង​សម្ព័ន្ធមិត្ត​របស់​ខ្លួន​បាន​ផ្តល់​បញ្ជាក់កាលពី​ថ្ងៃ​អង្គារ​ថា ពួកគេកំពុង​ចាត់វិធានការ​ដ៏​រហ័ស​និង​ខ្លាំង​ដើម្បី​គាំទ្រ​កងកម្លាំង​របស់​អ៊ុយក្រែន​ហើយ​នឹង​បង្កើន​ការដាក់​សម្ពាធ​លើ​សេដ្ឋកិច្ច​របស់​រុស្ស៊ី​នៅពេល​ដែល​ការឈ្លានពាន​របស់​រុស្ស៊ីទៅលើ​អ៊ុយក្រែន​ដែល​ជា​ប្រទេស​ជិត​ខាងនោះ​មានរយៈពេល២ខែហើយ។ ទន្ទឹម​នឹង​នេះ​ដែរ អង្គការ​សហប្រជាជាតិ​បាន​និយាយ​ថា ប្រធានាធិបតី​រុស្ស៊ី​បាន​យល់ព្រម​អនុញ្ញាត​ឱ្យ​ក្រុម​ជំនួយ​អន្តរ ជាតិ​ជួយ​ជន​ស៊ីវិល​ចាកចេញពី​ទីក្រុង​កំពង់ផែ Mariupol ដែល​កំពុង​ស្ថិត​ក្រោម​ការឡោមព័ទ្ធ​ របស់​ខ្លួន​នោះ។

រដ្ឋមន្ត្រី​ការបរទេស​សហរដ្ឋ​អាមេរិក​លោក Antony Blinken បាន​ប្រាប់​គណៈកម្មាធិការ​ទំនាក់​ទំនង​ការបរទេស​របស់​ព្រឹទ្ធសភា​អាមេរិក​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា កាលពី​ដំបូង​សហរដ្ឋ​អាមេរិក«ត្រូវការ​ពេលវេលារាប់​សប្តាហ៍» ដើម្បី​ដឹកជញ្ជូន​ឧបករណ៍​យោធា​និង​គ្រាប់​រំសេវ​ទៅ​កាន់​ប្រទេស​អ៊ុយក្រែន ក៏ប៉ុន្តែ ឥឡូវនេះ ការបញ្ជូន​អាវុធ​ថ្មីៗទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែនអាច​ប្រើពេលតែ៣ថ្ងៃ​ប៉ុណ្ណោះ។

លោក Blinken បាន​មាន​ប្រសាសន៍​ថា ចាប់តាំង​ពី​លោក​និង​រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោក Lloy Austin បាន​ជួប​ជាមួយ​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy នៅ​ក្នុង​រដ្ឋធានី​កៀវ​កាលពី​ចុង​សប្តាហ៍​មុន​មក ប្រទេស​ទាំង២បាន​ព្រមព្រៀង​គ្នានៅ​ក្នុង​អ្វី​ដែល​ពួកគេ​និយាយ​ថា ពួកគេ​ត្រូវការ​ ហើយ​នឹង​អ្វី​ដែល​យើង​គិត​ថាយើង​អាច​ផ្តល់​ឱ្យ​បាននោះ។

រដ្ឋាភិបាល​ក្រុង​មូស្គូ​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​បាន​ប្រកាស​ថា ខ្លួន​នឹង​កាត់ផ្តាច់​ការផ្គត់ផ្គង់​ឧស្ម័ន​ធម្មជាតិទៅ​ឱ្យ​ប្រទេស​ប៉ូឡូញ​និង​ប៊ុលហ្គារី។

ហើយ​នៅ​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ឯណោះ​វិញ រដ្ឋមន្ត្រីក្រសួង​យុត្តិធម៌​សហរដ្ឋ​អាមេរិក​លោក Merrick Garland បាន​ប្រាប់​សភា​អាមេរិកថា លោក​គាំទ្រ​ឱ្យ​មាន​ច្បាប់​ដែល​នឹង​អនុញ្ញាតឱ្យ​រឹប អូស​យក​ទ្រព្យ​សម្បត្តិ​របស់​រុស្ស៊ី​ដើម្បី​ជួយប្រទេស​អ៊ុយក្រែន​ដោយ​ផ្ទាល់។

