ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

នាឡិកា​ EU ​រំកិល​ទៅ​រក​ទណ្ឌកម្ម​សេដ្ឋកិច្ច​ដើម្បី​ស្តារ​ប្រជាធិបតេយ្យ​កម្ពុជា


រូបឯកសារ៖ លោក​ស្រី​ Cecilia Malmstrom ​ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ ថ្លែងនៅទីស្នាក់ការគណៈកម្មការសហភាពអឺរ៉ុបនៅទីក្រុងប៊្រុចសែល ប្រេសបែលហ្សិក កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨។
រូបឯកសារ៖ លោក​ស្រី​ Cecilia Malmstrom ​ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​ ថ្លែងនៅទីស្នាក់ការគណៈកម្មការសហភាពអឺរ៉ុបនៅទីក្រុងប៊្រុចសែល ប្រេសបែលហ្សិក កាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០១៨។

ប្រឈម​មុខ​នឹង​ការ​ដាក់ទណ្ឌកម្ម ​គឺ​ទំនិញ​ក្នុង​តម្លៃ​ជាង​៥,៥​ពាន់លាន​ដុល្លារ​ដែល​កម្ពុជា​នាំ​ចូល​សហភាព​អឺរ៉ុប​ដោយ​រួចពន្ធ​នឹង​ត្រូវ​បង់ពន្ធ​ទាំងស្រុង ​ដែល​​មាន​តម្លៃ​ជាង​៦០០លាន​ដុល្លារ។

សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ថា​ ទ្រនិច​នាឡិកា​របស់​ខ្លួន​បាន​ចាប់ផ្តើម​ដើរ​ទៅមុខ​ឆ្ពោះ​ទៅ​ការដកបណ្តោះ​អាសន្ន​នូវ​ប្រព័ន្ធ​អនុគ្រោះពន្ធ ដែល​ប្រទេស​កម្ពុជា​ទទួល​បាន​ដោយសារ​តែ​ការ​រំលោភ​សិទ្ធិ​មនុស្ស​និង​លទ្ធិប្រជាធិបតេយ្យ។

ប៉ុន្តែ​សហភាព​អឺរ៉ុប​បាន​ទុក​ឱកាស​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​កែលម្អ​ស្ថានការណ៍​ មុន​ពេល​ដែល​ការ​ដកហូត​ឋានៈ​អនុគ្រោះពន្ធ​«រាល់មុខ​ទំនិញ​លើកលែង​តែ​សព្វាវុធ‍» (EBA) ចូល​ជា​ធរមាន​នៅ​ក្នុ​ងរយៈពេល​១៨ខែ​ទៀត​ គឺ​នៅ​ខែ​សីហា​ឆ្នាំ​២០២០។

លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​ គឺ​ស្នើ​ឱ្យ​រដ្ឋាភិបាល​កម្ពុជា​គោរព​សិទ្ធិ​មនុស្ស ​សិទ្ធិ​សហជីព ​និង​លទ្ធិ​ប្រជាធិបតេយ្យ​ ក្នុង​នោះ​មាន​ការ​ដោះលែង​លោក​កឹម សុខា ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិដែល​កំពុង​ជាប់​ឃុំឃាំង​ក្នុង​លំនៅដ្ឋាន។

សហភាព​អឺរ៉ុប​បាន​តាម​ដាន​ស្ថានការណ៍​នយោបាយ​និង​សិទ្ធិ​មនុស្ស​កម្ពុជា​អស់​រយៈពេល​១៨ខែ​ចុង​ក្រោយ​នេះ ​ហើយ​បាន​សម្តែង​ការ​ព្រួយ​បារម្ភ​ជា​បន្ត​បន្ទាប់ក្រោយ​ពី​មាន​ការ​បង្រ្កាប​ទៅ​លើ​អង្គការ​សង្គម​ស៊ីវិល​ បណ្តាញ​សារព័ត៌មាន​ឯករាជ្យ​និង​អ្នកនយោបាយ​ប្រឆាំង ​ហើយ​បាន​ស្នើ​ឱ្យ​កម្ពុជា​កែប្រែ​ស្ថានការណ៍ ​បើ​មិន​ដូច្នេះ​ទេ​ត្រូវ​ប្រឈម​នឹង​ការ​ដាក់​ទណ្ឌកម្ម។

