ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

ចិន​អួត​ពី​បច្ចេកវិទ្យា​បញ្ញានិម្មិត «ទាយចិត្តមនុស្ស» ដែល​ជួយ​​ដល់​ប្រព័ន្ធផ្តាច់​ការផ្តោតលើ​​បញ្ញានិម្មិត AI-tocracy


រូបឯកសារ៖ លោក Li Qiang ប្រធានបក្សកុម្មុយនីស្តចិនប្រចាំទីក្រុងសៀងហៃ ថ្លែងនៅក្នុងពិធីសម្ពោធសន្និសីទអន្តរជាតិស្តីពីបញ្ញានិម្មិត AI នៅទីក្រុងសៀងហៃ ប្រទេសចិន កាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២០។
រូបឯកសារ៖ លោក Li Qiang ប្រធានបក្សកុម្មុយនីស្តចិនប្រចាំទីក្រុងសៀងហៃ ថ្លែងនៅក្នុងពិធីសម្ពោធសន្និសីទអន្តរជាតិស្តីពីបញ្ញានិម្មិត AI នៅទីក្រុងសៀងហៃ ប្រទេសចិន កាលពីថ្ងៃទី ៩ ខែកក្កដា ឆ្នាំ ២០២០។

វិទ្យាស្ថាន​បច្ចេកវិទ្យា​បញ្ញានិម្មិត AI មួយ នៅទីក្រុង Hefei ខេត្ត Anhui របស់​ប្រទេស​ចិន និយាយ​ថា ខ្លួន​បាន​បង្កើត​កម្មវិធី​ដែល​អាច​វាស់ស្ទង់​ភាព​ស្មោះត្រង់​របស់​សមាជិកបក្ស​កុម្មុយនីស្ត ហើយប្រសិន​បើ​វា​ជា​ការ​ពិត​មែន​នោះ កម្មវិធី​នឹង​ត្រូវ​បាន​ចាត់​ទុក​ថា​ជា​របក​គំហើញ​ដ៏​អស្ចារ្យមួយ ដែល​ក៏​នឹង​បង្ក​ឲ្យ​មាន​ការ​មិន​ពេញ​ចិត្ត​ពី​សាធារណៈជន​ផងដែរ។

ក្រុម​អ្នកវិភាគ​បាន​និយាយ​ថា ប្រទេស​ចិន​បាន​បង្កើន​សមត្ថភាព​ឃ្លាំ​មើល​ដែល​ប្រើ​បច្ចេកវិទ្យា​បញ្ញា​និម្មិត​ AI របស់​ខ្លួន ដោយប្រើបណ្តុំទិន្នន័យ​ទំហំ​ធំ (Big Data) បច្ចេកវិទ្យាម៉ាស៊ីនចេះរៀន (Machine Learning) ប​ច្ចេកវិទ្យា​កំណត់​ចំណាំ​មុខ និង បច្ចេកវិទ្យា​បញ្ញា​និម្មិត​ AI ដើម្បី «ចូល​ទៅ​ក្នុង​ខួរក្បាល​និង​គំនិត​របស់​ប្រជាជន​របស់​ខ្លួន» ហើយ​បង្កើត​នូវ​អ្វី​ដែល​មនុស្ស​ជាច្រើន​ហៅថា​របប​ផ្តាច់​ការ​បែប​ឌីជីថល​យ៉ាង​ធ្ងន់ធ្ងរ។


បច្ចេកវិទ្យា​បណ្តុះ​គំនិត​ទំនើប​ឆ្លាតវៃ?

វិទ្យាស្ថាន​បច្ចេកវិទ្យា​បញ្ញានិម្មិត AI ដដែលនេះ ​បាន​បង្ហោះ​វីដេអូ​មួយ​ដែល​មាន​ចំណងជើង​ថា «ការ​អប់រំ​នយោបាយ​ឆ្លាតវៃ» កាលពីថ្ងៃទី១ ខែកក្កដា ដើម្បី​អួត​អំពី​កម្មវិធី «ទាយចិត្តមនុស្ស» របស់ខ្លួន ហើយ​និយាយ​ថា​ កម្មវិធីនេះ​នឹង​ត្រូវ​បាន​ប្រើ​លើ​សមាជិក​គណបក្ស​ដើម្បី «ពង្រឹង​ការប្តេជ្ញាចិត្ត​ដឹង​គុណ ស្តាប់តាម​ និង​ធ្វើ​តាមបក្ស»។

