ប្រធានទីភ្នាក់ងារកម្មវិធីស្បៀងអាហារពិភពលោក (WFP) របស់អង្គការសហប្រជាជាតិ បាននិយាយថា មនុស្សជាច្រើនកំពុងជួបគ្រោះអត់ឃ្លានរហូតដាច់ពោះស្លាប់នៅក្នុងទីក្រុង Mariupol របស់អ៊ុយក្រែនដែលបានស្ថិតក្រោមការឡោមព័ទ្ធរបស់កងទ័ពរុស្ស៊ី ហើយបានប៉ាន់ស្មានថា វិបត្តិមនុស្សធម៌នៅក្នុងប្រទេសនេះ ទំនងជាធ្លាក់ចូលក្នុងស្ថានភាពកាន់តែអាក្រក់ខ្លាំងឡើង ខណៈពេលកងទ័ពរុស្ស៊ី បង្កើនការវាយប្រហារក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន AP។
ប្រធានប្រតិបត្តិរបស់ទីភ្នាក់ងារកម្មវិធីស្បៀងអាហារពិភពលោក WFP លោក David Beasley ក៏បានព្រមានផងដែរនៅក្នុងបទសម្ភាសន៍មួយកាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញជាមួយទីភ្នាក់ងារព័ត៌មានAPក្នុងទីក្រុងកៀវប្រទេសអ៊ុយក្រែនថា ការឈ្លានពានរបស់រុស្ស៊ីលើអ៊ុយក្រែនដែលធ្លាប់ជាប្រទេសនាំចេញគ្រាប់ធញ្ញជាតិដ៏ធំមួយនោះ អាចបង្កអស្ថិរភាពដល់បណ្តាប្រទេសមួយចំនួននិងអាចធ្វើឲ្យមានជនចំណាកស្រុកដែលស្វះស្វែងរកជីវភាពប្រសើរជាងនេះនៅទីកន្លែងផ្សេងៗទៀត។
លោកបន្ថែមទៀតថា សង្គ្រាមក្នុងប្រទេសអ៊ុយក្រែន ដែលបានចាប់ផ្តើមកាលពីថ្ងៃទី២៤ ខែកុម្ភៈមកនោះ បានបំផ្លាញពលរដ្ឋអ៊ុយក្រែន។ លោកក៏មានក្តីបារម្ភផងដែរដែលទីភ្នាក់ងារ WFP និងអង្គការផ្តល់ជំនួយផ្សេងៗទៀត មិនអាចចូលទៅដល់ទីកន្លែងដែលពលរដ្ឋអ៊ុយក្រែនត្រូវការជំនួយចាំបាច់ ដោយសារតែសង្គ្រាម។
លោកបន្តទៀតថា «ខ្ញុំមិនបានមើលឃើញនូវស្ថានភាពធូរស្រាលណាមួយឡើយ។ គឺខ្ញុំមើលមិនឃើញសោះឡើយ»។
ស្ថានភាពនៃជម្លោះមានការប្រែប្រួលដោយការប្រយុទ្ធគ្នា ត្រូវបានងាកចេញពីរដ្ឋធានីកៀវឆ្ពោះទៅកាន់តំបន់ភាគខាងកើតអ៊ុយក្រែនវិញដែលនេះវាធ្វើឲ្យមានការលំបាកកាន់តែខ្លាំងថែមទៀតដើម្បីចូលទៅដល់ពលរដ្ឋអ៊ុយក្រែនដែលកំពុងជួបនឹងបញ្ហាអត់ឃ្លាននោះ។
ទីភ្នាក់ងារ WFP បានព្យាយាមផ្គត់ផ្គង់ស្បៀងអាហារនៅក្នុងតំបន់ជាច្រើនដែលកំពុងស្ថិតនៅក្នុងការប្រយុទ្ធគ្នា ក៏ប៉ុន្តែលោក Beasley បានទទួលស្គាល់ថា វាមានបញ្ហាពិបាកជាច្រើន ខណៈដែលស្ថានភាពកំពុងវិវត្តយ៉ាងឆាប់រហ័សនោះ។
លោកនិយាយទៀតថា បញ្ហាដែលមិនអាចចូលទៅដល់ទីកន្លែងផ្តល់ជំនួយជាបញ្ហាមួយ ប៉ុន្តែការខ្វះកម្លាំងពលកម្មនិងប្រេងឥន្ធនៈ ក៏ជាប្រភពមួយដែលបានបន្ទុចបង្អាក់ដល់កិច្ចប្រឹងប្រែងដល់ការផ្តល់ជំនួយសង្គ្រោះផងដែរ។
លោក Beasley ក៏បានបង្ហាញពីក្តីបារម្ភជាពិសេសនៅទីក្រុងកំពង់ផែ Mariupol ដែលកំពុងស្ថិតនៅក្រោមឡោមព័ទ្ធរបស់កងទ័ពរុស្ស៊ីនិងបានធ្វើឲ្យជនស៊ីវិលអ៊ុយក្រែនប្រមានជាង១សែននាក់ កំពុងជាប់នៅទីនោះដោយពួកគេកំពុងត្រូវការជំនួយស្បៀងអាហារ ទឹកនិងកម្តៅក្នុងរដូវរងារជាចាំបាច់នោះ។
កងទ័ពរុស្ស៊ីដែលកំពុងគ្រប់គ្រងតំបន់ជុំវិញចូលទៅកាន់ទីក្រុងនេះ មិនអនុញ្ញាតឲ្យមានការផ្តល់ជំនួយ បើទោះបីជាទីភ្នាក់ងារWFP បានទាមសុំចូលទៅក្តី៕