អ.ស.ប.​ថា​ការចាប់ខ្លួន​លោក កឹម សុខា​ជា​ការបំពាន​ច្បាប់​និង​អភ័យឯកសិទ្ធ

រូបឯកសារ៖ ឧត្តមស្នងការ​អ.ស.ប​ទទួល​បន្ទុក​ផ្នែក​សិទ្ធិ​មនុស្ស​លោក Zeid Ra'ad al Hussein ថ្លែង​នៅ​ក្នុង​សន្និសីទ​សារព័ត៌មាន​មួយ​នៅ​ទីស្នាក់ការ​របស់​អង្គការ​សហ​ប្រជាជាតិ​​អ៊ឺរ៉ុប ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស​ កាលពី​ថ្ងៃទី១ ខែមីនា ឆ្នាំ២០១៧។

សេចក្តី​ថ្លែង​ការណ៍​ដដែល​បាន​បន្ត​ថា៖ ​«ការចាប់​ខ្លួន​លោក​​កឹម សុខា​នេះ​គឺ​ជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​ថែម​ទៀត​ ព្រោះ​ថា​ការចាប់ខ្លួន​នេះ​កើត​មាន​ចំ​ពេល​មាន​វិធានការណ៍​ថ្មីៗ​ជាច្រើន​ទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា។

ឧត្តម​ស្នងការ​សិទ្ធិ​មនុស្ស​អ.ស.ប.គឺ​លោក​Zeid Ra’Ad Al Hussein​ បាន​រិះគន់​រដ្ឋាភិបាល​កម្ពុជា​ចំពោះ​ការចាប់ខ្លួន​លោក ​កឹម សុខា ​ជា​មេដឹកនាំ​គណបក្ស​សង្គ្រោះ​ជាតិ​និង​ជា​អ្នក​តំណាងរាស្ត្រ​ដោយ​អះអាង​ថា នេះ​ជា​ការ​រំលោភ​លើ​ច្បាប់​និង​អភ័យ​ឯកសិទ្ធិ​សភា។

នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ដែល​ចេញ​ផ្សាយ​នៅ​ថ្ងៃ​នេះ លោក Zeid Ra’ Ad Al Hussein បាន​បញ្ជាក់​តាម​ប្រសាសន៍​ដើមថា៖

«ខ្ញុំ​មាន​កង្វល់​យ៉ាង​ខ្លាំង​ចំពោះ​ការចាប់ខ្លួន​មេដឹកនាំ​គណបក្ស​ប្រឆាំង​កម្ពុជា​គឺ លោក ​កឹម សុខា ដែល​ទំនង​ជា​ត្រូវ​បាន​អនុវត្តន៍​ដោយ​មិន​មាន​ការគោរព​ចំពោះ​ការធានា​តាម​នីតិវិធី​ត្រឹមត្រូវ រាប់​ទាំងការ​មិន​គោរព​ចំពោះ​អភ័យឯក​សិទ្ធិសភា​របស់​លោក‍​ផង»។

រូបឯកសារ៖ លោកនាយករដ្ឋមន្ត្រី ហ៊ុន សែន ដែលជាប្រធានគណបក្សប្រជាជនកម្ពុជា ចូលរួមក្នុងការប្រារព្ធខួបអនុស្សាវរីយ៍ លើកទី៦៦ ថ្ងៃបង្កើតគណបក្សប្រជាជនកម្ពុជា ក្នុងរាជធានីភ្នំពេញ នៅថ្ងៃទី២៨ ខែមិថុនា ឆ្នាំ២០១៧។ (ហ៊ាន សុជាតា/VOA)

សេចក្តី​ថ្លែងការណ៍​នោះ​ក៏​បាន​បង្ហាញ​ពី​ក្តីបារម្ភ​ចំពោះ​អត្ថាធិប្បាយ​ជា​សាធារណៈ​របស់​លោក​នាយក​រដ្ឋមន្ត្រី​ហ៊ុន សែន និង​មន្ត្រី​ជាន់ខ្ពស់​មួយ​ចំនួន​អំពី​ពិរុទ្ធភាព ឬ កំណត់ទោស​របស់​លោក កឹម សុខា​មុន​ការកាត់ទោស​ ដែល​នេះ​ជា​ការ​បំពាន​ទៅ​លើ​ការ​សន្មត់​ជា​មុន​ថា​គ្មានទោស​ និង​សិទ្ធិ​ទទួល​បាន​ការ​ជំនុំជម្រះ​ប្រកប​ដោយ​យុត្តិធម៌ ​ដែល​លោក​កឹម សុខា​មាន​សិទ្ធិ​ទទួល​បាន​ក្រោម​ច្បាប់​សិទ្ធិ​មនុស្ស​កម្ពុជា និង​អន្តរជាតិ។

