អង្គការ​សហប្រជាជាតិ​ចាប់​ផ្តើម​ស៊ើប​អង្កេត​ការ​ស្លាប់​មនុស្ស​ក្នុង​សង្គ្រាម​ប្រឆាំង​ថ្នាំ​ញៀន​នៅ​ហ្វីលីពីន

រូប​ឯកសារ៖ បាតុករ​កាន់​បដា​និង​ផ្ទាំង​ក្រណាត់​ ធ្វើ​បាតុកម្ម​ដោយ​មាន​រថ​យន្ត​ដឹក​សព​យុវជន​អាយុ ១៧​ឆ្នាំ​ ឈ្មោះ Kian Loyd delos Santos កាល​ពី​ឆ្នាំ​២០១៧ នៅ​ប្រទេស​ហ្វីលីពីន។ ការ​សម្លាប់​នោះ​ធ្វើ​ឲ្យ​មាន​ការ​ខឹង​សម្បា​ជាមួយ​យុទ្ធនាការ​ប្រឆាំង​គ្រឿង​ញៀន​របស់​ប្រធានាធិបតី Duterte។

​ក្រុម​ប្រឹក្សា​សិទ្ធិ​មនុស្សរបស់​អង្គការ​សហ​ប្រជាជាតិ ​បាន​បោះ​ឆ្នោត​ឲ្យ​ចាប់​ផ្តើម​ស៊ើប​អង្កេតក្នុងការ​ចោទ​ប្រកាន់​ពី​ការ​សម្លាប់ជន​ជាតិ​ហ្វីលីពីន​រាប់​ពាន់​នាក់​ក្នុង​អំឡុង​នៃ​សង្គ្រាម​របស់​រដ្ឋាភិបាល​លើ​ថ្នាំ​ញៀន។

វិធានការ​នោះ​បាន​ដាក់​ស្នើ​ឡើង​ដោយ​ប្រទេស​អ៊ីស្លង់ ​បាន​ទទួល​ការ​យល់​ព្រម​ដោយ​សំឡេង​ឆ្នោត​១៨​ទល់​នឹង​១៤​កាល​ពី​ថ្ងៃ​ព្រហស្បតិ៍។ វិធានការ​នោះ​យោង​ដល់​ការ​សម្លាប់​ដោយ​គ្មាន​ការ​ជំនុំ​ជម្រះ ​ការ​ចាប់​ខ្លួន​តាម​ទំនើង​ចិត្ត​និង​ការ​បាត់​ខ្លួន​ដោយ​សារ​ប៉ូលិស​ចាប់​តាំង​ពី​ប្រធានាធិបតី ​Rodrigo Duterte​ បាន​ចាប់​ផ្តើម​យុទ្ធនាការ​ប្រឆាំង​ថ្នាំ​ញៀនក្នុង​ឆ្នាំ​២០១៦។

លោក​ Evan Garcia ​ឯកអគ្គ​រដ្ឋទូត​ហ្វីលីពីនក្នុង​ទីក្រុង​ហ្សឺណែវ បាន​ស្តី​បន្ទោស​ភ្លាមៗ​ដល់​ចំណាត់​ការ​របស់​អង្គការ​សហប្រជាជាតិ​ដោយ​និយាយថា ​វិធានការ​នោះ​មិន​តំណាង​ឲ្យ​ជ័យ​ជម្នះ​របស់​សិទ្ធិ​មនុស្ស​ទេ ​ក៏ប៉ុន្តែ ​វា​ជាការ​ចំអក​ទៅ​វិញ​ទេ។

សកម្ម​ជន​ហ្វីលីពីន ​បាន​អះអាង​ថា ​មនុស្ស​២​ម៉ឺន​៧​ពាន់​នាក់​បាន​ត្រូវ​សម្លាប់​នៅ​ពេល​ដែល​ប៉ូលិស​ធ្វើ​ឲ្យ​ស្លន់​ស្លោ​សហគមន៍​ក្រីក្រ​ដោយ​ប្រើ​បញ្ជី​ឃ្លាំ​មើល​ដើម្បី​កំណត់​អត្តសញ្ញាណ​ពួក​អ្នក​ប្រើ​ថ្នាំ​ញៀន​ឬ​អ្នកលក់​ថ្នាំ​ញៀន។​ រដ្ឋាភិបាល​បាន​ប្រាប់​ឲ្យដឹង​ថា​មនុស្ស​៦.៦០០រយ​នាក់ ​បាន​ត្រូវ​ប៉ូលិស​សម្លាប់​នៅ​ក្នុង​ការ​បាញ់ប្រហារ​ជាមួយ​មេដឹកនាំ​ជួញដូរ​ថ្នាំ​ញៀន។

សេចក្តី​សម្រេច​នោះ​បាន​ត្រូវ​ស្វាគមន៍​ដោយអង្គការ​សិទ្ធិ​មនុស្ស។ អង្គការ​សិទ្ធិ​មនុស្ស​ Amnesty International បាន​ប្រាប់​ឲ្យ​ដឹង​នៅ​ក្នុង​សេចក្តី​ថ្លែងការណ៍​ថា៖ «ការ​បោះ​ឆ្នោត​នេះ ​ផ្តល់​សេចក្តី​សង្ឃឹម​សម្រាប់​ក្រុម​គ្រួសារ​ដែល​មាន​អ្នក​ស្លាប់​រាប់​ពាន់​នាក់​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន។ សេចក្តី​សម្រេច​នេះ ​ជាវិធានការ​ដ៏​សំខាន់​មួយ​ឆ្ពោះ​ទៅ​កាន់​យុត្តិធម៌​និង​ការ​ទទួល​ខុស​ត្រូវ»៕