សហគមន៍អឺរ៉ុបចាប់ផ្តើមដំណើរការជាផ្លូវការនៅថ្ងៃច័ន្ទនេះដែលអាចឈានទៅដកហូតបណ្តោះអាសន្ននូវឋានៈអនុគ្រោះពន្ធពាណិជ្ជកម្មពីប្រទេសកម្ពុជា ដោយសារតែការធ្លាក់ចុះនៃសិទ្ធិមនុស្សនិងលទ្ធិប្រជាធិបតេយ្យ។
ដំណើរការនេះធ្វើឡើង បន្ទាប់ពីទទួលបានការយល់ព្រមពីរដ្ឋសមាជិក ប៉ុន្តែការដកហូតពិតប្រាកដនឹងធ្វើឡើងនៅខែសីហា ឆ្នាំ២០២០។ នេះបើតាមការបញ្ជាក់របស់សហភាពអឺរ៉ុប។
ការណ៍នេះដោយសារតែសហភាពអឺរ៉ុបទុកពេលមួយឆ្នាំដើម្បីតាមដានពិនិត្យមើលយ៉ាងយកចិត្តទុកដាក់ និងជួបពិភាក្សាជាមួយនឹងរដ្ឋាភិបាលកម្ពុជា និងសរសេររបាយការណ៍។ ការដកហូតនិងរយៈពេលដកហូតបណ្តោះអាសន្ននឹងចាប់ផ្តើមក្នុងរយៈពេល៦ខែបន្ទាប់ពីនេះ។
លោកស្រី Cecilia Malmstrom ស្នងការពាណិជ្ជកម្មនៃសហភាពអឺរ៉ុបបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ថា៖
«សូមបញ្ជាក់ឱ្យបានច្បាស់ថា ចំណាត់ការនៅថ្ងៃនេះគឺមិនមែនជាសេចក្តីសម្រេចចុងក្រោយ ឬក៏ជាដំណាក់កាលចុងក្រោយដែរ។ ប៉ុន្តែទ្រនិចនាឡិការកំពុងតែចាប់ផ្តើមដំណើរការជាផ្លូវការ ហើយយើងត្រូវការឃើញសកម្មភាពពិតប្រាកដក្នុងពេលឆាប់ៗនេះ»។
លោកស្រីបញ្ជាក់ថា សម្រាប់ដំណាក់កាលតាមដាននិងវាយតម្លៃនេះគឺសហភាពអឺរ៉ុបនឹងធ្វើការដោយពេញលេញជាមួយនឹងរដ្ឋាភិបាលកម្ពុជាដើម្បីស្វែងរកវិធីដោះស្រាយ។
លោកស្រី Cecilia Malmstrom បានបន្ថែមថា៖
«នៅពេលណាដែលយើងនិយាយថា គោលនយោបាយសហភាពអឺរ៉ុបផ្អែកលើគុណតម្លៃ គឺនេះមិនមែនជាពាក្យពេញមិនបានការទេ»។
រដ្ឋសមាជិកនៃសហភាពអឺរ៉ុបដែលមានប្រទេសចំនួន២៨បានផ្តល់ការយល់ព្រមកាលពីចុងខែមករា ឱ្យចាប់ផ្តើមដំណើរការដកហូតឋានៈអនុគ្រោះពន្ធ«គ្រប់មុខទំនិញលើកលែងសព្វាវុធ» (EBA) ពីប្រទេសកម្ពុជា។
សហភាពអឺរ៉ុបគឺជាទីផ្សារនាំចេញដ៏ធំបំផុតរបស់ប្រទេសកម្ពុជា ដោយបាននាំផលិតផលចូលក្នុងទំហំទឹកប្រាក់ចំនួនជាង៥,៥ពាន់លានដុល្លារសហរដ្ឋអាមេរិកដោយមិនបង់ពន្ធ ហើយធ្វើឱ្យកម្ពុជាចំណេញប្រាក់ពន្ធជាង៦០០លានដុល្លារក្នុងមួយឆ្នាំៗ។ ភាគច្រើននៃទំនិញដែលកម្ពុជានាំចូលសហភាពអឺរ៉ុបគឺមានសម្លៀកបំពាក់ ស្បែកជើង ផលិតផលកសិកម្មនិងកង់។
ប៉ុន្តែយុទ្ធនាការរបស់រដ្ឋាភិបាលបង្ក្រាបលើអង្គការសង្គមស៊ីវិល បណ្តាញព័ត៌មានឯករាជ្យនិងគណបក្សប្រឆាំងនៅមុនការបោះឆ្នោតជាតិខែកក្កដាឆ្នាំមុន បានធ្វើឱ្យសហភាពអឺរ៉ុបនិងសហគមន៍អន្តរជាតិស្នើឱ្យកម្ពុជាកែប្រែស្ថានការណ៍ឱ្យបានល្អឡើងវិញ បើមិនដូច្នោះទេអាចប្រឈមនឹងទណ្ឌកម្មផ្សេងៗ។
លោកស្រីហ្វេដឺរីកា មូហ្កឺរីនី (Federica Mogherini) អនុប្រធានសហភាពអឺរ៉ុបទទួលបន្ទុកកិច្ចការបរទេសបានបញ្ជាក់ក្នុងសេចក្តីថ្លែងការណ៍ដោយកត់សម្គាល់ពីការបន្តធ្លាក់ចុះនៃលទ្ធិប្រជាធិបតេយ្យ ការគោរពសិទ្ធិមនុស្សនិងនីតិរដ្ឋនៅកម្ពុជា បើទោះបីជាលោកស្រីបានទទួលស្គាល់ការវិវត្តនយោបាយខ្លះដែលមានការដោះលែងមន្ត្រីបក្សប្រឆាំង មន្ត្រីសង្គមស៊ីវិលនិងអ្នកសារព័ត៌មានជាដើម។
លោកស្រីបានបន្ថែមថា៖
«ប៉ុន្តែ បើគ្មានចំណាត់ការជាក់លាក់ពីរដ្ឋាភិបាលកម្ពុជាទេ ស្ថានការណ៍ជាក់ស្តែងធ្វើឱ្យមានបញ្ហាដល់កម្ពុជាក្នុងការទទួលបានឋានៈអនុគ្រោះពន្ធ EBA។ក្នុងនាមជាសហភាពអឺរ៉ុប យើងប្តូរផ្តាច់នឹងដៃគូកម្ពុជារបស់យើង ដើម្បីជួយដល់ពលរដ្ឋកម្ពុជា។ ការគាំទ្រដល់លទ្ធិប្រជាធិបតេយ្យនិងសិទ្ធិមនុស្សក្នុងប្រទេសនេះស្ថិតនៅក្នុងចំណុចកណ្តាលនៃភាពជាដៃគូនេះ»។
រដ្ឋាភិបាលកម្ពុជានៅមិនទាន់ចេញសេចក្តីថ្លែងការណ៍ជាផ្លូវការណាមួយពាក់ព័ន្ធនឹងចំណាត់ការនេះនៅឡើយទេ។ ប៉ុន្តែក្នុងពេលកន្លងមក មន្ត្រីអ្នកនាំពាក្យរដ្ឋាភិបាលបានបញ្ជាក់ថា វាជាវិធានការដែលពួកគេរំពឹងថានឹងកើតមានឡើងដោយសារតែស្ថានភាពសេដ្ឋកិច្ចកម្ពុជារីកចម្រើនជាងមុន៕