ប្រធាន​គណបក្ស​សង្គ្រោះ​ជាតិ​ លោក កឹម សុខា ត្រូវ​បាន​ចាប់​ខ្លួន​នៅ​រំលង​អាធ្រាត​ឈាន​ចូល​ថ្ងៃទី៣ ខែកញ្ញា​ នៅ​គេហដ្ឋាន​របស់​លោក ក្នុង​រាជធានី​ភ្នំពេញ​។​ ( រូបផ្តល់ឲ្យ)

សេចក្តី​ថ្លែង​ការណ៍​ដដែល​បាន​បន្ត​ថា៖ ​«ការចាប់​ខ្លួន​លោកកឹម សុខា​នេះ​គឺ​ជា​រឿង​គួរ​ឲ្យ​ព្រួយបារម្ភ​ថែម​ទៀត​ ព្រោះ​ថា​ការចាប់ខ្លួន​នេះ​កើត​មាន​ចំ​ពេល​មាន​វិធានការណ៍​ថ្មីៗ​ជាច្រើន​ទៀត​របស់​រាជរដ្ឋាភិបាល​កម្ពុជា។ វិធានការណ៍​ទាំងនេះ​បាន​នាំ​ឲ្យ​មាន​ការបិទ​អង្គការ​មិនមែន​រដ្ឋាភិបាល​បរទេស​មួយ (NDI) ហើយ​បាន​តម្រង់​គោលដៅ​ទៅ​លើ​ក្រុមហ៊ុន​ប្រព័ន្ធ​ផ្សព្វផ្សាយ​នានា ដែល​រួម​មាន​ស្ថាននីយ៍​វិទ្យុ​ជាច្រើន ​និង​កាសែត​ឯករាជ្យ​ដ៏​ធំ​មួយ​ដែល​ចុះ​ផ្សាយ​ជា​ភាសា​អង់គ្លេស​គឺ​កាសែត ​The Cambodia Daily​ ដែល​ពេល​នេះ​ត្រូវ​បាន​បង្ខំ​ឲ្យ​បញ្ឈប់​ការបោះពុម្ភ បន្ទាប់ពី​កាសែត​នេះ​បាន​ប្រតិបត្តិការ​អស់​រយៈពេល​ជាង​២៤ឆ្នាំ​មក​ហើយ។

យោង​តាម​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​រដ្ឋាភិបាល​កម្ពុជា​ ដែល​ចេញ​ផ្សាយ​ភ្លាមៗ​ក្រោយ​ការចាប់ខ្លួន​ លោក ​កឹម សុខា​ ឱ្យ​ដឹង​ថា ​វីដេអូ​ខ្លី​មួយ​ដែល​ចែកចាយ​តាម​បណ្តាញ​សង្គម ​និង​ភស្តុតាង​ប្រមូល​បាន​ដោយ​សម្ថកិច្ច ​បញ្ជាក់​ថា ​លោក ​កឹម សុខា ​បាន​រៀបចំ​ផែនការ​សម្ងាត់ ​ឃុបឃិតគ្នា​ជាមួយ​បក្ខពួក​បរទេស​ដែល​នេះ គឺ​ជា​អំពើ​ចារកម្ម​ ក្បត់ជាតិ​ តាម​បញ្ញាត្តិ​ច្បាប់ ​៤៤៣ នៃ​ក្រម​ព្រហ្មទណ្ឌ។​ សេចក្តី​ថ្លែងការណ៍​របស់​រដ្ឋាភិបាល​កម្ពុជា​ដដែល​អំពាវនាវ​ឱ្យ​មាន​ការស្ងៀមស្ងាត់​និង​ទុក​ករណី​នេះ​ជូន​តុលាការ​កម្ពុជា​ដើម្បី​បន្ត​នីតិវិធីរបស់​ខ្លួន។

យ៉ាងណា​ក៏ដោយ​សេចក្តី​ប្រកាស​ព័ត៌មាន​របស់​មន្ត្រី​កំពូល​អ.ស.ប.​ផ្នែក​សិទ្ធិ​មនុស្ស​នេះ​គឺ​កើត​ឡើង​ក្រោយ​ពេល​មួយ​ថ្ងៃ​ដែល​ស.រ.អា.​និង​សហភាព​អឺរ៉ុប​បាន​ប្រតិកម្ម​នឹង​ការចាប់ខ្លួន​លោក កឹម សុខា​ ហើយ​សុំ​ឲ្យ​មាន​ការដោះលែង​ជា​បន្ទាន់៕