ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សអំពាវនាវឲ្យរដ្ឋាភិបាលកម្ពុជាគោរពការប្តេជ្ញាចិត្តក្នុងការលើកស្ទួយសិទ្ធិមនុស្ស និងសេរីភាពសារព័ត៌មាន បន្ទាប់ពីទទួលបានរបាយការណ៍ថា រដ្ឋាភិបាលនេះនៅតែបន្តដាក់សម្ពាធលើសង្គមស៊ីវិល អ្នកកាសែត និងក្រុមប្រឆាំង។
នៅថ្ងៃទី២៧ខែកុម្ភៈនេះ ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សនៅទីក្រុងហ្សឺណែវ អ្នកស្រី Michelle Bachelet បានថ្លែងផ្ទាល់មាត់ក្នុងសម័យប្រជុំលើកទី៤៣នៃក្រុមប្រឹក្សាសិទ្ធិមនុស្សអំពីការវិវត្តស្ថានភាពសិទ្ធិមនុស្សលើពិភពលោក។
អ្នកស្រី Michelle Bachelet បានលើកឡើងអំពីបញ្ហាសិទ្ធិមនុស្សនៅប្រទេសកម្ពុជាថា អង្គការសហប្រជាជាតិបន្តទទួលបានរបាយការណ៍អំពីការបំភិតបំភ័យ ប្រឆាំងនឹងសង្គមស៊ីវិល និងអង្គការសិទិ្ធមនុស្ស ដែលរារាំងពួកគេក្នុងការឃ្លាំមើល និងរាយការណ៍ រួមទាំងការរាយការណ៍មកកាន់ក្រុមប្រឹក្សានេះផង។
អ្នកស្រីបន្ថែមថា អ្នករិះគន់ និងគូប្រជែងនយោបាយនៅតែបន្តត្រូវបានកំណត់គោលដៅនៃវិធានការគាបសង្កត់ រួមមានការឃុំឃាំងតាមអំពើចិត្ត និងការប្រើច្បាប់ព្រហ្មទណ្ឌដោយមិនត្រឹមត្រូវ។
អ្នកស្រីបញ្ជាក់ថា៖ «ខ្ញុំអំពាវនាវឱ្យរដ្ឋាភិបាលគោរពការប្តេជ្ញាចិត្តរបស់ខ្លួនក្នុងការលើកស្ទួយសិទ្ធិមនុស្សទាំងអស់របស់ប្រជាជន រួមទាំងសេរីភាពសារព័ត៌មាន ប្រព័ន្ធច្បាប់ដោយមិនលម្អៀង និងសិទ្ធិចូលរួមក្នុងកិច្ចការសាធារណៈដោយសេរី ដោយគ្មានការភ័យខ្លាចពីការធ្វើទុក្ខបុកម្នេញ»។
នៅថ្ងៃជាមួយគ្នានោះ ប្រតិភូសហភាពអឺរ៉ុបប្រចាំអង្គការសហប្រជាជាតិ និងអង្គការអន្តរជាតិដទៃទៀតនៅទីក្រុងហ្សឺណែវក៏បានចេញសេចក្តីថ្លែងការណ៍គាំទ្រការថ្លែងរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សផងដែរ។
អ្នកស្រី ចក់ សុភាព នាយិកាប្រតិបត្តិនៃមជ្ឈមណ្ឌលសិទ្ធិមនុស្សកម្ពុជា (CCHR) ប្រាប់ VOA ថា ចាប់តាំងពីឆ្នាំ២០១៣មក ស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាបានដើរថយក្រោយតាមរយៈការគំរាមកំហែងតាមផ្លូវច្បាប់ និងតុលាការ។ អ្នកស្រីបន្ថែមថា រដ្ឋាភិបាលកម្ពុជាគួរពង្រឹងការអនុវត្តសិទ្ធិមនុស្ស និងប្រជាធិបតេយ្យដើម្បីរក្សាទុកអត្ថប្រយោជន៍ផ្សេងៗពីបណ្តាប្រទេសប្រជាធិបតេយ្យ ដែលជាទីផ្សារនាំចេញធំរបស់កម្ពុជា ខណៈកម្ពុជាកំពុងប្រឈមនឹងបញ្ហាសេដ្ឋកិច្ចដោយសារមេរោគកូរ៉ូណា និងការដកប្រព័ន្ធអនុគ្រោះពន្ធ២០ភាគរយ។
អ្នកស្រី ចក់ សុភាពបញ្ជាក់ថា៖ «រដ្ឋាភិបាលលោកគួរតែពិចារណាក្នុងការទទួលបាននូវផលប្រយោជន៍ជាជាងដែលយើងបោះបង់នូវអត្ថប្រយោជន៍ដែលប្រទេសយើងគួរតែទទួលបាន ហើយដែលកិច្ចការដែលយើងធ្វើនោះ វាអត់មានអីដែលលំបាកថែមទៀតគឺជាកិច្ចការដែលរដ្ឋមានកាតព្វកិច្ចក្នុងការធានា និងការពារសិទ្ធិមនុស្សថែមទៀត»។
