ភ្នាក់ងារអាមេរិកបានចូលឆែកផ្ទះនិងការិយាល័យមេធាវីលោកTrumpនៅក្រុងញូវយ៉ក

រូបឯកសារ៖ លោកអតីតប្រធានាធិបតី Donald Trump ស្តាប់មេធាវីផ្ទាល់ខ្លួនរបស់លោកគឺលោក Rudy Giuliani ថ្លែងទៅកាន់សមាគមប៉ូលិស New York នៅកន្លែងវាយកូនហ្គោល Trump ក្នុងទីក្រុង Bedminster រដ្ឋ New Jersey កាលពីថ្ងៃទី១៤ ខែសីហា ឆ្នាំ២០២០។ (រូបថត AFP)

ភ្នាក់ងារ​សហព័ន្ធ​សហ​រដ្ឋ​អាមេរិក​បាន​រឹបអូស​ឧបករណ៍​អេឡិចត្រូនិក​នៅក្នុង​ការ​ចូលឆែក​ឆេរ​កាលពី​ព្រឹក​ថ្ងៃពុធ​នៅ​ឯ​គេហដ្ឋាន​និង​ការិយាល័យរបស់​លោក Rudy Giuliani នៅ​ទីក្រុង​ញូវយ៉ក​ដែល​ជា​អតីត​អភិបាល​ក្រុង​ញូវយ៉ក​ដែល​បាន​ក្លាយជា​មេធាវី​ផ្ទាល់ខ្លួន​របស់​អតីត​ប្រធានាធិបតី Donald Trump នៅពេល​ដែល​អ្នក​ស៊ើប​អង្កេត​ធ្វើការស៊ើប​អង្កេត​សកម្មភាព​របស់​លោកGiulianiនៅ​ប្រទេស​អ៊ុយក្រែន​ដែល​ទាក់ទង​ទៅនឹង​យុទ្ធនាការ​ការ​បោះឆ្នោត​អាណត្តិ​ទីពីររបស់​លោកTrumpនៅ​ឆ្នាំ ២០២០។

លោក Robert Costello មេធាវី​របស់​លោកGiulianiបាន​បញ្ជាក់ថា ក្រុម​ភ្នាក់ងារ​បាន​អនុវត្ត​ដីការ​ឆែកឆេរ​នៅ​កន្លែង​ទាំង​ពីរ​នេះ​របស់​លោក​Giuliani ​ប៉ុន្តែ​លោក​បាន​ថ្កោលទោស​ការ​ឆែក ឆេរ​នេះ។​

លោកCostello បាន​ប្រាប់​កាសែតThe New York Timesថា អ្វី​ដែល​គេ​ធ្វើ​នៅថ្ងៃ​ជា​នេះ​ជា ការ​លួចប្លន់​តាម​ផ្លូវ​ច្បាប់។ ហេតុ​អ្វី​គេ​ធ្វើ​រឿងនេះ​ចំពោះ​នរណា​ម្នាក់​ ​កុំ​ថា​ឡើយ​ចំពោះអ្នក​ដែល​ធ្លាប់​ធ្វើ​ជា​អនុ​រដ្ឋមន្ត្រី​យុត្តិធម៌ មេធាវី​សហរដ្ឋ​អាមេរិក អភិបាល​ក្រុង​ញូវយ៉ក​និង​មេធាវី​ផ្ទាល់​ខ្លួន​របស់​ប្រធានាធិបតីទី​៤៥​សហ​រដ្ឋអាមេរិក​ក៏ដោយ​ឬ?

ការស៊ើប​អង្កេត​ដ៏យូរ​អង្វែង​ដែល​ធ្វើឡើង​ដោយ​រដ្ឋអាជ្ញា​សហ​រដ្ឋ​អាមេរិក​នៅ​ទីក្រុង​ញូវយ៉ក​ផ្តោត​លើ​ថា ​តើ​លោកGiuliani ដែល​ជា​អ្នក​គាំទ្រ​នយោបាយ​និង​ជា​ទីប្រឹក្សា​ដ៏​ឆ្នើម​របស់​លោកTrumpកាលពី​ឆ្នាំមុន​ បាន​ធ្វើ​សកម្មភាព​ខុសច្បាប់​ក្នុងនាម​ជា​ភ្នាក់ងារ​បរទេស​ដែល​មិន​បាន​ចុះបញ្ជី​ និង​បានព្យាយាម​ប្រើ​ឥទ្ធិពល​លើ​គោល​នយោបាយ​របស់​សហ​រដ្ឋ​អាមេរិក​ចំពោះ​ប្រទេស​អ៊ុយក្រែន​ឬយ៉ាងណា៕