នៅ​ក្នុង​វីដេអូ​នោះ មនុស្ស​ប្រុស​ម្នាក់​ត្រូវ​បាន​គេ​មើល​ឃើញ​ថា​កំពុង​អូស​មើល​អត្ថបទ​អនឡាញ​ដែល​ផ្សព្វផ្សាយ​ពី​គោល​នយោបាយ​គណបក្ស​នៅ​អេក្រង់​បញ្ជរមួយ ហើយ​វិទ្យាស្ថាន​បាន​និយាយ​ថា​កម្មវិធី​បញ្ញា​និម្មិត​ AI របស់ខ្លួនក្នុង​បញ្ជរ​នោះ​ កំពុង​តាម​ដាន​ប្រតិកម្ម​របស់​បុរសនោះ ដើម្បី​មើល​ថា តើបុរសនោះ​យក​ចិត្ត​ទុក​ដាក់​ចំពោះ​ការបណ្តុះ​គំនិតរបស់គណបក្ស​ប៉ុនណា។

យ៉ាង​ណា​មិញ វីដេអូ​នេះ​ត្រូវ​បាន​គេ​ដក​ចេញ​ភ្លាមៗ​ បន្ទាប់​ពីវាបង្កឲ្យ​មាន​ការ​រិះគន់ជាសាធារណៈ​ក្នុង​ចំណោម​អ្នក​ប្រើប្រព័ន្ធ​អ៊ីនធឺណិត​របស់​ចិន។

លោក Hung Ching-fu សាស្ត្រាចារ្យ​វិទ្យាសាស្ត្រ​នយោបាយ​នៅ​សាកលវិទ្យាល័យជាតិ Cheng Kung ក្នុង​ទីក្រុង Tainan ភាគ​ខាងត្បូង​តៃវ៉ាន់ បាន​និយាយ​ថា បក្ស​កុម្មុយនីស្ត​បាន​រំលោភ​លើ​ភាព​ជឿន​លឿន​ខាង​បច្ចេកវិទ្យា ដើម្បី​បម្រើ​ផល​ប្រយោជន៍​នយោបាយ​របស់​ខ្លួន។

រូបឯកសារ៖ វិស្វករកុំព្យូទ័រកំពុងបង្កើតបច្ចេកវិទ្យាកំណត់អត្តសញ្ញាណមនុស្សដោយរូបថត នៅរោងចក្រឧស្សាហកម្មអេឡិចត្រូនិកចិន Hanwang Technology ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២០។
រូបឯកសារ៖ វិស្វករកុំព្យូទ័រកំពុងបង្កើតបច្ចេកវិទ្យាកំណត់អត្តសញ្ញាណមនុស្សដោយរូបថត នៅរោងចក្រឧស្សាហកម្មអេឡិចត្រូនិកចិន Hanwang Technology ក្នុងទីក្រុងប៉េកាំង កាលពីថ្ងៃទី ៦ ខែមីនា ឆ្នាំ ២០២០។

លោក Hung បាន​ប្រាប់​ VOA តាម​ទូរស័ព្ទ​ថា៖ «គេ​បាន​ប្រើប្រាស់​បច្ចេកវិទ្យា​ទំនើប ដើម្បី​ផ្តល់​អំណាច​ដល់​គណបក្ស​របស់​ខ្លួន។ ប្រទេស​ចិន​បាន​បង្កើន​សមត្ថភាព​ពីបច្ចេកវិទ្យាកំណត់​ចំណាំ​មុខ រហូតដល់​បណ្តា​កម្មវិធី​បញ្ញា​និម្មិត​ AI ដែល​ព្យាយាម​ចូល​ទៅ​ក្នុង​ខួរក្បាលនិង​គំនិត យ៉ាងស៊ីជម្រៅ​ជាង​អ្វី​ដែល​គេ​មើល​ឃើញ។ ការប្រើប្រាស់​បច្ចេកវិទ្យា​បញ្ញា​និម្មិត​ AI កម្រិត​ខ្ពស់នឹង​ពង្រឹង​ការ​គ្រប់គ្រង​ផ្តាច់ការ​របស់គេ»។

