ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ក្រុម​សហជីព៖​ EBA​ នៅ​តែ​សំខាន់​សម្រាប់​ពង្រឹង​ភាព​ប្រកួត​ប្រជែង​​និង​ទ្រទ្រង់​កំណើន​សេដ្ឋកិច្ច​កម្ពុជា


រូប​ឯកសារ៖ លោក មឿន តុលា​ ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស (CENTRAL) នៅ​ស្នាក់ការ​ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ២០១៨។ (សាយ មុន្នី/VOA Khmer)
រូប​ឯកសារ៖ លោក មឿន តុលា​ ​នាយក​ប្រតិបត្តិ​មជ្ឈមណ្ឌល​សម្ព័ន្ធភាព​ការងារ និង​សិទ្ធិ​មនុស្ស (CENTRAL) នៅ​ស្នាក់ការ​ VOA ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​ថ្ងៃ​ទី២៧ ខែ​កញ្ញា ឆ្នាំ២០១៨។ (សាយ មុន្នី/VOA Khmer)

មន្ត្រី​​​សហជីព​មួយ​រូប​​អះអាង​​​​ថា​ ប្រទេស​កម្ពុជា​មិន​ទាន់​អាច​បោះបង់​ EBA ​បាន​នៅ​ឡើយ​ទេ​ ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​ ឬ​១០​ឆ្នាំ​ទៅ​មុខ​ទៀត។​

ក្រុម​មេ​ដឹកនាំ​សហជីព​បម្រើ​ប្រយោជន៍​កម្មករ​ នៅ​ថ្ងៃ​ពុធ​នេះ​ បាន​ផ្តល់​ការ​ព្រមាន​ជាថ្មី​ចំពោះ​ការ​អធិប្បាយ​នានា​របស់​ក្រុម​មន្ត្រី​រដ្ឋាភិបាល​ខ្មែរ​ ដែលព្យាយាម​បន្សាប​ផល​ប៉ះ​ពាល់​ជា​អវិជ្ជមាន​ធ្ងន់​ធ្ងរមក​លើ​សេដ្ឋ​កិច្ច​កម្ពុជា​ នៅ​ពេល​ប្រទេស​នេះ​បាត់​បង់​ប្រព័ន្ធ​អនុ​គ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុបក្រោម​គម្រោង«គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើក​លែង​តែ​អាវុធ»ឬ​ហៅ​ថា​ EBA។​

លោក​មឿន តុលា នាយក​ប្រតិបត្តិ​សម្ព័ន្ធ​ភាព​ការងារ​ ​និង​សិទ្ធិ​មនុស្ស​ហៅ​កាត់​ថា​ Central​ បាន​ប្រាប់​ ​VOA ​ថា​ ប្រទេស​កម្ពុជា​មិន​ទាន់​អាច​បោះបង់​ EBA ​បាន​នៅ​ឡើយ​ទេ​ ក្នុង​កាលៈទេសៈ​បច្ចុប្បន្ន​ ឬ​១០​ឆ្នាំ​ទៅ​មុខ​ទៀត។​

«ខ្ញុំ​ថា​ ប្រទេស​កម្ពុជា​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ហ្នឹង​ ជា​រឿង​ចាំបាច់​ណាស់​សម្រាប់​ស្រុក​ខ្មែរយើង​ហ្នឹង​ណ៎ា!​ ដើម្បី​យើង​ពង្រឹងខ្លួន​យើង​អាច​ថា​ ​ប្រាំ ​ប្រាំ​មួយ​ឆ្នាំ​ ឬ​ក៏​១០​ឆ្នាំ​ទៅ​មុខ​ទៀត។​ នៅ​ពេល​ដែល​យើង​ ​សេដ្ឋកិច្ច​យើង​កើន​ខ្ពស់​ ​ប្រហែល​ជា​យើង​ យើង​អាច​មាន​លទ្ធភាព​បង់​ពន្ធ​ ឬ​ក៏​យើង​កាត់បន្ថយ​នូវ​អំពើ​ពុករលួយ​ យើង​ពង្រឹង​នូវ​ភាព​ប្រកួត​ប្រជែង​របស់​ប្រទេស​ទៅ​ អា​ហ្នឹង​គឺថា​ យើង​អាច​ឈរ​ ដោយ​ខ្លួន​ឯង​បាន»។​

