អ.ស.ប.​ព្រមាន​ថា ​ពួក​ជ្រុល​និយម​កាន់​នយោបាយ​ស្តាំ​និយមជាង​មុន​និង​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​មុន​

រូបឯកសារ៖ ចលនា​របស់​ក្រុក​ Neo-nazi ដង្ហែ​ក្បួន​កាត់​ទីក្រុង Ludvika នៅ​ប្រទេស​ស៊ុយអែត កាល​ពី​ឆ្នាំ ២០១៨។

ប្រទេស​នានា​នៅ​ទូទាំង​ពិភពលោក​មាន​ការ​ព្រួយ​បារម្ភ​ច្រើន​ជាង​មុន​អំពី​អំពើ​ហិង្សា​ទាក់​ទិន​នឹង​ពួក​ភេរវជន​ជ្រុល​និយម​កាន់​នយោបាយ​ខាង​ស្តាំ​និយម​​ ដោយ​ការ​សិក្សា​ស្រាវ​ជ្រាវ​ថ្មី​​បង្ហាញ​ថា​ វាយ​ប្រហារ​ភេរវកម្ម​មាន​ការ​កើនឡើង​ចំនួន​៣២០%​កាល​ពី​ប្រាំ​ឆ្នាំ​កន្លង​ទៅ​នេះ។​

ការ​វាយ​ប្រហារ​ដ៏​ប្រល័យ​កាល​ពី​ឆ្នាំ​ទៅ​មិញ​ ដូចជា​ការ​បាញ់​សម្លាប់​មនុស្ស​នៅ​ក្នុង​ក្រុង​ Christchurch​ ប្រទេស​នូវែលសេឡង់និង​នៅ​ក្នុង​ក្រុង​ El Paso ​ រដ្ឋ​ Texas​ នៅ​ក្នុង​ស.រ.អា. ​ព្រម​ទាំង​ការ​វាយ​ប្រហារ​ពីរ​ទៀត​នៅ​ក្នុង​ប្រទេស​អាល្លឺម៉ង់​ បាន​ធ្វើ​ឱ្យ​មាន​ការ​យក​ចិត្ត​ទុក​ដាក់​ជា​អន្តរជាតិច្រើន​បំផុត។​

ក៏​ប៉ុន្តែ​ការ​សិក្សា​ស្រាវជ្រាវ​នេះ​ដែល​បាន​ត្រូវ​គូស​បញ្ជាក់​កាលពីថ្ងៃ​ពុធ​ទី​១​ខែ​មេសា​នៅ​ក្នុង​របាយ​ការណ៍​ថ្មី​មួយ​នៃ​នាយកដ្ឋាន​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ប្រឆាំង​នឹង​ភេរវកម្ម​របស់​អ.ស.ប.​ហៅ​កាត់​ថា​ UN-CTED ​ក៏​បាន​ព្រមាន​ដែរថា​និន្នាការ​នេះ​អាក្រក់​ជាង​មុន​ដោយ​មាន​ការ​វាយ​ប្រហារដោយ​ពួក​បុគ្គលមាន​ចំណង​ទាក់​ទង​ជាមួយ​ពួក​ជ្រុល​និយម​ដែល​នាំ​ឱ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​ជាង​មុន​នៅ​ពេល​ដែល​ពួក​ភេរវ​ជន​ទាំង​នេះ​មាន​ការ​ជឿនលឿន​ជាង​មុន​ផង​ដែរ។​

នាយកដ្ឋាន​ប្រតិបត្តិ​នៃ​គណៈកម្មាធិការ​ប្រឆាំង​នឹង​ភេរវកម្ម​របស់​អ.ស.ប.បាន​និយាយ​នៅ​ក្នុង​របាយ​ការណ៍​របស់​ខ្លួន​កាល​ខែ​មេសា​ថា៖ «ទោះ​ណា​ជា​ពួក​ភេរវកម្ម​ជ្រុល​និយម​ប្រកាន់​នយោបាយ​ស្តាំ​មិន​មែន​ជា​រឿង​ថ្មី​ក៏​ដោយ​ ក៏​កាល​ពី​ពេល​ថ្មីៗ​នេះ​មាន​ការ​កើន​ឡើង​នៃ​ការ​វាយ​ប្រហារ​និង​ចំនួន​មនុស្ស​ស្លាប់​ច្រើន​ជាង​មុន​ក្នុង​ការ​វាយ​ប្រហារ​ទាំង​នេះ»។

ផ្នែក​ស៊ើប​ការណ៍​សម្ងាត់​នៃ​រដ្ឋ​ជា​សមាជិក​អ.ស.ប.​និយាយ​ថា​ កម្រិត​នៃ​អំពើ​ហិង្សា​ទំនង​ជា​នឹង​មិន​ចុះថយ​ទេ​នៅ​ក្នុង​បស្ចឹម​ប្រទេស​គឺ​នឹង​មាន​ការ​វាយ​ប្រហារ​បែប​នេះ​ធ្ងន់ធ្ងរ​ជាង​មុន​នៅ​ទ្វីបអឺរ៉ុប​ ផ្នែក​ខាង​ជើង​នៃ​ទ្វីប​អាមេរិក​និង​ប្រទេស​អូស្ត្រាលី។​