ការ​សម្រេច​ចិត្ត​កាលពី​ថ្ងៃច័ន្ទ​បង្ហាញ​ថា​ សហភាព​អឺរ៉ុប​បាន​បាត់​បង់​ការ​អត់ធ្មត់​ក្រោយ​ពី​រដ្ឋាភិបាល​កម្ពុជា​បាន​ការពារ​ចំណាត់​ការ​របស់​ខ្លួន​ដោយ​រួម​ទាំង​ការ​គំរាម​មក​លើ​សហភាព​អឺរ៉ុប​វិញ​ផង។ ដូចលោក​ស្រី​ Cecilia Malmstrom ​ស្នងការ​ពាណិជ្ជកម្ម​សហភាព​អឺរ៉ុប​បាន​បញ្ជាក់​ថា​ នៅពេល​ណា​ដែល​សហភាព​អឺរ៉ុបនិយាយ​ថា​គោល​នយោបាយ​សហភាព​អឺរ៉ុប​«ផ្អែក​លើ​គុណតម្លៃ គឺ​នេះ​មិនមែន​ជា​ពាក្យ​ពេចន៍មិនបាន​ការទេ‍»។

រូបឯកសារ៖ ក្រុមកម្មករ​ចេញ​ពី​រោងចក្រ​ពេល​ថ្ងៃត្រង់ ដើរ​ឆ្ពោះ​ទៅ​ផ្សារ​ក្បែរ​រោងចក្រ​ដើម្បី​សម្រាក​ និង​បរិភោគ​អាហារ​ថ្ងៃត្រង់​រយៈពេល​ប្រមាណ​មួយ​ម៉ោង។ (ខាន់ សុគុំមនោ/VOA)
រូបឯកសារ៖ ក្រុមកម្មករ​ចេញ​ពី​រោងចក្រ​ពេល​ថ្ងៃត្រង់ ដើរ​ឆ្ពោះ​ទៅ​ផ្សារ​ក្បែរ​រោងចក្រ​ដើម្បី​សម្រាក​ និង​បរិភោគ​អាហារ​ថ្ងៃត្រង់​រយៈពេល​ប្រមាណ​មួយ​ម៉ោង។ (ខាន់ សុគុំមនោ/VOA)

ប្រឈម​មុខ​នឹង​ការ​ដាក់ទណ្ឌកម្ម ​គឺ​ទំនិញ​ក្នុង​តម្លៃ​ជាង​៥,៥​ពាន់លាន​ដុល្លារ​ដែល​កម្ពុជា​នាំ​ចូល​សហភាព​អឺរ៉ុប​ដោយ​រួចពន្ធ​នឹង​ត្រូវ​បង់ពន្ធ​ទាំងស្រុង ​ដែលមាន​តម្លៃ​ជាង​៦០០លាន​ដុល្លារ។

ប៉ុន្តែ​សម្រាប់​អ្នកការពារ​សិទ្ធិ​មនុស្ស​យល់​ថា​ ការ​ដាក់​ទណ្ឌកម្ម​នេះ​មិន​មែន​ប៉ះពាល់​តែ​លើ​ពន្ធ​គយមួយ​ប៉ុណ្ណោះ​ទេ​ ប៉ុន្តែ​លើ​កិត្តិយស​របស់​កម្ពុជា​ផងដែរ។​

