ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

កម្មកររោងចក្របង្ហាញក្តីបារម្ភ ក្រោយអឺរ៉ុបចាប់ផ្តើមនីតិវិធីដកប្រព័ន្ធអនុគ្រោះពន្ធ


កម្មការិនីកាត់ដេរកំពុងរៀបចំចូលរោងចក្រធ្វើការ នៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

ក្រោយ​ពី​ការ​ប្រកាស​​ចាប់​ផ្តើម​នីតិវិធី​ដាក់​គំនាប​​លើ​ប្រពន្ធ​អនុ​គ្រោះពន្ធ​ (EBA) ​សម្រាប់​កម្ពុជា​  កម្មករ​រោងចក្រ​កាត់ដេរ​សម្លៀក​បំពាក់​មួយ​កន្លែង​​នៅ​ក្នុង​ស្រុក​​​ព្រៃនប់​ ​ខេត្ត​ព្រះសីហនុ​ ​បាន​បង្ហាញ​ក្តី​ព្រួយ​បារម្ភ​ពី​ការ​បាត់បង់​ការងារ។​

ខណៈដែលសហភាព​អឺរ៉ុប​បាន​ប្រកាស​ចាប់​ផ្តើម​ដំណើរការ​ជា​ផ្លូវការ​នីតិវិធីនៃ​ការ​ព្យួរ​ប្រព័ន្ធ​អនុគ្រោះ​ពន្ធ​ដល់​កម្ពុជា​(EBA) ​ដោយសារ​ការ​រំលោភ​សិទ្ធិ​មនុស្ស​ និង​ការ​ធ្លាក់​ចុះ​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា​ ​កម្មកររោងចក្រ​កាត់​ដេរ​បាន​បង្ហាញ​ក្តី​បារម្ភ​ថា​ ​ពួកគេ​នឹង​លែង​មាន​ការងារ​ធ្វើ​ ហើយ​មិន​អាច​រក​ចំណូល​ចិញ្ចឹម​គ្រួសារ​បាន។​

ស្នងការ​ពាណិជ្ជ​កម្ម​សហភាព​អឺរ៉ុប​គឺ​លោកស្រី​ ​Cecilia​ ​Malmström​ ​បាន​មាន​ប្រសាសន៍​នៅ​ក្នុង​សេចក្តី​ថ្លែង​ការណ៍មួយ​ចេញ​ផ្សាយ​កាលពី​ថ្ងៃ​ច័ន្ទ​ថា៖​

«វា​ច្បាស់​ហើយ​ថា​ ​ចំណាត់​ការ​នៅ​ថ្ងៃ​នេះ​មិនមែន​ជា​ការ​សម្រេច​ចិត្ត​ចុងក្រោយ​ ​ហើយក៏​មិនមែន​ជាទី​បញ្ចប់​នៃ​ដំណើរ​នីតិវិធី​ដែរ។​ ​តែ​នាឡិកា​កំពុង​តែ​ដើរទៅ​មុខ​ជា​ផ្លូវការ​ហើយ​ ​ហើយ​យើង​ត្រូវ​ការ​ឃើញ​វិធាន​ការ​ពិត​ប្រាកដក្នុង​ពេល​ឆាប់ៗ​នេះ»។

ទោះជាយ៉ាងណា​ ​សហភាព​អឺរ៉ុប​មិន​បាន​បញ្ជាក់​ថា​ ​ខ្លួន​ចង់​បាន​អ្វី​ឲ្យ​ពិត​ប្រាកដ​នោះ​ទេ​ ​តែ​ថា​ ​កម្ពុជា​មាន​ការ​រឹតត្បិត​សិទ្ធិ​នយោបាយ​ សិទ្ធិ​ការ​ប្រមូល​ផ្តុំ​ និង​សិទ្ធិបញ្ចេញ​មតិ។ មន្រ្តី​ជាន់ខ្ពស់​គណបក្ស​ប្រឆាំង​គឺ​គណបក្ស​សង្រ្គោះ​ជាតិ​ត្រូវ​បាន​កាត់​សិទ្ធិ​នយោបាយ​រយៈ​ពេល​៥​ឆ្នាំ​ ​ក្រោយ​គណបក្ស​មួយ​នេះ​ត្រូវ​បាន​រំលាយចោល។​