លោក Hung បានបន្ថែមថា ការ​គ្រប់គ្រង​ផ្តាច់ការរ​បស់​ចិនដែលប្រើ​បច្ចេកវិទ្យា​បញ្ញា​និម្មិត​ AI នឹង​ដាក់​សម្ពាធ​លើ​ប្រជាជនរបស់ខ្លួន ដែល​ទំនង​ជា​នឹង​បិទខ្ទប់គំនិត​ខ្លួន​ឯង ឬ​រស់នៅ​ក្នុង​ភាព​ភ័យខ្លាច។

ការគាបសង្កត់ក្នុង​ប្រព័ន្ធ​ឌីជីថល

ប៉ុន្តែលោក Hung មាន​ទំនុក​ចិត្ត​តិចតួច​លើ​អ្វី​ដែល​លោក​ហៅ​ថាជាការ​គាប​សង្កត់​ក្នុង​ប្រព័ន្ធ​ឌីជីថល​របស់​ប្រទេសចិន ដោយ​លោក​ពន្យល់​ថា ការ​គាបសង្កាត់​នេះ​ទំនង​ជា​នឹង​ធ្វើ​ឲ្យ​បក្សកុម្មុយនីស្ត​ធ្លាក់​ក្នុង «វិបត្តិ​ជន​ផ្តាច់ការ» ឬ dictator's dilemma ដែល​ជា​ពាក្យ​នយោបាយ​មាន​ន័យ​ថា​ ការ​បរាជ័យ​របស់​មេដឹកនាំ​រដ្ឋាភិបាល​ក្នុង​ការ​យក​ឈ្នះចិត្ត​និង​គំនិត​របស់​ប្រជាជន​របស់​ខ្លួន។

លោក Hung បន្ត​ថា៖ «បើ​អ្នក​សង់​កំពែង​របស់​អ្នក​កាន់តែ​ខ្ពស់ នោះ​អ្នក​កាន់តែ​ត្រូវ​ផ្តាច់​ខ្លួន​ចេញ​ពី​ប្រជាជន…នេះ​ជា​អ្វី​ដែល​យើង​ហៅ​ថា «វិបត្តិ​ជន​ផ្តាច់ការ» ក្នុង​នយោបាយ។ មាន​ន័យ​ថា ​ទោះបី​មាន​អំណាច​ដ៏​សម្បើមក៏ដោយ ក៏​ជនផ្តាច់ការ​មិនអាច​មាន​ទំនាក់ទំនង​ជាមួយ​ប្រជាជន​។ ហើយ​ខ្ញុំគិត​ថា ប្រព័ន្ធ​នយោបាយ​ណា​ដែល​ប្រឆាំង​នឹង​ធម្មជាតិ​របស់​មនុស្ស​ នឹង​មិនអាច​មាន​និរន្តភាព​បាន​នោះ​ទេ»។

VOA បានហៅទូរស័ព្ទ និងផ្ញើអ៊ីមែល​ទៅ​កាន់វិទ្យាស្ថាន​បច្ចេកវិទ្យា​បញ្ញានិម្មិត AI នៅទីក្រុង Hefei ដើម្បី​សុំ​ការអត្ថាធិប្បាយ តែ​មិនបានទទួលឆ្លើយតប​នោះ​ទេ។

កម្មវិធី​ទាយចិត្ត​មនុស្សនេះ ​ជាការ​គ្រប់​គ្រង​តាម​ឌីជីថលចុង​ក្រោយ​បំផុត​ដែលប្រទេស​ចិន​បាន​អនុវត្ត​។