លោក​សួន ប៊ុនសក្តិ​ អ្នក​ជំនាញ​ខាងផ្នែក​សិទ្ធិ​មនុស្ស​បាន​បញ្ជាក់​ថា៖​

«បញ្ហា​នៅត្រង់​ថា​សហគមន៍​អឺរ៉ុប​បាន​ផ្តល់​ការថ្នាក់ថ្នម​ពិសេស​តាម​រយៈ​ការ​អនុគ្រោះពន្ធ​នេះ ​ហើយ​បើ​កាលណា​គេ​ដក​ការ​អនុគ្រោះពន្ធ​គឺ​ចង់​មិន​ចង់វា​មាន​ស្នាម​ថា​ដោយ​សារ​ហេតុ​ផល​អ្វី​ មួយ​មិន​គោរព​គោលការណ៍​សិទ្ធិ​មនុស្ស​ដែល​ចែង​នៅ​ក្នុង​សិទ្ធិមនុស្ស​អន្តរជាតិ​ដែល​ខ្មែរ​ជារដ្ឋ​ភាគី។ ដូច្នេះ​វា​មាន​ស្នាម​ វា​មាន​មុខ​មាត់​មិន​ល្អ​ដែល​គេ​បាន​បាន​កត់​សម្គាល់​យើង​ទុក‍»។​

តំណាង​សហជីព​កម្មករ​បាន​សម្តែង​ការព្រួយ​បារម្ភ​ពី​ការ​ដក​ឋានៈ​អនុគ្រោះពន្ធ​នេះ ហើយយល់​ថា ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​គោរព​លក្ខខណ្ឌ​របស់​សហភាព​អឺរ៉ុប​ព្រោះបើ​កម្ពុជា​បាត់​បង់​ឋានៈ​អនុគ្រោះ​ពន្ធ​ គឺ​ធ្វើ​ឱ្យ​ប៉ះពាល់​វិស័យ​កាត់ដេរ​និង​កសិកម្ម​នៅ​ក្នុង​ប្រទេស ​ហើយកម្មករ​និង​កម្មការិនីមួយ​ចំនួន​នឹងបាត់​បង់​ការងារ ​ដែល​បង្ក​ផល​ប៉ះពាល់​ទៅលើ​សាច់ញាតិ​ពួកគេ​ដែល​ទទួល​ផល​ពី​ការងារ អ្នក​លក់ដូរ​ទំនិញ​និង​ម្ហូបអាហារ​ ម្ចាស់​ផ្ទះជួលនិង​ម្ចាស់​រថយន្ត​ដឹក​អ្នកដំណើរ​ជាដើម​ ដែល​ការណ៍​នេះនឹង​ប៉ះ​ពាល់ដល់​កំណើន​សេដ្ឋកិច្ច​របស់​កម្ពុជា។​

លោក​រ៉ុង ឈុន​ ប្រធាន​សហព័ន្ធ​សហជីព​កម្ពុជា​បាន​បញ្ជាក់​បន្ថែម​ប្រាប់​វីអូអេ​ថា៖

«ពេលនោះ​កម្ពុជា​នឹង​មាន​ការ​ច្របូក​ច្របល់​ហើយ​មាន​អស្ថិរភាព​នៅ​ក្នុង​សង្គម។ អីចឹង​ហើយ​បាន​ជា​យើង​ចង់​ឱ្យ​ថ្នាក់ដឹកនាំ​រដ្ឋាភិបាល​ត្រូវ​តែ​ដម្កល់​ផលប្រយោជន៍​ជាតិ​ជាធំ។ ជៀសវាង​គ្រាន់តែ​ការពារ​នូវ​ក្រុម​បក្ស​ពួក​របស់​ខ្លួន​ ហើយ​មិន​បាន​ការពារ​នូវ​ផល​ប្រយោជន៍​ជាតិ ​ផល​ប្រយោជន៍​កម្មករ។ វានឹង​ធ្វើ​ឱ្យ​កម្ពុជា​យើង​ជួប​ហានិភ័យ​ខ្ពស់​នៅក្នុង​អនាគត​ដ៏ខ្លី​ខាងមុខ​នេះ‍»។​

លោករ៉ុង ឈុន​ បាន​បន្ថែម​ថា​ កម្ពុជា​អាច​នៅ​រក្សា​ទីផ្សារ​ ក៏ប៉ុន្តែ​អ្នក​វិនិយោគទុន​គេ​មិនអាច​មក​បណ្តាក់​ទុន​ ឬ​មួយ​ក៏​មក​រកស៊ី​នៅ​កម្ពុជាបាន​ទេ​ ពីព្រោះ​គេ​មិន​អាច​រក​ផលចំណេញ​បាន៖

