ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេធាវី​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ Amal Clooney នឹង​ជួយ​ការពារ​ក្ដី​ឲ្យ​អ្នកកាសែត​ហ្វីលីពីន


រូបឯកសារ៖ មេធាវីសិទ្ធិមនុស្សអន្តរជាតិអ្នកស្រី Amal Clooney ចូលរួមក្នុងកិច្ចប្រជុំរដ្ឋមន្រ្តីការបរទេស G7 នៅក្រុង Dinard កាលពីថ្ងៃទី០៥ ខែមេសា ឆ្នាំ២០១៩។

អ្នកស្រី Clooney បាន​ហៅ​អ្នកស្រី Ressa ថា​ជា​ «​អ្នក​កាសែត​ដ៏​ក្លាហាន​ម្នាក់​ដែល​កំពុង​ត្រូវ​បាន​ធ្វើ​ទុក្ខបុកម្នេញ​ចំពោះ​ការ​រាយការណ៍​ព័ត៌មាន​​ និង​ការ​ហ៊ាន​ប្រឈម​មុខ​នឹង​ការ​បំពាន​សិទ្ធិមនុស្ស»។

មេធាវី​ការពារ​សិទ្ធិមនុស្ស​អន្តរជាតិ អ្នកស្រី Amal Clooney និង​អ្នកស្រី Caoilfhionn Gallagher QC នឹង​ដឹក​នាំ​ក្រុម​មេធាវី​មួយ​ក្រុម​ ដើម្បី​ជួយ​ការពារ​ក្ដី​ឲ្យ​អ្នកកាសែត​ហ្វីលីពីន ​អ្នកស្រី Maria Ressa ដែល​ជា​អ្នក​រិះគន់​ជា​រឿយៗ​ដល់​ប្រធានាធិបតី​ហ្វីលីពីន លោក Rodrigo Duterte។

នៅ​សេចក្ដីថ្លែងការណ៍​មួយ​ដែល​ត្រូវ​បាន​ចេញ​ផ្សាយ​ដោយ​ក្រុមហ៊ុន​ច្បាប់​របស់​អ្នកស្រី Clooney គឺ​ក្រុមហ៊ុន Doughty Street Chambers ដែល​មាន​មូលដ្ឋាន​នៅ​ទីក្រុងឡុងដ៏ ចក្រភពអង់គ្លេស អ្នកស្រី Clooney បាន​ហៅ​អ្នកស្រី Ressa ថា​ជា​ «អ្នក​កាសែត​ដ៏​ក្លាហាន​ម្នាក់​ដែល​កំពុង​ត្រូវ​បាន​ធ្វើ​ទុក្ខបុកម្នេញ​ចំពោះ​ការ​រាយការណ៍​ព័ត៌មាន​និង​ការ​ហ៊ាន​ប្រឈម​មុខ​នឹង​ការ​បំពាន​សិទ្ធិមនុស្ស»។

អ្នកស្រី Ressa ដែល​ត្រូវ​បាន​កាសែត Time magazine ចាត់ទុក​ជា​បុគ្គល​មាន​ស្នាដៃ​នៅ​ក្នុង​ឆ្នាំ​២០១៨​នោះ គឺ​ជា​ សហស្ថាបនិក​គេហទំព័រ​ព័ត៌មាន​ Rappler។

នៅ​ក្នុង​ប្រអប់​បញ្ចេញ​មតិ​ក្នុង​ប្រតិបត្តិព័ត៌មាន Columbia Journalism Review ដែល​បាន​ចេញ​ផ្សាយ​ក្នុង​ឆ្នាំ​នេះ អ្នកស្រី Ressa បាន​ចោទប្រកាន់​លោក Duterte ថា​បាន​ដឹកនាំ​យុទ្ធនាការ​ជា​លក្ខណៈប្រព័ន្ធ​ប្រឆាំង​នឹង​ស្ថាប័ន​ព័ត៌មាន​និង​អ្នកកាសែត ដោយ​រួម​ទាំង​រូប​អ្នកស្រី​ផ្ទាល់​ផង​ដែរ។

អ្នកស្រី Ressa បាន​ប្រាប់​បណ្ដាញ​សារព័ត៌មាន​បារាំង​កាល​ពី​ថ្ងៃ​អង្គារ​ថា អ្នកស្រី​ប្រឈម​នឹង​បទចោទប្រកាន់​ចំនួន​១១​ករណី ដែល​តម្រូវ​ឲ្យ​អ្នកស្រី​បង់ប្រាក់​ស្ថិត​នៅ​ក្រៅ​ឃុំ​ចំនួន​ ៨​ដង និង​ត្រូវ​បង់ប្រាក់​លើ​សំបុត្រ​ធានា​ដើម្បី​អាច​ធ្វើ​ដំណើរ​ទៅ​បរទេស​បាន។ ​

អ្នកស្រី Ressa ថ្លែង​ថា អ្នកស្រី​ត្រេកអរ​ណាស់ ដែល​អ្នកស្រី Clooney និង​ក្រុម​ការងារ​របស់​អ្នកស្រី​នឹង​ជួយ​ការពារ​ក្ដី​ឲ្យ​អ្នកស្រី​ដើម្បី​តតាំង​នឹង​ការ​បំពាន​ទៅ​លើ​សិទ្ធិ​របស់​អ្នកស្រី​និង​ស្ថាប័ន​ព័ត៌មាន​នានា​ដែល​អ្នកស្រី​ជា​អ្នក​តំណាង។

អតីត​ទីប្រឹក្សា​ច្បាប់​របស់​លោក Duterte បាន​ច្រានចោល​ការ​ប្រកាស​នេះ ដោយ​និយាយ​ថា អ្នកស្រី Clooney មិន​អាច​ការពារ​ក្ដី​នៅ​ក្នុង​ប្រទេស​ហ្វីលីពីន​បាន​ទេ។ លោក​បាន​បន្ថែម​ថា ប៉ុន្តែ​លោក​មាន​ការ​រំភើប​ចិត្ត​ដែល​អាច​ពិភាក្សា​តទល់​ជាមួយ​នឹង​មេធាវី​ដ៏​ស្រស់ស្អាត​និង​ស៊ិចស៊ី​រូប​នេះ៕ ​

XS
SM
MD
LG