នាយកកម្មវិធីអង្គការសហប្រជាជាតិស្តីពីជំងឺអេដស៍(UNAIDS) និយាយថាការធ្វើតេស្តឈាមរកមេរោគហ៊ីវមានសារៈសំខាន់ក្នុងការឈានទៅរកគោលដៅដើម្បីលុបបំបាត់មេរោគនេះក្នុងឆ្នាំ២០៣០។ ប៉ុន្តែមន្រ្តីអង្គការសហប្រជាជាតិរូបនេះបានប្រាប់ VOA ថា កិច្ចខិតខំប្រឹងប្រែងនេះត្រូវបានបង្អាក់នៅក្នុងប្រទេសជាច្រើនដោយសារបម្រាមរបស់សង្គម និងការមាក់ងាយភ្ជាប់នឹងជំងឺអេដស៍ ឬជំងឺផ្សេងៗទាក់ទងនឹងមេរោគហ៊ីវ។
ទើបតែប៉ុន្មានឆ្នាំមុន វាមានការពិបាកណាស់ក្នុងការទទួលការព្យាបាលសម្រាប់អ្នកឆ្លងមេរោគ ដែលអាចបណ្តាលឲ្យកើតជំងឺអេដស៍និងជំងឺផ្សេងទៀត។ ប៉ុន្តែឥឡូវនេះ ក្រុមមន្រ្តីផ្នែកសុខាភិបាលសង្ឃឹមថា នឹងអាចកម្ចាត់មេរោគអេដស៍ដ៏សាហាវនេះក្នុងឆ្នាំ២០៣០។
លោក MICHEL SIDIBÉ នាយកប្រតិបត្តិនៃកម្មវិធីអង្គការសហប្រជាជាតិស្តីពីជំងឺអេដស៍ បាននិយាយថា៖ «កាលពីឆ្នាំ២០០១ នៅអាហ្រ្វិកខាងត្បូង មានប្រជាជនតែ៩០នាក់ប៉ុណ្ណោះដែលទទួលបានសេវាកម្មព្យាបាលសាធារណៈ»។
លោក Michel Sidibé គឺជាមន្រ្តីមា្នក់នៅក្នុងអង្គការសហប្រជាជាតិទទួលបន្ទុកផ្នែកកិច្ចខិតខំប្រឹងប្រែងប្រយុទ្ធនឹងមេរោគអេដស៍ជាសាកល។ លោកនិយាយថាដំណើរការសម្រេចបាន អាស្រ័យលើសាមគ្គីភាពរវាងជាតិសាសន៍នានា និងកិច្ចសហប្រតិបត្តិការរវាងវិស័យឯកជននិងវិស័យសាធារណៈ។ ដោយមានថ្នាំដែលមានប្រសិទ្ធភាពជាមុន និងលទ្ធភាពក្នុងការព្យាបាល បណ្តាប្រទេសក្នុងទ្វីបអាហ្រ្វិកជាច្រើនកំពុងស្ថិតនៅលើផ្លូវឆ្ពោះទៅកាន់ការគ្រប់គ្រងជំងឺនេះ។ ប៉ុន្តែមិនមែនគ្រប់ប្រទេសនោះទេ។
លោក MICHEL SIDIBÉ ថ្លែងថា៖ «អាហ្រ្វិកខាងលិចនិងអាហ្រ្វិកកណ្តាល មិនមានដំណើរការទៅមុខទេ។ នៅពេលដែលមនុស្សប្រមាណ៦០ភាគរយនៅទូទាំងសាកលលោកទទួលបានការព្យាបាល នៅក្នុងតំបន់ទាំងនេះមានតែប្រជាជន៣៥ភាគរយប៉ុណ្ណោះ ដែលកំពុងទទួលបានការព្យាបាល»។
កិច្ចខិតខំប្រឹងប្រែងត្រូវតែពន្លឿនថែមទៀត នៅក្នុងប្រទេសដែលមិនមានដំណើរការទៅមុខ។
លោក MICHEL SIDIBÉ និយាយថា៖ «ការព្យាបាលសម្រាប់កុមារនៅមានកម្រិតទាប ហើយយើងត្រូវតែពន្លឿនសកម្មភាពរបស់យើងដើម្បីដោះស្រាយបញ្ហានេះ»។