«កម្ពុជា​យើង​មិន​ទាន់​បាន​ត្រៀម​ខ្លួន​ក្នុង​ការ​ដក​ប្រព័ន្ធ​អនុគ្រោះពន្ធ​នេះ​នៅឡើយ​ទេ ហើយ​ជាពិសេស​ថ្លៃទឹក ថ្លៃភ្លើង​ ថ្លៃសេវា​ផ្សេងៗ​ហើយ​មួយទៀត​ គឺ​បញ្ហា​អំពើ​ពុករលួយ​នៅ​តាម​ស្ថាប័ន ​ការនាំចេញ​ផលិត​ផល។ ដូច្នេះ​ធ្វើ​ឱ្យ​អ្នក​វិនិយោគទុន​គេ​មិន​អាច​នៅ​បន្ត​នៅ​រកស៊ី​នៅ​កម្ពុជាយើង​បាន​ទេ‍»។

កម្ពុជា​បាន​នាំ​ផលិត​ផល​សម្លៀក​បំពាក់​របស់​ខ្លួនចូល​ក្នុង​សហភាព​អឺរ៉ុប​ដោយ​មិន​បង់​ពន្ធ​តាំងពីឆ្នាំ​២០០១​មក​ ក្រោម​កម្មវិធី​«គ្រប់​មុខទំនិញ​លើកលែង​សព្វាវុធ‍»​នេះ‍។ ភាគច្រើន​នៃ​ទំនិញ​ដែលកម្ពុជា​នាំចូល​សហភាព​អឺរ៉ុប​ គឺ​មានសម្លៀក​បំពាក់ ស្បែកជើង ផលិតផល​កសិកម្ម​និង​កង់។ វិស័យ​កាត់ដេរ​កម្ពុជា​បាន​ផ្តល់​ការងារ​ធ្វើ​ដល់​ពលរដ្ឋ​កម្ពុជា​ជាង​៧០ម៉ឺននាក់ ​ដែល​ភាគ​ច្រើនជាស្ត្រី​មក​ពី​ទី​ជនបទ។

សមាគម​រោងចក្រ​កាត់ដេរ​នៅកម្ពុជា(GMAC) ​យល់​ថា​ ការ​ព្យួរ​ឋានៈ​អនុគ្រោះ​ពន្ធ​នឹង​ធ្វើ​ឱ្យ​លទ្ធភាព​ប្រកួត​ប្រជែង​របស់​កម្ពុជា​«ប្រឈមនឹង​គ្រោះថ្នាក់‍»​ ហើយ​កេរ្តិ៍ឈ្មោះ​នៃ​ឧស្សាហកម្ម​កម្ពុជា​នឹង​ខូចខាត​ហើយ​ការ​អភិវឌ្ឍ​កម្ពុជា​ក៏​ត្រូវ​គាំង​ដំណើរការ​ដែរ។

GMAC ​បាន​បន្ថែម​នៅក្នុង​សេចក្តី​ថ្លែង​ការណ៍ថា៖

«កិច្ច​ខិតខំ​ប្រឹងប្រែង​ទាំងអស់ក្នុង​ការ​កសាង​ប្រភព​ផ្គត់ផ្គង់​ផលិតផល​កាត់ដេរ​មួយ​ប្រកប​ដោយការ​ទទួល​ខុសត្រូវ​នឹង​ត្រូវ​ខូចខាត​ ហើយ​វា​នឹង​ជា​ការ​ដើរថយ​ក្រោយ​ដ៏ខ្លាំង​សម្រាប់​កម្មករ​ជាពិសេស​អ្នក​ដែល​មក​ពី​សហគមន៍​ជនបទ‍»។​

រូបឯកសារ៖ នេះជាប្រភេទអង្ករដែលបានដាក់លក់នៅតូបមួយក្នុងផ្សារអូរឬស្សី កាលពីថ្ងៃទី៣០ កក្កដា ឆ្នាំ២០១៥។ (ប៉ាង ចំណាន/VOA)
រូបឯកសារ៖ នេះជាប្រភេទអង្ករដែលបានដាក់លក់នៅតូបមួយក្នុងផ្សារអូរឬស្សី កាលពីថ្ងៃទី៣០ កក្កដា ឆ្នាំ២០១៥។ (ប៉ាង ចំណាន/VOA)

