ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​សហគមន៍​ខ្មែរ​បារម្ភ​ ខណៈ​មាន​ហិង្សា​សំអប់​ជនជាតិ​អាស៊ី​នៅ​សហរដ្ឋអាមេរិក​ដោយ​សារ​ជំងឺកូវីដ​១៩


រូបឯកសារ៖ លោក នួន វាសនា មេដឹកនាំ​សហគមន៍​ម្នាក់​នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត ចូលរួម​ការ​ធ្វើ​បាតុកម្ម​តវ៉ា​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅ​មុខ​ក្រសួង​ការបរទេស រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។ (សាយ ​មុន្នី/VOA)
រូបឯកសារ៖ លោក នួន វាសនា មេដឹកនាំ​សហគមន៍​ម្នាក់​នៅ​ទីក្រុង​ឡូវែល រដ្ឋ​ម៉ាសាឈូសេត ចូលរួម​ការ​ធ្វើ​បាតុកម្ម​តវ៉ា​ឲ្យ​មាន​ការ​គោរព​សិទ្ធិមនុស្ស និង​លទ្ធិ​ប្រជាធិបតេយ្យ​នៅ​កម្ពុជា នៅ​មុខ​ក្រសួង​ការបរទេស រដ្ឋធានី​វ៉ាស៊ីនតោន កាលពី​ថ្ងៃទី១៥ ខែកញ្ញា ឆ្នាំ២០១៧។ (សាយ ​មុន្នី/VOA)

មេដឹកនាំ​សហគមន៍​ខ្មែរ​សម្តែង​ក្តីព្រួយបារម្ភ​ចំពោះ​ហិង្សា ​ដែល​បាន​កើត​មាន​ឡើង​ជា​បន្ត​បន្ទាប់​និង​សកម្ម​ភាព​រើសអើង​លើ​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី ​ក្នុងពេល​ដែល​មាន​ជំងឺ​រាតត្បាត​ជា​សាកល​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា​ ហើយ​បាន​ទទូច​ឱ្យ​មាន​ការ​យោគយល់​គ្នា។

លោក នួន វាសនា ​សមាជិក​ក្រុមប្រឹក្សា​ក្រុងឡូវែល​នៃ​រដ្ឋម៉ាស្សាឈូសិត ​បាន​ថ្លែង​នៅក្នុង​សេចក្តី​ថ្លែងការណ៍​សាធារណៈ​ថា ​លោក​ព្រួយបារម្ភ​ចំពោះ​កំណើន​នៃ​ការធ្វើ​ទុក្ខទោស​លើ​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើត​អាស៊ី​ ដោយសារតែ​មាន​សេចក្តី​រាយការណ៍​តាម​បណ្តាញ​សារព័ត៌មាន​ជាច្រើន ​អំពី​ការវាយ​ប្រហារ​ដោយ​សំអប់​និង​ប្រកាន់​ជាតិ​សាសន៍លើ​ពលរដ្ឋអាមេរិកាំង​ដើម​កំណើត​អាស៊ី​ ហើយលោក​ក៏ទទួលបាន​ព័ត៌មាន​ដោយផ្ទាល់​ជាច្រើនពី​ការរើសអើង​នានា។

លោក នួន វាសនា​ បាន​ចាត់ទុក​ថា​ អំពើ «នេះ​មិនមែន​ជា​គុណ​តម្លៃ​អាមេរិកាំង​ទេហើយ​ត្រូវតែ​បញ្ឈប់»​ និង​ងាក​មក ​«ប្រយុទ្ធ​រួមគ្នា​ដើម្បី​បំបាត់​សត្រូវ​រួម» ​គឺ​ជំងឺ​កូវីដ១៩​ដែល​បង្ក​ឡើង​ដោយ​វីរុស​កូរ៉ូណា​ថ្មី។

លោក នួន វាសនា​ បាន​បញ្ជាក់​បន្ថែម​ប្រាប់​វីអូអេ​ថា៖ «ហេតុ​ដែល​កើត​ឡើង​មេរោគ​កូរ៉ូណា​នេះ ​គឺ​យើង​ទាំងអស់គ្នា​ជាអ្នក​រងគ្រោះ​ និង​អាច​ជា​អ្នករងគ្រោះ​ ម្លោះ​ហើយ​យើង​ត្រូវ​ចូលរួម​និង​ការពារ​បញ្ចៀស​ការ​រាតត្បាត​ជំងឺ​នេះ។ យើង​មិន​ត្រូវ​រើសអើង​គ្នា​ទេ។ យើង​មិន​ត្រូវ​ប្រើ​ហិង្សា​ដាក់​គ្នា​ទេ​ ជាពិសេស​ជនជាតិ​ដែល​មិន​មាន​កំណើត​អាស៊ី​មកលើ​អាស៊ី»។ ​