សមាជិក​ក្រុម Neo-Nazi ដង្ហែ​ក្បួន​នៅ​ទីក្រុង​ប៊ុយដាប៉ែស ប្រទេស​ហុងគ្រី កាល​ពី​ខែ​កុម្ភៈ ២០២០។

សេចក្តី​រាយ​ការណ៍​នេះ​ឲ្យដឹង​ថា៖ «ភ័ស្តុតាង​កាល​ពី​ពេល​ថ្មីៗ​នេះ​បង្ហាញ​ថា​ មាន​ការ​ប្តូរ​ទស្សនៈ​គ្នា​ច្រើន​ជាង​មុន​រវាង​ពួក​បុគ្គល​មាន​ការ​យល់​ឃើញ​ដូច​គ្នាតាម​បណ្តាញ​អ៊ីធើណិត​និង​តាម​មធ្យោបាយ​ឯ​ទៀតៗ។​ការ​ទាក់ទង​គ្នា​ទាំង​នេះ​បាន​អនុញ្ញាត​ឱ្យពួក​ជ្រុល​និយម​ដែល​ប្រកាន់​នយោបាយ​ស្តាំ​ទាំង​នេះកែ​សម្រួល​កលយុទ្ធ​របស់​ពួក​គេ អភិវឌ្ឍ​បច្ចេកទេស​ប្រឆាំង​នឹង​ចារកម្ម​បាន​ល្អ​ប្រសើរ​ជាង​មុន​ ពង្រឹង​ទស្សនៈ​ជ្រុល​និយម​ប្រកប​ដោយ​អំពើ​ហិង្សា​និង​ពង្រីក​បណ្តាញ​សាកល​របស់​ពួក​គេ​ថែម​ទៀត​ផង»។​

សេចក្តី​រាយ​ការណ៍​នេះ​របស់​អ.ស.ប.​និយាយ​ឡើង​វិញ​អំពី​ការ​ព្រមាន​របស់​សហភាព​អឹរ៉ុប​និង​ស.រ.អា.​អំពី​ការ​គំរាម​កំហែង​ពី​ពួក​ជ្រុល​និយម​ប្រកាន់​នយោបាយ​ខាង​ស្តាំ។​

នៅ​ក្នុង​សហភាព​អឺរ៉ុប ចំនួន​នៃ​ការ​ចាប់​ខ្លួន​មនុស្ស​ទាក់ទិន​នឹង​ភេរវកម្ម​ស្តាំ​និយម​មាន​ជាង​ពីរ​ដង​ច្រើន​ជាង​មុន​គឺ​ពី​ចំនួន​២០​នាក់​ក្នុង​ឆ្នាំ​២០១៧​ទៅ​ដល់​៤៤​នាក់​ក្នុង​ឆ្នាំ​២០១៨​ ហើយ​ពួក​មន្ត្រី​ផ្នែក​ប្រឆាំង​ភេរវកម្ម​បាន​ព្រមាន​ថា​ បញ្ហា​នេះ​ទំនង​ជា​នឹង​អាក្រក់​ថែម​ទៀត។​

សហភាព​អឺរ៉ុប​បាន​សន្និដ្ឋាន​នៅ​ក្នុងរបាយ​ការ​ណ៍​របស់​ខ្លួន​អំពី​ស្ថានភាព​និង​និន្នាការ​ភេរវកម្ម​ក្នុង​ឆ្នាំ​២០១៩​ថា៖ «នៅ​ពេល​ដែល​ពួក​ជ្រុល​និយម​ប្រកាន់​នយោបាយ​ខាង​ស្តាំ​ភាគ​ច្រើន​នៅ​ទូទាំង​សហភាព​អឺរ៉ុប​មិន​បាន​ពឹង​ពាក់​លើ​អំពើ​ហិង្សា​ក៏​ដោយ​ ក៏​ពួក​គេ​ជួយ​ធ្វើ​ឱ្យ​មាន​បរិយាកាស​ភ័យ​ខ្លាចនិង​សម្អប់​ប្រឆាំង​នឹង​ក្រុម​ជន​ភាគ​តិច។​ បរិយាកាស​បែប​នេះ​ដែល​កើត​ចេញ​ពី​ការ​ស្អប់​ជន​បរទេស ​ ការ​ប្រឆាំង​នឹង​ពួក​ជន​អំបូរ​ជ្វីស្ហ​និង​គំនិត​ប្រឆាំង​នឹង​ពួក​ជន​អន្តោ​ប្រវេសន៍​ ប្រហែល​បន្ថយ​កម្រិត​ពួក​បុគ្គល​ជ្រុល​និយម​ខ្លះក្នុង​ការ​ប្រើ​អំពើ​ឃោរឃៅ»។​