កាលពីខែ​មករា​ សហភាព​អឺរ៉ុប​បាន​សម្រេច​យក​ពន្ធ​អង្ករ​កម្ពុជា​រយៈពេល​បីឆ្នាំ​ ដោយ​សារ​តែ​មាន​ការ​ស្នើសុំ​ពីរដ្ឋ​សមាជិក​មួយ​ចំនួន​ដែល​ព្រួយបារម្ភ​ពី​ការ​កើនឡើង​បរិមាណ​អង្ករ​កម្ពុជា។​ វាជា​រឿង​ពីរ​ដោយ​ឡែក​ពីគ្នា ​ប៉ុន្តែ​ការ​យក​ពន្ធ​នេះ​បាន​ប៉ះពាល់​ខ្លះ​ហើយដល់​វិស័យ​កសិកម្ម​កម្ពុជា។

លោក​យ៉ង សាំង​កុមារ​ អ្នក​ជំនាញ​ខាង​កសិកម្ម​និង​ជា​ប្រធាន​គណៈកម្មការ​នាយក​នៃ​គណបក្សប្រជាធិបតេយ្យ​មូលដ្ឋាន បាន​បញ្ជាក់​ថា​ កម្ពុជា​គួរតែ​រៀនសូត្រ​បាន​ពី​បទ​ពិសោធ​នៃ​ផលិតផល​អង្ករ​កម្ពុជា៖

«នៅពេល​ដែល​គេ​ឱ្យ​បង់​ពន្ធ​អង្ករ​ទៅ ​គឺ​យើង​ជួប​បញ្ហា​សព្វថ្ងៃ​ ជាពិសេស​ធ្វើ​ឱ្យ​តម្លៃ​ស្រូវ​មាន​ការចុះ​ថោក​ ហើយ​យើង​ត្រូវ​ទទួលស្គាល់​ការពិត​ គឺ​វា​អីចឹង​មែន​ ពីព្រោះ​កន្លង​មក​យើង​អាច​ចូល​ទីផ្សារ​អឺរ៉ុប​បាន​ យើង​អាច​ប្រកួតប្រជែង​ជាមួយ​ថៃ​និង​វៀតណាម​បាន​ ដោយ​សារ​អឺរ៉ុប​អត់​យក​ពន្ធ​ គឺ​យើង​អាច​លក់​អង្ករ​យើង​បាន​ច្រើន​ដោយ​អង្ករ​យើង​អត់​ពន្ធ​ យើង​អាច​លក់​ថោក​។ អីចឹង​នៅ​ពេល​មុខ​ទំនិញ​ផ្សេងៗ​ក្រៅពី​អង្ករ​យើង​នឹង​អាច​ជួប​បញ្ហា​ស្រដៀង​នឹង​ដែរ‍»។​

ដំណើរការ​ដកហូត​ឋានៈអនុគ្រោះពន្ធ​ EBA ​នេះ​ធ្វើ​ឡើង​ បន្ទាប់ពី​សហភាព​អឺរ៉ុបទទួល​បានការយល់​ព្រម​ពី​រដ្ឋ​សមាជិក​កាលពី​ចុង​ខែ​មករា។ ប៉ុន្តែ​រដ្ឋាភិបាល​កម្ពុជា​មាន​ពេល​វេលា​រហូតដល់​ចុង​ឆ្នាំ​ ដើម្បី​ស្តារ​ស្ថានការណ៍​ដោយ​ក្នុង​ពេល​នេះ​ គឺ​សហភាព​អឺរ៉ុប​បាន​ប្តេជ្ញា​ថា​នឹង​ខិតខំ​ធ្វើការជិតដិត​ជាមួយ​គ្នា។ រីឯ​អតីត​គណបក្ស​ប្រឆាំង​ក៏បាន​បញ្ជាក់​ជំហរ​ថា ​ខ្លួនត្រៀម​នឹង​រក​វិធី​ដើម្បី​កែប្រែ​ស្ថានការណ៍​នេះ​ដែរ។

