របាយការណ៍អ.ស.ប.៖ ការអប់រំ​​និង​សុវត្ថិភាព​សង្គម​សំខាន់​សម្រាប់​ទ្វីប​អាស៊ី​​រីក​ចម្រើន​និង​​ដោះស្រាយ​បញ្ហា​​​មនុស្ស​ចាស់

មនុស្ស​កំពុង​ធ្វើ​ដំណើរ​អំឡុងពេល​មមាញឹក​នៅ​ស្ថានីយ៍ Shinagawa កាលពីថ្ងៃទី​១៤ កុម្ភៈ ឆ្នាំ២០២៤ ក្នុង​ទីក្រុងញូវយ៉ក(AP Photo/Eugene Hoshiko)

ខណៈ​សេដ្ឋកិច្ច​តំបន់​អាស៊ី​និងប៉ាស៊ីហ្វិកមាន​កំណើន​យឺត ​ហើយ​អ្នកធ្វើការ​កាន់​ចាស់​ ប្រទេសនានា​ត្រូវ​ធ្វើ​ការ​បន្ថែម​ទៀត​ ដើម្បី​ធានា​ថា​ ក្រុម​អ្នក​ធ្វើ​ការទទួល​បាន​ការ​អប់រំ ការ​បណ្តុះបណ្តាល​ និង​សុវត្ថិភាព​សង្គម​ ដែល​គេ​ត្រូវ​ការចាំបាច់ដើម្បី​បង្កើន​ប្រាក់ចំណូល​ និងធានា​នូវ​សមភាព​សង្គម​។ នេះ​បើ​យោង​ទៅ​លើ​របាយការណ៍​មួយរបស់​អង្គការ​សហប្រជាជាតិ​ ដែល​បាន​និយាយកាល​ពី​ថ្ងៃទី​២៨​ ខែ​ឧសភា​កន្លង​ទៅ​ ហើយ​ដែល​ត្រូវ​បានស្រង់​ផ្សាយ​ដោយ​ទី​ភ្នាក់ងារ​សារព័ត៌មាន​ AP។

របាយការណ៍របស់​អង្គការ​ពលកម្ម​អន្តរជាតិ (ILO) និយាយ​ថា​ កំណើន​ផលិតកម្មមានការ​ថមថយ​ ​ដែល​ធ្វើ​ឱ្យ​ប៉ះពាល់​ដល់​ប្រាក់​ចំណូល​ និង​ការ​ចំណាយ​របស់​ក្រុម​អ្នក​ធ្វើការចំនួន​២ពាន់​លាន​នាក់​នៅ​ក្នុង​តំបន់​នេះ។ ​ជា​មួយ​នឹង​ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើង​នូវ​ផលិតកម្ម ​រដ្ឋាភិបាល​នានាអាច​ជំរុញបង្កើន​ឱ្យ​មាន​ប្រាក់ចំណូលនិង​ការ​ត្រៀមខ្លួន​ដ៏​ប្រសើរ​មួយ​សម្រាប់​កម្លាំង​ការងាររបស់​គេ ​ដែល​មាន​វ័យ​កាន់​តែ​ចាស់​ទៅ​មុខ។​ នេះ​បើ​តាមការ​លើក​ឡើង​របស់​របាយការណ៍​មួយ​នេះ។

​បុគ្គលិក​ធ្វើ​ការ​២នាក់​ក្នុង​ចំណោម៣​នាក់​នៅ​ក្នុង​តំបន់​នេះ​ ស្ថិតក្នុង​ការងារ​ក្រៅប្រព័ន្ធ​ក្នុង​ឆ្នាំ​២០២៣​ ​ដូច​ជាការងារ​ពលកម្ម​ប្រចាំ​ថ្ងៃ​ ដោយ​គ្មាន​ការការពារ​ណា​មួយ​ ដូច​ការងារ​ក្នុង​ប្រព័ន្ធនោះ​ឡើយ។ ​

