ក្រុម​សហជីព៖​ ការ​ស្តារ​លទ្ធិ​ប្រជាធិបតេយ្យ​​ដើម្បី​រក្សាទុក​ EBA​ មិន​មែន​ជា​ទង្វើ​ជ្រៀត​ជ្រែក​ផ្ទៃ​ក្នុង​កម្ពុជា​ទេ​

រូប​ឯកសារ៖ ក្រុម​សហជីព​ និង​សមាគម​ប្រមាណជាង​២០ ក្រុម​ និង​កម្មករ​​រោងចក្រ​កាត់ដេរ​ សំណង់​ ក្រុម​អ្នក​បររ៉ឺម៉​កង់បី​ និង ក្រុម​យុវជន​ជាង ១.០០០ នាក់ប្រារព្ធ​​ទិវា​ពលកម្ម​អន្តរជាតិខួប​លើក​ទី​១៣១​ នៅ​រាជ​ធានី​ភ្នំពេញ ថ្ងៃទី០១ ខែ​ឧសភា ឆ្នាំ២០១៧​។ (ខាន់ សុគុំមនោ​/ VOA)

រដ្ឋាភិបាល​ខ្មែរ​អះអាង​ថា​ គណៈ​កម្មការ​អឺរ៉ុប​មិន​បាន​បង្ហាញ​ការ​គោរព​ចំពោះ​អធិបតេយ្យភាព​របស់​កម្ពុជា​​ទេ​ ព្រោះ​ការ​ទាមទារ​នានា​ទាក់​ទង​នឹង​ EBA ​គឺ​ស្មើ​នឹង​ការ​ជ្រៀត​ជ្រែក​វិបត្តិ​នយោបាយ​របស់​ប្រទេស​នេះ។

កាល​ពី​ថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នោះ​ សហភាព​អឺរ៉ុប​ដែល​មាន​សមាជិក​២៨​ប្រទេសបាន​ប្រកាស​ចាប់​ផ្តើម​ដំណើរការ​ជា​ផ្លូវការ អាច​ឈាន​ទៅ​ដក​ហូត​ជា​បណ្តោះអាសន្ន​នូវ​ឋានៈ​អនុគ្រោះ​ពន្ធ​ពាណិជ្ជ​កម្ម​ពី​ប្រទេស​កម្ពុជា ​ដោយ​សារ​តែ​ការ​ធ្លាក់​ចុះ​ខ្សោយ​ទៅៗនៃ​ដំណើរការ​ប្រព័ន្ធ​ប្រជាធិបតេយ្យ។

ភ្លាមៗ​នោះ​ សហ​រដ្ឋ​អាមេរិកបាន​ប្រកាស​គាំទ្រ​ជំហរ​របស់​សហ​ភាព​អឺរ៉ុប​ចំពោះ​លទ្ធភាព​នៃ​ការ​សម្រេច​ចិត្ត​ណាមួយ​ដើម្បី​ដក​កម្ពុជា​ចេញពី​ប្រព័ន្ធ​អនុគ្រោះ​ពន្ធដែល​មាន​ឈ្មោះ​ថា​«អ្វីៗ​ទាំងអស់​លើកលែង​តែ​អាវុធ»​ ឬ​ហៅថា​ EBA​ ប្រសិន​បើ​រដ្ឋាភិបាល​ប្រទេស​នេះមិន​ព្រម​ធ្វើឲ្យ​មាន​ភាព​ប្រសើរ​ឡើង​វិញ​នូវ​ដំណើរ​ការ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។​

អ្នកស្រី​ Cecilia Malmstrom​ ស្នងការ​ពាណិជ្ជ​កម្ម​នៃ​សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ក្នុង​សេចក្តី​ថ្លែង​ការណ៍​ចេញ​ផ្សាយ​ជា​សាធារណៈ​កាលពី​ថ្ងៃ​ច័ន្ទ​ថា «ទ្រនិច​នាឡិកា​កំពុង​តែ​ចាប់​ផ្តើម​ដំណើរ​ការ​ជា​ផ្លូវការ»​ ហើយ​សហ​ភាព​អឺរ៉ុប​ត្រូវ​ការ​ឃើញ​សកម្ម​ភាព​ពិត​ប្រាកដ​ក្នុង​ពេល​ឆាប់ៗ​នេះ។