លោកស្រីមូរ សុខហួរ​ អនុប្រធាន​គណបក្ស​សង្គ្រោះជាតិ​បាន​បញ្ជាក់​ថា រដ្ឋាភិបាល​កម្ពុជា​មិន​ត្រូវរង់ចាំ​ឱ្យ​វិបត្តិនយោបាយ​នេះ​ក្លាយ​ជា​វិបត្តិសេដ្ឋកិច្ច​សម្រាប់​កម្ពុជា​ទេ ដូច្នេះ​រដ្ឋាភិបាល​កម្ពុជា​ត្រូវ​តែ​រក​វិធី​ដោះស្រាយ​ឱ្យ​បាន​ឆាប់​ដោយ​មិន​ចាំបាច់​ដល់​ពេល​មួយ​ឆ្នាំ​តាម​ការ​កំណត់​របស់​សហភាព​អឺរ៉ុប​ទេ។

លោកស្រីមូរ សុខហួរ ​បន្ថែម​ថា៖

«ការ​ទទួល​ខុសត្រូវ​របស់​របប​លោកហ៊ុន សែន នេះ​គឺជា​ការ​ទទួល​ខុស​ត្រូវ​នៅ​ចំពោះ​មុខ​ពលករ​ កម្មករ​កម្មការិនី​យើង​ ដែល​មានជាង​៧០ម៉ឺននាក់ និង​កសិករ​យើង​ដែល​មាន​រាប់​ម៉ឺននាក់​ទៀត។ ទាំងនោះ​ប៉ះពាល់​ដល់​ជីវិត​រស់​នៅ​ប្រចាំ​ថ្ងៃ​ ចំណូល​ប្រចាំថ្ងៃ​ប្រចាំខែ​ដល់​ប្រជាពលរដ្ឋ​យើង​រាប់​លាន​នាក់។ នេះ​គឺជា​ការ​ប៉ះពាល់​សេដ្ឋកិច្ច​ហើយ​អាច​ក្លាយ​ទៅជា​ប៉ះពាល់​សង្គម​ដ៏ធំណាស់‍»។​

សម្រាប់​លោកស្រី​មូរ សុខហួរ​ គន្លឹះ​ដ៏​សំខាន់​គឺ​ដោះលែង​លោក​កឹម សុខា ផ្តល់​នីតិសម្បទា​ដល់​អ្នក​នយោបាយ​ចំនួន​១១៨​នាក់​ និង​ផ្តល់​តំណែង​ក្រុមប្រឹក្សា​ឃុំ​សង្កាត់​ទាំង​៥០០៧​មកដល់​គណបក្ស​សង្គ្រោះជាតិ​វិញ​ និង​អនុញ្ញាត​ឱ្យ​គណបក្ស​នេះ​ដំណើរ​ការ​ដូចដើម។

លោកស្រី​បន្ថែម​ថា៖ «គេ​អត់​មាន​ដាក់​ទម្ងន់​អ្វីធ្ងន់​ទេ​ ដោះស្រាយ​រឿង​ហ្នឹង​ទៅ ដោះលែង​លោក​ប្រធាន​កឹម សុខា​ ទៅ​ ហើយ​មក​ជជែក​គ្នា​ដើម្បី​មក​រក​ដំណោះស្រាយ​ជៀសវាង​គេ​ដក។ គេ​មិនទាន់​ដក​ទេ​ ក្នុង​រយៈពេល​មួយឆ្នាំ​នេះ។ គេ​នៅ​ព្រមាន ​ព្រមាន​ហើយ​ព្រមាន​ទៀត​‍»។