អ្នកស្រី អោង ចាន់ណាវី កម្មការិនីរោងចក្រកាត់ដេរ ផ្តល់បទសម្ភាសន៍ដល់ VOA នៅមុខរោងចក្រនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
អ្នកស្រី អោង ចាន់ណាវី កម្មការិនីរោងចក្រកាត់ដេរ ផ្តល់បទសម្ភាសន៍ដល់ VOA នៅមុខរោងចក្រនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

អ្នកស្រីអោង ចាន់ណាវី​ ​កម្មការិនី​ម្នាក់​នៅ​រោងចក្រ​កាត់​ដេរ​មួយ​តាម​បណ្តោយ​ផ្លូវ​ជាតិ​លេខ​៤​ ​ក្នុង​ស្រុក​ព្រៃនប់​ ​ខេត្ត​ព្រះ​សីហនុ​ បាន​ថ្លែង​ប្រាប់​ VOA​ ថា​ ​អ្នកស្រី​មិនទាន់​ដឹង​ព័ត៌មាន​ចុងក្រោយ​នៃ​ដំណើរការ​នីតិវិធី​ជា​ផ្លូវការ​នៃ​ការ​ដាក់​គំនាប​លើ​ពន្ធ​នេះ​ទេ។​ ប៉ុន្តែ​អ្នកស្រី​ធ្លាប់​បាន​ដឹង​អំពី​ការ​ព្រមាន​ដាក់​គំនាប​លើ​កម្ពុជា​ ទាក់​ទង​នឹង​ការ​នាំ​ចេញ​សម្លៀក​បំពាក់​ទៅ​សហភាព​អឺរ៉ុប។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«ខាង​ខ្ញុំ​ ដូច​អត់​ទាន់​បាន​ទទួល​ព័ត៌មាន​អី​ច្បាស់លាស់​អ៊ីចឹង​ទេ​ ​គ្រាន់តែ​មាន​ពាក្យ​ចចាម​អារ៉ាមអាច​នឹង​ថា ​ទូទាត់​ទៅ​ ​វា​នឹង​អត់ចំណេញ។​ ​រោងចក្រ​គាត់​នឹង​អាច​ថា​ បង្កើន​ចំនួន​ផលិតផល​នៅ​តាម​ខ្សែដើម្បី​បង្កើន​នឹង​បាន​ប្រាក់​ចំណូល​ឲ្យ​ច្រើន»។​

ទោះ​ជា​យ៉ាងណា​ ​អ្នកស្រីបាន​បង្ហាញ​ក្តី​បារម្ភ​អំពីការបាត់បង់​ការងារ​ ​នៅ​ពេល​ខាង​មុខ​ ​ខណៈអ្នកស្រី​បាន​រក​ចំណូល​ពី​ការងារ​មួយ​នេះ​ រយៈពេល​ជិត​៥​ឆ្នាំ​មក​ហើយ។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«រឿង​ហ្នឹង​វា​អាច​នឹង​ប៉ះពាល់​ដល់​ជីវភាព​ប្រចាំ​ថ្ងៃ​របស់​ខ្ញុំ។​ ​ប្រសិន​បើ​គាត់​អាច​ជា​បិទ​ ​ពួក​ខ្ញុំ​អាច​ថា​ ​នឹង​ចំណាកស្រុក​ ​ឬក៏​ទៅ​ធ្វើ​រោងចក្រ​កន្លែង​ឆ្ងាយ​ ​ដែល​ឆ្ងាយ​ពី​ផ្ទះ។​ ​អាច​ទទួល​ផល​វិបាក​ ​រឿង​ថា​ ​មធ្យោបាយ​ធ្វើដំណើរ​អ៊ីចឹង​អាច​នឹង​ប៉ះពាល់។​ ​តែបើ​សិន​ជា​អាច​ ​ក៏​អត់​ចង់​តម្រូវ​ឲ្យ​ពួក​គាត់​បិទ​រោងចក្រ​ដែរ»។​

