នៅឯសវនាការសាធារណៈរបស់អង្គការសហប្រជាជាតិដើម្បីពិនិត្យមើលប្រវត្តិសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក អាមេរិកបានបង្កើនការការពារយ៉ាងខ្លាំងក្លាក្នុងការស្វែងរកយុត្តិធម៌របស់រដ្ឋាភិបាលទីក្រុងវ៉ាស៊ីនតោនសម្រាប់ពលរដ្ឋទាំងអស់របស់ខ្លួន។
ក្នុងអំឡុងពេលនៃសវនាការពាក់កណ្តាលថ្ងៃដែលបានធ្វើឡើងដោយក្រុមប្រឹក្សាសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិនៅក្នុងទីក្រុងហ្សឺណែវនេះ ពួកតំណាងមកពីប្រទេស១១៧បានចោទសួរសហរដ្ឋអាមេរិកអំពីបញ្ហានានា រួមមានភាពព្រៃផ្សៃរបស់ប៉ូលិស ការប្រកាន់ពូជសាសន៍ហើយនឹងការធ្វើទារុណកម្ម។
ក្រុមអ្នកច្បាប់ដ៏ធំមួយរបស់សហរដ្ឋអាមេរិកបានឆ្លើយតបសំណួរនិងការរិះគន់យ៉ាងខ្លាំងពីរដ្ឋជាសមាជិករបស់អង្គការសហប្រជាជាតិអំពីប្រវត្តិសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក។ ការពិនិត្យមើលជាច្រើនបំផុតហើយនឹងការបង្ហាញនូវការជំទាស់យ៉ាងខ្លាំងនេះគឺទាក់ទងនឹងការចោទប្រកាន់អំពីអំពើរើសអើងប្រឆាំងនឹងជនជាតិភាគតិចហើយនឹងការប្រើកម្លាំងហួសហេតុដោយភ្នាក់ងារពង្រឹងច្បាប់។
គណៈប្រតិភូសហរដ្ឋអាមេរិកបាននិយាយថា ខ្លួនមានមោទនភាពអំពីប្រវត្តិសិទ្ធិមនុស្សរបស់អាមេរិក ក៏ប៉ុន្តែបានសារភាពថា ប្រវត្តិសិទ្ធិមនុស្សនេះ មិនមែនល្អឥតខ្ចោះនោះទេ។ លោក James Cadogan ទីប្រឹក្សាជាន់ខ្ពស់របស់ភូឈួយរងរដ្ឋមន្រ្តីក្រសួងយុត្តិធម៌សហរដ្ឋអាមេរិក ពន្យល់អំពីករណីចម្រូងចម្រាស់ជាច្រើនពាក់ព័ន្ធនឹងប៉ូលិស និងជនជាតិភាគតិច រួមមានការបាញ់សម្លាប់យុវជន Michael Brown អាយុ១៨ឆ្នាំនៅក្នុងទីក្រុង Fergusonរដ្ឋ Missouri កាលពីឆ្នាំទៅ។ មន្រ្តីប៉ូលិសដែលបានបាញ់សម្លាប់យុវជនអាមេរិកាំងដើមកំណើតអាហ្វ្រិកនោះ មិនបានរងការចោទប្រកាន់ទេ។
លោក Cadogan ដែលធ្វើការនៅក្នុងផ្នែកសិទ្ធិពលរដ្ឋ បាននិយាយថា ក្រសួងយុត្តិធម៌ធ្វើការស៊ើបអង្កេតហើយនឹងចាត់វិធានការខាងបណ្តឹងរដ្ឋប្បវេណីដើម្បីផ្លាស់ប្តូរគោលនយោបាយប៉ូលិសដែលប្រព្រឹត្តខុសច្បាប់ ឬការរើសអើង នៅពេលដែលបញ្ហាជាប្រព័ន្ធនេះកើតឡើង។
«ឧទាហរណ៍ នៅខែមិនា យើងបានបញ្ចេញសេចក្តីរាយការណ៍ដែលរកឃើញថា ក្រសួងប៉ូលិសទីក្រុង Ferguson រដ្ឋ Missouri បានទាក់ទិននៅក្នុងអំពើរើសអើងខាងជាតិសាសន៍។ លើសពីនេះទៅទៀត យើងបានបើកការស៊ើបអង្កេតជាង២០ករណីនៅក្នុងរយៈពេល៦ឆ្នាំកន្លងមកនេះ រួមមានការស៊ើបអង្កេតក្នុងក្រសួងប៉ូលិសនៅទីក្រុងបាល់ទីម័រ ដែលបានប្រកាសកាលពីថ្ងៃសុក្រ។ ហើយនៅពេលបច្ចុប្បនេះ យើងកំពុងពង្រឹងកិច្ចព្រមព្រៀងជាប្រវត្តិសាស្រ្តចំនួន១៦ជាមួយទីភ្នាក់ងាររដ្ឋ ឬទីភ្នាក់ងារពង្រឹងច្បាប់ក្នុងមូលដ្ឋាន»។
ការស៊ើបអង្កេតក្នុងទីក្រុងបាល់ទីម័រ រដ្ឋម៉ារីឡេនបានកើតមានឡើង ក្រោយពី Freddie Gray ជនជាតិអាមេរិកាំងដើមកំណើតអាហ្វ្រិកអាយុ២៥ឆ្នាំ បានស្លាប់នៅក្នុងការឃុំឃាំងរបស់ប៉ូលិស។ មន្រ្តីប៉ូលិស៦នាក់នៅក្នុងរឿងក្តីនេះបានរកការចោទប្រកាន់ពីបទធ្វើឲ្យយុវជន Gray ស្លាប់។