ដោយ​មិន​បង្អង់​យូរ​ ចំពោះ​ការ​ព្រមាន​របស់​សហ​ភាព​អឺរ៉ុប​ ដែល​ប្រុង​ប្រៀប​ដក​កម្ពុជា​ចេញ​ពី​ឋានៈ​អនុគ្រោះ​ពន្ធ​ EBA នោះ​ មេ​ដឹកនាំ​កម្ពុជា​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែនបាន​ប្រកាស​លើ​ទំព័រ​ហ្វេសប៊ុក​របស់​លោក​កាលពី​ថ្ងៃ​ទី​១២​ខែ​កុម្ភៈ​ថា​ កម្ពុជា​ ដែល​កំពុង​មាន​សេដ្ឋ​កិច្ច​រីក​ធំ​ធាត់​នោះ ​មិន​អាច​យក​អធិបតេយ្យ​ភាព​ជាតិទៅ​ដោះ​ដូរ​នឹង​អ្វីមួយ​នោះ​ឡើយ។​

នៅ​ថ្ងៃ​អង្គារ​ទី​១២​ខែ​កុម្ភៈ ក្រសួង​ការ​បរទេស​ និង​សហ​ប្រតិបត្តិការ​អន្តរ​ជាតិ​របស់​កម្ពុជា​ ដឹកនាំ​ដោយ​លោក​ប្រាក់​ សុខុន​ ​បាន​ប្រកាស«ការ​សោក​ស្តាយ​យ៉ាង​ខ្លាំង​ចំពោះ​សេចក្តី​សម្រេច​របស់​គណៈ​កម្មការ​អឺរ៉ុប» ​ហើយ​ថា​ «គណៈ​កម្មការ​អឺរ៉ុប​មិន​បាន​ធ្វើ​សកម្មភាព​ដោយ​ឈរ​លើ​គោល​ការណ៍ស្មោះត្រង់​ និង​យុត្តិ​ធម៌​នោះ​ទេ»។​

ក្រសួង​ការ​បរទេស​កម្ពុជាក៏​បាន​ថ្លែង​ដោយ​សង្កត់​ក្នុង​ន័យ​ដើម​ថា៖​

«គណៈ​កម្មការ​អឺរ៉ុប​មិន​បាន​បង្ហាញ​ការ​គោរព​ចំពោះ​អធិបតេយ្យ​ភាព​របស់​កម្ពុជា​ ទេ​ នៅ​ពេល​ដែល​ការ​ទាមទារ​នានា​ទាក់​ទង​នឹង​ EBA ​គឺ​ស្មើ​នឹង​ការ​ជ្រៀតជ្រែក​ចូល​ទៅ​ក្នុង​វិបត្តិ​នយោបាយរបស់​ប្រទេស​មួយ»។

យ៉ាង​ណា​ក្តី​ ក្រុម​សហជីព​បម្រើ​ប្រយោជន៍​កម្មករ​មើល​ឃើញ​ផ្ទុយ​ពី​ការ​អះអាង​របស់​រដ្ឋាភិបាល​ខ្មែរពាក់ព័ន្ធ​នឹង​បញ្ហា​ EBA ​និង​ឯករាជ្យ​ភាព​របស់​កម្ពុជា។​

លោកមឿន តុលា ​នាយក​ប្រតិបត្តិ​សម្ព័ន្ធ​ភាព​ការងារ​ ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ Central​ បាន​ប្រាប់​ ​VOA ​កាលពី​ថ្ងៃ​ពុធ​ថា​ ការ​ដែល​សហភាព​អឺរ៉ុប​ចង់​ឲ្យ​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស​ និង​សេរីភាព​ក្នុង​ការ​ធ្វើ​នយោបាយ​ ឬក៏​ការ​បញ្ចេញ​មតិ​ណា​មួយ​នេះ​ មិន​មែន​ជា​ការ​លូកលាន់​ចូល​អធិប​តេយ្យ​ភាព​របស់​កម្ពុជា​ទេ។​