«ការ​ខ្វះខាតឱកាស​ការងារដែល​ឆ្លើយ​តប​ទៅ​នឹង​ប្រភេទ​ការងារ​សមរម្យ ដែល​មាន​ប្រាក់ចំណូល​ប្រសើរ​នោះ​ មិន​ត្រឹម​តែធ្វើ​ឱ្យ​ប៉ះពាល់​ដល់​យុត្តិធម៌​សង្គមនៅក្នុង​តំបន់​ប៉ុណ្ណោះទេ​ ប៉ុន្តែ​ក៏បានបង្ហាញ​នូវ​កត្តា​ហានិភ័យ​មួយ​ ​សម្រាប់ការ​ប្រមើ​មើលទៅ​លើ​ទី​ផ្សារ​ការងារ​ផង​ដែរ​»។ នេះ​បើ​តាម​ការ​បង្ហាញ​នៃ​របាយការណ៍នេះ។​

ដោយ​បង្ហាញ​ពី​សក្តានុពលនៃ​ភាព​ប្រសើរឡើង​ ផលិតកម្ម​ការងារមានអត្រា​កំណើន​ជា​មធ្យម​ប្រចាំ​ឆ្នាំ​៤,៣ភាគរយក្នុង​អំឡុង​ពេល​ពី​ឆ្នាំ​២០០៤​ដល់​ឆ្នាំ​២០២១​ ដោយ​ជួយ​បង្កើន​ប្រាក់​ចំណូលសម្រាប់​អ្នក​ធ្វើ​ការ​ម្នាក់ៗ​ នៅ​ក្នុង​ក្របខណ្ឌ​នៃអំណាច​ចាយវាយ ដែល​ប្រៀបធៀប​ពី​បទដ្ឋាន​រស់នៅ​ប្រចាំ​ថ្ងៃ​ក្នុង​ប្រទេស​ផ្សេងៗ​គ្នា​ ដែល​ប្រើប្រាស់រូបិយប័ណ្ណ​ជា​ទូទៅ​មួយដល់​ចំនួន​១៥.៧០០​ដុល្លារ​ ពី​ចំនួន​៧.៧០០​ដុល្លារ។ ​ប៉ុន្តែ​វា​មាន​ចំនួនយឺត​ជាង​មួយ​ទសវត្សរ៍​កន្លង​ទៅ ដែល​រាំងស្ទះ​ដល់​ដំណើរការក្នុង​ការ​ធ្វើ​ឱ្យ​មាន​ការ​រីក​ចម្រើន​កាន់​តែ​ខ្លាំង​ជាង​មុន​។ នេះ​បើ​យោង​ទៅ​លើ​របាយការណ៍​នេះ។

របាយការណ៍​នេះ​ក៏​បាន​លើក​ឡើង​ផង​ដែរ​ពី​ការ​ប្រឈម​ផ្សេងៗ​ ជា​ពិសេសភាព​គ្មាន​ការងារ​ធ្វើ ក្នុង​ចំណោម​មនុស្ស​វ័យក្មេង​ ដែល​មិន​បាន​ទៅ​សាលារៀន​ ដែល​មាន​ចំនួន​ជាង​៣ដង​ នៃ​ចំនួន​មនុស្ស​ពេញវ័យ​ក្នុង​អត្រា​១៣,៧ភាគរយ។

ការ​កើន​ឡើង​នៃ​ការ​ប្រើប្រាស់បញ្ញា​សិប្បនិម្មិត​AI និង​បច្ចេកវិទ្យា​ស្វ័យប្រវត្តិកម្ម​ផ្សេងៗ​ទៀត នឹង​ធ្វើ​ឱ្យ​មនុស្ស​មួយ​ចំនួន​បាត់បង់​ការងារ​ ដោយ​ស្ត្រី​ជា​ច្រើន​ដែល​ធ្វើ​ការងារជា​លេខាធិការ​និង​ព័ត៌មាន​វិទ្យា​ទំនង​ជា​អាច​ប៉ះពាល់​ខ្លាំង​ នៅ​ពេល​ដែល​ក្រុមហ៊ុន​ជា​ច្រើន​ ពឹងផ្អែក​លើ​មជ្ឈមណ្ឌលក្រៅ​ប្រទេស​ ដែល​ផ្តល់​គុណភាព​ការងារ​ល្អ​ប្រសើរ​ក្នុង​ប្រទេស​មួយ​ចំនួន​ ​ដូច​ជា​ហ្វីលីពីន​ និង​ប្រទេស​ឥណ្ឌា​ជា​ដើម។ នេះ​បើ​តាម​ការ​លើក​ឡើង​នៃរបាយការណ៍​នេះ។