ស.រ.អា.​ក៏​បាន​សម្តែង​កង្វល់​ច្រើន​ជាង​មុន​ដែរ​អំពី​កំណើន​នៃ​ភាព​ជ្រុល​និយម​ប្រកាន់​នយោបាយ​ខាង​ស្តាំ​និយម​ដោយ​ដាក់​វា​ក្នុង​កម្រិត​ស្មើ​គ្នា​ជា​មួយ​ពួក​ភេរវជន​រដ្ឋ​ឥស្លាម។

លោក​ Christopher Wray ​ដែល​ជា​នាយក​ FBI ​បាន​និយាយ​ប្រាប់ពួក​សមាជិក​សភា​ស.រ.អា.​ក្នុង​រដ្ឋធានី​វ៉ាស៊ីនតោន​កាលពី​ខែកុម្ភៈ​ថា៖ «អំពើ​ហិង្សា​ជ្រុល​និយមបណ្តាល​មក​ពី​ការ​ប្រកាន់​ពូជសាសន៍​ជា​ប្រភព​ចម្បង​នៃ​ឧប្បត្តិហេតុ​បណ្តាល​មក​ពី​មនោគម​វិជ្ជា​ទាំង​អស់​ដែល​នាំ​ឱ្យ​មាន​មនុស្ស​ស្លាប់​និង​មាន​អំពើ​ហិង្សា​នៅ​ក្នុង​ឆ្នាំ​២០១៨​ និង​ឆ្នាំ​២០១៩​ហើយ​ត្រូវ​បាន​ចាត់ទុក​ថា​ ជាភាព​ជ្រុល​និយម​ឃោរឃៅ​បណ្តាល​ឱ្យ​មាន​មនុស្ស​ស្លាប់​ច្រើន​បំផុត​នៅ​ក្នុង​ប្រទេស​ចាប់​តាំង​ពី​ឆ្នាំ​២០០១​មក»។​

កង្វល់​បាន​នាំ​ឲ្យ​ ក្រុម​ដែល​មាន​មូលដ្ឋាន​នៅ​ក្នុង​ស.រ.អា.​ដូច​ជា​ពួក​ Atomwaffen Division ​និង​ពួក​Rise Above Movement ​ជា​ដើម​ ​បង្កើត​ឱ្យ​មាន​ការ​ទាក់ទង​ជាមួយ​ក្រុម​ស្រដៀង​គ្នា​នេះ​ដែរ​នៅ​ក្នុង​ទ្វីប​អឺរ៉ុប​និង​ប្រទេស​រុស្ស៊ី។​

ភ័ស្តុតាង​នានា​ក៏​បាន​បង្ហាញ​ដែរ​ថា​ សមាជិក​ក្រុម​ទាំង​នេះ​ច្រើន​ជាង​មុន​មាន​បំណង​ចង់​កាន់​អាវុធ​ដោយ​ពួក​គេ​រាប់រយ​នាក់​បាន​ចូល​ទៅ​ក្នុង​ប្រទេស​អ៊ុយក្រែន​ដើម្បី​រៀន​បទ​ពិសោធន៍​ខាង​ការ​ប្រយុទ្ធ។​

របាយ​ការណ៍​របស់​អ.ស.ប.​នេះ​បាន​រក​ឃើញ​ថា​ ទំនាក់​ទំនងបែប​នេះ​មាន​ខ្លាំង​ក្លា​ជាង​មុន​ដោយ​សារ​ក្រុម​ទាំង​នេះ​ប្រើ​ប្រាស់​បណ្តាញ​ ​អ៊ីនធឺណិត​និង​បណ្តាញ​សង្គម​ដោយ​ប្រសិទ្ធ​ភាពដើម្បី​ប្តូរ​ទស្សនៈគ្នា​និង​ដើម្បី​អង្គាស​ប្រាក់។​

បន្ថែម​ពី​លើនេះ​ទៀត​សេចក្តី​រាយ​ការណ៍​នេះ​របស់​អ.ស.ប.​ព្រមាន​អំពី​ការ​រាលដាល​នៃ​វោហារ​សាស្ត្រ​ស្តាំ​ជ្រុល​ដែល​ធ្វើ​ឱ្យ​ពួក​ជ្រុល​និយម​ភ្ជាប់​ការ​ទាក់ទង​ជាមួយផ្នែក​ឯ​ទៀតៗ​នៃ​សង្គម​ហើយ​ពង្រីក​សមត្ថភាព​ពួក​គេ​ក្នុង​ការ​ជ្រើស​រើស​សមាជិក​ថែម​ទៀត។​

របាយ​ការណ៍​នេះ​និយាយ​ថា៖​ «កិច្ច​សហ​ប្រតិបត្តិ​ការ​ទាំង​នេះ​អនុញ្ញាត​ឱ្យ​ពួក​ស្អប់​ស្រីៗ​ដែល​គេ​មិន​សូវ​ស្គាល់​ដូចជា​ពួក​នៅ​លីវ​ជាដើមបំពេញ​នាទី​ជា​អ្នក​ទាក់ទង​ជាមួយ​ក្រុម​ស្តាំ​ជ្រុល​ឃោរ​ឃៅ​និង​ពួក​បុគ្គល»៕​

ប្រែសម្រួល​ដោយ​ពិន ស៊ីសុវណ្ណ