រដ្ឋាភិបាល​អាល្លឺម៉ង់​បាន​បញ្ជាក់​កាលពី​ថ្ងៃ​អង្គារ​ម្សិលមិញ​ថា ខ្លួន​នឹង​បញ្ជូន​អាវុធ​ធន់​ធ្ងន់​ទៅ​ឱ្យ​អ៊ុយក្រែន​ជា​លើក​ទី១។ រដ្ឋមន្ត្រី​ការពារ​ជាតិ​អាមេរិក​លោកAustin ដែល​ជួប​ជាមួយ​ពួក​មន្ត្រី​មកពី​ប្រទេស​ចំនួន៤០នៅ​ឯ​មូលដ្ឋាន​ទ័ព​អាកាស​សហរដ្ឋ​អាមេរិក​ក្នុង​ប្រទេស​អាល្លឺម៉ង់ រួម​មាន​សមាជិក​របស់​អង្គការ​អូតង់​ផង​បាន​និយាយ​ថា ប្រធានាធិបតី​រុស្ស៊ី​លោក Vladimir Putin «មិន​ដែល​នឹក​ស្រមៃ​ថា ពិភពលោក​ទាំង​មូល​នឹង​រួបរួម​គ្នា​នៅ​ពី​ក្រោយ​អ៊ុយក្រែន​យ៉ាង​ខ្លាំង​និង​ពិតប្រាកដ​ដូច្នេះ​សោះ​ឡើយ»។

លោក Austin បាន​ថ្លែង​នៅ​ថ្ងៃ​អង្គារ​ថា៖ «យើង​កំពុង​ឃើញ​ការគាំទ្រ​កាន់តែ​ខ្លាំង​ឡើង​ជា​រៀង​រាល់​ថ្ងៃ​ ដើម្បី​ប្រឆាំង​នឹង​ការឈ្លានពាន​របស់​រុស្ស៊ី។ យើង​មិន​មាន​ការខ្ជះខ្ជាយ​ពេល​វេលា​នោះ​ទេ។ យើង​ត្រូវតែ​បង្កើន​ល្បឿនប្រឆាំង​នឹងសង្គ្រាម​នេះ»។

សេតវិមាន​បាន​បញ្ជាក់​ថា ការសម្រេចចិត្ត​របស់ប្រទេសអាល្លឺម៉ង់​បាន​បង្ហាញ​ពីការសាមគ្គីភាព​មួយ​ដែល​មិន​ធ្លាប់​មាន​កាលពីពេលមុន ​នៅ​ក្នុង​ការប្រឈម​ការឈ្លានពាន​របស់​រុស្ស៊ី។

ក្នុង​ជំនួប​រយៈពេល២ម៉ោង​ជាមួយ​អគ្គលេខាធិការ​អង្គការ​សហប្រជាជាតិ​លោក Antonio Guterres នៅ​ក្នុងទីក្រុង​មូស្គូ ប្រធានាធិបតី​រុស្ស៊ី​លោកVladimir Putin បាន​យល់ព្រម​ជា​គោល ការណ៍ក្នុង​ការអនុញ្ញាត​ឱ្យ​អង្គការ​សហប្រជាជាតិ​និង​គណៈកម្មាធិការ​កាកបាទ​ក្រហម​អន្តរ ជាតិ​ជួយជម្លៀស​ជន​ស៊ីវិល​ចេញពី​រោងចក្រ​ដែក​ Azovstal នៅ​ក្នុង​ទីក្រុង Mariupol ។ នេះ​បើ​តាម​ការបញ្ជាក់​របស់​លោក Stephane Dujarric អ្នក​នាំពាក្យ​របស់​អគ្គលេខាធិការអង្គការ​សហប្រជាជាតិ៕



អ្នក​យកព័ត៌មាន​របស់​វីអូអេ ខាង​សន្តិសុខ​ជាតិ​លោក Jeff Seldin បាន​រួមវិភាគទាន​ដល់​សេចក្តីរាយការណ៍​នេះ។ ព័ត៌មាន​ខ្លះ​នៃ​សេចក្តីរាយការណ៍​នេះ ដកស្រង់​ពី​សេចក្តីរាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP ទីភ្នាក់ងារ​ព័ត៌មាន Reuters និងទីភ្នាក់ងារ​ព័ត៌មាន AFP