កត្តា​ផ្សេងៗ​ដទៃ​ទៀត​ មាន​ដូច​ជា​ជម្លោះ​ពាណិជ្ជកម្ម​និង​ភាព​ចលាចល​ខាង​នយោបាយ​ជាដើម បាន​គំរាម​បង្អាក់​ដល់​ការងារ​នៅ​ក្នុង​ឧស្សាហកម្ម​មួយ​ចំនួន​ ​ប៉ុន្តែ​បញ្ហាអាយុ​កាន់​តែ​ចាស់​របស់ក្រុម​អ្នក​ធ្វើ​ការ​ បានបង្ហាញ​ពី​ការប្រឈមកាន់តែ​ធំ​មួយ​ ខណៈ​ពលរដ្ឋ​ក្នុង​ប្រទេស​ជា​ច្រើនកាន់​តែ​មាន​វ័យ​ចាស់ ហើយ​មិន​មាន​ទ្រព្យធន​គ្រប់គ្រាន់។

អត្រា​ពលរដ្ឋ​ក្នុងទ្វីប​អាស៊ីដែល​មាន​អាយុ​ច្រើន​ជាង​៦៥​ឆ្នាំ​ បើ​ប្រៀបធៀប​ទៅ​នឹង​អ្នក​ដែល​មាន​អាយុ​ចន្លោះ​ពី​១៥​ទៅ​៦៤​ឆ្នាំ​ ត្រូវ​បាន​ព្យាករណ៍​ថា​នឹងកើន​ឡើង​ចំនួន​ទ្វេដង​ ដល់​រហូត​ជិត​១ភាគ៣​នៅ​ត្រឹម​ឆ្នាំ​២០៥០​ ដែល​កើន​ឡើង​ពី​ចំនួន​១៥ភាគរយ​ក្នុង​ឆ្នាំ​២០២៣។ នេះ​បើ​យោង​ទៅ​លើ​របាយការណ៍​របស់​អង្គការ​ពលកម្ម​អន្តរជាតិ​មួយ​នេះ។

ក្នុង​ប្រទេស​មួយ​ចំនួន​ដូច​ជា​ប្រទេស​ជប៉ុន​ជា​ដើម​ ​ក្រុមហ៊ុន​មួយ​ចំនួន​ដែល​ខ្វះ​បុគ្គលិក​ធ្វើការ​ បាន​ងាក​ទៅ​ប្រើប្រាស់​មនុស្សយន្ត​ ដើម្បី​បំពេញ​សេចក្តី​ត្រូវការ​របស់​គេ​ និង​ប្រើប្រាស់​ប្រព័ន្ធ​កំព្យូទ័រ​ ដើម្បី​បញ្ជា​ទិញ​អាហារ​នៅ​តាម​ភោជនីយដ្ឋាន​ ដោយ​កាត់​ចំណាយ​ម៉ោង​រង់ចាំ​ក៏​ដូច​ជា​ការដំឡើង​ម៉ាស៊ីន​ទទួល​បញ្ជាទិញ​ពីអ្នក​ទិញ​ផ្ទាល់។

របាយការណ៍​នោះក៏​បាន​ឱ្យ​ដឹង​ទៀត​ថា​ ហេតុផល​សំខាន់​មួយ​ដែល​ធ្វើ​ឱ្យ​ប្រទេស​មួយ​ចំនួន​ប្រឈម​នឹង​ការ​ខ្វះខាត​បុគ្គលិក​ធ្វើ​ការងារ បើ​ទោះ​បី​ជា​ចំនួនអ្នក​គ្មាន​ការងារ​ធ្វើ​មានច្រើន​ក្តី​ គឺ​ការ​ដែល​មិន​ស្រប​ស៊ីគ្នា​រវាង​ទំហំ​ការងារ​ ​ជំនាញ​ និង​ការសិក្សា​អប់រំ។

របាយការណ៍​នេះ​បន្ត​ទៀត​ថា​ «តំបន់​នេះ​នៅ​ខ្វះខាត​ការអភិវឌ្ឍ​ជំនាញ​ ការ​ធ្វើ​ឱ្យ​ប្រសើរ​ឡើ​នូវ​ផលិតកម្ម​និង​ការ​ទទួល​បាន​នូវ​ប្រសិទ្ធភាព​ដ៏​ធំ​មួយ​ ដែល​អាច​ជួយ​កាត់បន្ថយ​ដល់​សម្ពាធ​ប្រជាសាស្ត្រ​លើ​ទីផ្សារ​ការងារ»។

