UNHCR​ ចាប់​ផ្តើម​យុទ្ធនាការ​សាកល​មួយ​ដើម្បី​បញ្ចប់​ភាព​គ្មាន​រដ្ឋ

  • Lisa Schlein

លោក Antonio Guterres អគ្គស្នងការ​អ.ស.ប.​ទទួល​បន្ទុកជនភៀសខ្លួន

ទីភ្នាក់​ងារ​ទទួល​បន្ទុកជនភៀស​ខ្លួន​របស់​អង្គការ​សហ​ប្រជាជាតិ​កំពុង​ចាប់​ផ្តើម​យុទ្ធនាការ​ទូទាំង​សាកល​លោក​ដើម្បី​បញ្ចប់​ភាព​គ្មាន​រដ្ឋ​នៅ​ក្នុង​រយៈ​ពេល១០​ឆ្នាំ។ ​យុទ្ធនាការ​ដែល​ហៅ​ថា ​ “I Belong” ​មាន​គោល​បំណងធ្វើ​ឲ្យ​មនុស្ស​រាប់​លាន​នាក់​ចេញ​ផុត​ពីភាព​មិន​ប្រាកដ​ប្រជា​ខាង​ផ្លូវ​ច្បាប់ក្នុង​ការរស់​នៅរបស់​ពួក​គេ ​ពី​ព្រោះ​តែពួក​គេ​គ្មាន​សញ្ជាតិ​ហើយ​នឹង​បាត់​បង់​សិទ្ធិ​ពលរដ្ឋ​ទាំង​អស់។​

ទី​ភ្នាក់​ងារ​ទទួល​បន្ទុកជន​ភៀស​ខ្លួន​របស់​អង្គការ​សហ​ប្រជាជាតិ​ (UNHCR)​ ​រាយ​ការណ៍​ថា ​មនុស្សយ៉ាង​តិច​ណាស់​ក៏​១០​លាន​នាក់​ ​គ្មាន​រដ្ឋ​ ហើយរៀងរាល់​១០​នាទី​មាន​ទារក​ម្នាក់​ ​កើត​មក​គ្មាន​រដ្ឋ។​

មនុស្ស​គ្មាន​រដ្ឋ​ភាគ​ច្រើន​គ្មាន​សិទ្ធិ​តាម​ផ្លូវ​ច្បាប់​នៅ​ក្នុង​ប្រទេស​ដែល​ពួក​គេ​រស់​នៅទេ។​

UNHCR​ ប្រាប់​ឲ្យ​ដឹង​ថា ​តាម​ផ្លូវ​ច្បាប់ មនុស្ស​ដែល​គ្មាន​រដ្ឋ​គឺ​មិន​មាន​ទេ។ ​ពួកគេ​គ្មាន​អត្ត​សញ្ញាណ​ ​គ្មាន​សំបុត្រ​កំណើត ​ហើយ​គ្មាន​ឯក​សារ។ ​ដូច្នេះ​ពួកគេ​មិន​បាន​ទទួល​ការ​ថែទាំ​សុខភាព ​ការ​សិក្សា​អប់រំ​ ឬ​ ទទួល​បាន​ការងារ​ស្រប​ច្បាប់។ ​ក្នុង​ប្រទេស​ខ្លះ​ មនុស្ស​គ្មាន​រដ្ឋ​ដែល​ស្លាប់​មិនទាំង​ទទួល​បាន​លិខិតមរណៈ​ភាពផង។​

លោក ​Antonio ​Guterres ​នៃទី​ភ្នាក់​ងារ​ទទួល​បន្ទុកជន​ភៀស​ខ្លួន​របស់​អង្គការ​សហ​ប្រជាជាតិ​ (UNHCR)​ និយាយ​ថា ​មាន​កត្តា​មួយ​ចំនួន​ដែល​ធ្វើ​ឲ្យ​មាន​មនុស្ស​គ្មាន​រដ្ឋ​នេះ។ ​លោក​មាន​ប្រសាសន៍​ទៀត​ថា​ ស្ថានភាព​ភាគ​ច្រើន​ចេញ​មក​ពីការ​រើសអើង​ដែល​ផ្អែកលើ​ជាតិ​សាសន៍​ ​សាសនា​ ឬ​ភេទ។​

