នៅពេលគណបក្សកាន់អំណាចរបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ត្រូវគេរំពឹងថាអាចនឹងកាន់កាប់អាសនៈសភាស្ទើរទាំងអស់ ក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យកន្លងទៅនោះ ការព្យាករណ៍នានាពីក្រុមអង្គការសិទ្ធិមនុស្សថា កម្ពុជាអាចនឹងក្លាយជារដ្ឋដឹកនាំដោយគណបក្សតែមួយនោះ ទំនងនឹងក្លាយជារឿងពិត។
ក៏ប៉ុន្តែក្រុមសហជីពដែលធ្វើការបម្រើប្រយោជន៍កម្មករ និងពលករ បានផ្ដល់ការអធិប្បាយដោយប្រយ័ត្នប្រយែងថា ប្រសិនបើប្រទេសកម្ពុជាជ្រើសរើសយកការដឹកនាំរដ្ឋដោយមានគណបក្សតែមួយដូចអ្វីដែលកំពុងកើតឡើងនៅប្រទេសចិនមែននោះ អ្នកទទួលផលប្រយោជន៍ពីរបបនៃការដឹកនាំនេះ មិនមែនជាពលរដ្ឋសាមញ្ញទូទៅនោះទេ។
លោក រ៉ុង ឈុន ប្រធានសហភាពសហជីពកម្ពុជា មានប្រសាសន៍ក្នុងសប្ដាហ៍នេះថា របបដឹកនាំដោយបក្សតែមួយនេះ នឹងមិនផ្ដល់ផលចំណេញដល់ប្រទេសជាតិទាំងមូលនោះឡើយ ហើយកម្ពុជាក៏អាចរងការហ៊ុមព័ទ្ធខាងហិរញ្ញវត្ថុពីប្រទេសនៅបស្ចិមលោកផងដែរ។
«យើងមើលឃើញថា វាមិនមែនជាផលប្រយោជន៍ខ្មែរ មិនមែនជាផលប្រយោជន៍ជាតិនោះទេ គ្រាន់តែជាផលប្រយោជន៍របស់មនុស្សមួយក្រុមតូច។ ហើយបើសិនជាសហគមន៍អឺរ៉ុប សហរដ្ឋអាមេរិក និងជប៉ុន អូស្ត្រាលី កាណាដា បារាំង អីសព្វបែបយ៉ាងហ្នឹងដែលគេដាក់សម្ពាធ ឡោមព័ទ្ធសេដ្ឋកិច្ច ប្រទេសកម្ពុជាយើង ដែលប៉ះពាល់ដល់ប្រជាពលរដ្ឋធ្ងន់ធ្ងរ ហើយប្រទេសយើងនៅពេលហ្នឹង នឹងប្រឈមនូវរាល់បញ្ហាសព្វបែបយ៉ាងហើយបាទ»។
លោក រ៉ុង ឈុន មិនបានបញ្ជាក់ថា ក្រុមតូចដែលនឹងទទួលផលប្រយោជន៍ពីការដឹកនាំបែបឯកបក្សនេះ ថាជាក្រុមណានោះទេ។ តែនៅប្រទេសកម្ពុជាក្រុមគ្រួសារលោកនាយករដ្ឋមន្ត្រីហ៊ុន សែន ត្រូវគេដឹងថា ជាគ្រួសារដែលមានឥទ្ធិពលខ្លាំងទាំងខាងសេដ្ឋកិច្ច សង្គម និងនយោបាយ។
របាយការណ៍របស់អង្គការ Global Witness ចេញផ្សាយកាលពីឆ្នាំ២០១៦ បានបញ្ជាក់ឲ្យដឹងថា ក្រុមគ្រួសាររបស់លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន បានកាន់កាប់ទ្រព្យសម្បត្តិរាប់រយលានដុល្លារ ដែលបានមកពីការធ្វើជំនួញជាង១០០មុខ រាប់តាំងពីរបរអចលនទ្រព្យ រហូតដល់វិស័យថាមពល។
លោក ឃុន ថារ៉ូ មន្ត្រីសម្របសម្រួលការងារនៃមជ្ឈមណ្ឌលសម្ព័ន្ធភាពការងារនិងសិទ្ធិមនុស្ស ហៅកាត់ថា អង្គការសង់ត្រាល់ (Central) មានប្រសាសន៍កាលពីថ្ងៃអង្គារកន្លងទៅថាគ្មានចំណុចវិជ្ជមានណាមួយសម្រាប់ការឆ្ពោះទៅរបៀបរបបដឹកនាំ ដោយបក្សតែមួយនៅកម្ពុជា។
