អគ្គលេខាធិការអង្គការសហប្រជាជាតិលោក Antonio Guterres បាននិយាយថា វាពិតជាគួរឲ្យសោកស្តាយណាស់ដែលក្រុមប្រទេសដែលមានសេដ្ឋកិច្ចធំបង្អស់ចំនួន ២០ ក្នុងពិភពលោក ឬ G-20 មិនបានរួមគ្នាកាលពីខែមីនា ដែលនៅពេលនោះ លោក បានស្នើឲ្យមានការឆ្លើយតបស្របគ្នាមួយ ដើម្បីទប់ទល់នឹងការរាតត្បាតនៃជំងឺកូវីដ១៩ នៅក្នុងប្រទេសទាំងអស់។
នៅក្នុងបទសម្ភាសន៍មួយជាមួយនឹងសារព័ត៌មាន Associated Press លោក Guterres បាននិយាយថា លោកសង្ឃឹមថា ខណៈដែលកិច្ចប្រជុំកំពូល G-20 នឹងប្រព្រឹត្តិធ្វើឡើងនៅក្នុងខែវិច្ឆិកាខាងមុខនេះ សហគមន៍អន្តរជាតិគួរតែយល់ហើយថា «ពួកគេត្រូវរួបរួមគ្នាជាងមុនក្នុងការប្រយុទ្ធនឹងជំងឺកូវីដ១៩»។
លោក Guterres បាននិយាយថា អង្គការសហប្រជាជាតិនឹង«គាំទ្រយ៉ាងពេញទំហឹង» ក្នុងការឲ្យមានការឆ្លើយតបរួមគ្នា ដើម្បីប្រយុទ្ធប្រឆាំងនឹងជំងឺកូវីដ១៩ បន្ថែមពីលើការស្វះស្វែងឲ្យមានការ«ធានា»ថា វ៉ាក់សាំងដែលផលិត បានត្រូវចាត់ទុកជា«ទំនិញសាធារណៈសាកល»មួយ ហើយ«មានតម្លៃសមរម្យ និងអាចទទួលបានគ្រប់គ្នា គ្រប់ទីកន្លែង»។
អ្នកស្រាវជ្រាវជាច្រើននៅជុំវិញពិភពលោក កំពុងតែរូតរះបង្កើតវ៉ាក់សាំងដែលមានប្រសិទ្ធិភាពនិងសុវត្ថិភាពមួយដើម្បីប្រឆាំងនឹងជំងឺកូវីដ១៩ ដែលបានសម្លាប់មនុស្សច្រើនជាង១លាន ១សែននាក់នៅជុំវិញពិភពលោក និងមនុស្សជាង៤១លាននាក់ធ្លាក់ខ្លួនឈឺ។
ក្នុងខណៈនេះដែរ ប្រទេសដែលមានករណីឆ្លងវីរុសកូរ៉ូណាជាង១លានករណីនោះ បានកើនដល់៧ប្រទេស ក្នុងនោះ ប្រទេសបារាំងនិងអេស្ប៉ាញ ជាប្រទេសចុងក្រោយដែលបានឈានដល់តួលេខនេះ។
កាលពីថ្ងៃទី២២ ខែតុលាកន្លងទៅនេះ ប្រទេសបារាំង បានពង្រីកបំរាមគោចរដល់ប្រមាណជា៦៥ភាគរយនៃចំនួនប្រជាពលរដ្ឋរបស់ខ្លួន ហើយរដ្ឋមន្ត្រីការបរទេសនៃប្រទេសប៊ែលហ្ស៊ិក បានឆ្លងជំងឺកូវីដ១៩ និងត្រូវបានទទួលការព្យាបាលនៅក្នុងមន្ទីរព្យាបាលអ្នកជំងឺកម្រិតធ្ងន់ នៅពេលរលកទីពីរនៃជំងឺនេះ បានរាតត្បាតឡើងវិញនៅអឺរ៉ុប។
ក៏ប៉ុន្តែ យោងតាមទិន្នន័យរបស់មជ្ឈមណ្ឌលធនធានវីរុសកូរ៉ូណានៃសាកលវិទ្យាល័យ Johns Hopkins បានឲ្យដឹងថា សហរដ្ឋអាមេរិកនៅតែជាប្រទេសដែលមានករណីឆ្លងខ្ពស់បំផុត គឺជាង៨លាន ៤សែនករណី បន្ទាប់មក គឺប្រទេសឥណ្ឌាដែលមានប្រមាណជា៧លាន ៧សែន ៦ម៉ឺនករណី ប្រេស៊ីល៥លាន ៣សែន ២ម៉ឺនករណី រុស្ស៊ី ១លាន ៤សែន ៥ម៉ឺនករណី និងអាហ្សង់ទីនប្រមាណជា១ លាន ៥ម៉ឺនករណី។ ប្រទេសបារាំងស្ថិតក្នុងលេខរៀងទី៦ ដែលមានប្រមាណជា ១លាន ៤ម៉ឺនករណី និងអេស្ប៉ាញមានប្រមាណជា ១លាន ២ម៉ឺនករណី។
មជ្ឈមណ្ឌលគ្រប់គ្រង និងបង្ការជំងឺរបស់សហរដ្ឋអាមេរិក CDC បានកែតម្រូវនិយមន័យនៃទំនាក់ទំនងជិតស្និទ្ធជាមួយនឹងមនុស្សណាម្នាក់ដែលបានឆ្លងជំងឺកូវីដ១៩។
មជ្ឈមណ្ឌល CDC នេះ ពីមុនបានសម្រេចថា ទំនាក់ទំនងជិតស្និទ្ធ គឺការចំណាយពេល១៥នាទីជាប់គ្នាក្នុងចម្ងាយ២ម៉ែត្រជាមួយនឹងមនុស្សដែលបានឆ្លងជំងឺកូវីដ១៩ម្នាក់។ ការកែតម្រូវនោះ ត្រូវបានប្រកាសកាលពីថ្ងៃទី២១ ខែតុលា ហើយឥឡូវនេះ និយមន័យនៃទំនាក់ទំនងជិតស្និទ្ធ គឺមនុស្សម្នាក់បានចំណាយពេលសរុប១៥នាទី ដែលចំនួននាទីត្រូវបូកបន្តគ្នាក្នុងរយៈពេល២៤ម៉ោង។
ការផ្លាស់ប្តូរនិយមន័យដែលធ្វើឡើងដោយមជ្ឈមណ្ឌល CDC នេះ បានធ្វើឡើងភ្លាមៗ បន្ទាប់ពីមានសេចក្តីរាយការណ៍មួយ ស្តីពីមន្ត្រីក្នុងពន្ធនាគារម្នាក់នៅរដ្ឋ Vermont ភាគឦសានក្នុងសហរដ្ឋអាមេរិក បានឆ្លងជំងឺកូវីដ១៩ ដោយសារមន្រ្តីនោះ មានទំនាក់ទំនងក្នុងរយៈពេលខ្លីៗជាមួយអ្នកទោសជាង២០ដង ហើយបន្ទាប់មកធ្វើតេស្តរកវីរុសកូរូណាឃើញលទ្ធផលវិជ្ជមាន។ ទំនាក់ទំនងក្នុងរយៈពេលខ្លីៗរវាងមន្រ្តី និងអ្នកទោសទាំងនោះ មានរយៈពេលសរុបប្រមាណជា១៧នាទី៕
ប្រែសម្រួលដោយកញ្ញា ទុំ ម្លិះ