ក្រោយ​ការ​ជូន​ដំណឹង​របស់​សហភាព​អឺរ៉ុប​កាល​ពី​ថ្ងៃ​ច័ន្ទ​ទី១១ខែ​កុម្ភៈឆ្នាំ​២០១៩អំពី​ការ​បន្ត​នីតិវិធី​ដក​កម្ពុជា​ពី​ EBA ​នោះ​ ​កម្ពុជា​មាន​ពេល​តែ​១៨​ខែ​ទៀត​ទេ​សម្រាប់​ការ​កែ​លម្អ​ប្រព័ន្ធ​ប្រជាធិបតេយ្យ​ ដែល​អាច​អនុញ្ញាត​ឲ្យ​កម្ពុជារក្សា​បាន​កិច្ច​អនុគ្រោះ​ពន្ធ​របស់​សហភាព​អឺរ៉ុបដែល​ជា​ទីផ្សារ​ធំ​បំផុត​សម្រាប់​ផលិត​ផល​កាត់​ដេរ​កម្ពុជា។

ប្រតិកម្ម​របស់ក្រុម​មន្ត្រី​រដ្ឋាភិបាល​ខ្មែរនិង​ប្រតិកម្ម​របស់​របស់​មេ​ដឹកនាំ​កម្ពុជា​គឺ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន ​ បាន​កើតឡើង​ជា​បន្តបន្ទាប់​តាំង​ពី​មុន​ និង​ក្រោយ​ការ​ជូន​ដំណឹង​របស់​សហ​ភាព​អឺរ៉ុប​ កាល​ពីថ្ងៃ​ច័ន្ទ​កន្លង​ទៅ​នេះ។​

លោក​ហ៊ុន សែនអះអាង​កាលពី​ពេល​ថ្មីៗ​នេះ​ថា កម្ពុជា​មិន​អាច​ពឹង​លើ​ជំនួយ​បរទេស​តែ​មួយ​មុខ​ទេ​ ហើយ​កម្ពុជា​ក៏​មិន​ត្រូវ​យក​ឯករាជ្យភាព​ និង​អធិបតេយ្យភាព​របស់​ខ្លួនទៅ​ដោះដូរ​ជា​ថ្នូរ​នឹង​អ្វីមួយ​នោះ​ដែរ។​ លោក​ថា​ សេដ្ឋ​កិច្ច​កម្ពុជា​ ដែល​ពីមុន​ហ៊ុម​ព័ទ្ធ​ដោយ​ទណ្ឌកម្ម​ និង​ការ​គាប​សង្កត់​ ប៉ុន្តែ​ពេល​នេះ​គឺ​បាន​រីក​លូតលាស់​ និង​កាន់​តែ​រឹង​មាំ។

កាលពី​ខែ​មករា​ឆ្នាំ​២០១៩​ លោក​វង្សី វិស្សុត រដ្ឋ​លេខាធិការ​ក្រសួង​សេដ្ឋ​កិច្ច​ និង​ហិរញ្ញវត្ថុ​ ត្រូវ​បាន​អង្គភាព​ព័ត៌មាន​ Fresh News​ ស្រង់​សម្តី​ថា​ ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA នេះ​ គង់តែ​បាត់​ទេ​ ហេតុ​ដូច្នេះ​ ប្រទេស​កម្ពុជា​ត្រូវ​ធ្វើ​កំណែ​ទម្រង់​ពី​ការ​ពឹងផ្អែក​លើ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធមក​ជា​ការ​មាន​ម្ចាស់​ការ​លើ​ខ្លួនឯងពោល​គឺ«ការ​ធ្វើ​កំណែ​ទម្រង់​សេដ្ឋកិច្ច​ផ្ទៃ​ក្នុង​ ធ្វើ​ឲ្យ​បរិយាកាស​វិនិយោគ​ និង​ធ្វើ​ឲ្យ​ធុរកិច្ច​នៅ​កម្ពុជា​កាន់តែ​ប្រសើរ​ជាង​មុន»។

លោក​បាន​ប្រាប់​អង្គភាព​ព័ត៌មាន​ Fresh News ​កាលពី​ពេល​នោះ​ថា កម្ពុជា​ត្រូវតែ​មាន​ឯករាជ្យ​ក្នុង​ការ​ធ្វើ​ជំនួញ​ជាមួយ​ប្រទេស​ដទៃ​ ដោយ​ឈរ​លើ​គោល​ការណ៍​ស្មើ​ភាព​គ្នា។​