ប្រទេស​ចិន​ត្រូវ​បាន​គេ​រាយការណ៍​ថា បាន​ដាក់​ឲ្យ​ប្រើប្រាស់​ប​ច្ចេកវិទ្យា​កំណត់​ចំណាំ​មុខ​យូរ​មក​ហើយ​នៅ​ក្នុង​តំបន់ Xinjiang ដើម្បី​ពិនិត្យ​មើល​យ៉ាង​ប្រុងប្រយ័ត្ន​នៅ​លើ​ជនជាតិ​ភាគ​តិច Uyghurs ខណៈ​ពេល​ដែល​បាន​បង្កើន​សមត្ថភាព​ឃ្លាំមើល​របស់​ខ្លួន​នា​ប៉ុន្មាន​ឆ្នាំថ្មីៗនេះ ជាមួយ​នឹង​កម្មវិធី «មនុស្ស​ម្នាក់ ទិន្នន័យ​មួយ» ដើម្បី​ធ្វើ​ឲ្យ​វា​កាន់​តែ​ងាយស្រួល ​ក្នុង​ការ​តាមដាន​ប្រជាជន​របស់​ខ្លួន។

កាល​ពី​ចុង​ឆ្នាំ​មុន អាជ្ញាធរ​ក្នុង​ខេត្ត Henan ត្រូវបាន​គេរាយការណ៍ថា​បាន​បើក​ដំណើរការ​ប្រព័ន្ធ​ស្រដៀង​គ្នា​នេះ ដើម្បី​តាមដាន​នូវ​អ្វី​ដែល​ពួកគេ​មើល​ឃើញ​ថា​ជា​អ្នក​កាសែត​ និស្សិតបរទេស និងស្ត្រីដែល «គួរឲ្យសង្ស័យ»។

ជាមួយ​គ្នា​នេះ​ដែរ រដ្ឋអាជ្ញា​នៅ​ទីក្រុង​សៀងហៃ ត្រូវបាន​គេរាយការណ៍ថា បានប្រើប្រាស់ប្រព័ន្ធ​រដ្ឋ​អាជ្ញា​បញ្ញា​និម្មិត​ AI ដែល​អាច​ប្តឹង​ចោទ​ប្រកាន់​លើ​បទល្មើស​ព្រហ្មទណ្ឌ​ចំនួន​ប្រាំបី រួមមាន​ការ​ក្លែង​បន្លំ​កាត​ឥណទាន និង​អាច​ប្តឹង​ចោទប្រកាន់​ពី​បទ​បង្កជម្លោះ​និង​បញ្ហា។

រូបឯកសារ៖ អ្នកសារព័ត៌មានម្នាក់ថតរូបនៅលើកញ្ចក់អេក្រង់ទូរទស្សន៍ដែលបង្ហាញពីការផ្សាយព័ត៌មានជាភាសាគរថ្លង់បែបឌីជីថល តាមប្រព័ន្ធបញ្ញានិម្មិត Wu Dao 2.0 របស់ចិន នៅបណ្ឌិតសភាប៉េកាំងសម្រាប់បញ្ញានិម្មិត (BAAI) ក្នុងក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២។
រូបឯកសារ៖ អ្នកសារព័ត៌មានម្នាក់ថតរូបនៅលើកញ្ចក់អេក្រង់ទូរទស្សន៍ដែលបង្ហាញពីការផ្សាយព័ត៌មានជាភាសាគរថ្លង់បែបឌីជីថល តាមប្រព័ន្ធបញ្ញានិម្មិត Wu Dao 2.0 របស់ចិន នៅបណ្ឌិតសភាប៉េកាំងសម្រាប់បញ្ញានិម្មិត (BAAI) ក្នុងក្រុងប៉េកាំង ប្រទេសចិន កាលពីថ្ងៃទី ១០ ខែកុម្ភៈ ឆ្នាំ ២០២២។

កាសែតអនឡាញ​ចិន The Paper បាន​រាយការណ៍​ថា សាលា​បក្សកុម្មុយនីស្ត​មួយនៅ​ទីក្រុង ​Sichuan បាន​បង្កើត «បណ្តុំ​ទិន្នន័យ​ក្រហម​ឆ្លាតវៃ» នៅឆ្នាំ ២០១៧ ដែល​អាច​តាមដាន​ប្រតិកម្ម​របស់​សមាជិក​បក្ស​ចំពោះ​ការបណ្តុះ​គំនិត​នយោបាយ​របស់ខ្លួន និង «វាស់ស្ទង់» ភាព​ស្មោះត្រង់​របស់​ពួកគេ។

