ទំនប់​វារីអគ្គិសនី​មេគង្គ​លើ​ គំរាមកំហែង​ការ​រស់រាន​មាន​ជីវិត​នៃ​ប្រភេទ​ដើម​ឈើ​កម្រ​នៅ​ភូមិភាគ​ឦសាន​ប្រទេស​កម្ពុជា

រូប​ឯកសារ៖ ផ្ទះ​របស់​ប្រជាពលរដ្ឋ​ដែល​ត្រូវបាន​លិចលង់ ដោយសារ​ទឹកទំនប់​វារីអគ្គិសនី​សេសានក្រោម២ ក្នុង​ខេត្តស្ទឹងត្រែង ថ្ងៃទី២៨ ខែវិច្ឆិកា ឆ្នាំ២០១៨។ (ស៊ុន ណារិន/VOA)

បរិមាណ​ទឹក​ច្រើន​លើស​លុប​ចេញ​ពី​ទំនប់​វារីអគ្គិសនី​នៅ​តាម​ដង​ទន្លេ​មេគង្គ​លើ ភាគច្រើន​នៅ​ក្នុង​ប្រទេស​ចិន កំពុង​បណ្ដាល​ឱ្យ​មាន​ទឹកជំនន់​យ៉ាង​ធ្ងន់ធ្ងរ និង​បំផ្លាញ​ដើមឈើ​កម្រ​មួយ​ចំនួនក្នុង​ខេត្ត​ស្ទឹងត្រែង ​ស្ថិត​នៅ​ភូមិភាគ​ឦសាន​នៃ​ប្រទេស​កម្ពុជា ក្បែរ​ព្រំដែន​ប្រទេស​ឡាវ។ នេះ​យោង​តាម​ក្រុម​អ្នក​ជំនាញ។

យ៉ាង​ហោច​ណាស់​មាន​ដើម​ឈើ​ធំៗ​ពីរ​ប្រភេទ រួមមាន​ដើម​ជ្រៃ និង​ដើម​អញ្ចែង​ដែល​មាន​ស្រាប់​នៅ​តំបន់​រ៉ាមសារ តាម​ដង​ទន្លេ​មេគង្គ​ក្នុង​ប្រទេស​កម្ពុជា កំពុង​ងាប់ និង​មាន​ហានិភ័យ​ខ្ពស់​នៃ​ការ​បាត់បង់​ផុត​ពូជ ដោយសារ​កម្រិត​ទឹក​ទន្លេ​«ខ្ពស់​ខុស​ធម្មតា» ក្នុង​រដូវ​ប្រាំង និង​នៅ​ដើម​រដូវ​វស្សា។​នេះបើ​ផ្អែក​តាម​ក្រុម​អ្នក​ជំនាញ​ដែល​បាន​លើកឡើង​ក្នុង​កិច្ច​ពិភាក្សា​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​អំពី​ប្រធាន​បទ​«តើ​ទឹក​នៅ​ឯណា? រដូវ​វស្សា​មេគង្គ​ឆ្នាំ​២០២២” កាល​ពី​ខែ​មិថុនា។

លោក Ian Baird សាស្ត្រាចារ្យ​ភូមិវិទ្យា​នៅ​សាកលវិទ្យាល័យ Wisconsin-Madison ក្នុង​សហរដ្ឋ​អាមេរិក បាន​ប្រាប់​វេទិកា​ដែល​រៀបចំ​ដោយ​មជ្ឈមណ្ឌល Stimson ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថា៖​«ប្រជាជន​ក្នុង​ស្រុក​រាយការណ៍​ថា​ដើម​ឈើ​រហូត​ដល់​៩៥​ភាគរយ បាន​ងាប់ ហើយ​ជិត​៥០​ភាគរយ នៃ​ដើម​ឈើ​ធំៗ​បាន​ងាប់» ។

លោក​បន្ត​ថា មូល​ហេតុ​ដែល​ដើម​ឈើ​ទាំង​នោះ​ងាប់ គឺ​ដោយ​សារ​ពួក​វា​មិន​អាច​ស្ថិត​នៅ​ក្នុង​ទឹក​បាន​ពេញ​មួយ​ឆ្នាំ។ ដើម​ឈើ​ទាំង​នោះ​ត្រូវ​តែ​ងើប​ចេញ​ពី​ទឹក​លិច​ក្នុង​រយៈពេល​ណា​មួយ​ក្នុង​មួយ​ឆ្នាំ ដើម្បី​រស់រាន​មាន​ជីវិត​បាន។