អ្នកស្រី​យ៉ុង ចាត​ ​កម្មការិនី​ម្នាក់​ទៀត​ ​មាន​ប្រសាសន៍​ថា​ ​អ្នកស្រី​មិន​ដឹង​ថា​ ​ធ្វើអ្វីក្រៅពី​កម្មការិនី​កាត់ដេរ​នោះ​ទេ។​ ​អ្នកស្រី​បញ្ជាក់​ថា ​ការងារ​ប្រចាំ​ថ្ងៃ​បាន​ផ្តល់​ថវិកា​ខ្លះ​ សម្រាប់​ចិញ្ចឹម​កូន​ ​និង​ម្តាយ​ឪពុក​ចាស់​ជរា។​

អ្នក​ស្រី​មាន​ប្រសាសន៍​ថា៖​

«អត់​ដឹង​ថា​ ​គេ​បិទ​អង្កាល​ ​ឬ​អង្កាល​ ខ្ញុំ​អត់​ដឹង​ទេ​ ​ព្រោះអី​ខ្ញុំ​គិតតែពី​ធ្វើ។​ ​បើ​រោងចក្រ​បិទ​ ​ដឹង​តែ​នៅផ្ទះ​ ធ្វើស្រែ​ហើយ!‍»​

អ្នកស្រី យ៉ុង ភ័ណ កម្មការិនីរោងចក្រកាត់ដេរ ផ្តល់បទសម្ភាសន៍ដល់VOA ខាងមុខរោងចក្រនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)
អ្នកស្រី យ៉ុង ភ័ណ កម្មការិនីរោងចក្រកាត់ដេរ ផ្តល់បទសម្ភាសន៍ដល់VOA ខាងមុខរោងចក្រនៅក្នុងស្រុកព្រៃនប់ ខេត្តព្រះសីហនុ ថ្ងៃទី១២ ខែកុម្ភៈ ឆ្នាំ២០១៩។ (អូន ឆេងប៉រ/VOA)

អ្នកស្រីយ៉ុង​ ​ភ័ណ​ ជា​កម្មការិនី​ម្នាក់ទៀត​ ​ទើបតែ​បាន​ដាក់​ពាក្យ​ចូល​ធ្វើការ​នៅ​រោងចក្រ​ នៅ​ថ្ងៃអង្គារ​នេះ។​ ​ទោះជា​យ៉ាង​ណា​ ​អ្នកស្រី​មាន​ប្រសាសន៍​ថា​ អ្នកស្រីមិន​ចង់​ឃើញ​ការ​បិទ​រោងចក្រ​ ​ដែល​នាំឲ្យ​អ្នកស្រី​បាត់បង់​ការងារ​នៅ​ពេល​ខាងមុខ​នោះ​ទេ។​

អ្នកស្រី​មាន​ប្រសាសន៍​ថា៖​

«ព្រោះអី​យើង​អត់​មាន​មុខ​របរ​អី​ផ្សេងៗ។ ​យើង​ធ្វើ​រោងចក្រ​ទៅ​ ​ព្រោះអី​វា​ងាយ​ស្រួល​ដែរ​ ​ហើយ​ណាមួយ​ជិត​ផ្ទះ​ ​ហើយ​យើង​បាន​នៅ​ជិត​កូន»។

អ្នកស្រី​បាន​បន្ថែម​ថា៖​

«និយាយរួម​ទៅ​ ​ខ្ញុំ​អត់​ចង់​ឲ្យ​ជួប​អ៊ីចឹង។​ ​ចង់​ឲ្យ​មាន​ធ្វើ​រហូត​ ល្អ។​ ​ខ្ញុំ​អត់​ចង់​ឲ្យ​ថា​ជួប​ពាក្យ​អា​គេ​និ​យាយ​អ៊ីចឹង។​ ​ហើយ​ខ្ញុំ​អត់​ចង់​ឲ្យ ​ដូច​រោងចក្រ​គេ​ផ្សេង​ ​ហើយ​រោងចក្រ​នេះ​ ​មាន​កម្ម​ករ​ច្រើន​ ​មិន​អាច​អ៊ីចឹងទេ​មើល​ទៅ»។​

