ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​ Amnesty International រិះគន់​សង្គ្រាម​ប្រឆាំង​គ្រឿង​ញៀន​របស់​លោក Duterte ថា​ជា​ប្រតិបត្តិការ​សម្លាប់​មនុស្ស​ទ្រង់ទ្រាយ​ធំ


នៅ​មុន​១ថ្ងៃ​នៃ​ថ្ងៃ​ខួប​កំណើត​របស់​លោក​ប្រធានាធិបតី Rodrigo Duterte និស្សិត​មក​ពី​សាកលវិទ្យាល័យ University of the Philippines សរសេរ​សារ​របស់​ខ្លួន​នៅ​ក្នុង​រង្វង់​ភ្លើង​ទៀន ដែល​រំឭក​ដល់​វិញ្ញាណក្ខន្ធ​អនីតិជន​៧៤នាក់​ដែល​ត្រូវ​បាន​គេ​សម្លាប់​នៅ​ក្នុង​សង្គ្រាម​គ្រឿង​ញៀន។

រដ្ឋាភិបាល​ហ្វីលីពីន​និង​កងកម្លាំង​ប៉ូលិស​បាន​ប្រើប្រាស់​សង្គ្រាម​ប្រឆាំង​នឹង​គ្រឿង​ញៀន​ធ្វើ​ជា​លេស​ដើម្បី​សម្លាប់​មនុស្ស​ពាសវាល​ពាសកាល។ នេះ​បើ​យោង​តាម​របាការណ៍ថ្មី​មួយ​របស់​អង្គការ​ឃ្លាំ​មើល​សិទ្ធិមនុស្ស Amnesty International ដែល​បាន​អំពាវនាវ​ដល់​អង្គការ​សហប្រជាជាតិ​ឲ្យ​បើក​ការស៊ើបអង្កេត​ទៅ​លើ​លទ្ធភាព​ដែល​គោលនយោបាយ​ប្រឆាំង​គ្រឿង​ញៀន​អាច​បង្ក​ជា​សង្គ្រាម​ប្រឆាំងនឹង​មនុស្ស​ជាតិ។

របាយការណ៍​ដែល​មាន​ចំណង​ជើង​ថា They Just Kill ឬ​មាន​ន័យ​ថា​សម្លាប់​ដោយ​គ្មាន​ហេតុផល​ បាន​ចោទប្រកាន់​មន្ត្រី​ប៉ូលិស​ហ្វីលីពីន​ថា​ជា​រឿយៗ​ប្រឌិត​រក​ហេតុផល​នានា ​ដើម្បី​ប្រើប្រាស់​ការ​បង្ក្រាប​ដោយ​អាវុធ​ទៅ​លើ​ជនសង្ស័យ​ដែល​មាន​ជាប់ពាក់​ព័ន្ធ​នឹង​គ្រឿង​ញៀន។ យោង​តាម​របាយការណ៍​ថ្មី​នេះ​ ក្រុមមន្ត្រី​ប៉ូលិស​តែងតែ​យក​លេស​ថា​ ពួកគេ​ប្រើ​អាវុធ​ដោយសារ​តែ​ជន​សង្ស័យ​បាន​បាញ់​បក​មក​លើ​កម្លាំង​ប៉ូលិស​វិញ ​នៅ​អំឡុងពេល​ប្រតិបត្តិការ​បង្ក្រាប​គ្រឿងញៀន។​

របាយការណ៍​បាន​ចោទ​ប្រកាន់​ទៀត​ថា​ ធាតុពិត​ក្នុង​នាម​ជា​បុគ្គល ​ពួកជនសង្ស័យ​ទាំង​នោះ​គ្មាន​កាំភ្លើង​ផ្ទាល់​ខ្លួន​ទេ​ ឬ​គ្មាន​ប្រាក់​ទិញ​កាំភ្លើង​ទេ។

អ្នកស៊ើបអង្កេត​ហ្វីលីពីន​ម្នាក់​ត្រូវ​បាន​ដកស្រង់​សម្តី​នៅក្នុង​របាយការណ៍​នេះ​ថា «ករណី​នីមួយៗត្រូវ​បាន​រាយការណ៍​ដូចៗ​គ្នា។ ធាតុពិត​នៅ​ពេល​អ្នកអាន​របាយការណ៍របស់​ប៉ូលីស​ អ្នក​នឹង​ដឹង​ថា​វា​មើល​ទៅ​ហាក់​ដូចជា​របាយការណ៍​គំរូ​មួយ​អ៊ីចឹង»។

អង្គការ Amnesty International ក៏​បាន​បញ្ជាក់​ផងដែរ​ថា «បញ្ជី​តាមដាន​ថ្នាំ​ញៀន»​ ត្រូវ​បាន​គេ​ប្រើប្រាស់​ដើម្បី​ស្វែងរក​បុគ្គលនានា​ដែល​ជាប់​ពាក់ព័ន្ធ​ជាមួយ​នឹង​ពាណិជ្ជកម្ម​ថ្នាំញៀន​ ដែល​មិន​អាច​ទុកចិត្ត​បាន​ មិនស្រប​តាមច្បាប់​ និង​មិន​អាច​ផ្ទៀងផ្ទាត់​បាន» និង​ជា​ផ្នែក​មួយ​នៃ​គោលនយោបាយ​ទូលំទូលាយ​មួយ​ដែល​លើកទឹក​ចិត្ត​ឲ្យ​មន្ត្រី​ប្រើប្រាស់​អាវុធ​បង្ក្រាប​ជនសង្ស័យ។

លោក Nicholas Bequelin នាយក​ប្រចាំ​តំបន់​អាស៊ី​ខាងកើត​និង​អាស៊ីអាគ្នេយ៍នៃ​អង្គការ Amnesty International បាន​ថ្លែង​ថា «ប្រព័ន្ធ​ដ៏​ឃោរឃៅ​និង​សាហាវ​នេះ​ត្រូវ​បាន​យក​ទៅ​អនុវត្ត​និងសម្លាប់​មនុស្ស​យ៉ាង​ងងឹត​ងងុល»។

ជាការឆ្លើយតប​ទៅ​នឹង​ការ​រក​ឃើញ​ទាំង​នេះ​ ក្រុមការពារ​សិទ្ធិមនុស្ស​បាន​អំពាវនាវ​ដល់​អង្គការ​សហប្រជាជាតិ​ឲ្យ​បើក​ការស៊ើបអង្កេត​មួយ​ទៅលើ​ការ​សម្លាប់​ទាំងនេះ៕

XS
SM
MD
LG