លោកមាន​ប្រសាសន៍​ថា៖​

«យើងមើល​អនុសាសន៍​របស់​សហគមន៍​អឺរ៉ុប​នោះ​ណ៎ា!​ ឲ្យ​ស្តារ​ប្រជា​ធិបតេយ្យ​ ឲ្យ​គោរព​សិទ្ធិ​មនុស្ស​ ឲ្យ​គោរព​សិទ្ធិ​ជា​មូលដ្ឋាន​របស់​ពលរដ្ឋ​ ឲ្យ​គោរព​សិទ្ធិ​របស់សារ​ព័ត៌មាន​ឯករាជ្យ។ល។ ​បើក​សេរីភាព​ឲ្យ​សង្គម​ស៊ីវិល​ សហជីព​ក៏​ដូច​ជា​សារ​ព័ត៌មាន​ឯករាជ្យ។​ ខ្ញុំ​គិត​ថា​ អា​អស់​ហ្នឹង​ វា​អត់​មាន​អី​ត្រូវ​ប៉ះពាល់ទៅ​ដល់​អធិប​តេយ្យ​ភាព​របស់​ប្រទេស​ទេ។ ​វា​អត់​មាន​ indicator ​ណាមួយបង្ហាញ​ថា​ វា​ទៅ​ប៉ះ​ពាល់​ដល់អធិប​តេយ្យ​ប្រទេស​ទាល់​តែ​សោះ»។

មេ​ដឹកនាំ​អង្គការ​ការពារ​សិទ្ធិ​មនុស្ស​រូប​នេះនិយាយ​ទៀត​ថា​ សហ​ភាព​អឺរ៉ុបគ្រាន់​តែ​ធ្វើទៅ​តាម​រដ្ឋ​ធម្មនុញ្ញ​កម្ពុជា​តែ​ប៉ុណ្ណោះ។​

«ផ្ទុយ​ទៅវិញ​ បើ​សិន​ជា​យើង​គោរពប្រជាធិបតេយ្យ​ យើង​គោរព​សិទ្ធិ​មនុស្ស​ យើង​គោរព​សិទ្ធិ​ពលរដ្ឋ​ យើង​គោរព​សិទ្ធិ​ការងារ​ សិទ្ធិ​សហជីព​ សិទ្ធិ​សមាគម​ ក៏​ដូច​ជា​សារ​ព័ត៌មាន​ឯករាជ្យគឺ​យើង​មាន​ន័យ​ថា​ យើង​គោរព​រដ្ឋ​ធម្មនុញ្ញ​ ដែល​យើង​ចែង​យ៉ាង​រឹង​ ហើយ​ចែង​យ៉ាង​ច្បាស់​នៅ​ក្នុង​រដ្ឋធម្មនុញ្ញ»។​

លោកអាត់ ធន់ ​ប្រធាន​សហ​ភាព​ការងារ​កម្ពុជា​ ដែល​ពេល​នេះកំពុង​នៅ​ឯ​បរទេស​ បាន​ប្រាប់ VOA ​នៅ​ថ្ងៃ​ព្រហស្បតិ៍​នេះ​តាម​សារ​ឆ្លើយ​ឆ្លង​អេឡិចត្រូនិក​ថា យុទ្ធនា​ការ​របស់​សហ​ភាព​អឺរ៉ុប​ ដែល​ចង់​ឃើញ​កម្ពុជា​រំកិល​ទៅ​រក​គន្លង​ត្រឹមត្រូវ​របស់​ប្រព័ន្ធ​នយោបាយ​សេរី​ពហុបក្ស​នោះ​មិន​បាន​ធ្វើ​ឲ្យខូច​ដល់​អធិប​តេយ្យ​កម្ពុជា​នោះ​ទេ​ តែ​វា​បាន​ផ្តល់​ឲ្យ​កម្ពុជា​នូវ​ការ​គាំទ្រ​ខាង​ពាណិជ្ជ​កម្ម​ ផ្សារ​ភ្ជាប់​នឹង​ការ​គោរព​សិទ្ធិ។