មនុស្សដែលនិយាយថា ពួកគេជាជនរងគ្រោះនៃការរើសអើងខាងជាតិសាសន៍ហើយដែលបានចូលរួមក្នុងសវនាការនោះ មិនបានពេញចិត្តនឹងការធានាអះអាងរបស់សហរដ្ឋអាមេរិកដែលថា ខ្លួនបានខិតខំអស់ពីសមត្ថភាពដើម្បីលុបបំបាត់ការប្រើកម្លាំងហួសហេតុ និងអំពើរើសអើងនៅក្នុងកងកម្លាំងប៉ូលិសរបស់អាមេរិកទេ។
មនុស្សម្នាក់បានបង្ហាញកសិណសាក្សីនៅខាងក្រៅសន្និសីទអំពីការឈឺចាប់ដែលគ្មានទីបញ្ចប់នោះ។ លោកបាននិយាយថា លោកនិងក្រុមគ្រួសាររបស់លោកបានស៊ូទ្រាំការឈឺចាប់ បន្ទាប់ពីប៉ូលិសបានបាញ់សម្លាប់បងប្អូនស្រីរបស់លោក។ មន្រ្តីប៉ូលិស ដែលចេញពីធ្វើការនៅក្រុងឈីកាហ្គោ បានបាញ់សម្លាប់បងប្អូនស្រីរបស់លោក Matinez Sutton ឈ្មោះ Rekia Boyed កាលពីថ្ងៃទី២១ ខែមិនា ឆ្នាំ២០១២ ខណៈដែលអ្នកស្រីបានស្ថិតនៅឧទ្យានជាមួយមិត្តភក្តិ។
បីសប្តាហ៍ក្រោយមក មន្រ្តីប៉ូលិសដែលបានបាញ់អ្នកស្រី Boyed នោះ បានរួចពីការចោទប្រកាន់ ដែលមេធាវីសិទ្ធិពលរដ្ឋហៅថា ការកាត់ទោសមានគុណវិបត្តិ។លោក Sutton បានប្រាប់ VOA ថា លោកមិនរំពឹងថា នឹងមានការផ្លាស់ប្តូរទេ បន្ទាប់ពីការតវ៉ា ការបះបោរអំពីការសម្លាប់យុវជន Michael Brown ឬ Freddie Gray នោះ។
«ខ្ញុំមកទីនេះដើម្បីបង្កើនការយល់ដឹងអំពីបញ្ហានេះ ដូចដែលខ្ញុំបានធ្វើ៣ឆ្នាំមកហើយ។ ខ្ញុំបានទៅគ្រប់ទីកន្លែងដើម្បីសុំឲ្យគេជួយ។ ខ្ញុំមិនរំពឹងថា ពួកគេនឹងចាត់វិធានការអ្វីទេ ពីព្រោះនេះជាការជាក់ស្តែង។ ការណ៍នេះកើតមានអស់រយៈពេលជាច្រើនឆ្នាំមកហើយ។ តើគេបានធ្វើអ្វីខ្លះ? ដូចដែលខ្ញុំបាននិយាយកាលពីមុនហើយ ពួកគេនិយាយថា អ្នកមានកំហុសត្រូវតែទទួលទោស។ ខ្ញុំចង់ឲ្យពួកគេបង្ហាញឲ្យឃើញជាក់ស្តែង មិនមែននិយាយតែមាត់នោះទេ»។
រដ្ឋដែលចូលរួមនៅក្នុងការជជែកដេញដោលនេះបានផ្តល់អនុសាសន៍មួយចំនួនដល់សហរដ្ឋអាមេរិក។ អនុសាសន៍ទាំងនោះរួមមានការទាមទារឲ្យសហរដ្ឋអាមេរិកលុបចោលទោសប្រហារជីវិត បិទមជ្ឈមណ្ឌលឃុំឃាំង Guantanamo រារាំងសកម្មភាពធ្វើទារុណកម្មនៅក្នុងតំបន់នានានៅខាងក្រៅសហរដ្ឋអាមេរិក លុបបំបាត់ការរើសអើងខាងជាតិសាសន៍គ្រប់ទម្រង់ទាំងអស់ហើយនឹងប្រយុទ្ធប្រឆាំងអំពើហិង្សាប្រឆាំងនឹងស្រ្តី។
សវនាការសាធារណៈរបស់អង្គការសហប្រជាជាតិនេះគឺជាផ្នែកមួយនៃអ្វីដែលហៅថា ការសើរើពិនិត្យមើលជាសាកលដែលប្រទេសទាំងអស់ជាសមាជិកអង្គការសហប្រជាជាតិចំនួន១៩៣ ត្រូវតែធ្វើជារៀងរាល់៤ឆ្នាំ។ នេះជាលើកទី២ហើយដែលប្រវត្តិសិទ្ធិមនុស្សរបស់សហរដ្ឋអាមេរិក បានត្រូវគេពិនិត្យនៅក្រោមនីតិវិធីនេះ។ របាយការណ៍របស់អង្គការសហប្រជាជាតិស្តីពីការត្រួតពិនិត្យមើលប្រវត្តិសិទ្ធិមនុស្សនិងអនុសាសន៍របស់អង្គការសហប្រជាជាតិនេះមានគម្រោងនឹងអនុម័តនៅថ្ងៃសុក្រនេះ៕
ប្រែសម្រួលដោយជឹង ប៉ូជីន