«ពាក្យ​ឯករាជ្យ​មួយ​ម៉ាត់​បាន​ន័យ​ថា ​ម៉េច?​ ថា​យើង​ធ្វើ​កិច្ចការជាមួយ​គេ​ ដោយ​ឈរ​លើ​គោល​ការណ៍​ពាណិជ្ជកម្ម​ គោល​ការណ៍​ស្មើ​ភាព​ ឈប់​ពឹង​អា​អនុគ្រោះ​ ឈប់​អី​ទៅ! ​អាហ្នឹង​វា​ធ្វើ​ឲ្យ​យើង​មាន​ទម្លាប់​មួយ​ទៅជា​ទម្លាប់​មួយ​ពឹង​គេ។​ អត់​គេ​ ​ងាប់!»។​

មន្ត្រី​ជាន់​ខ្ពស់​សេដ្ឋកិច្ច​រូប​នេះអះអាង​ទៀត​ថា​ កម្ពុជា​ក៏​ត្រូវ​ពង្រឹង​ភាព​ប្រកួត​ប្រជែង​របស់​ខ្លួន​ ដើម្បី​រក្សា​ផល​ចំណេញក្នុង​ការ​នាំ​ចេញ។​ ដោយ​មិន​បានថ្លែង​ចំៗដល់​វិស័យ​កាត់​ដេរនោះ​ លោក​វង្សី វិស្សុតមាន​ប្រសាសន៍​ថា៖​

«តែ​ in competitive [ក្នុង​ស្ថានភាព​ប្រកួត​ប្រជែង​បាន​ហើយ] ​ចង់​អ្នក​ឯង​ឲ្យ​ពន្ធ​ បង់​ពន្ធ​ មិន​បង់​ នៅ​តែ​រស់​អ៊ីចឹង។​ អ្នក​ឯងឲ្យ​ខ្ញុំ​បង់​ពន្ធ​ ក៏​ខ្ញុំ​នៅតែ​រកស៊ី​បាន។​ អ្នក​ឯង​ឲ្យ​អនុគ្រោះ​ ខ្ញុំ​ចេះ​តែ​ចំណេញ​ច្រើន​ទៀត​ តែ​ប៉ុណ្ណឹង»។​

ក៏ប៉ុន្តែលោក​មឿន តុលា​យល់​ថា​ ភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា​ នៅ​ខ្សោយ​នៅ​ឡើយ​ក្នុង​ឧស្សាហ​កម្ម​កាត់​ដេរ​ ដែល​វត្ថុ​ធាតុ​ដើម​ភាគ​ច្រើន​ត្រូវ​បាន​នាំ​មកពី​ខាង​ក្រៅ​ ដូច្នេះ​ការ​រក្សា​ទុកប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ EBA​ គឺ​មាន​ភាព​ចាំបាច់​បំផុត។

«វិស័យ​កាត់​ដេរ​នេះ​ យើង​នៅ​មាន​ភាព​ប្រកួត​ប្រជែង​ខ្សោយ​ជាង​គេ​ ព្រោះ​សូម្បី​តែ​វត្ថុ​ធាតុ​ដើម​ ក៏​យើង​នាំ​ចូល​ពី​ប្រទេស​ក្រៅ​ដែរ​ ដូច្នេះ​ហើយ​ វា​ពិបាក​ឲ្យ​អ្នក​វិនិយោគ​ទុន​ កាត់​បន្ថយ​ថ្លៃ​ដើម​ មាន​តែ​ច្រក​មួយ​ទេ​គឺ​ព្យាយាម​បន្ថយ​ប្រាក់​ខែ​ ឬ​ក៏​ចំណាយ​ labor cost ​[ថ្លៃ​ពលកម្ម]​ហ្នឹង​ ឲ្យ​កាន់​តែ​ច្រើន​តាម​តែ​អាច​ធ្វើ​បាន​ ហើយ​បើ​សិន​ជា​បន្ថយ​ labor cost ​គឺវា​អាច​ធ្វើ​ឲ្យ​មាន​ការ​មិន​សប្បាយ​ចិត្ត​ ឬក៏​មាន​ការ​ងើប​បះបោរ​ឡើង​ពី​សំណាក់​កម្មករ​និយោជិត»។​