ស្ថានទូត​អាមេរិក​ប្រចាំ​នៅ​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​នៅ​ថ្ងៃអង្គារ​នេះ​ ​ដោយ​ប្រកាស​គាំទ្រ​ចំណាត់​ការ​របស់​សហភាព​អឺរ៉ុប។​ ​សហរដ្ឋ​អាមេរិក​ក៏​បាន​អំពាវនាវ​ឲ្យ​មាន​ការ​ដោះលែង​លោកកឹម​ ​សុខា​ ​មេ​ដឹកនាំ​គណបក្ស​សង្រ្គោះ​ជាតិ​ ​ដែល​រង​ការ​ចោទ​ប្រកាន់​ថា​ ​ចូលដៃ​ជើង​ជាមួយ​អាមេរិក​ដើម្បី​ផ្តួល​រំលំ​រដ្ឋាភិបាល​របស់​លោក​នាយក​រដ្ឋមន្រ្តី​ហ៊ុន​ ​សែន។​ ប៉ុន្តែ​មន្រ្តី​សហរដ្ឋ​អាមេរិក​បាន​ច្រាន​ចោល​ការ​ចោទ​ប្រកាន់​នេះជា​បន្ត​បន្ទាប់។​

សេចក្តី​ថ្លែង​ការណ៍​របស់​ស្ថានទូត​បាន​បញ្ជាក់​ថា៖​

«យើង​មាន​កង្វល់​ដូចគ្នា​នឹង​សហភាព​អឺរ៉ុប​ដែរ​ ​ទាក់ទង​នឹង​ការ​រំលោភ​យ៉ាង​ធ្ងន់ធ្ងរ​លើ​សេរីភាព​ក្នុង​ការ​បញ្ចេញ​មតិ​ ​សិទ្ធិ​ការងារ​ដែល​មាន​ការ​ទទួល​ស្គាល់​ជា​អន្តរជាតិ​ ​និង​សេរីភាព​ទាក់ទង​នឹង​អង្គការ​សមាគម។​ ​សហ​រដ្ឋ​អាមេរិក​ ​សូម​អំពាវ​នាវឲ្យថ្នាក់​ដឹក​នាំ​កម្ពុជាស្តារ​ឡើង​វិញ​នូវ​លទ្ធិ​ប្រជា​ធិបតេយ្យ​ ​ពហុបក្ស​ពិត​ប្រាកដ​ ​ដូច​មាន​ចែង​នៅ​ក្នុង​រដ្ឋ​ធម្មនុញ្ញ​នៃ​ប្រទេស​កម្ពុជា។​ ​យើង​ក៏​សូម​អំពាវនាវ​ផង​ដែរ​ឲ្យប្រទេស​កម្ពុជា​ទម្លាក់​ចោល​នូវ​បទ​ចោទ​ប្រកាន់​លើ​លោកកឹម សុខា​និង​ការ​ចោទ​ប្រកាន់​តាម​ទំនើង​ចិត្ត​ទាំងអស់​ប្រឆាំង​នឹង​អ្នក​ទោស​នយោបាយ​ដទៃ​ទៀត​ ​ហើយ​អនុញ្ញាត​ឲ្យសហជីព​ ​អង្គការ​សារ​ព័ត៌មាន​ឯករាជ្យ​ ​និង​ក្រុម​ដទៃ​ទៀត​នៃ​សង្គម​ស៊ីវិល​ ​ដំណើរ​ការ​ដោយ​គ្មាន​ការ​រឹតត្បិត​ ដែល​មិន​ត្រឹមត្រូវ»។​

ស្ថានទូត​អាមេរិក​បាន​បញ្ជាក់​បន្ថែម​ថា​ ​ថ្នាក់​ដឹកនាំ​កម្ពុជា​នៅ​មាន​ឱកាស​នៅ​ឡើយ​នៅ​ក្នុង​ការ​ចៀស​ផុត​ពី​ផល​វិបាក​អវិជ្ជមាន​ផ្នែក​សេដ្ឋ​កិច្ចនៃ​ការ​ដក​ការ​អនុ​គ្រោះ​ពន្ធ​ ​EBA។​

ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​បាន​ចេញ​សេចក្តី​ថ្លែង​ការណ៍​មួយ​ ​ដោយ​ចាត់​ទុក​ថា​ ចំណាត់​ការ​របស់​សហភាព​អឺរ៉ុបមាន​«ភាព​អយុត្តិធម៌​បំផុត»​ ​ហើយ​ប្រឆាំង​នឹង​ការ​អនុវត្ត​ផ្លូវ​ច្បាប់នៅ​កម្ពុជា។​

សេចក្តី​ថ្លែង​ការណ៍​របស់​រដ្ឋាភិបាល​កម្ពុជាបាន​បញ្ជាក់​ថា៖​

«ប្រសិន​បើ​ស្ថាប័ន​អឺរ៉ុប​សម្រេច​ដាក់​គំនាប​ទណ្ឌកម្ម​មក​លើ​កម្ពុជា​ផ្អែក​លើ​ជំហរ​បែប​នេះ​ ​វា​នឹង​ធ្វើឲ្យ​រាជ​រដ្ឋាភិបាល​កម្ពុជា​តាំងចិត្ត​កាន់តែ​មុតមាំ​ថែម​ទៀត​ក្នុង​ការ​ការពារ​ ​និងរក្សា​សកម្ម​ភាព​ត្រឹមត្រូវ​ ​និង​ស្រប​ច្បាប់​របស់​ខ្លួន»។​

នីតិវិធី​នៃ​ការ​ដាក់​គំនាប​លើ​ពន្ធ​នេះធ្វើ​ឡើង​ បន្ទាប់​សហភាព​អឺរ៉ុប​ពី​ទទួល​បាន​ការ​យល់ព្រម​ពី​រដ្ឋ​សមាជិក​សហភាព​អឺរ៉ុប​ ​ប៉ុន្តែ​ការ​ដក​ហូត​ពិតប្រាកដអាច​នឹង​ធ្វើ​ឡើង​នៅ​ខែ​សីហាឆ្នាំ​២០២០​ ប្រសិន​បើ​មិន​មាន​ការ​ធ្វើ​ឲ្យ​ប្រសើរ​ផ្នែក​សិទ្ធិ​មនុស្ស​ និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា។ ​នេះ​បើ​តាម​ការ​បញ្ជាក់​របស់​សហ​ភាព​អឺរ៉ុប។​

សហ​ភាព​អឺរ៉ុប​ទុក​ពេល​ដើម្បី​តាម​ដាន​ពិនិត្យ​មើល​យ៉ាង​យក​ចិត្ត​ទុកដាក់​ ​និង​ជួប​ពិភាក្សា​ជាមួយ​រដ្ឋាភិបាល​កម្ពុជា​ ​និង​សរសេរ​របាយ​ការណ៍។​

គួរប​ញ្ជាក់​ថា​ ​សហភាព​អឺរ៉ុប​គឺជា​ទីផ្សារ​នាំចេញ​ដ៏​ធំ​បំផុត​របស់​កម្ពុជា​ ​ដោយ​កម្ពុជា​បាន​នាំ​ផលិត​ផល​ចូល​ទៅ​ក្នុង​ទីផ្សារ​អឺរ៉ុប​មួយ​ឆ្នាំៗ​គិត​ជាទឹក​ប្រាក់ជាង​៥,៥​ពាន់​លាន​ដុល្លារ​សហ​រដ្ឋ​អាមេរិកដោយ​មិន​បង់ពន្ធ។ ​ការ​មិន​បង់​ពន្ធ​នេះធ្វើ​ឲ្យ​កម្ពុជា​ចំណេញ​ប្រាក់​ជាង​៦០០​លាន​ដុល្លារ​ក្នុង​មួយ​ឆ្នាំៗ។​ ​ភាគច្រើន​នៃ​ទំនិញ​ដែល​កម្ពុជា​នាំចូល​សហភាព​អឺរ៉ុបគឺ​មាន​សម្លៀក​បំពាក់​ ​ស្បែកជើង​ ​ផលិតផល​កសិកម្ម​ និង​កង់​ជា​ដើម៕

សេចក្តីរាយការណ៍ពិសេស

  • VOA Khmer Special Report Section

    សេចក្តីរាយការណ៍ពិសេស

XS
SM
MD
LG