ដើមឈើ​ប្រភេទ​នេះ មាន​ទីតាំង​នៅ​តំបន់​រ៉ាមសារ ដែល​មាន​ប្រវែង​៤១​គីឡូម៉ែត្រ និង​ស្ថិត​នៅ​ចម្ងាយ​តែ​៤​គីឡូម៉ែត្រ​ពី​ព្រំដែន​ភាគ​ខាងត្បូង​នៃ​ប្រទេស​ឡាវ ដែល​ជា​ជម្រក​ដ៏​សំខាន់​សម្រាប់​ប្រភេទ​ត្រី​ផ្សេងៗ​នៅ​ក្នុង​ប្រព័ន្ធ​ទន្លេ​មេគង្គ ត​ភ្ជាប់​ដោយ​ផ្ទាល់​ជាមួយ​បឹង​ទន្លេ​សាប ជា​បឹង​ទឹក​សាប​ដ៏​ធំ​បំផុត​នៅ​តំបន់អាស៊ីអាគ្នេយ៍ ។ ទន្លេ​នេះ ​អាច​ផ្ដល់​ឱ្យ​មនុស្ស​រាប់​លាន​នាក់​នៅ​ក្នុង​តំបន់​នោះ​នូវ​ប្រូតេអ៊ីន និង​អាហារ។

លោក Ian ដែល​ធ្លាប់​រស់​នៅ​ភាគ​ខាងត្បូង​ប្រទេស​ឡាវ ជាប់​ព្រំដែន​ខេត្ត​ស្ទឹងត្រែង​នៃ​ប្រទេស​កម្ពុជា ចន្លោះ​ឆ្នាំ​១៩៩៣​ដល់​ឆ្នាំ​១៩៩៩ ហើយ​បាន​ធ្វើការ​ស្រាវជ្រាវ​យ៉ាង​ទូលំទូលាយ​នៅ​ក្នុង​តំបន់​នោះ​បាន​និយាយ​ថា៖ «ឥឡូវ​នេះ កម្រិត​ទឹក​ឡើង​ខ្ពស់​ជាង​អ្វី​ដែល​កម្រិត​ទឹក​ធ្លាប់​បាន​កើត​ឡើង។ ទឹក​មាន​កម្រិតខ្ពស់​ជាង​អ្វី​ដែល​ធ្លាប់​មាន​កន្លង​មក ​មួយ ឬ​ពីរ​ម៉ែត្រ អាស្រ័យ​ទៅ​លើ​ទី​តាំង​ផ្សេងៗ‍»។

ដោយ​រដូវ​ប្រាំង​ឆ្នាំ​នេះ​ទើប​តែ​បាន​បញ្ចប់​ បទ​ពិសោធន៍​ដែល​ទន្លេ​មេគង្គ​ក្រោម​ទទួល​រង​បរិមាណ​ទឹក​ច្រើន​លើស​នេះ​គឺ​ដោយសារ​តែ​មាន​ភ្លៀង​ធ្លាក់​ច្រើន​ជាង​ធម្មតា​នៅ​រដូវ​ប្រាំង​និង​ការ​បញ្ចេញ​ទឹក​ច្រើន​ហួស​ពី​ទំនប់​វារីអគ្គិសនី​ ដែល​ភាគច្រើន​នៅ​ក្នុង​ប្រទេស​ចិន។ នេះ​បើ​យោង​តាម​អ្នក​ជំនាញ​នៅ​ក្នុង​កិច្ច​ពិភាក្សា​នេះ។

លោក Ian និយាយ​ថា៖ «យើង​កំពុង​តែ​មើល​ឃើញ​ការណ៍​ពិត។ យើង​កំពុង​មើល​ឃើញ​ប្រភព​នៃ​ផល​ប៉ះពាល់​ដែល​កើត​ចេញ​ពី​ការ​កើន​ឡើង​នៃ​បរិមាណ​ទឹក​លើស​កម្រិត​មធ្យម»។

ទន្លេ​ក្នុង​ខេត្ត​ស្ទឹងត្រែង ​ដែល​ជា​កន្លែង​មាន​ដើម​ឈើ​ធំៗ​រស់នៅ គឺ​ជា​ទី​តាំង​ដែល​ត្រី​បបែល​ទឹក​សាប​ដ៏​ធំ​បំផុត​របស់​ពិភព​លោក​ ឈ្មោះ​ថា បូរ៉ាមី ត្រូវ​បាន​អ្នក​នេសាទ​ម្នាក់​ចាប់​បាន​កាល​ពី​ពេល​ថ្មីៗ​នេះ។

