ដំណើរការកាត់ក្តីលោកកឹម សុខា មេដឹកនាំគណបក្សសង្គ្រោះជាតិ ដែលត្រូវបានរំលាយ បានប្រព្រឹត្តទៅប្រកបដោយភាពមិនប្រក្រតី និង «គ្មានគុណភាព»។ នេះជាការបញ្ជាក់របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ (អ.ស.ប.)ក្នុងសេចក្តីប្រកាសមួយដែល VOA បានទទួលនៅថ្ងៃសុក្រនេះពីទីស្នាក់ការកណ្តាលរបស់ខ្លួនក្នុងទីក្រុងហ្សឺណែវ។
សវនាការកាត់ក្តីលោកកឹម សុខា បានចាប់ផ្តើមកាលពីថ្ងៃទី១៥ ខែមករា ឆ្នាំ២០២០ នៅតុលាការក្រុងភ្នំពេញក្រោមបរិយាកាសរឹតត្បិតមិនឲ្យអ្នកសារព័ត៌មានចូលរួម និងក្រោមការឃ្លាំមើលពីក្រុមអង្គការសិទ្ធិមនុស្សក្នុងស្រុក និងក្រៅប្រទេស។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិ បានបង្ហាញក្តីកង្វល់ អំពីការជំនុំជម្រះក្តីពី បទក្បត់ជាតិ ដែលបានចាប់ផ្តើមក្នុងសប្តាហ៍នេះ ប្រឆាំងនឹងលោកកឹម សុខា មេដឹកនាំគណបក្សប្រឆាំងនៅកម្ពុជា។ ក្រុមអ្នកជំនាញ បានកត់សម្គាល់ថា ដំណើរការទាំងមូលចាប់ពីការចោទប្រកាន់រហូតដល់ ការជំនុំជម្រះក្តី «គ្របដណ្តប់ដោយភាពមិនប្រក្រតី»។
ក្រុមអ្នកជំនាញសិទ្ធិមនុស្សរបស់អង្គការសហប្រជាជាតិ បានមានប្រសាសន៍នៅក្នុងសេចក្តីប្រកាស ថា៖ «យើង មានហេតុផលរឹងមាំអាចជឿថាការចោទប្រកាន់ពីបទក្បត់ជាតិប្រឆាំងនឹងលោក សុខា គឺជាហេតុផលនយោបាយ ហើយការចោទប្រកាន់នេះវាក៏ជាផ្នែកនៃលំនាំមួយកាន់តែធំជាងនេះនៃការប្រើប្រាស់ច្បាប់មិនត្រឹមត្រូវ ដើម្បីដាក់គោលដៅទៅលើគូប្រជែងនយោបាយ និងអ្នករិះគន់រដ្ឋាភិបាល»។
ក្រុមអ្នកជំនាញអ្នកជំនាញ អ.ស.ប ដែលមានលោកស្រី សាស្ត្រាចារ្យ រ៉ូណា ស្មីត (Ms Rhona Smith) អ្នករាយការណ៍ពិសេសស្តីពីស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជា លោក ដាវីដ កាយ៉េ (Mr. David Kaye) អ្នករាយការណ៍ពិសេសស្តីពីការលើកស្ទួយ និងការពារសិទ្ធិសេរីភាពនៃគំនិត និងការបញ្ចេញមតិ និងលោក ឌីហ្គោ កាសៀ-សាយយាន (Mr. Diego García-Sayán) អ្នករាយការណ៍ពិសេសស្តីពីឯករាជ្យភាពរបស់ចៅក្រម និងមេធាវី បានថ្លែងដោយសង្កត់ធ្ងន់ថា៖ «ដំណើរការទាំងមូលនៃការចាប់ខ្លួន និងការឃុំខ្លួនរបស់លោក កឹម សុខា គឺមិនមានគុណភាពអាចទទួលយកបាន ដោយមានភាពមិនប្រក្រតី និងការមិនគិតគូរយ៉ាងច្បាស់ពីច្បាប់សិទ្ធិមនុស្សអន្តរជាតិ និងច្បាប់កម្ពុជា»។
លោក កឹម សុខា ត្រូវបានចាប់ខ្លួនកាលពីយប់ថ្ងៃទី៣ខែកញ្ញានៅឆ្នាំ២០១៧ភ្លាមៗក្រោយពេលវីដេអូរបស់លោកជាង១ម៉ោងដែលលោកបានថ្លែងនៅឆ្នាំ២០១៣នៅក្នុងប្រទេសអូស្ត្រាលីអំពីយុទ្ធសាស្ត្ររបស់លោកដើម្បីប្រជែងជាមួយដៃគូនយោបាយគឺគណបក្សកាន់អំណាចនោះ ត្រូវប្រទះឃើញបង្ហោះនៅលើគេហទំព័រហ្វេសប៊ុកឡើងវិញ។
ក្រុមមេធាវីទាំងពីរក្រុមរបស់លោកកឹម សុខា និងភាគីរដ្ឋាភិបាល ត្រូវគេរាយការណ៍មកថា បានដេញដោលគ្នាខ្លាំងទៅលើភស្តុតាងវីដេអូខាងនោះ។ ក្រុមមេធាវីបានប្រកែកគ្នា ពាក់ព័ន្ធនឹងផ្នែកមួយនៃវីដេអូនោះ ដែលមានរយៈពេលជាង២នាទីដែលមានការកាត់ជាកង់ៗ និងដំណាក់កាលនៃរឿងរ៉ាវដែលកើតឡើងមុនច្បាប់សន្ទិដ្ឋិភាពត្រូវប្រកាសឲ្យប្រើ ហើយនឹងដំណើរការនីតិវិធីមួយចំនួនទៀត មុននឹងបន្តទៅកាន់អង្គហេតុ អង្គច្បាប់និងអង្គសេចក្ដីផ្សេង។
លោក ជិន ម៉ាលីន មន្ត្រីនាំពាក្យក្រសួងយុត្តិធម៌ បានប្រាប់ VOA ភ្លាមៗក្រោយការចេញសេចក្តីថ្លែងការណ៍របស់ក្រុមអ្នកជំនាញសិទ្ធិមនុស្សអង្គការសហប្រជាជាតិថា ការអះអាងពីភាគីខាងក្រៅណាមួយមិនអាចដាក់សម្ពាធលើនីតិវិធីច្បាប់របស់ប្រទេសកម្ពុជានោះទេ។
«ដំណើរការសវនាការរបស់លោកកឹមសុខានេះ គឺបានប្រព្រឹត្តិទៅទៅតាមបែបបទនិងនិតិវិធីច្បាប់ដែលមានជាធរមាននៅកម្ពុជា។ដូច្នេះរាល់ការអត្ថាធិប្បាយឬក៏ការរិះគន់ពីសំណាក់ភាគីណាក៏ដោយរួមទាំងក្រុមដែលគាំទ្រអតីតបក្ស ប្រឆាំងនឹងមិនមានឥទ្ធិពលអីទៅលើការសម្រេចរបស់តុលាការដែលជាស្ថាប័នឯករាជ្យនោះទេបាទ»។
ទោះជាយ៉ាងណាក៏ដោយ ក្រុមអ្នកជំនាញអង្គការសហប្រជាជាតិ បាន អំពាវនាវម្តងហើយម្តងទៀតដល់អាជ្ញាធរឲ្យធានាយុត្តិធម៌សម្រាប់លោក សុខា និង ធានាសិទ្ធិរបស់លោកក្នុងការទទួលបានសំណង និងជួសជុលការខូចខាតផ្សេងទៀត៕