រដ្ឋាភិបាល​កម្ពុជា​បាន​សម្តែង​«ការសោកស្តាយ‍»​ចំពោះ​ការសម្រេច​ចិត្ត​នេះ​ និង​ចាត់​ទុក​ថា​ជា«រឿង​អយុត្តិធម៌​បំផុត‍»ចំពោះ​កម្ពុជា​ និង​ចោទ​ថា​សហភាព​អឺរ៉ុប​ធ្វើការ​ដោយ​«បិទភ្នែក‍»​ចំពោះប្រទេស​ដទៃ​ទៀត។ ប៉ុន្តែ​កម្ពុជា​បញ្ជាក់​ថា​ ទោះ​ក្នុង​តម្លៃ​ណា​ក៏ដោយ​ខ្លួន​នឹង​ «ការពារ​សន្តិភាព ​ស្ថិរភាព ​ឯករាជ្យ​ភាព​និង​អធិបតេយ្យ​ភាព​ជាតិ‍‍»។

សេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ការបរទេស​កម្ពុជា​ចេញផ្សាយ​នៅ​ថ្ងៃអង្គារ​នេះបាន​បន្ថែម​ថា៖

«យើង​មាន​សេចក្តី​សោកស្តាយ​ដែល​គណៈកម្មការ​អឺរ៉ុប​បាន​ជ្រើសរើស​យក​ការ​ជឿជាក់​ទៅ​លើអ្នកនយោបាយ​មិន​ស្មោះត្រង់​មួយ​ក្តាប់តូច​ដែល​ខិតខំ ឥត​ឈប់ឈរ​ក្នុងការ​រិះរក​គ្រប់​មធ្យោបាយ​ដើម្បី​បំផ្លាញ​ប្រទេស​និង​ប្រជាជន​កម្ពុជា​ ជាជាង​ការ​ផ្តល់​តម្លៃ​ទៅលើ​សំឡេង​នៃ​អ្នក​តំណាង​ដែល​ជាប់​ឆ្នោត​ដោយ​ស្របច្បាប់​របស់​ប្រជាជន‍»។

វិធានការ​ដែល​កម្ពុជា​ប្រកាន់​យក​គឺ​ការ​ធ្វើ​កំណែទម្រង់​ដើម្បី​កាត់​បន្ថយ​ថ្លៃដើម​ផលិតកម្ម ​ដឹកជញ្ជូន និង​លើកស្ទួយ​អត្ថប្រយោជន៍​ផ្នែក​សង្គម​ និង​សេដ្ឋកិច្ច​ដល់​កម្មករ​ កម្មការិនី និង​កសិករ​កម្ពុជា ក៏ដូច​ជាលុបចោល​កម្រៃ​សម្រាប់​គ្រប់គ្រង​ការ​នាំចេញ​ មិនតម្រូវ​ឱ្យ​បង់កម្រៃ​និង​សុំ​វិញ្ញាបនប័ត្រ​បញ្ជាក់​ប្រភព​ដើម​ទំនិញ​និង​បាន​រំកិល​ទីតាំង​ឈរជើង​របស់​អគ្គនាយកដ្ឋាន​កាំកុងត្រូល​ជាដើម។ នេះ​បើ​តាម​សេចក្តី​ថ្លែង​ការណ៍​របស់​ក្រសួង​ពាណិជ្ជកម្ម​កម្ពុជា។

ក្រសួង​ពាណិជ្ជកម្ម​បញ្ជាក់​ថា​៖

«កិច្ចការ​ទាំងអស់​នេះ​តម្រូវ​ឱ្យ​រដ្ឋ​ទទួល​បន្ទុក​ពី​ការ​ខាត​បង់​ចំណូល​រាប់​សិប​លាន​ដុល្លារ​អាមេរិក​ក្នុង​មួយ​ឆ្នាំ‍ៗ»។

លោកសុខ ផល ​ប្រធាន​មជ្ឈមណ្ឌល​សិក្សា​សេដ្ឋកិច្ច​កម្ពុជា​ បាន​បញ្ជាក់​ប្រាប់​វីអូអេ​ក្នុង​ពេល​កន្លងមក​ថា​ បើ​សិន​ជា​ឋានៈ​អនុគ្រោះពន្ធ​ EBA ត្រូវ​បាន​ដក​មែន​គឺក្នុងរយៈពេល​ខ្លី​អាច​នឹង​មាន​ផលប៉ះពាល់​ខ្លះ​ដែរ ​ប៉ុន្តែ​ក្នុងរយៈពេល​យូរ​អាច​នឹង​ជួយ​កម្ពុជា​បាន​វិញ។​