ក្នុង​រូបថត​កាល​ពីថ្ងៃ​ទៅ​១៤ ខែ​មិថុនា ឆ្នាំ​២០២២ ដោយ​អង្គការ​គម្រោង​អច្ឆរិយភាព​ទន្លេ​មេគង្គ ក្រុម​អ្នក​វិទ្យាសាស្ត្រ​និង​អ្នក​ស្រាវជ្រាវ​កម្ពុជា​និង​អាមេរិក និង​មន្ត្រី​ជលផល​កម្ពុជា​ រៀប​នឹង​លែង​ប្រលែង​ត្រី​បបែល​យក្សចូល​ក្នុង​ទន្លេ​វិញ​នៅ​ខេត្ត​ស្ទឹងត្រែង។ (AP)

ដើមឈើ​ក្នុង​ព្រៃ​លិច​ទឹក​ទាំង​នោះ​ក្នុង​ទន្លេ​មេគង្គ​ដើរ​តួ​យ៉ាង​សំខាន់​ក្នុង​ការ​ជួយ​ដល់​បរិស្ថាន ជីវចម្រុះ និង​ជីវភាព​រស់នៅ​របស់​ប្រជាជន​ជាច្រើន​ដែល​ពឹង​ផ្អែក​លើ​ទន្លេ​នេះ។

ប៉ុន្តែ​ក្រុម​អ្នក​ជំនាញ​បាន​និយាយ​ថា​ទំនប់​វារីអគ្គិសនី​នៅ​តំបន់​ទន្លេ​មេគង្គ​លើ​ក្នុង​ប្រទេស​ឡាវ និង​ជាពិសេស​ក្នុង​ប្រទេស​ចិន​កំពុង​គំរាមកំហែង​អាយុ​ជីវិត​ដើមឈើ​ធំៗ​ដ៏​កម្រ​ទាំង​នោះ ដោយ​ការ​បង្ហូរ​ទឹក​ចេញ​ច្រើន​ពេក​នៅ​ក្នុង​រដូវ​ប្រាំង។

លោក Alan Basist ប្រធាន​អង្គការ​ Eyes on Earth ដែល​ជា​សហ​ប្រធាន​ក្រុម​អ្នក​ឃ្លាំ​មើល​ទំនប់​វារីអគ្គិសនី​មេគង្គ​មាន​ប្រសាសន៍​ថា៖ «មិន​ត្រឹម​តែ​ដើម​ឈើ​ធំៗ​ងាប់​ប៉ុណ្ណោះ​ទេ ប៉ុន្តែ​ភាព​រឹងមាំ​នៃ​ព្រៃឈើ និង​និរន្តរភាព​សម្រាប់​អនាគត​ក៏​ត្រូវ​បាន​បំផ្លាញ​ទាំងស្រុង​ផង​ដែរ ពីព្រោះ​មិន​មាន​ដើម​ឈើ​ថ្មី​ដុះ​លូតលាស់​ទេ»។

លោក​បាន​បន្ត​ថា៖ «ដូច្នេះ​វា​កំពុង​បំផ្លាញ​ស្ថិរភាព​បរិស្ថាន​ទាំង​មូល»។

លោក​បាន​បន្ថែម​ថា រំហូរ​ទឹក​លើស​នៅ​រដូវ​ប្រាំង​ក៏​ប៉ះពាល់​ដល់​រំហូរ​ទឹក​បញ្ច្រាស​ក្នុង​បឹង​ទន្លេ​សាប​ផង​ដែរ ព្រោះ​ថា​បើ​មិន​មាន​រំហូរ​ទឹក​គ្រប់គ្រាន់​ក្នុង​រដូវ​វស្សា ដើម្បី​បំពេញ​កម្រិត​ទឹក​ទន្លេ​មេគង្គ​ទេ នឹង​មាន​រំហូរ​ទឹក​បញ្ច្រាស ដែល​ជះ​ឥទ្ធិពល​អវិជ្ជមាន​ដល់​ជីវៈ​ចម្រុះ និង​សុខភាព​នៃ​បឹង​ដ៏​អស្ចារ្យ​ដែល​ជា​ជម្រក​របស់​ត្រី​ជាច្រើន​ប្រភេទ។