«កម្ពុជា​ដូច​ជា​មិន​ពាក់​ព័ន្ធ​នឹង​បាត់បង់អធិប​តេយ្យ​ទេ។​ ប៉ុន្តែ​ពាក់​ព័ន្ធ​ទំនាក់​ទំនង​ពាណិជ្ជ​កម្ម​ និង​កិច្ច​ព្រមព្រៀង​ដែល​កម្ពុជា​ចុះ​ហត្ថលេខា​ជាមួយ​សហគមន៍​អឺរ៉ុប​ហ្នឹង​ យើង​ធ្វើ​ទៅ​តាម​ហ្នឹង។​ យើង​បាន​ចុះ​កិច្ចព្រមព្រៀង​នឹង​គេតាំង​ពីយូរ​មក​ហើយ​ហ្នឹង! ​ ​យើង​គ្រាន់តែ​ធ្វើ​ទៅតាម​អ្វី​ដែល​គេ​ចង់​បាន​វិញ។​ វា​អត់​មាន​ប៉ះពាល់​អី​ទេ​ ហើយ​ផ្ទុយ​ទៅវិញ​គឺការ​ធ្វើ​បែប​ហ្នឹង​ គឺ​យើង​ចំណេញ​បានការ​គាំទ្រ​ផ្នែក​ពាណិជ្ជ​កម្ម​ត​ទៅ​មុខ​ទៀត​ហើយ​ ហើយ​មានការ​រីក​ចម្រើន​សិទ្ធិ​កម្មករក៏​ដូច​ជា​សិទ្ធិ​មនុស្ស​តទៅ​ទៀត»។​

ចំណែក​លោកប៉ាវ ស៊ីណា​ ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​ យល់​ថា ការ​រក​ស៊ី​របស់​សហគមន៍​អឺរ៉ុប​ជាមួយ​កម្ពុជាគឺ​ខុសគ្នា​ពី​ចិន​ ព្រោះ​សហភាព​អឺរ៉ុប​ផ្តល់​តម្លៃ​ដល់​ការ​គោរព​សិទ្ធិ​មនុស្ស​ ឯ​ចិនមើល​ឃើញ​តែ​ការ​ចំណេញ​ និង​ខាតក្នុង​ការ​រក​ស៊ី​របស់​ខ្លួន​នៅ​កម្ពុជា។​

លោក​ក៏​មើល​ឃើញ​ថា​ សហភាព​អឺរ៉ុប​មិន​បាន​បង្ហាញការ​ជ្រៀត​ជ្រែក​ណា​មួយ​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​កម្ពុជា​នោះ​ទេ​ តែ​អ្វីដែល​សហ​ភាព​អឺរ៉ុប​កំពុង​ធ្វើ​នេះ​គឺ​ផ្អែក​ទៅ​តាម​កិច្ច​ព្រមព្រៀង​ពាណិជ្ជកម្ម​របស់​សហភាព​អឺរ៉ុប​ និង​ប្រទេស​កម្ពុជា។​

