ប្រធានផ្នែកសិទ្ធិមនុស្សអង្គការសហប្រជាជាតិអ្នកស្រី Michelle Bachelet នៅថ្ងៃព្រហស្បតិ៍នេះ បានអំពាវនាវឱ្យប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin «បញ្ឈប់ការវាយប្រហារដោយយោធាលើប្រទេសអ៊ុយក្រែន»។ អ្នកស្រីបានថ្លែងដូច្នេះក្នុងពេលមួយថ្ងៃក្រោយមក បន្ទាប់ពីសង្គ្រាមរបស់រុស្ស៊ីនៅអ៊ុយក្រែនបានឈានចូលដល់រយៈពេល ៦ ខែគត់។
អ្នកស្រី Bachelet បានលើកឡើងអំពីស្ថានការណ៍ទាក់ទិននឹងរោងចក្រថាមពលនុយក្លេអ៊ែរ Zaporizhzhia នៅអ៊ុយក្រែន ដោយបាននិយាយថា ការប្រយុទ្ធគ្នានៅតំបន់នោះកំពុងបង្កឱ្យមាន «ហានិភ័យដែលមិនអាចគិតដល់» ចំពោះជនស៊ីវិលនិងបរិស្ថាន។
កន្លងមក រុស្ស៊ីនិងអ៊ុយក្រែនបានចោទប្រកាន់គ្នាទៅវិញទៅមកថាជាអ្នកវាយប្រហារនៅជិតរោងចក្រនុយក្លេអ៊ែរនោះ ហើយទីភ្នាក់ងារថាមពលបរមាណូអន្តរជាតិ (IAEA) បានបញ្ជាក់ថា ខ្លួនត្រៀមលក្ខណៈរួចរាល់នៅក្នុងការបញ្ជូនក្រុមការងារទៅកាន់ទីតាំងរោងចក្រនោះដើម្បីធ្វើយ៉ាងណាធានាថារោងចក្រនោះមានសុវត្ថិភាព។
អ្នកស្រី Bachelet ក៏បានបញ្ជាក់ផងដែរថា ទាំងកងទ័ពរុស្ស៊ីនិងកងទ័ពអ៊ុយក្រែនត្រូវតែគោរពតាមច្បាប់សិទ្ធិមនុស្សធម៌អន្តរជាតិ ហើយសហគមន៍អន្តរជាតិត្រូវតែធានាថាអ្នកដែលរំលោភលើច្បាប់សិទ្ធិមនុស្សធម៌អន្តរជាតិត្រូវតែទទួលខុសត្រូវចំពោះមុខច្បាប់។
នៅថ្ងៃព្រហស្បតិ៍នេះដែរ មន្ត្រីអ៊ុយក្រែនបានបញ្ជាក់ថា ចំនួនអ្នកស្លាប់ដោយសារការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើកន្លែងស្នាក់នៅបណ្ដោះអាសន្ននៅឯស្ថានីយរថភ្លើងមួយកន្លែងនៅភាគខាងកើតប្រទេសអ៊ុយក្រែនបានកើនដល់ចំនួន ២៥ នាក់ បន្ទាប់ពីគេបានរកឃើញសាកសពមួយចំនួនបន្ថែមទៀតនៅក្នុងកម្ទេចថ្មបាក់បែកក្នុងក្រុង Chaplyne។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បានបញ្ជាក់នៅលើ Twitter កាលពីថ្ងៃពុធថា៖ «ការវាយប្រហារដោយមីស៊ីលរបស់រុស្ស៊ីលើស្ថានីយរថភ្លើងមួយកន្លែងដែលពោរពេញទៅដោយជនស៊ីវិលនៅក្នុងប្រទេសអ៊ុយក្រែនគឺមានលំនាំដូចទៅនឹងអំពើឃោរឃៅ។ សហរដ្ឋអាមេរិករួមជាមួយនឹងដៃគូនានានៅជុំវិញពិភពលោកនឹងបន្តគាំទ្រប្រទេសអ៊ុយក្រែននិងស្វះស្វែងធ្វើយ៉ាងណាឱ្យមន្ត្រីរុស្ស៊ីទទួលខុសត្រូវចំពោះរឿងនេះ»៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Associated Press ទីភ្នាក់ងារព័ត៌មាន AFP និងទីភ្នាក់ងារព័ត៌មាន Reuters។