បម្រាមផ្នែកវប្បធម៌គឺជាឧបសគ្គមួយផ្សេងទៀត ដែលរារាំងការប្រយុទ្ធនឹងជំងឺនេះ។ លោក Sidibé និយាយថាភាគច្រើននៃបុរសជនជាតិអាហ្រ្វិកអាយុចាប់ពី២៥ឆ្នាំដល់ ៣៩ឆ្នាំ គេចពីការធ្វើតេស្តឈាមរកមេរោគអេដស៍ ដោយសារតែខ្លាចការមាក់ងាយ ហើយពួកគេបន្តចម្លងមេរោគនេះទៅអ្នកដទៃដោយមិនដឹងខ្លួន។ លោកនិយាយថា ក្នុងសង្គមបែបនេះ កិច្ចខិតខំប្រឹងប្រែងដោះស្រាយ គឺត្រូវតែធ្វើឲ្យការធ្វើតេស្តឈាមដោយខ្លួនឯង មានភាពទូលំទូលាយ។
លោក MICHEL SIDIBÉ និយាយថា៖ «វិធីសាស្រ្តផ្តោតលើគ្រួសារនិងសហគមន៍នឹងក្លាយជាវិធីសាស្រ្តចម្បងក្នុងអ្វីដែលយើងនឹងធ្វើក្នុងពេលអនាគត បើសិនជាយើងចង់ជួលមនុស្សរាប់លាននាក់ទាំងនោះដែលមិនដឹងពីស្ថានភាពខ្លួនឯង ហើយនៅតែបន្តចម្លងទៅអ្នកដទៃ»។
សន្និសីទសាកលរបស់កម្មវិធីអង្គការសហប្រជាជាតិស្តីពីជំងឺអេដស៍ ដែលជិតមកដល់ នឹងផ្តោតសំខាន់លើការកែលម្អកម្មវិធីបង្ការនានា ជាពិសេសសម្រាប់ក្រុមមនុស្សដែលងាយរងគ្រោះដូចជា ក្រុមអ្នកញៀនថ្នាំ អ្នករកស៊ីផ្លូវភេទ និងអ្នករួមភេទដូចគ្នា។ លោក Sidibé និយាយថា វាមានសារៈសំខាន់ក្នុងការយល់ដឹងថា មេរោគហ៊ីវមិនមែនជាជំងឺឯកោនោះទេ ប៉ុន្តែវាបានភ្ជាប់ទៅនឹងជំងឺមហារីកមាត់ស្បូន ជំងឺរបេង សុខភាពមាតាមានផ្ទៃពោះ និងបញ្ហាផ្សេងទៀត។
ចាប់តាំងពីគេរាយការណ៍អំពីករណីដំបូងមួយចំនួននៃមេរោគអេដស៍កាលពីជាង ៣៥ឆ្នាំមុន មកដល់ពេលនេះ មនុស្សចំនួន៧៨លាននាក់បានឆ្លងមេរោគនេះ ហើយ៣៥លាននាក់បានស្លាប់ដោយសារជំងឺទាក់ទងនឹងជំងឺអេដស៍។ កម្មវិធីអង្គការសហប្រជាជាតិស្តីពីជំងឺអេដស៍ បានចាប់ផ្តើមកិច្ចប្រតិបត្តិការរបស់ខ្លួនក្នុងឆ្នាំ១៩៩៦ ដើម្បីជំរុញកិច្ចខិតខំប្រឹងប្រែងនិងការបង្កើតដំណោះស្រាយថ្មីៗរបស់ប្រជាជនក្នុងស្រុក ដើម្បីលុបបំបាត់ជំងឺអេដស៍។
សន្និសីទអន្តរជាតិឆ្នាំ២០១៨ ស្តីពីការប្រយុទ្ធប្រឆាំងមេរោគអេដស៍ និងជំងឺអេដស៍ នឹងធ្វើឡើងនៅចុងខែកក្កដា ឆ្នាំ២០១៨ ក្នុងទីក្រុង Amsterdam ប្រទេសហូឡង់។
ប្រែសម្រួលដោយ ទុំ ម្លិះ