រូប​ឯកសារ៖ លោក​ ប៉ាវ​ ស៊ីណា​ ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនាកម្មករ ថ្លែង​ប្រាប់​ អ្នកកាសែតកាលពីថ្ងៃ​ទី​ ៨​ ខែ មិថុនា​ ឆ្នាំ​ ២០១៧ អំពីការព្យួរការងារ​ក្រុមសហជីពនៅ​រោងចក្រ​ Southland ។ (ហ៊ុល រស្មី/VOA)
រូប​ឯកសារ៖ លោក​ ប៉ាវ​ ស៊ីណា​ ​ប្រធាន​សម្ព័ន្ធ​សហជីព​ចលនាកម្មករ ថ្លែង​ប្រាប់​ អ្នកកាសែតកាលពីថ្ងៃ​ទី​ ៨​ ខែ មិថុនា​ ឆ្នាំ​ ២០១៧ អំពីការព្យួរការងារ​ក្រុមសហជីពនៅ​រោងចក្រ​ Southland ។ (ហ៊ុល រស្មី/VOA)

លោក​ប៉ាវ ស៊ីណា​ ប្រធាន​សហភាព​ចលនា​កម្មករ​កម្ពុជា​ មាន​ប្រសាសន៍​ថា​ ក្នុង​ស្ថាន​ភាព​ដែល​សមត្ថ​ភាព​ប្រកួត​ប្រជែង​កម្ពុជា​នៅ​មាន​កម្រិត​នៅ​ឡើយ​នោះ ការ​បាត់​បង់​ EBA ​គឺ​ជា​ការ​បាត់​ឱកាស​រក​ផល​ចំណេញ​សម្រាប់​កម្ពុជា។​

«ប្រសិន​បើ​យើង​មាន​របស់ដែល​ស្រាប់ហើយ​ ​យើង​មិនព្រម​ថែ​ទាំ​វា​ ហើយ​បែរ​ជា​យើង​គិត​ថា​ បាត់​ក៏​បាត់​ទៅ​ ហើយ​យើង​គិត​ថា​ គួរតែ​ច្នៃ​ ឬ​ក៏​រិះរក​វិធី​ថ្មីដើម្បី​ដំណើរការនៃ​ការ​បង្កើត​នូវ​គេ​ហៅថា​ ឱកាស​ថ្មី​ អ៊ីចឹង​វា​នឹង​មាន​ន័យ​ថា​ យើង​បង្កើត​ឱកាស​ថ្មី​ តែ​យើង​បាត់​បង់​ឱកាស​មួយ។ ​ ចុះ​បើ​សិន​ជា​យើង​ថា​ ឱកាស​ថ្មី​ក៏​យើង​បង្កើត​ ហើយ​ឱកាស​ដែល​វា​មាន​ស្រាប់​ យើង​គួរតែ​រក្សា​វា​ វា​មាន​ន័យ​ថា​ យើង​កាន់​តែ​ចំណេញ​ទ្វេដង​សម្រាប់​ពលរដ្ឋ​យើង​ បាទ»។

រដ្ឋ​សមាជិក​នៃ​សហភាព​អឺរ៉ុប​ដែល​មាន​ប្រទេស​ចំនួន​២៨​បាន​ផ្តល់​ការ​យល់​ព្រម​កាលពី​ចុង​ខែ​មករា​ឱ្យ​ចាប់​ផ្តើម​ដំណើរការ​ដក​ហូត​ឋានៈ​អនុគ្រោះ​ពន្ធ​«គ្រប់​មុខ​ទំនិញ​ទាំង​អស់​លើក​លែង​តែ​អាវុធ» EBA ពី​ប្រទេស​កម្ពុជា។​

សហភាព​អឺរ៉ុប​គឺជា​ទីផ្សារ​នាំចេញ​ដ៏​ធំ​បំផុត​របស់​ប្រទេស​កម្ពុជា​ ដោយ​បាន​នាំ​ផលិត​ផល​ចូល​គិត​ជា​ទឹក​ប្រាក់​ចំនួន​ជាង​៥,៥​ពាន់​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិក​ដោយ​មិន​បង់ពន្ធ​ ហើយ​ធ្វើ​ឱ្យ​កម្ពុជា​ចំណេញ​ប្រាក់​ពន្ធ​ជាង​៦០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។ ​ភាគ​ច្រើន​នៃ​ទំនិញ​ដែល​កម្ពុជា​នាំ​ចូល​សហភាព​អឺរ៉ុប​គឺ​មាន​សម្លៀកបំពាក់ ​ស្បែក​ជើង ​ផលិត​ផល​កសិកម្ម​និង​កង់៕

XS
SM
MD
LG