ជនរងគ្រោះនៃប្រព័ន្ធឃ្លាំមើលរបស់ប្រទេសចិន

មេធាវី និង​សកម្មជន​សិទ្ធិ​មនុស្ស​មួយ​ចំនួន​បានប្រាប់ VOA ក្នុង​លក្ខខណ្ឌ​មិន​បញ្ចេញ​ឈ្មោះ​ថា ពួកគេ​បាន​រងគ្រោះ​ដោយ​សារ​ប្រព័ន្ធឃ្លាំ​មើល​ឌីជីថល​របស់​ប្រទេសចិន។ សកម្មជន​សិទ្ធិ​មនុស្ស​ម្នាក់​មក​ពី​ទីក្រុង Wuhan នៃ​ខេត្ត Hebei បាន​និយាយ​ថា លោក​ធ្លាប់​ត្រូវ​បាន ចាប់​ខ្លួន​ដោយ​ប៉ូលិស ដែល​អាច​កំណត់​អត្តសញ្ញាណ​លោក បន្ទាប់​ពី​កាមេរ៉ា​នៅ​តាម​ដង​ផ្លូវ​បាន​ចាប់​យក​មុខលោក​នៅ​ពេល​លោក​ដើរ​តាមផ្លូវ។

មេធាវី​ការពារ​សិទ្ធិមនុស្សម្នាក់ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុង​ប៉េកាំង​ បាន​ត្អូញត្អែរ​ថា ​លោក​មិន​អាច​បង្ហោះ​សារ​តាមប្រព័ន្ធ​អ៊ីនធឺណិត ឬ​ធ្វើ​ការ​ចុះ​ឈ្មោះ​តាម​ប្រព័ន្ធ​អ៊ីនធឺណិត​បាន​ទេ ដោយសារ​ការ​ត្រួត​ពិនិត្យ​ដ៏​តឹងរ៉ឹង និង​ប្រព័ន្ធ​តាមដាន​ឌីជីថល​របស់​ប្រទេស​ចិន។

មេធាវី​ការពារ​សិទ្ធិ​ម្នាក់​ទៀត បាន​លាត​ត្រដាង​ថា ប៉ូលិស​របស់​ប្រទេស​ចិន​បាន​នឹង​កំពុង​ប្រមូល​ទិន្នន័យ​ជីវមាត្រ​ដោយ​ខុស​ច្បាប់​ពី​កែវ​ភ្នែក​មនុស្ស ស្នាម​ម្រាម​ដៃ និងគំរូទឹកនោមរបស់​អ្នក​ជាប់​ការឃុំឃាំងរបស់​ខ្លួន ដើម្បី​បង្កើត​នូវ​អ្វី​ដែល​លោកហៅ​ថា ​ការឃ្លាំមើល​ដែល «ជាក់ច្បាស់ តែ​គ្មានសីលធម៌»។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ ការ​អនុវត្ត​យ៉ាង​ទូលំទូលាយ​របស់​ប្រទេស​ចិន​លើ​បច្ចេកវិទ្យា​បញ្ញា​និម្មិត​ AI កំពុង​ជំរុញ​ឲ្យ​មាន​ការ​ច្នៃប្រតិដ្ឋ​ក្នុង​វិស័យ​នេះ បើ​យោង​តាម​ការសិក្សា​ស្រាវជ្រាវថ្មីមួយ ដោយ​អ្នកនិពន្ធ​លោក Martin Beraja ជំនួយ​ការ​សាស្រ្តាចារ្យ​ផ្នែក​សេដ្ឋកិច្ច​នៅ​វិទ្យាស្ថាន​បច្ចេកវិទ្យា Massachusetts និង​អ្នក​ស្រាវជ្រាវ​បី​នាក់​ផ្សេង​ទៀត​នៅ​សាកល​វិទ្យាល័យ Harvard និង សាកលវិទ្យា​ទីក្រុងឡុងដ៍​សម្រាប់​សេដ្ឋកិច្ច និងវិទ្យាសាស្ត្រ​នយោបាយ។