«វាមិនមែនជាជម្រើសមួយដែលមាន ដើរទៅក្នុងលក្ខណៈផ្លូវវិជ្ជមាននោះទេ»។
លោកថាប្រទេសកម្ពុជាអាចនឹងរងឥទ្ធិពលខ្លាំងខាងនយោបាយភូមិសាស្ត្ររបស់ចិន ដែលអាចធ្វើឲ្យប្រទេសដែលធ្លាប់ហែកហួរដោយសង្គ្រាមក្នុងស្រុកមួយនេះ ធ្លាក់ទៅក្នុងអាណានិគមបែបទំនើបមួយ។ លោក ឃុន ថារ៉ូ មានប្រសាសន៍ថា៖
«ទាក់ទងទៅនឹងភូមិសាស្ត្រនយោបាយឥទ្ធិពលនៅក្នុងការគ្របដណ្ដប់ពីសំណាក់ប្រទេសមហាអំណាច ជាពិសេសចិនហ្នឹងនៅក្នុងការដើរតួហើយនៅក្នុងការមានឥទ្ធិពលខ្លាំងនៅក្នុងបរិបថនៅក្នុងប្រទេសកម្ពុជា។ អ៊ីចឹង បើចំពោះខ្ញុំ ខ្ញុំគិតថា វាអាចទៅជា modern អាណានិគម មានន័យថាការដាក់អាណានិគមជំនាន់ថ្មីមួយដែលយើងមើលឃើញថា រាជរដ្ឋាភិបាលនៃប្រទេសកម្ពុជាហ្នឹង ហាក់ដូចជាងាកទៅរកចិនខ្លាំង»។
នៅក្រោយការបោះឆ្នោតដែលគ្មានគណបក្សប្រឆាំងកាលពីថ្ងៃអាទិត្យ មានតែក្រុមមន្ត្រីរបស់ប្រទេសចិនកុម្មុយនិស្ត ដែលជាសម្ព័ន្ធមិត្តស្អិតល្មួតរបស់កម្ពុជា ត្រូវគេរាយការណ៍ថា បានអបអរដល់ការបោះឆ្នោតនៅកម្ពុជា ថាធ្វើឡើងដោយជោគជ័យ។
លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ថ្មីៗនេះ ក៏បានប្រកាសពីការដឹកនាំប្រទេសបន្តក្នុងរយៈពេល ៥ឆ្នាំទៀត បន្ថែមទៅលើការគ្រប់គ្រងប្រទេសរបស់លោករយៈពេល៣៣ឆ្នាំកន្លងមក។
ប៉ុន្តែប្រទេសប្រជាធិបតេយ្យធំៗ រួមមានសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប បានសំដែងការខកចិត្ត និងរិះគន់ចំពោះការបោះឆ្នោតដែលគ្មានវត្តមានគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរដ្ឋាភិបាលលោកនាយករដ្ឋមន្ត្រី ហ៊ុន សែន រំលាយចោលកាលពីឆ្នាំមុន។
សហរដ្ឋអាមេរិក បានព្រមានចាត់វិធានការទិដ្ឋាការបន្ថែមលើកម្ពុជា រីឯសហភាពអឺរ៉ុបបានចាត់ទុកថា ការបោះឆ្នោតថ្មីៗនេះ «ខ្វះភាពដែលអាចជឿទុកចិត្តបាន»។ អនុប្រធានគណៈកម្មាធិការទទួលបន្ទុកសិទ្ធិមនុស្សរបស់សភាសហភាពអឺរ៉ុប ក៏បានថ្លែងអំពីការធ្វើទុក្ខបុកម្នេញលើមេដឹកនាំ និងក្រុមមន្ត្រីគណបក្សប្រឆាំង និងទាមទារឲ្យក្រុមមន្ត្រីរបស់សហភាពអឺរ៉ុបទទួលបន្ទុកសេវាកិច្ចការបរទេស ឲ្យពិនិត្យឡើងវិញនៃការគោរពសិទ្ធិមនុស្សរបស់កម្ពុជាដែលត្រូវបានតម្កល់ ដើម្បីជាថ្នូរនឹងការទទួលបានកិច្ចអនុគ្រោះពន្ធនាំចូលទំនិញទៅសហភាពអឺរ៉ុប។