របាយការណ៍​នេះ​ក៏​បាន​កត់សម្គាល់​ផង​ដែរ​ថា​ អ្នក​ធ្វើការ​ជាង​១ភាគ៣​នៅ​ក្នុង​តំបន់​មាន​កម្រិត​សិក្សា​ទាប សម្រាប់​ការងារ​របស់​គេ​ បើ​ធៀប​នឹងក្រុម​អ្នក​ធ្វើ​ការងារ​ចំនួន​១៨​ភាគរយ​នៅ​ក្នុង​ប្រទេស​ដែល​មាន​ប្រាក់​ចំណូល​ខ្ពស់​។

ការ​រក​ឃើញ​ផ្សេងៗ​ទៀត​៖


​អ្នកធ្វើ​ការក្នុង​តំបន់​អាស៊ី​និង​ប៉ាស៊ីហ្វិកធ្វើ​ការងារ​ច្រើ​នម៉ោង​ជាងអ្នក​ធ្វើការងារ​ក្នុងតំបន់​ផ្សេងៗ​ ដែល​មាន​រយៈពេល៤៤ម៉ោង​ក្នុង​មួយ​សប្តាហ៍​ជា​មធ្យម​ ​តែបាន​ធ្លាក់​ចុះ​ពី​ចំនួន​ជាង​៤៧ម៉ោង​ក្នុង​មួយ​សប្តាហ៍​កាល​ពី​ឆ្នាំ​២០០៥។

កាល​ពី​ឆ្នាំ​២០២៣​ ​មាន​អ្នក​ធ្វើ​ការងារ​ជិត​៧៣លាន​នាក់​នៅ​ក្នុង​តំបន់​អាស៊ីប៉ាស៊ីហ្វិក​ ​បាន​រស់​នៅ​ក្នុង​កម្រិត​ក្រីក្រ​បំផុត​ ដោយ​មាន​ប្រាក់​ចំណូល​តិច​ជាង​២ដុល្លារ​១៥សេន​ក្នុង​មួយ​ថ្ងៃសម្រាប់​មនុស្ស​ម្នាក់​។

បើ​ទោះ​បី​ជា​មាន​ការ​បង្កើន​អាយុ​ចូល​និវត្តន៍ក្តី​ ក៏​កម្លាំង​ពលកម្ម​សរុបនៅ​ក្នុង​តំបន់​អាស៊ី​ប៉ាស៊ីហ្វិក​ បាន​ធ្លាក់​ចុះ​ពី​ចំនួន​៦៧​ភាគរយក្នុង​ឆ្នាំ​១៩៩១​ មក​នៅ​ត្រឹម​ប្រមាណ​៦១​ភាគរយ​ក្នុង​ឆ្នាំ​២០២៣។ វា​ត្រូវ​បាន​ព្យាករណ៍​ថា​នឹង​ធ្លាក់​ដល់​ចំនួន​៥៥​ភាគរយ​នៅ​ត្រឹម​ឆ្នាំ​២០៥០។​

តម្រូវការ​ក្រុម​អ្នក​ធ្វើ​ការ​ផ្នែក​ផ្តល់​សេវា​ថែទាំ​រយៈពេល​វែងដល់​មនុស្ស​ចាស់​ក្នុង​តំបន់​ ត្រូវ​បាន​ព្យារករណ៍ថា​ នឹង​កើន​ឡើង​ជាង​២ដង​ ដល់​ចំនួន​៩០​លាន​នាក់ត្រឹម​ឆ្នាំ​២០៥០​ ពី​ចំនួន​៤៦​លាន​នាក់​កាល​ពីឆ្នាំ​២០២៣។ ​ការណ៍​នេះ​នឹង​បង្កើនចំនួន​សមាមាត្រអ្នក​ធ្វើ​ការងារ​លើ​វិស័យ​នេះ​ដល់​ចំនួនសរុប​៤,៣​ភាគរយ​ ពី​ចំនួន​២,៣​ភាគរយ​នៅ​ពេល​នេះ៕


ប្រែសម្រួល​ដោយ​លោក​ ជ្រា វណ្ណារិទ្ធ