«អាច​ថា​នឹង​ប៉ះពាល់​ដល់​សហគ្រាស​មួយ​ចំនួន​ ហើយ​ក៏​ដូច​ជា​ធ្វើ​ឱ្យ​កំណើន​សេដ្ឋកិច្ច​យើង​ថម​ថយ​ចុះខ្លះ​ក្នុង​រយៈ​ពេល​មួយឆ្នាំ​ឬ​ពីរឆ្នាំ។ ប៉ុន្តែ​បើ​ដោះស្រាយ​បាន​ល្អ​ កាន់តែ​ធ្វើ​ឱ្យ​សេដ្ឋកិច្ច​រឹងប៉ឹង​ រឹងមាំ​បាន​ល្អទៅមុខ​ទៀត។ ជារួម​ខ្ញុំ​យល់​ថា​ កម្ពុជា​អាច​បើ​ប្រឹង​ប្រែង​ទាំងអស់​គ្នា​គ្រប់​ស្ថាប័ន​ គឺ​អាច​ដើរ​ដោយ​ខ្លួនឯង​បាន។ គ្រាន់តែ​ថា​ដំបូង​វា​ពិបាក អាច​មាន​ការ​ឈឺចាប់​ខ្លះ‍»។​

ប៉ុន្តែ​សម្រាប់​អ្នក​ការពារសិទ្ធិ​កម្មករ​វិញ​ វា​ជា​ការ​ព្រួយបារម្ភ​ច្រើន​ជាងមុន​ដោយ​សារតែ​កាល​ពី​ពេល​ថ្មីៗនេះ ​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន​ បាន​ព្រមាន​ដាក់​សម្ពាធ​កាន់តែ​ខ្លាំង​លើ​គណបក្ស​ប្រឆាំង ​ប្រសិនបើ​សហគមន៍​អឺរ៉ុប​ដកហូត​ឋានៈ​អនុគ្រោះពន្ធ។

លោក​រ៉ុង ឈុន យល់​ថា​ ស្ថានភាព​សិទ្ធិ​មនុស្ស​នឹង​កាន់តែ​អាក្រក់៖

«ទាក់ទង​ទៅនឹង​សិទ្ធិ​សេរីភាព​ក្នុងការ​ប្រមូលផ្តុំ​ សិទ្ធិ​សេរីភាព​ក្នុងការ​បញ្ចេញ​មតិ​ វា​នឹង​មានបញ្ហា​រឹតត្បិត​ កាន់តែ​រឹតត្បិតទៅ​ កាន់តែ​មាន​ការ​គាប​សង្កត់​ជាបន្ត​បន្ទាប់។ នេះជា​បញ្ហា​ដែល​យើង​មាន​ការ​ព្រួយ​បារម្ភ‍»។​

ស្ថានទូត​សហរដ្ឋ​អាមេរិក​បាន​សម្តែង​ការ​ព្រួយបារម្ភ​លើ​ការ​រំលោភ​សេរីភាព​បញ្ចេញ​មតិ សិទ្ធិ​សហជីព​និង​សិទ្ធិ​សេរីភាព​សមាគម ​ដូច​គ្នា​នឹង​ការ​លើក​ឡើង​របស់​សហភាព​អឺរ៉ុប​ដែរ។

នៅក្នុង​សេចក្តី​ថ្លែងការ​ណ៍​នៅ​ថ្ងៃអង្គារ​នេះ​ស្ថានទូត​សហរដ្ឋ​អាមរិក​បាន​ទទូច​សុំ​ឱ្យមេដឹកនាំ​កម្ពុជា​ដម្កល់​ផលប្រយោជន៍​ប្រទេស​ជាតិ​ខ្ពស់​ ជាង​ផលប្រយោជន៍​ផ្ទាល់ខ្លួន៕

XS
SM
MD
LG