មុនប្រតិកម្មរបស់ក្រុមប្រទេសនៅបស្ចិមលោកនេះ អង្គការឃ្លាំមើលសិទ្ធិមនុស្សHuman Rights Watch និយាយថា ការបោះឆ្នោតថ្ងៃទី២៩ ខែកក្កដា បានបដិសេធចោលសិទ្ធិរបស់ប្រជាពលរដ្ឋខ្មែរដែលត្រូវបានការពារជាអន្តរជាតិ ដើម្បីជ្រើសរើសរដ្ឋាភិបាលរបស់ពួកគេ។
ចំណែកអង្គការសិទ្ធិមនុស្សអន្តរជាតិមួយផ្សេងទៀត គឺសហព័ន្ធអន្តរជាតិដើម្បីសិទ្ធិមនុស្សហៅកាត់ថា IFDHR បាននិយាយថា ការបោះឆ្នោតប្រទេសកម្ពុជា ជាដំណើរការគៃបន្លំ ដែលគេតាក់តែងឡើង ដើម្បីឲ្យរបបផ្ដាច់ការលោក ហ៊ុន សែន បានបន្តទៅមុខទៀត និងធ្វើឲ្យប្រទេសកម្ពុជាធ្លាក់ចូលកាន់តែជ្រៅទៅក្នុងសេចក្ដីវេទនា និងការគាបសង្កត់បន្ថែមទៀត។
លោក ប្រេដ អាដាមស៏ (Brad Adams)នាយកអង្គការឃ្លាំមើលសិទ្ធិមនុស្សបាននិយាយថា៖«ចាប់តាំងតែពីថ្ងៃដែលគណបក្សសង្គ្រោះជាតិត្រូវបានរំលាយចោលរួចមកនោះ ការបោះឆ្នោតនេះ ក្លាយជារឿងចំអកដល់លទ្ធិប្រជាធិបតេយ្យ ហើយជាជ័យជម្នះដែលបានកំណត់ទុកមុនរួចជាស្រេចសម្រាប់គណបក្សកាន់អំណាច។ ឥឡូវនេះ វាស្រេចតែទៅលើប្រទេសដែលផ្តល់ការតាំងចិត្តខ្ពស់ទៅរកកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីស ឆ្នាំ១៩៩១ ដើម្បីជួយស្តាឡើងវិញនូវលទ្ធិប្រជាធិបតេយ្យពិតប្រាកដដល់ប្រទេសកម្ពុជា ឬក៏ត្រូវទទួលយកផលវិបាកខាងសិទ្ធិមនុស្សរបស់រដ្ឋដឹកនាំដោយគណបក្សតែមួយនោះ»។
លោក អាត់ ធន់ ប្រធានសហភាពការងារកម្ពុជា ប្រាប់ VOA កាលពីថ្ងៃព្រហស្បតិ៍ថា ជារឿងដែលពិបាក ក្នុងការប៉ាន់ស្មានជំហររបស់សហភាពអឺរ៉ុបចំពោះការផ្ដល់កិច្ចអនុគ្រោះពន្ធដល់ទំនិញកម្ពុជា ក្នុងករណីដែលកម្ពុជា សម្រេចចិត្តដើរចេញពីគន្លងប្រជាធិបតេយ្យ ហើយឈោងចាប់យកប្រព័ន្ធដឹកនាំរដ្ឋដោយបក្សតែមួយ ដូចអ្វីដែលបានកើតឡើងនៅប្រទេសចិន និងប្រទេសវៀតណាម ដែលនៅកៀកនឹងកម្ពុជា។
លោកមានប្រសាសន៍ថា៖
«រឿងនេះ សុទ្ធតែជាការពិបាកចំពោះយើង យើងឃើញនៅក្នុងសហគមន៍អឺរ៉ុបគឺមានការផ្ដល់ទាំងរដ្ឋាភិបាលចម្រុះ ប្រជាធិបតេយ្យ ហើយនិងរដ្ឋាភិបាលដឹកនាំបក្សតែមួយ ឬក៏ស្អី គេមានការផ្ដល់ ប៉ុន្តែគ្រាន់តែថាលក្ខខណ្ឌរបស់គេ ដូចផ្សេងៗគ្នា វាមិនមែនរដ្ឋាភិបាលតែមួយ គេឲ្យមិនបានទេណា»។
លោកមានប្រសាសន៍បន្តដោយលើកឡើង ពីប្រទេសវៀតណាម ដែលមានរដ្ឋាភិបាលដឹកនាំដោយគណបក្សតែមួយ តែធ្លាប់បានទទួលការអនុគ្រោះពន្ធ។