ស្រដៀងគ្នានេះ លោក អំ សំអាត មន្រ្តីជាន់ខ្ពស់ផ្នែកអង្កេតនៃអង្គការការពារសិទ្ធិមនុស្សលីកាដូ បានលើកឡើងថា ទាំងអង្គការសហប្រជាជាតិ និងសហភាពអឺរ៉ុបសុទ្ធតែជំរុញឲ្យរដ្ឋាភិបាលកម្ពុជាគោរពគោលការណ៍ប្រជាធិបតេយ្យ និងសិទ្ធិមនុស្សបានពេញលេញ ខណៈស្ថានភាពសិទ្ធិមនុស្សនៅកម្ពុជាស្ថិតក្នុងភាពគួរឲ្យព្រួយបារម្ភ។
«រដ្ឋាភិបាលអាចនឹងធ្វើឲ្យប្រសើរឡើងនូវការគោរពសិទ្ធិមនុស្ស និងលទ្ធិប្រជាធិបតេយ្យនៅប្រទេសកម្ពុជា បើសិនជាមានឆន្ទៈ ដោយគិតលើឧត្តមប្រយោជន៍ជាតិ ឧត្តមប្រយោជន៍ប្រជាពលរដ្ឋជាធំ មិនគិតលើផលប្រយោជន៍នយោបាយជាធំនោះ។ ហើយបើសិនជាកម្ពុជាយើងមិនស្តារបន្ថែម ឬក៏ធ្វើការលើកកម្ពស់សិទ្ធិមនុស្សឲ្យមានស្ថានភាពប្រសើរឡើងវិញទេ យើងនឹងអាចប្រឈមជាច្រើនទៀត»។
កាលពីពាក់កណ្តាលខែកុម្ភៈ សហភាពអឺរ៉ុបបានសម្រេចបន្ថយប្រព័ន្ធអនុគ្រោះពន្ធ«គ្រប់មុខទំនិញទាំងអស់លើកលែងសព្វាវុធ» ឬហៅកាត់ថា EBA ចំនួន២០ភាគរយ ទៅលើមុខទំនិញមួយចំនួន ដែលមានទឹកប្រាក់ជាង១ពាន់លានដុល្លារអាមេរិកនៃការនាំចេញសរុបរបស់កម្ពុជាទៅសហគមន៍អឺរ៉ុប។ ការសម្រេចនេះធ្វើឡើងបន្ទាប់ពីសហភាពអឺរ៉ុបរកឃើញថា រដ្ឋាភិបាលកម្ពុជាបាននិងកំពុងរំលោភសិទ្ធិមនុស្សជាប្រព័ន្ធដែលធ្វើឲ្យប៉ះពាល់លទ្ធិប្រជាធិបតេយ្យ។ ការរកឃើញនោះមានដូចជាការគាបសង្កត់ ការរំលាយគណបក្សប្រឆាំង ការបង្ក្រាបទៅលើអង្គការសង្គមស៊ីវិល និងការបង្ក្រាបទៅលើប្រព័ន្ធផ្សព្វផ្សាយឯករាជ្យដែលមិនមាននិន្នាការស្របតាមរដ្ឋាភិបាលជាដើម។
លោក ជិន ម៉ាលីន អនុប្រធានគណៈកម្មាធិការសិទ្ធិមនុស្សកម្ពុជា និងជាអ្នកនាំពាក្យក្រសួងយុត្តិធម៌ លើកឡើងថា ការថ្លែងរបស់ឧត្តមស្នងការអង្គការសហប្រជាជាតិទទួលបន្ទុកសិទ្ធិមនុស្សកើតឡើងដោយសារតែទទួលបានរបាយការណ៍តែម្ខាងរបស់ក្រុមសង្គមស៊ីវិលមួយចំនួនតូច ដែលលោកថា ជាក្រុមសង្គមស៊ីវិលមិនសប្បាយចិត្តនឹងរដ្ឋាភិបាល។
«សម្រាប់កម្ពុជាមិនមានការរឹតត្បិត ឃ្លាំមើលអីនោះទេ សំខាន់ឲ្យតែគាត់អនុវត្តឲ្យបានត្រឹមត្រូវទៅតាមបញ្ញត្តិច្បាប់ដែលមានជាធរមាននៅកម្ពុជា ជាពិសេសគឺច្បាប់ស្តីពីអង្គការសមាគមក្រៅរដ្ឋាភិបាលហ្នឹងឯង។ ហើយតែកាលណាប្រព្រឹត្តខុស អាហ្នឹងត្រូវមានការទទួលខុសត្រូវតាមផ្លូវច្បាប់»។
សិទ្ធិសេរីភាពក្នុងប្រទេសកម្ពុជាបានធ្លាក់ចុះខ្លាំង ដោយនៅឆ្នាំ២០១៩នេះ កម្ពុជាទទួលបានពិន្ទុត្រឹមតែ២៦ក្នុងការវាយតម្លៃរបស់អង្គការ Freedom House ដែលជាអង្គការឃ្លាំមើលស្ថានភាពសិទ្ធិសេរីភាពប្រជាធិបតេយ្យ និងសិទ្ធិជនស៊ីវិលជាលក្ខណៈសកល។ ប្រទេសដែលទទួលបានពិន្ទុ១០០ពីអង្គការ Freedom House ត្រូវចាត់ទុកថា ជាប្រទេសដែលមានសេរីភាពខ្លាំងបំផុត ហើយសូន្យគឺជាប្រទេសគ្មានសេរីភាព៕