ការស្រាវជ្រាវ​របស់​ពួកគេ​បាន​សន្និដ្ឋាន​ថា ខណៈ​ពេល​ដែល​បច្ចេកវិទ្យា​ថ្មី​ពង្រឹងរបប​ផ្តាច់ការ​តម្រូវការ​ប្រើ​ប្រាស់​បច្ចេក​វិទ្យា​របស់​របប​ផ្តាច់​ការ​ក៏​ជំរុញ​ឲ្យ​មានការ​បង្កើត​ថ្មីៗ។ «អត្ថប្រយោជន៍​ទៅ​វិញ​ទៅ​មក​នេះ ប្រហែល​អាច​បង្កើត​ការ​ច្នៃប្រតិដ្ឋ​រយៈពេល​វែង និង​ធ្វើ​ឲ្យ​ការ​អភិវឌ្ឍ​បច្ចេកវិទ្យា​បញ្ញា​និម្មិត AI មាន​និរន្តរភាព​នៅ​ក្នុង​ប្រទេស​ចិន ដោយ​បង្កើតបាន​នូវ​អ្វី​ដែល​គេ​ហៅ​ថា «ប្រព័ន្ធផ្តាច់​ការ ផ្តោត​លើបញ្ញានិម្មិត» ឬ AI-tocracy។

ប្រព័ន្ធផ្តាច់​ការផ្តោតលើបញ្ញានិម្មិត AI-tocracy

លោក Beraja ប្រាប់ VOA ថា៖ «នៅ​ក្នុង​ដំណើរការទទួល​បាន​កិច្ចសន្យា​ពី​រដ្ឋាភិបាល បណ្តា​ក្រុមហ៊ុន​បច្ចេកវិទ្យា​បញ្ញានិម្មិត AI នៅ​ក្នុង​ប្រទេស​ចិន​ទទួល​បាន​សិទ្ធិ​ចូល​ប្រើ​បណ្តុំ​ទិន្នន័យ ដែល​អនុញ្ញាត​ឲ្យ​ពួកគេ​ធ្វើ​ការអភិវឌ្ឍ​បច្ចេកវិទ្យាសម្រាប់​តម្រូវការ​ប្រើប្រាស់​របស់​រដ្ឋាភិបាល​ ដែលជាធម្មតា​ទាក់ទង​នឹង​សន្តិសុខ​សាធារណៈ ឬ​ការការពារ​ឧក្រិដ្ឋកម្ម​ជាដើម។

ការណ៍​នេះ​បាន​ជួយ​ឲ្យ​ពួកគេបានអភិវឌ្ឍន៍​បច្ចេកវិទ្យាបញ្ញានិម្មិត AI ​សម្រាប់​ពាណិជ្ជកម្ម​ផង​ដែរ ដោយសារ​តែ​ពួកគេប្រហែល​អាច​ប្រើ​បណ្តុំទិន្នន័យ​ពី​រដ្ឋាភិបាលដដែលនោះ​បាន​ ឬប្រសិន​បើ​រដ្ឋាភិបាល​មិន​ឲ្យ​ប្រើ​បណ្តុំ​ទិន្នន័យ​នោះទេ ក៏​ពួកគេ​នៅ​អាច​ប្រើ​ក្បួន​ដោះ​ស្រាយកុំព្យូទ័រ algorithm ដែល​ត្រូវ​បាន​បណ្តុះ​បណ្តាល​ជាមួយ​បណ្តុំ​ទិន្នន័យ​ពី​រដ្ឋាភិបាល​នោះ ដើម្បី​បង្កើត​ផលិតផលបញ្ញានិម្មិត AI ​ពាណិជ្ជកម្ម​សម្រាប់​ប្រើប្រាស់​ក្នុង​វិស័យ​ឯកជន​ផង​ដែរ។

លោកសាស្ត្រាចារ្យ Beraja បាន​បន្ថែម​ទៀត​ថា ជា​ឧទាហរណ៍ កម្មវិធី​បញ្ញានិម្មិត AI ពាណិជ្ជកម្ម​មួយ ត្រូវ​បាន​ប្រើ​នៅ​ក្នុង​ផ្សារ​ទំនើប ដើម្បី​តាមដាន​អតថិជន​នៅ​ពេល​ពួកគេដើរទិញ​ឥវ៉ាន់ពី​ទូ​ទំនិញ​មួយ​ទៅ​ទូ​ទំនិញ​មួយ។