«ឧទាហរណ៍ ដូចនៅវៀតណាម កាលមុនក៏វាមានការអនុគ្រោះ អីខ្លះ ហើយនៅប្រទេសខ្លះទៀតគឺ វាអត់ប្រជាធិបតេយ្យ ខ្លះក៏គេឲ្យខ្លះដែរ ដូចជាប្រទេសមួយចំនួន ដែល១៤ប្រទេស ដែលគេមើលឃើញថា គេប្ដេជ្ញាចិត្តអ៊ីចឹង។ តែប្រទេសកម្ពុជាយើង គឺយើងប្ដេជ្ញាចិត្តប្រជាធិតយ្យ យើងបានធ្វើការងារហ្នឹង ហើយខ្ញុំមិនដឹងថា គេនៅផ្ដល់លក្ខខណ្ឌណាឲ្យទេ។ ហើយបើសិនជា គេអាចអនុគ្រោះ ឬគេឲ្យលក្ខខណ្ឌណាហ្នុង វាជា ជាជម្រើសហើយ តែបើសិនគេមិនឲ្យ អាហ្នឹង វាជាបញ្ហា»។
ទោះបីប្រទេសនៅលោកខាងលិច និងសហភាពអឺរ៉ុប បានបង្ហាញអន្តរាគមន៍ទប់ស្កាត់មិនឲ្យកម្ពុជាជ្រើសរើសយកលទ្ធិប្រជាធិបតេយ្យក្លែងក្លាយដែលប្រាស់ចាកពីកិច្ចព្រមព្រៀងសន្តិភាពទីក្រុងប៉ារីសឆ្នាំ១៩៩១ដោយការទាមទារឲ្យមានការចូលរួមរបស់គណបក្សប្រឆាំងនៅក្នុងការបោះឆ្នោតកាលពីថ្ងៃអាទិត្យក្តី ប្រទេសចិនដែលមានគណបក្សកុម្មុយនិស្តមួយគត់សម្រាប់ដឹកនាំរដ្ឋនោះ បានចេញមុខអបអរជោគជ័យរបស់គណបក្សកាន់អំណាចក្នុងការបោះឆ្នោតលើកទីប្រាំមួយនេះ។
កាលពីថ្ងៃអង្គារកន្លងទៅនេះ លោក វ៉ាង យី (Wang Yi) រដ្ឋមន្ត្រីការបរទេសចិនបានព្រមានជនបរទេស កុំឲ្យលូកលាន់ចូលកិច្ចការផ្ទៃក្នុងរបស់កម្ពុជា ហើយថាលទ្ធផលបោះឆ្នោតបង្ហាញពី«ការបញ្ជាក់និងការជឿទុកចិត្ត» របស់ប្រជាពលរដ្ឋខ្មែរលើរដ្ឋបាលរបស់គណបក្សប្រជាជន។
នៅក្រោមក្រសែភ្នែករបស់អ្នកវិភាគ ប្រទេសកម្ពុជា បានផ្ញើជោគវាសនារបស់ខ្លួនទៅលើចិនរួចទៅហើយ ក្រោយប្រទេសនេះ បានទោរទន់ទៅរករដ្ឋាភិបាលទីក្រុងប៉េកាំងក្នុងបញ្ហាជម្លោះសមុទ្រចិនខាងត្បូង និងការផ្អាកសមយុទ្ធយោធានានាជាមួយសហរដ្ឋអាមេរិក ហើយងាកទៅរឹតចំណងយោធាកាន់តែខ្លាំងជាមួយប្រទេសចិន។
ដំណើរទៅរកគន្លងនៃការដឹកនាំប្រទេសដោយគណបក្សនយោបាយតែមួយនោះ ក៏ត្រូវបានបញ្ជាក់ដោយលោក សាយ សំអាល់ រដ្ឋមន្ត្រីក្រសួងបរិស្ថាន ដែលបានផ្ដល់គំនិតក្នុងបទវិភាគមួយលើទំព័រកាសែតរស្មីកម្ពុជា ថា សភាខ្មែរអាចមានបក្សតែមួយ ឬទ្វេបក្សទៅតាមសំឡេងគាំទ្ររបស់ពលរដ្ឋ។
សម្រាប់លោក រ៉ុង ឈុន អតីតសមាជិកគណៈកម្មាធិការរៀបចំការបោះឆ្នោត ហៅកាត់ថា (គ.ជ.ប) មកពីកូតាគណបក្សសង្គ្រោះជាតិ បានប្រមើលមើលពីកលិយុគដែលអាចកើតមានក្នុងប្រទេសកម្ពុជា ប្រសិនបើរដ្ឋាភិបាលប្រទេសនេះ ពឹងផ្អែកលើខ្នងចិន ហើយផ្ដាច់ខ្លួនចេញពីប្រទេសប្រជាធិបតេយ្យធំៗ ដែលបានខិតខំជួយឲ្យកម្ពុជា មានការបោះឆ្នោតបែបប្រជាធិបតេយ្យមួយកាលពី២៥ឆ្នាំមុន៕