តុលាការយុត្តិធម៌អន្តរជាតិអង្គការសហប្រជាជាតិបានបញ្ជាឱ្យប្រទេសភូមាឬមីយ៉ាន់ម៉ា ចាត់វិធានការគ្រប់បែបយ៉ាងតាមអំណាចរបស់ខ្លួន ដើម្បីទប់ស្កាត់រាល់សកម្មភាពប្រល័យពូជសាសន៍ប្រឆាំងនឹងជនជាតិភាគតិចរ៉ូហ៊ីងយ៉ាកាន់សាសនាឥស្លាម ដែលបានភៀសខ្លួនចេញពីប្រទេសដោយសារការបង្ក្រាបដោយយោធាយ៉ាងបង្ហូរឈាមកាលពីឆ្នាំ២០១៧។
សេចក្តីសម្រេចរបស់តុលាការកាលពីថ្ងៃព្រហស្បតិ៍នៅទីក្រុងឡាអេធ្វើឡើងជាការឆ្លើយតបទៅនឹងបណ្តឹងដែលបានដាក់កាលពីខែវិច្ឆិកាឆ្នាំមុនដោយប្រទេសហ្គំប៊ីនៅអាហ្វ្រិកខាងលិចតំណាងឲ្យអង្គការសហប្រតិបត្តិការឥស្លាមដែលមាន៥៧ប្រទេស ប្រឆាំងនឹងប្រទេសភូមាដោយចោទប្រកាន់ថា ប្រទេសនេះបានរំលោភលើអនុសញ្ញាឆ្នាំ១៩៤៨ស្តីពីអំពើប្រល័យពូជសាសន៍។
ជនជាតិរ៉ូហ៊ីងយ៉ាជាង៧សែននាក់បានភៀសខ្លួនឆ្លងព្រំដែនចូលប្រទេសបង់ក្លាដែសកាលពីខែសីហាឆ្នាំ២០១៧ ដើម្បីគេចចេញពីយុទ្ធនាការកម្ទេចដុតបំផ្លាញដោយយោធាភូមា។ រដ្ឋាភិបាលភូមាបាននិយាយថា ខ្លួនឆ្លើយតបនឹងការវាយប្រហាររបស់ពួកសកម្មប្រយុទ្ធរ៉ូហ៊ីងយ៉ាលើប៉ុស្តិ៍សន្តិសុខនៅភាគពាយព្យនៃរដ្ឋ Rakhine។
ការស៊ើបអង្កេតរបស់អង្គការសហប្រជាជាតិបានសន្និដ្ឋានថា យុទ្ធនាការនេះត្រូវបានអនុវត្ត «ដោយមានចេតនាប្រល័យពូជសាសន៍»។ ការស៊ើបអង្កេតផ្អែកលើកំណត់ហេតុពីអ្នករួចជីវិតពីការសម្លាប់រង្គាល ការសម្លាប់ក្រៅប្រព័ន្ធតុលាការ ការរំលោភបូក និងការដុតភូមិទាំងមូល។
នៅក្នុងជំរំជនភៀសខ្លួន Kutupalong ដ៏ធំមួយនៅភាគអាគ្នេយ៍នៃស្រុក Cox's Bazar ប្រទេសបង់ក្លាដែស សម្រែកហ៊ោកញ្ជ្រៀវបានផ្ទុះឡើង នៅពេលដំណឹងអំពីការសម្រេចរបស់តុលាការយុត្តិធម៌អន្តរជាតិនេះត្រូវបានផ្សព្វផ្សាយក្នុងជំរំ។ ជនភៀសខ្លួនភូមាបានកោតសរសើរប្រទេសហ្គាំប៊ីនិងសហគមន៍អន្ដរជាតិដែលយករឿងនេះទៅប្តឹងនៅតុលាការអន្តរជាតិក្រុងឡាអេ៕