«បញ្ហា​ដែល​ល្បី​ល្បាញ​ជាង​គេ​ហើយបាន​ធ្វើ​ការ​ពិភាក្សា​ក្នុង​ពិភព​លោកគឺ​ជន​ជាតិ​ភាគ​តិច​ Rohingya នៅ​ក្នុង​ប្រទេស​ភូមាដែល​មានមនុស្ស​ជាង​១លាន​នាក់ ​ដែល​ការណ៍​ពិតគេ​ពុំ​បាន​ផ្តល់​សញ្ជាតិ​ដល់​ពួកគេ​ឬ​ពួក​គេ​ភាគច្រើន​មិន​ត្រូវ​បាន​ផ្តល់​សញ្ជាតិ​ឲ្យ។ ​នៅ​ក្នុង​ប្រទេស​ភូមា​ ​ពួកគេត្រូវ​បាន​គេ​ចាត់​ទុក​ថា​ ជា​ជន​ចំណាក​ស្រុក​ខុស​ច្បាប់​មក​ពី​ប្រទេស​បង់ក្លាដែស។ ​ក៏ប៉ុន្តែ ​ប្រសិន​បើ ​ពួក​គេ​ទៅ​ប្រទេស​បង់ក្លាដែស ​ពួកគេនឹង​ត្រូវ​គេ​ចាត់​ទុក​ថា​ ជន​ជន​ចំណាក​ស្រុក​ខុស​ច្បាប់​មកពី​ភូមា​ ​ដែល​មាន​ន័យ​ថា ​ជន​ជាតិ​ភាគ​តិច ​Rohingya ​ដ៏​ច្រើន​លើស​លុប​ ​គ្មាន​សិទ្ធិ ​គ្មាន​សញ្ញាតិ»។​

ប្រទេស​ផ្សេងៗ​ទៀត​ ដែល​មាន​ប្រជា​ពលរដ្ឋ​គ្មាន​រដ្ឋ​គឺ​ប្រទេស​កូដ ឌីវ័រ ​ថៃ ​ឡេតូនី ​និង​សាធារណ​រដ្ឋ​ដូមីនីក។ ​ការ​គ្មាន​រដ្ឋ​ក៏​កើត​មាន​ឡើងនៅ​ពេល​ដែល​ប្រទេស​មួយ​បែកចេញ​ពី​ប្រទេស​មួយ​ទៀត​ ដូច​ដែល​បាន​កើត​មាន​ឡើងជាមួយ​អតីត​សហ​ភាព​សូ​វៀត ​និង​អតីត​យូហ្គោស្លាវី។​

ច្បាប់​ដ៏​តឹង​រ៉ឹង​ដែល​បដិសេធ​មិន​ផ្តល់​សិទ្ធិ​ឲ្យ​ស្រ្តី​ផ្ទេរ​សញ្ជាតិ​របស់​ខ្លួន​ទៅ​ឲ្យ​កូន​ចៅ​របស់​គេ​ដោយ​ផ្អែក​លើមូលដ្ឋាន​ស្មើភាព​គ្នា​ជាមួយ​បុរស​នោះ​ ​ជាបុព្វហេតុ​ដ៏​សំខាន់​មួយទៀតនៃ​ការ​គ្មាន​រដ្ឋ​នេះ។ ​នៅពេល​បច្ចុប្បន្ន​នេះ ​ប្រទេស​ចំនួន​២៧​មាន​ច្បាប់​បែប​នេះ។​

ទី​ភ្នាក់​ងារ​ទទួល​បន្ទុកជន​ភៀសខ្លួន​របស់​អង្គការ​សហ​ប្រជាជាតិ​ (UNHCR)​ ប្រាប់​ឲ្យ​ដឹង​ទៀត​ថា ​ភាព​គ្រោះ​ថ្នាក់​ថ្មី​នៃ​ភាព​គ្មាន​រដ្ឋកំពុង​កើត​ចេញពី​ជម្លោះ​ដែល​កំពុង​កើន​ឡើង។ ​ឧទាហរណ៍ ​អង្គការ​នោះ​បាន​កត់​សម្គាល់​ថា ​សង្គ្រាម​ក្នុង​សាធារណ​រដ្ឋ​អាហ្វ្រិក​កណ្តាល​និង​ប្រទេស​ស៊ីរី​បាន​បង្ខំ​ឲ្យ​មនុស្សរាប់​លាន​នាក់រត់​គេច​ខ្លួន​ ហើយ​បាន​ក្លាយ​ជា​ជន​ភៀស​ខ្លួន។ ​កូនចៅ​របស់​ជន​ភៀស​ខ្លួន​រាប់​ម៉ឺននាក់​ទៀត​ដែល​បានកើតនៅពេល​និរទេស​ខ្លួន ​មិន​បាន​ចុះ​ក្នុងបញ្ជី​កំណើត។​