ទោះ​ជា​យ៉ាង​ណា​ក៏​ដោយ លោក Beraja បាន​សម្តែង​ការព្រួយបារម្ភ​ចំពោះ​ការ​នាំ​ចេញ​កម្មវិធី​បញ្ញានិម្មិត AI របស់​ប្រទេសចិន ដែល​ការ​សិក្សា​របស់​លោក​បាន​រកឃើញ​ថា ទំនង​ជា​បាន​ជួយ​ដល់​រដ្ឋាភិបាល​ផ្តាច់ការ​ផ្សេងៗទៀត។

លោកBeraja បានបន្ថែមទៀតថា៖ «រឿង​មួយ​ដែល​យើង​សង្កេត​ឃើញ​នោះ​គឺ​ថា បណ្តា​ប្រទេស​ដែល​កាន់​របប​ផ្តាច់ការ​ ឬមាន​លទ្ធិ​ប្រជាធិបតេយ្យ​ទន់ខ្សោយ​គឺ​ពិត​ជា​បាន​នាំ​ចូល​ប​ច្ចេកវិទ្យា​បញ្ញានិម្មិត AI សម្រាប់​កំណត់​ចំណាំ​មុខ ពី​ប្រទេស​ចិន​ច្រើនជាង​បច្ចេកវិទ្យា​ដទៃទៀត។ ហើយខ្ញុំគិតថា បច្ចេកវិទ្យា​ទាំងនេះ​គឺ​ច្បាស់​ណាស់​ប្រើសម្រាប់​ការឃ្លាំមើល និងការ​គាបសង្កត់»។

លោក Zola អ្នក​សរសេរ​ប្លុក​ដ៏​លេចធ្លោ​ម្នាក់​មក​ពី​ប្រទេស​ចិន​ ដែល​ឥឡូវនេះ​ជា​ពលរដ្ឋ​កោះតៃវ៉ាន់​ បាន​និយាយ​ថា អ្នក​និយម​លេង​អ៊ីនធឺណិត​ភាគច្រើន​នៅ​ក្នុង​ប្រទេស​ចិន​ប្រឆាំង​នឹង​បច្ចេកវិទ្យា​គាបសង្កត់​នៅក្នុង​ប្រទេស ទោះ​បី​ជា​ការ​ប្រឆាំង​របស់​ពួកគេជា​ញឹកញាប់ត្រូវ​បាន​គាបសង្កត់​ក៏ដោយ។

លោក​ Zola បាន​ចោទ​សួរ​ពី​និរន្តរភាព​នៃប្រព័ន្ធផ្តាច់​ការផ្តោតលើបញ្ញានិម្មិត ឬ AI-tocracy របស់ចិន​ថា៖

«​ចិន​អាច​នឹង​កំពុង​នាំ​ចេញ​បច្ចេកវិទ្យា​ទាំងនេះ​ទៅ​ប្រទេស​ផ្សេង​ទៀត​។ ប៉ុន្តែក្នុងរយៈពេលវែង គំរូ​អភិបាលកិច្ច​បែប​នេះ​នឹង​នាំ​សង្គម​មួយ​ឆ្ពោះ​ទៅ​រក​ភាព​ជ្រុលនិយមនានា… ហើយ​ធ្វើ​ឡើងវិញ​នូវ​គំរូ​គោលនយោបាយ​មិន​សមហេតុផល​ដូច​អំឡុង​ពេល​បដិវត្តន៍​វប្បធម៌​របស់​ប្រទេសចិន​ដែរ។ ការណ៍​នេះ​នឹង​នាំ​ទៅ​រក​ការ​ដួល​រលំ​ប្រទេស»៕

អត្ថបទ​នេះ​មាន​ប្រភព​ពី VOA ភាសាចិន។

ប្រែសម្រួល​ដោយ អ៊ុន សុដាវី

XS
SM
MD
LG