ព័ត៌មាន​ទាក់ទង៖ អ្នក​និពន្ធ​សៀវភៅ​ថា បឹង​ទន្លេសាប​ក្លាយ​ជា​បឹង​ងាប់​ ហើយ​សហគមន៍​នេសាទ​ជំពាក់​បំណុល​ធ្ងន់ធ្ងរ


លោក Ian Baird បាន​និយាយ​ថា៖ «ខ្ញុំ​ចង់​និយាយ​ថា អ្វីៗ​បាន​កាន់​តែ​យ៉ាប់យ៉ឺន​រួច​ទៅ​ហើយ ប៉ុន្តែ​វា​ជា​ការ​សំខាន់​ណាស់​ដែល​ត្រូវ​យល់​ថា បញ្ហា​នេះ​អាច​នឹង​កាន់តែ​អាក្រក់​ទៅៗ​នា​ពេល​អនាគត»។

ទោះ​យ៉ាង​ណា លោក​បាន​បន្ថែម​ថា បញ្ហា​នេះអាច​នឹង​ត្រូវ​បាន​សម្រាល។

លោក Ian Baird បាន​និយាយ​ថា៖ «មាន​វិធី​មួយ​ដើម្បី​កាត់​បន្ថយ​បញ្ហា​ទាំង​អស់​នេះ។ នោះ​គឺ​ការ​បញ្ចេញ​ទឹក​តិច​នៅ​រដូវ​ប្រាំង ប៉ុន្តែ​ ​ប្រទេស​កម្ពុជា​មិន​អាច​ធ្វើ​អ្វី​បាន​ច្រើន​នោះ​ទេ​ព្រោះ​ទឹក​ទាំង​អស់​នេះ​មាន​ប្រភព​មក​ពី​ផ្នែក​ខាង​លើ​កម្ពុជា»។

ប្រទេស​ជាប់​ទន្លេ​មេគង្គ​លើ ជាពិសេស​ចិន ក្នុង​រយៈពេល​ប៉ុន្មាន​ឆ្នាំ​ចុង​ក្រោយ​នេះ ​បាន​ចាប់​ផ្ដើម​ចែក​រំលែក​ទិន្នន័យ​កាន់​តែ​ច្រើន​ជាង​មុន​នៃ​ការ​បង្ហូរ​ទឹក​ចេញ​ពី​ទំនប់​វារីអគ្គិសនី​របស់​ខ្លួន ក្រោយពី​ប្រទេស​ជាប់​ទន្លេ​មេគង្គ​ក្រោម ទាមទារ​ឱ្យ​មាន​ការ​ចែក​រំលែក​ទិន្នន័យ​បន្ថែម​ទៀត។ នេះ​បើ​យោង​តាម​គណៈកម្មការ​ទន្លេ​មេគង្គ ដែលសម្របសម្រួល​ការ​គ្រប់គ្រង​ទន្លេ​មេគង្គ។

ទោះ​ជា​យ៉ាង​ណា អ្នក​ស្រី ជា សិលា អ្នក​សម្របសម្រួល​គម្រោង​អច្ឆរិយៈ​នៃ​ទន្លេ​មេគង្គ​នៅ​កម្ពុជា​បាន​មាន​ប្រសាសន៍​ថា មាន​តម្រូវការ​ខ្លាំង​សម្រាប់​ការ​ការពារ​ប្រភេទ​ដើម​ឈើ​កម្រ​សម្រាប់​ទន្លេ​មេគង្គ​ដែល​មាន​សុខភាព​ល្អ និង​ដៃ​ទន្លេ​ដែល​ជាប់​ពាក់ព័ន្ធ។

អ្នកស្រី​បាន​បន្ថែម​ថា ដើម​ឈើ​ខ្លះ​ក្នុង​ព្រៃ​លិច​ទឹក​ទាំង​នោះ​ក៏​អាច​ប្រើ​ក្នុង​គោល​បំណង​ព្យាបាល​ជំងឺ​ផង​ដែរ។

អ្នកស្រី​បាន​បន្ត​ថា​៖ «យើង​បាន​ចងក្រង​ឯកសារ​មួយ​ចំនួន ដោយ​ផ្អែក​លើ​ចំណេះដឹង​ក្នុង​មូលដ្ឋាន ដើម្បី​ចងក្រង​ឯកសារ​អំពី​រុក្ខជាតិ​សម្រាប់​បន្លែ និង​ថ្នាំ​ផង​ដែរ»៕