លោក ​Guterres ​នៃ​អគ្គ​ស្នងការជន​ភៀស​ខ្លួន​របស់​អង្គការសហ​ប្រជាជាតិ ​និយាយ​ទៀត​ថា ​នេះ​ ​ជា​បញ្ហា​ដ៏​ធំ​បំផុត​សម្រាប់​កូន​ក្មេងជន​ភៀស​ខ្លួន​ស៊ីរី​ដែល​កើត​ក្នុង​ប្រទេស​លីបង់​ និង​ប្រទេស​ហ្សកដានី។ ​លោក​មាន​ប្រសាសន៍​ទៀត​ថា ​ស៊ីរី​មិន​អនុញ្ញាតិ​ឲ្យ​ស្រ្តី​ផ្តល់​សញ្ជាតិ​របស់​ខ្លួន​ទៅ​ឲ្យ​កូន​របស់​ខ្លួន​ទេ។ ​លោក​និយាយ​ទៀត​ថា ​ការណ៍​នេះ​អាច​បណ្តាល​ឲ្យ​ទារក​ជា​ច្រើន​មិន​អាច​ចុះ​បញ្ជី​កំណើត​ ​ពី​ព្រោះ​តែ​ឪពុក​របស់​ខ្លួន​អាច​ត្រូវ​បាន​គេ​សម្លាប់​ ឬ​បាន​បាត់​ខ្លួន។​

«យើង​បាន​ធ្វើ​ការ​ងារ​ជាមួយ​រដ្ឋាភិបាលដើម្បី​សម្រុះ​សម្រួល​ទម្រង់​ការ​ដើម្បី​អនុញ្ញាតិ​ឲ្យ​កូន​ចៅ​ជន​ជាតិ​ស៊ីរី​ចុះ​បញ្ជី ​ហើយ​ជា​ការណ៍​ពិត​មាន​ការជឿនលឿន​យ៉ាង​ខ្លាំងលើ​បញ្ហា​នេះ។ ​ហើយ​យើង​សង្ឃឹម​ថា ​ការ​ជឿន​លឿន​នេះ​នឹង​អនុញ្ញាត​ឲ្យ​យើង​ធ្វើ​ឲ្យ​ប្រាកដ​ថា ​នៅ​ថ្ងៃ​អានាគត​ កូន​ក្មេងជន​ភៀស​ខ្លួន​ស៊ីរី​ទាំងអស់ដែល​កើត​នៅ​ពេល​និរទេស​ខ្លួន​នឹង​ត្រូវ​គេ​ចុះ​បញ្ជី​ជា​ជន​ជាតិ​ស៊ីរី។ ​នៅ​ពេល​បច្ចុប្បន្ន​នេះ ​ជន​ភៀស​ខ្លួន​ស៊ីរី ដែល​កើត​ចំនួន​៧០​ភាគរយ​នៅ​ក្នុង​ប្រទេស​ជិត​ខាង​ ​មិន​ទាន់​ចុះ​បញ្ចី​នៅ​ឡើយ​ទេ»។​

លោក ​Gutrres ​និយាយ​ថា ​ភាព​គ្មាន​រដ្ឋ​ ​ជារឿង​ខុស​ធម្មតានៅ​ក្នុង​សត​វត្សរ៍​ទី​២១​ ហើយត្រូវ​តែ​លុប​បំបាត់។​ ​លោក​និយាយ​ទៀត​ថា ​មាន​ការ​ផ្លាស់​ប្តូរ​ដ៏​សំខាន់​ក្នុង​ឥរិយាបទ​របស់​អន្តរជាតិ​ចំពោះ​បាតុភូត​ដ៏​សំខាន់​នេះ​ដែល​ធ្វើ​ឲ្យ​លោក​សង្ឃឹម​ថា ​យុទ្ធ​នាការសាកល​លោក​នេះ​នឹង​ទទួល​បាន​ជោគ​ជ័យ។​

លោក​មាន​ប្រ​សាសន៍​ទៀត​ថា ​ទី​ភ្នាក់​ងារ​ទទួល​បន្ទុកជន​ភៀសខ្លួន​របស់​អង្គការ​សហ​ប្រជាជាតិ ​(UNHCR)​ ​ជឿ​ជាក់​ថា ​ភាព​គ្មាន​រដ្ឋ​អាចដោះស្រាយ​បាននៅ​ពេល​ណា​មាន​ឆន្ទៈ​នយោបាយ​គ្រប់​គ្រាន់៕​

ប្រែ​សម្រួល​ដោយ ជឹង ​ប៉ូជីន​