សន្និបាតអង្គការសហប្រជាជាតិកាលពីថ្ងៃព្រហស្បតិ៍បានបោះឆ្នោតសម្រេចព្យួរសមាជិកភាពរបស់រុស្ស៊ីពីស្ថាប័នសិទ្ធិមនុស្សចម្បងរបស់ខ្លួន ដោយសារមានរបាយការណ៍ចោទប្រកាន់អំពីការរំលោភសិទ្ធិមនុស្សដ៏ធ្ងន់ធ្ងរដោយកងទ័ពរុស្ស៊ីនៅក្នុងប្រទេសអ៊ុយក្រែន ហើយដែលទាំងសហរដ្ឋអាមេរិកនិងអ៊ុយក្រែនបានហៅថា ស្មើនឹងឧក្រិដ្ឋកម្មសង្គ្រាម។ នេះបើតាមទីភ្នាក់ងារព័ត៌មាន AP។
លទ្ធផលនៃការបោះឆ្នោតនេះគឺ ៩៣សំឡេងគាំទ្រ ទល់នឹង២៤សំឡេងប្រឆាំង និង៥៨សំឡេងអនុប្បវាទ ដែលជាលទ្ធផលសំឡេងតិចជាងការបោះឆ្នោតពីរលើកមុនរបស់សន្និបាតនេះ ទៅលើសេចក្តីសម្រេចពីរកាលពីខែមុន ដែលទាមទារឱ្យមានបទឈប់បាញ់នៅអ៊ុយក្រែន ការដកទ័ពរុស្ស៊ីចេញទាំងអស់ និងការការពារជនស៊ីវិល។ សេចក្តីសម្រេចទាំងពីរមុននោះត្រូវបានបោះឆ្នោតគាំទ្រដោយសំឡេងយ៉ាងតិច១៤០ប្រទេស។
រុស្ស៊ីបានក្លាយជាប្រទេសទី២ ដែលសមាជិកភាពរបស់ខ្លួនត្រូវបានដកចេញពីក្រុមប្រឹក្សាសិទ្ធិមនុស្សអ.ស.ប. ដែលត្រូវបានបង្កើតឡើងកាលពីឆ្នាំ២០០៦។ នៅឆ្នាំ២០១១ សន្និបាតអ.ស.ប. បានព្យួរសមាជិកភាពរបស់ប្រទេសលីបី នៅពេលដែលមានចលាចលយ៉ាងខ្លាំងនៅក្នុងប្រទេសនៅភាគខាងជើងនៃទ្វីបអាហ្វ្រិកមួយនេះ ដែលបាននាំឱ្យមានការផ្តួលរំលំមេដឹកនាំផ្តាច់ការយូរអង្វែង Moammar Gadhafi។
ឯកអគ្គរដ្ឋទូតអាមេរិកប្រចាំនៅអ.ស.ប. លោកស្រី Linda Thomas-Greenfield ជាអ្នកផ្តួចផ្តើមយុទ្ធនាការបោះឆ្នោតដករុស្ស៊ីពីអាសនៈរបស់ខ្លួននៅក្រុមប្រឹក្សាសិទ្ធិមនុស្សដែលមាន៤៧អាសនៈនេះ ក្រោយពីមានលេចឡើងនូវរូបភាពពីវីដេអូនិងរូបថតនៅពីដងផ្លូវនៃទីក្រុងBucha ដែលពោរពេញដោយសាកសពដែលទំនងជាសាកសពជនស៊ីវិលក្រោយពីទាហានរុស្ស៊ីបានដកថយវិញនោះ។ ការសម្លាប់ទាំងនេះបាននាំឱ្យមានការខឹងសម្បានៅជុំវិញពិភពលោក និងជំរុញឱ្យមានការបន្តឹងទណ្ឌកម្មថែមទៀតទៅលើរុស្ស៊ី ដែលបានបដិសេធយ៉ាងដាច់អហង្ការថា ខ្លួនមិនបានប្រព្រឹត្តអំពើទាំងនោះទេ។
ដោយឡែក នៅក្នុងការបោះឆ្នោតនេះ ប្រទេសកម្ពុជាបានបោះឆ្នោតអនុបវាទចំពោះការដកសមាជិកភាពរបស់រុស្ស៊ីពីក្រុមប្រឹក្សាសិទ្ធិមនុស្សអង្គការសហប្រជាជាតិ៕
ព័ត៌មានខ្លះនៅក្នុងសេចក្តីរាយការណ៍នេះ មានប្រភពពីវីអូអេខេមរភាសា។