«ចំពោះ​បញ្ហា​នេះ​មាន​ន័យ​ថា​ វា​ជា​កិច្ច​ព្រម​ព្រៀង​ពាណិជ្ជ​កម្មមាន​ន័យ​ថា​ លក្ខខណ្ឌធ្វើ​ពាណិជ្ជកម្ម។​ មាន​ន័យ​ថា​ គេ​ ​គេ​យល់​ថា​ ដើម្បី​ស្តារ​លទ្ធភាព​សេដ្ឋ​កិច្ច​ស្រុក​យើងក៏​ដូច​ជា​ការ​ជួយអភិវឌ្ឍ​ប្រទេស​យើង។​ ដូច្នេះ​គេ​គិត​ថា​ គេ​មាន​លក្ខខណ្ឌ​មួយ​ចំនួន​ដើម្បី​ជា​ការ​ផ្សារ​ភ្ជាប់​ទៅ​នឹងតម្រូវ​ការ​ពាណិជ្ជ​កម្ម​របស់​គេ។​ ​ ដូច្នេះ​យើង​ក៏​អត់​ខុសគ្នា​ដែរ។​ ប្រសិន​បើ​យើង​ចង់​ឲ្យអ្នក​វិនិយោគ​ គេ​មក​រក​ស៊ី​នៅ​ស្រុក​យើង​ ក៏​យើង​មាន​លក្ខខណ្ឌដើម្បី​ទាក់​ទាញ​ទៅ​កាន់​អ្នក​វិនិយោគ​ហ្នឹង​ ដូចគ្នា​ដែរ​ បាទ។ ​ដូច​ជា បច្ចុប្បន្ន​នេះ យើង​ឃើញ​ថា​ យើង​មាន​រោងចក្រ​រីក​ដូច​ផ្សិត​ ក៏​យើង​មាន​លក្ខខណ្ឌ​ត្រូវ​បា្រប់​អ្នក​វិនិយោគ​ទាំងអស់​ថា​ ប្រទេស​យើង​វាយ៉ាង​ម៉េច​ មាន​អំណោយ​ផល​ម៉េច​ អីម៉េច​ ហើយ​លក្ខខណ្ឌ​របៀប​ម៉េច​ ល្អ​ប្រសើរ​យ៉ាង​ម៉េច​ ដើម្បី​ទាក់​ទាញ​ឲ្យ​គេ​មក​រក​ស៊ី​នៅ​ស្រុក​យើង។​ អ៊ីចឹង​វា​ដូច​តែ​គ្នា​ទេ»។​

រដ្ឋាភិបាល​កម្ពុជានៅតែ​បន្ត​និយាយ​ការពារ​ភាព​ត្រឹមត្រូវ​របស់​ខ្លួន​ដដែល ហើយ​ការ​ចោទ​ថា​ សហ​ភាព​អឺរ៉ុប​កំពុង​យក​បញ្ហា​ EBA ​នេះ​ មក​ចង្អុល​កម្ពុជា​ឲ្យ​ធ្វើអ្វី​ដែល​សហ​ភាព​អឺរ៉ុប​ចង់​បាន​នោះ។​ រដ្ឋាភិបាល​កម្ពុជា​ក៏​បាន​ថ្លែង​ការ​ពារការ​បោះ​ឆ្នោត​កាលពី​ថ្ងៃ​ទី​២៩​ខែ​កក្កដា​ឆ្នាំ​២០១៨​ ដែល​មិន​បាន​ទទួល​ការ​គាំទ្រ​ពីសហ​ភាព​អឺរ៉ុប។​

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​កម្ពុជា​ចុះ​ថ្ងៃ​ទី​១២​ខែ​កុម្ភៈឆ្នាំ​២០១៩​ បាន​បន្ត​ថា​ ជាក់​ស្តែង​ ​នៅ​លើ​គោល​ការណ៍​ពហុបក្ស​ គណៈ​កម្មការ​អឺរ៉ុប​បាន​ផ្តោត​តែ​ទៅ​លើ​អត្ថិភាព​ ឬ​ការ​រលាយ​បាត់​របស់​អតីត​គណបក្ស​សង្គ្រោះ​ជាតិ​ និង​ជោគ​វាសនា​នៃ​ថ្នាក់​នាំ​គណបក្ស​នេះ​តែ​ប៉ុណ្ណោះ។​

