ប្រធាន​ផ្នែក​សិទ្ធិ​មនុស្ស​អ.ស.ប.៖ ទង្វើ​របស់​ចិន​លើ​ជាតិ​សាសន៍​អ៊ុយហ្គ័រ​អាច​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​មនុស្ស​ជាតិ

រូបឯកសារ៖ អ្នក​យាម​ម្នាក់​មើល​ពី​លើ​ប៉ម​មួយ​នៅ​​​ទី​ក្រុង Kashgar តំបន់ Xinjiang ប្រទេស​ចិន កាល​ពី​ថ្ងៃ​ទី​៣ ខែ​ឧសភា ឆ្នាំ​២០២១។

នៅ​មុន​ពេល​បញ្ចប់​អាណត្តិ​របស់​ខ្លួន​កាលពី​ថ្ងៃ​ពុធ ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស (OHCHR) អ្នកស្រី Michelle Bachelet បាន​ចេញ​របាយការណ៍​ដែល​គេ​រង់ចាំ​ជា​យូរ​មក​ហើយ​មួយ​ដែល​បាន​រក​ឃើញ​ថា ទង្វើ​ដែល​រដ្ឋាភិបាល​ចិន​ធ្វើ​លើ​ជាតិសាសន៍​ភាគ​តិច​នានា​នៅ​ក្នុង​តំបន់ Xinjiang ប្រទេស​ចិន អាច​ជា​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ។

អ្នកស្រី Bachelet បាន​សរសេរ​នៅ​ក្នុង​របាយការណ៍​នោះ​ថា ព័ត៌មាន​ដែល​ការិយាល័យ​របស់​អ្នកស្រី​ទទួល​បាន​ទាក់ទិន​នឹង​ការ​បង្ក្រាប​របស់​រដ្ឋាភិបាល​ចិន​លើ​ភេរវកម្ម​និង «ភាព​ជ្រុល​និយម» នៅ​ក្នុង​តំបន់​ស្វយ័ត Xinjiang ពី​ឆ្នាំ ២០១៧ ដល់​ឆ្នាំ ២០១៩ និង​អាច​នៅ​ឆ្នាំ​ក្រោយៗ​មក​ទៀត បាន​បង្ក​ឱ្យ​មាន​ក្ដី​បារម្ភ​នៅ​ក្រោម​ច្បាប់​អន្តរជាតិ។

អ្នកស្រី​បាន​បញ្ជាក់​នៅ​ក្នុង​របាយការណ៍​កម្រាស់ ៤៨ ទំព័រ​នោះ​ថា៖ «បើ​យោង​ទៅ​តាម​ច្បាប់​និង​គោល​នយោបាយ និង​នៅ​ក្នុង​បរិបទ​នៃ​ការ​ដាក់​កំហិត​និង​ការ​ដកហូត​សិទ្ធិ​ជា​មូលដ្ឋាន​ទូទៅ​ដែល​បុគ្គល​នីមួយៗ​គួរ​ទទួល​បាន យើង​ឃើញ​ថា​កម្រិត​នៃ​ការ​ឃុំ​ឃាំង​ខុស​ច្បាប់​និង​បែប​រើសអើង​លើ​ជាតិ​សាសន៍​អ៊ុយហ្គ័រ (Uyghur) និង​ក្រុម​ជាតិ​សាសន៍​កាន់​សាសនា​ឥស្លាម​ផ្សេង​ទៀត អាច​ជា​ឧក្រិដ្ឋកម្ម​អន្តរជាតិ ជា​ពិសេស​ឧក្រិដ្ឋកម្ម​ប្រឆាំង​នឹង​មនុស្ស​ជាតិ»។

កន្លង​មក អង្គការ​សិទ្ធិ​មនុស្ស​នានា​និង​រដ្ឋាភិបាល​សហរដ្ឋ​អាមេរិក​បាន​ចោទ​ប្រកាន់​រដ្ឋាភិបាល​ចិន​ថា​បាន​ប្រព្រឹត្ត​អំពើ​រំលោភ​បំពាន​ធ្ងន់ធ្ងរ​លើ​ជាតិសាសន៍​អ៊ុយហ្គ័រ ដែល​ក្នុង​នោះ​រួម​មាន​ទាំង​ការ​ធ្វើ​ទារុណកម្ម អំពើ​ហិង្សា​ផ្លូវ​ភេទ និង​ការ​បង្ខំ​បំបែក​កុមារ​ពី​ឪពុក​ម្ដាយ​របស់​ពួកគេ​ផង​ដែរ។

ស្ថាន​បេសកកម្ម​របស់​ប្រទេស​ចិន​ប្រចាំ​អង្គការ​សហប្រជាជាតិ​នៅ​ក្នុង​ទីក្រុង​ហ្សឺណែវ ប្រទេស​ស្វីស បាន​បញ្ជូន​សារ​ឆ្លើយតប​ទៅ​កាន់​ការិយាល័យ​របស់​អ្នកស្រី Bachelet ដោយ​បញ្ជាក់​អំពី​ការ​ជំទាស់​របស់​ខ្លួន​ចំពោះ​របាយការណ៍​នេះ។

ស្ថាន​បេសកកម្ម​របស់​ចិន​នេះ​បាន​លើកឡើង​ថា៖ «ផ្អែក​លើ​ព័ត៌មាន​ប្រឌិត​និង​ការ​កុហក​ដែល​បង្កើត​ឡើង​ដោយ​ក្រុម​ប្រឆាំង​នឹង​ចិន និង​កើត​ចេញ​មក​ពី​ការ​សន្មត​ដែល​ថា​គេ​មាន​កំហុស​នោះ យើង​ឃើញ​ថា «ការ​វាយតម្លៃ» នេះ​គឺ​ជា​ការ​បកស្រាយ​ខុស​ពី​ច្បាប់​និង​គោល​នយោបាយ​របស់​ប្រទេស​ចិន និង​ជា​ការ​បង្ខូច​កេរ្តិ៍​ឈ្មោះ​និង​មួល​បង្កាច់​ធ្ងន់ធ្ងរ​លើ​ប្រទេស​ចិន ក៏​ដូចជា​ការ​ជ្រៀតជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​ប្រទេស​ចិន​ផង​ដែរ ដែល​រំលោភ​លើ​គោលការណ៍​នានា​ដូចជា​គោលការណ៍​សន្ទនា​និង​កិច្ច​សហប្រតិបត្តិការ និង​គោលការណ៍​មិន​យក​រឿង​សិទ្ធិ​មនុស្ស​មក​ធ្វើ​ជា​នយោបាយ​ជាដើម។ ជាង​នេះ​ទៀត ការ​វាយ​តម្លៃ​នេះ​ក៏​បំផ្លាញ​ផង​ដែរ​ដល់​ភាព​គួរ​ឱ្យ​ជឿ​ទុក​ចិត្ត​បាន​របស់​ឧត្តម​ស្នងការ​អង្គការ​សហប្រជាជាតិ​ទទួល​បន្ទុក​កិច្ចការ​សិទ្ធិ​មនុស្ស»៕