សេចក្តី​រាយការណ៍​របស់​បណ្តាញ​សារព័ត៌មាន​អាមេរិកាំង​ ABC News ​ចេញផ្សាយ​កាលពី​ថ្ងៃសុក្រ​បាន​បង្ហាញ​ថា​ការិយាល័យ​ស៊ើបអង្កេត​សហព័ន្ធ ​(FBI) ​ របស់​សហរដ្ឋ​អាមេរិក​បាន​ព្រមាន​ពី​ការកើន​ឡើង​នូវ​ឧក្រិដ្ឋកម្ម​ ដោយ​សំអប់​ជាតិ​សាសន៍លើ​ពលរដ្ឋ​អាមេរិកាំង​ដើម​កំណើតអាស៊ី​ ក្នុង​ពេល​ដែល​មាន​ការឆ្លង​វីរុស​កូរ៉ូណា​ ដោយសារតែ​ពួកគេ​ភ្ជាប់​វីរុស​នេះ​ទៅនឹង​ជនជាតិ​ចិន​ ឬ​ជនជាតិ​អាមេរិកាំង​ដើម​កំណើតអាស៊ី។

ទីភ្នាក់ងារ​នេះ​បាន​ដកស្រង់ទិន្នន័យ​នៃ​អំពើ​ហិង្សា​ទាំងនេះ​ដែល​បានកើត​មានឡើង​នៅ​ទីក្រុង​ឡូសអាន់ជឺឡេស​ (Los Angeles) ​រដ្ឋ​កាលីហ្វញ៉ា (California) ​រហូតដល់​ទីក្រុង​ញូវយ៉ក (New York) ​និង​នៅរដ្ឋ​តិចសាស ​(Texas) ជាដើម។

ឯកសារ​របស់​ FBI ​ដែល​បណ្តាញ​សារព័ត៌មាន ​ABC News ​ទទួលបាន​បាន​បញ្ចូល​នូវ​ការវាយប្រហារ​មួយ​កាលពី​ថ្ងៃទី​១៤ ​ខែ​មីនា ​នៅ​ក្រុង​ Midland ​រដ្ឋ​តិចសាស ​ដែល​ជនសង្ស័យ​ម្នាក់​បាន​យក​កាំបិត​ចាក់​ក្រុម​គ្រួសារ​អាស៊ី​មួយ ​ដែល​មាន​កូន​អាយុ២ឆ្នាំ​និង​៦ឆ្នាំ​ ដោយ​សារតែ​ជននោះ​គិត​ថា​ ពួកគេ​ជាជនជាតិ​ចិន​ និង​បាន​ចម្លង​វីរុស​កូរ៉ូណា។

យ៉ាងណា​ក៏ដោយ​ នៅក្នុង​សហគមន៍​ទីក្រុង​ឡូវែល​ ដែល​មាន​ពលរដ្ឋ​ខ្មែរ​រស់នៅ​ជាច្រើន​ម៉ឺន​នាក់​ គឺ​មាន​ត្រឹម​តែ​សកម្ម​ភាពរើសអើង​មួយ​ចំនួន​ប៉ុណ្ណោះ​ ដែល​មិនទាន់​ឈាន​ដល់​អំពើហិង្សា​នៅឡើយ​ទេ។ករណី​ទាំងនោះ​គឺ​អ្នកជំងឺមិនព្រម​ឱ្យ​គិលានុប្បដ្ឋា​យិកា​អាស៊ី​មើល​ថែ ​និង​ប៉ះពាល់​ខ្លួនគាត់។