ក្រសួង​ការបរទេស​ខ្មែរ​បាន​បន្ត​ថា​ គណៈ​កម្មការ​អឺរ៉ុបបាន​ចោទ​ប្រកាន់​លើ​ភាព​ស្រប​ច្បាប់​នៃ​ការ​បោះឆ្នោត​ជ្រើស​តាំង​តំណាង​រាស្ត្រ​កាលពី​ខែ​កក្កដាឆ្នាំ​២០១៨​ដោយ​ឈរ​លើ​មូលដ្ឋាន​តែ​មួយ​គត់គឺ​អវត្តមាន​នៃ​អតីត​គណ​បក្ស​សង្គ្រោះ​ជាតិ។​ គណៈ​កម្មការ​អឺរ៉ុប​មិន​បាន​ទទួល​ស្គាល់​គណបក្ស​១៩​ផ្សេង​ទៀត​ ដែល​បាន​ប្រកួត​ប្រជែង​ក្នុង​ការ​បោះ​ឆ្នោត​ ដែល​បាន​ទទួល​បាន​សំឡេង​ឆ្នោត​ពី​ពលរដ្ឋជិត១​លាន​៥​សែន​នាក់​នោះ​ទេ។​

សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ការ​បរទេស​កម្ពុជាបាន​សរសេរ​ក្នុង​ន័យ​ដើម​ថា៖​

«គណៈ​កម្មការ​អឺរ៉ុប​បាន​បដិសេធ​នូវ​សំឡេង​ដ៏​ច្រើន​លើស​លុប​របស់​ម្ចាស់​ឆ្នោត​កម្ពុជា​ ដែល​បាន​សម្តែង​ការ​គាំទ្រ​ដល់​រាជរដ្ឋាភិបាលតាម​រយៈ​សន្លឹក​ឆ្នោត​របស់​ពួក​គេ។ ​ផ្ទុយ​ទៅវិញ​ គណៈ​កម្មការ​អឺរ៉ុប​បាន​ជ្រើស​យក​ការ​គាំទ្រ​អ្នក​នយោបាយ​មួយ​ក្តាប់​តូច​ ដែល​បាន​កសាង​ប្រជា​ប្រិយភាព​របស់​ខ្លួន​តាម​រយៈ​ការ​ស្អប់​ជាតិ​សាសន៍​ ការ​រើស​អើង​ពូជ​សាសន៍​ និងភាសា​អុជ​អាល​បញ្ឆេះ​កំហឹង​ពល​រដ្ឋ​ឲ្យ​បង្កាត់​ភ្លើង​សង្គ្រាម​ស៊ីវិល»។​

ក៏​ប៉ុន្តែ​ការ​អះអាង​របស់​ក្រសួង​ការ​បរ​ទេស​កម្ពុជាផ្ទុយ​ពី​ការឃ្លាំ​មើល​របស់​ក្រុម​អង្គការ​សិទ្ធិ​មនុស្ស​អន្តរ​ជាតិ​ធំៗ​មួយ​ចំនួន​ ដែល​បាន​សង្កេត​ឃើញ​ស្រដៀង​គ្នា​នឹង​សហភាព​អឺរ៉ុប​អំពីស្ថាន​ភាព​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។

ក្រុម​សមាជិក​សភា​អាស៊ាន​ដើម្បី​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ ​APHR ​បាន​បញ្ជាក់​ឲ្យ​ដឹង​តាម​សេចក្ដី​ប្រកាស​ចុង​ក្រោយ​ កាល​ពី​ខែ​មករា​កន្លង​ទៅ​ថា ​ស្ថាន​ភាព​សិទ្ធិ​មនុស្ស​នៅ​ប្រទេស​កម្ពុជា​កាន់​តែ​អាក្រក់​ទៅ​ ក្នុង​រយៈ​ពេល​ពីរ​ឆ្នាំ​ចុង​ក្រោយ​នេះ។​

រូប​ឯកសារ៖ ពលរដ្ឋ​ខ្មែរ​នៅ​សហរដ្ឋ​អាមេរិក​រាប់​រយ​នាក់​ ប្រមូល​ផ្តុំគ្នា​នៅ​ក្បែរ​ទី​ស្នាក់ការ​កណ្តាល​របស់​អង្គការ​សហប្រជាជាតិ​ក្នុង​ទី​ក្រុង​ញូវយ៉ក នៅ​ព្រឹក​ថ្ងៃ​សៅរ៍​ទី២៩ ខែ​កញ្ញា ឆ្នាំ​២០១៨ ដើម្បី​តវ៉ា​ប្រឆាំង​នឹង​វត្តមាន​របស់​លោក​នាយករដ្ឋមន្រ្តី ហ៊ុន សែន​នៅមហាសន្និបាត​អង្គការ​សហប្រជាជាតិ។

