អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បានអំពាវនាវម្តងទៀតកាល ពីថ្ងៃព្រហស្បតិ៍ម្សិលមិញដល់ប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin ឲ្យបញ្ឈប់ការឈ្លានពានរបស់លោកលើប្រទេសអ៊ុយក្រែន ហើយដកកងទ័ពរបស់លោកចេញពីអ៊ុយក្រែន។
លោក Guterres បានប្រាប់ពួកអ្នកយកព័ត៌មាននៅឯទីស្នាក់ការធំរបស់អង្គការសហប្រជាជាតិថា៖ «ការសម្រេចនៅប៉ុន្មានថ្ងៃខាងមុខទៀត នឹងកំណត់រូបរាងរបស់ពិភពលោកយើង ហើយនឹងមានផលប៉ះពាល់ដោយផ្ទាល់ដល់ជីវិតមនុស្សរាប់លាននាក់»។
លោក បានមានប្រសាសន៍ទៀតថា ការប្រើកម្លាំងដោយប្រទេសមួយប្រឆាំងប្រទេសមួយផ្សេងទៀត ជាការរំលោភគោលការណ៍ដ៏រឹងមាំរបស់អង្គការសហប្រជាជាតិដែលរដ្ឋទាំងអស់បានព្រមព្រៀងគ្នានៅក្នុងធម្មនុញ្ញនោះ។
លោក Guterres បានថ្លែងទៀតថា ការវាយប្រហារយោធានៅពេលបច្ចុប្បន្ននេះ ជាការខុស។
លោកអគ្គលេខាធិការ បានមានប្រសាសន៍ទៀតថា៖ «ការវាយប្រហារនោះប្រឆាំងនឹងធម្មនុញ្ញរបស់អង្គការសហប្រជាជាតិ។ វាជាការមិនអាចទទួលយកបាន។ ក៏ប៉ុន្តែ វាជាការណ៍ដែលអាចធ្វើការប្រែក្រឡាស់បាន។ ខ្ញុំសូមធ្វើការអំពាវនាវម្តងទៀតនៅយប់នេះទៅកាន់លោកប្រធានាធិបតី Putin ឲ្យបញ្ឈប់កិច្ចប្រតិបត្តិការយោធា ហើយនាំកងទ័ពត្រឡប់ទៅប្រទេសរុស្ស៊ីវិញ»។
ការវាយប្រហារខាងយោធារបស់រុស្ស៊ី បានត្រូវរាយការណ៍កាលពីថ្ងៃព្រហស្បតិ៍ម្សិលមិញនិងថ្ងៃសុក្រនេះមិនត្រឹមតែនៅក្នុងតំបន់ភាគខាងកើតប្រទេសអ៊ុយក្រែនប៉ុណ្ណោះទេ ក៏ប៉ុន្តែ នៅក្នុងទីក្រុងផ្សេងៗទៀត រួមទាំងរដ្ឋធានីកៀវ និងទីក្រុង Kharkiv, Kramatorsk, Odesa និង Mariupol ផង។
កងទ័ពរុស្ស៊ី បានកាន់កាប់រោងចក្រនុយក្លេអ៊ែរ Chernobyl។ កាលពីឆ្នាំ១៩៨៦ រោងចក្រនេះជាកន្លែងគ្រោះមហន្តរាយនុយក្លេអ៊ែរដ៏អាក្រក់បំផុតរបស់ពិភពលោក។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelensky បានបញ្ជូនសារតាម Twitterថា សកម្មភាពរបស់រុស្ស៊ី ជា «ការប្រកាសសង្គ្រាមប្រឆាំងនឹងអឺរ៉ុបទាំងមូល»។
លោក Guterres បានមានប្រសាសន៍ទៀតថា ពិភពលោកនឹងបានដឹងពីចំនួនមនុស្សបាត់បង់ជីវិត ហើយលោកទទូចថា «យើងត្រូវការសន្តិភាព»។
លោកអគ្គលេខាធិការអង្គការសហប្រជាជាតិ បន្តទៀតថា៖ «ដោយចំនួនមនុស្សស្លាប់កើនឡើង យើងកំពុងឃើញរូបភាពនៃការភ័យខ្លាចនៅគ្រប់ច្រកល្ហកទាំងអស់នៅក្នុងប្រទេសអ៊ុយក្រែន។ ជនស្លូតត្រង់ ជានិច្ចកាល ខាតបង់ដ៏ខ្លាំងបំផុតដោយសារបញ្ហានេះ»។
លោក Guterres បានប្រកាសថា អង្គការសហប្រជាជាតិ នឹងបញ្ចេញថវិកាគ្រាអាសន្នចំនួន ២០លានដុល្លារដើម្បីជួយបំពេញតម្រូវការមនុស្សធម៌នៅក្នុងនិងជុំវិញប្រទេសអ៊ុយក្រែន។
ឯកអគ្គរដ្ឋទូតសហរដ្ឋអាមេរិកប្រចាំនៅអង្គការសហប្រជាជាតិលោកស្រី Linda Thomas-Greenfield បានព្រមាននៅឯជំនួបរបស់ក្រុមប្រឹក្សាសន្តិសុខអង្គការសហប្រជាជាតិនៅសប្តាហ៍នេះថា ការឈ្លានពាននោះ អាចបណ្តាលឲ្យមានវិបត្តិជនភៀសខ្លួនដ៏ធំមួយ ដែលធ្វើឲ្យមនុស្ស៥លាននាក់រត់គេចេញពីប្រទេសអ៊ុយក្រែន៕