បុរស​ស្បែកសម្នាក់​ទៀត​បាន​គេច​ចូល​រថយន្ត​ នៅពេល​ដែល​ឃើញ​ជនជាតិ​អាស៊ី​ទៅ​ចាក់សាំង​នៅ​ស្ថានីយ៍​ជាមួយ​ ហើយ​ទាល់តែ​ជនជាតិ​អាស៊ី​នោះ​ចាក់សាំង​រួច​ និង​ចេញ​ផុត​ ទើប​បុរស​នោះ​ចេញ​មក​ចាក់សាំង​បន្ត​ទៀត។​ករណី​មួយ​ទៀត​គឺ​នៅក្នុង​ផ្សារ​ទំនើប​អតិថិជន​ខ្លះ​ហាម​កូនក្មេង​មិន​ឱ្យ​ដើរ​ក្បែរ​កូនក្មេង​អាស៊ី​ជាដើម។ នេះ​បើតាម​ការបញ្ជាក់​របស់​លោក​ នួន វាសនា​ ដោយ​កត់សម្គាល់​ថា​ករណី​ដូច​នេះ​មិន​ដែល​កើត​ឡើង​ពីមុន​មក​ទេ។

លោក នួន​ វាសនា បាន​បន្ថែមថា៖ «ទាំងនេះ​គឺជា​ភាពល្ងង់ខ្លៅ។វា​គិត​ថា​ ឱ្យ​តែ​ឃើញ​អាស៊ី​អាមេរិកាំង​ដើម​កំណើត​អាស៊ី​ គឺជា​អ្នក​ចម្លង​មេរោគ​កូរ៉ូណា។វា​អត់​ពិត​អីចឹង។​ ម្លោះ​ហើយ​គឺថា​អីចឹង ហើយ​យើង​ត្រូវ​ការពារ​កុំឱ្យ​មានភាព​រើសអើង​កើតឡើង​ ពីព្រោះ​ឥឡូវ​យើង​កំពុងតែ​ជួបប្រទះ​សត្រូវ ដូចគ្នា​គឺវីរុសកូរ៉ូណា»។

លោក នួន វាសនា​ បានលើកទឹកចិត្ត​ឱ្យ​ពលរដ្ឋ​អាស៊ី​ដទៃ​ទៀត​ដែល​ជួប​ប្រទះ​នឹង​ការ​រើសអើង​នានា ​រាយការណ៍​មក​អាជ្ញាធរ​ក្រុង​ដោយ​លោក​សង្កត់​ធ្ងន់​ថា៖ «ភាពថ្លៃថ្នូរ​ជាមូលដ្ឋាន​របស់​មនុស្ស​ជាតិ​និង​ការគោរព​គ្នា​ នឹង​ជួយ​យើង​ឆ្លងផុត​ពី​វិបត្តិ​នេះ​ទាំងអស់​គ្នា​ ប្រកប​ដោយ​សេចក្តី​ថ្លៃថ្នូរ​និង​ខ្ពង់ខ្ពស់​ ដែល​យើង​ដឹង​ថា​ យើង​អាច​ធ្វើបាន។យើង​ត្រូវតែ​ទទួល​ស្គាល់​ថា​ យើង​នឹង​ជោគជ័យ​លើ​បញ្ហា​ប្រឈម​ចំពោះមុខ​យើង​ល្គឹកណា​យើង​រួមគ្នា»។​

លោក​ប្រធានាធិបតី​ ដូណាល់ ត្រាំ​ នៃ​សហរដ្ឋ​អាមេរិក​ ក៏បាន​បញ្ជាក់​ឱ្យ​ការពារ​ពលរដ្ឋ​អាមេរិកាំង​ដើមកំណើត​អាស៊ី​ ដោយ​បន្ថែម​ថា ​វីរុស​នេះ​មិន​មែន​ជាកំហុស​របស់​ពួកគេ​ទេ។

ជំងឺ​កូវីដ១៩​ បាន​សម្លាប់​ពលរដ្ឋ​អាមេរិកាំង​ជាង ​២.៨០០​នាក់​ និង​មាន​អ្នកឆ្លង​ជាង១៥២.០០០​នាក់។ នៅទូទាំងពិភពលោក ជំងឺនេះ​បាន​សម្លាប់មនុស្ស​ជាង ​៣៦.០០០ នាក់ និង​មាន​អ្នកឆ្លង​ជាង​ ៧៦០.០០០​នាក់បើ​គិតត្រឹមព្រឹក​ថ្ងៃច័ន្ទ​។ នេះបើតាម​ទិន្នន័យ​របស់​សាកលវិទ្យាល័យ​សុខាភិបាល​Johns Hopkinsរបស់​សហរដ្ឋ​អាមេរិក៕

XS
SM
MD
LG