គណបក្ស​សង្គ្រោះ​ជាតិ​ ដែល​ជា​គណបក្ស​ប្រឆាំង​ដ៏​ធំ​បំផុត​ ត្រូវ​បាន​ហាម​ឃាត់​តាម​តែ​អំពើ​ចិត្ត​ មិន​ឲ្យ​ចូលរួម​ការ​បោះឆ្នោត​ ដោយ​សេចក្ដី​សម្រេច​របស់​តុលាការ​កំពូល​កាលពី​ខែ​វិច្ឆិកា​ឆ្នាំ​២០១៧។​

ការណ៍​នេះបាន​បើក​ផ្លូវ​ឲ្យ​លោក​នាយក​រដ្ឋ​មន្ត្រី​ហ៊ុន សែន​ ​និង​គណបក្ស​ប្រជាជន​កម្ពុជា​របស់​លោក​ឈ្នះ​ភ្លូក​ទឹក​ភ្លូក​ដី​ក្នុង​ការ​បោះឆ្នោត​កាល​ពី​ខែ​កក្កដា​ឆ្នាំ​២០១៨។ ​ការ​បោះឆ្នោត​នោះ​ត្រូវ​បាន​សហគមន៍​អន្តរជាតិ​ចាត់​ទុក​ជា​ទូទៅ​ថា​ ​ ​ជា​ការ​បោះ​ឆ្នោត​«ក្លែងក្លាយ»។​

រី​ឯ​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស ​Human Rights Watch​ ​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​សហ​រដ្ឋ​អាមេរិក​ បាន​សរសេរ​ក្នុង​របាយ​ការណ៍​ពិភព​លោក​ឆ្នាំ​២០១៩របស់​ខ្លួន​ថា​ នាយក​រដ្ឋមន្ត្រី​ខ្មែរលោក​ហ៊ុន សែនបាន​ប្រើ​ការ​បង្ក្រាប​លើ​សិទ្ធិ​មនុស្ស​និង​ប្រើ​ការ​បោះឆ្នោត​ក្លែង​បន្លំ​ដើម្បី​ពង្រឹង​ការ​ក្ដាប់​អំណាច​របស់​លោក​តាម​ប្រព័ន្ធ​ឯក​បក្ស។​

អាជ្ញាធរ​កម្ពុជា​បាន​ប្រើ​ប្រព័ន្ធ​តុលាការ​ពុក​រលួយ​និង​បម្រើ​នយោបាយ​ធ្វើ​ជា​អាវុធ​នយោបាយ​ដើម្បី​កាត់​ទោស​អ្នក​គាំ​ទ្រ​សិទ្ធិ​មនុស្ស​ និង​អ្នក​ដែល​មាន​ទស្សនៈ​ប្រឆាំង។​ នេះ​បើ​យោង​តាម​អង្គការ​សិទ្ធិមនុស្ស​នេះ។​

លោក​ ​Brad Adams​ ​ប្រធាន​អង្គការ​ឃ្លាំ​មើល​សិទ្ធិ​មនុស្ស​នេះ​ប្រចាំ​តំបន់​អាស៊ី​បាន​ឲ្យ​ដឹង​ថា​ ក្នុង​ឆ្នាំ២០១៨​ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន​ សែនបាន​បំផ្លាញ​ប្រជាធិបតេយ្យ​នៅ​ក្នុង​ប្រទេស​កម្ពុជា​ ​ដោយ​ប្រមាញ់​អ្នករិះគន់​ ​រំលាយ​គណបក្ស​ប្រឆាំង​ដ៏​សំខាន់​ និង​រៀបចំ​ការបោះឆ្នោត​ដែល​ធានា​ថា​ ​ការគ្រប់គ្រង​ផ្ដាច់ការ​របស់​លោកហ៊ុន សែនប្រាកដ​ជា​នឹង​បន្ត​ទៅ​មុខ​ទៀត៕