សម្ព័ន្ធ​មិត្ត​អាមេរិក​មាន​សុទិដ្ឋិនិយម​អំពី​ដំណោះស្រាយ​នយោបាយ​ទៅ​លើ​ជម្លោះ​នៅ​ស៊ីរី

រដ្ឋ​មន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​ Rex Tillerson​ (កណ្ដាល) និង​រដ្ឋ​មន្ត្រី​ការប្រទេស​ជា​ច្រើន​ទៀត​នៅ​ក្នុង​ពិធី​បើក​កិច្ច​ប្រជុំ​ក្រុម​ប្រទេស​ចំនួន​២០ G-20 ថ្នាក់​រដ្ឋ​មន្ត្រី នៅ​ទីក្រុង​បោន ប្រទេស​អាល្លឺម៉ង់។

សម្ព័ន្ធមិត្ត​របស់​អាមេរិក​បាន​និយាយ​ថា បន្ទាប់​ពី​កិច្ចប្រជុំ​កាល​ពី​ថ្ងៃ​សុក្រ​ជាមួយ​នឹង​លោក​ Rex Tillerson ​រដ្ឋមន្ត្រី​ក្រសួង​ការបរទេស​អាមេរិក​មក ពួក​គេ​ត្រូវ​បាន​លើក​ទឹក​ចិត្ត​ថា​សហរដ្ឋ​អាមេរិក​នឹង​គាំទ្រ​ដល់​ដំណោះស្រាយ​នយោបាយ​ទៅ​លើ​ជម្លោះ​នៅ​ប្រទេស​ស៊ីរី។

លោក ​Sigmar Gabriel​ រដ្ឋមន្ត្រី​ការបរទេស​អាល្លឺម៉ង់​បាន​ថ្លែង​ប្រាប់​អ្នកសារព័ត៌មាន​នៅ​ក្នុង​ទីក្រុង​ Bonn ​ដែល​កិច្ចប្រជុំ​កំពូល ​G-20 ​កំពុង​ប្រព្រឹត្ត​ទៅ​ថា៖​ «អ្នក​ចូលរួម​ទាំងអស់​ចង់​រក​ដំណោះស្រាយ​នយោបាយ ​ដោយសារ​តែ​ដំណោះស្រាយ​ដោយ​ប្រើប្រាស់​យោធា​តែ​ម្យ៉ាង ​មិន​អាច​នាំ​ឲ្យ​ឈាន​ទៅ​ដល់​សន្តិភាព​នៅ​ក្នុង​ប្រទេស​ស៊ីរី​នោះ​ទេ»។

លោក ​Tillerson ​បាន​ជួប​ជា​លើក​ដំបូង​នៅ​ក្នុង​កិច្ចប្រជុំ​បន្ទាប់​បន្សំ​នានា ​ជាមួយ​នឹង​អ្នក​តំណាង​មក​បស្ចិម​ប្រទេស​ និង​ប្រទេស​អារ៉ាប់ ក៏​ដូចជា​ទួកគី។​

មុន​កិច្ចប្រជុំ​នោះ​ចាប់​ផ្តើម បណ្តា​មន្ត្រី​ការទូត​បាន​ព្យាយាម​ស្វែងរក​ការពន្យល់​បញ្ជាក់​អំពី​ថា​តើ​រដ្ឋបាល​អាមេរិក​ថ្មី​របស់​លោក​ប្រធានាធិបតី ដូណាល់​ ត្រាំ​ បាន​កែប្រែ​គោល​នយោបាយ​របស់​ខ្លួន​ទៅ​លើ​ប្រទេស​ស៊ីរី​ ជាក់​ស្តែង​ទៅ​លើ​អនាគត​របស់​លោក​ប្រធានាធិបតី ​Bashar al-Assad​ ឬ​យ៉ាង​ណា។ ​

នៅ​ក្រោម​រដ្ឋបាល​របស់​អតីត​ប្រធានាធិបតី លោក ​Barack Obama ​សហរដ្ឋអាមេរិក​បាន​ទទូច​ឲ្យ​លោក​ Assad ​ចុះ​ចេញ​ពី​តំណែង ​ដែល​បាន​ធ្វើ​ឲ្យ​អាមេរិក​មាន​ភាព​ចម្រូង​ចម្រាស​ជាមួយ​នឹង​រុស្ស៊ី ដោយសារ​តែ​រុស្ស៊ី​គាំទ្រ​មេដឹកនាំ​ស៊ីរី។

លោក ត្រាំ​ បាន​សង្កត់​ធ្ងន់​ទៅ​លើ​កិច្ចសហប្រតិបត្តិការ​ជិត​ស្និទ្ធ​ជាងមុន​ជាមួយ​នឹង​រុស្ស៊ី ​ក្នុង​ការ​កម្ចាត់​ក្រុម​រដ្ឋឥស្លាម៕