ការបំផ្ទុះគ្រាប់បែកនិងការបាញ់គ្នាបានបន្តនៅក្នុងរដ្ឋធានីកៀវកាលពីថ្ងៃសៅរ៍ម្សិលមិញខណៈកងទ័ពរុស្ស៊ីនិងអ៊ុយក្រែនបានប្រយុទ្ធគ្នាដើម្បីត្រួតត្រារដ្ឋធានីកៀវ ហើយកងទ័ពរុស្ស៊ី បានខិតចូលកាន់តែជិតទីក្រុង២ផ្សេងទៀតនៅក្នុងថ្ងៃទី៣នៃការឈ្លានពានរបស់រុស្ស៊ីលើប្រទេសអ៊ុយក្រែន។
ប្រធានាធិបតីអ៊ុយក្រែនដ៏អង់អាចក្លាហានលោក Volodymyr Zelenskyy បាននិយាយកាលពីថ្ងៃសៅរ៍ម្សិលមិញថា រដ្ឋធានីកៀវនៅតែស្ថិតនៅក្នុងកណ្តាប់ដៃរបស់អ៊ុយក្រែន ខណៈក្រុមមន្ត្រីបានជំរុញឲ្យពលរដ្ឋរបស់ខ្លួនជួយការពាររដ្ឋធានីកៀវទប់ទល់នឹងកងទ័ពរុស្ស៊ី។
លោក Zelenskyy បាននិយាយនៅក្នុងវីដេអូដែលថតពីតាមផ្លូវក្នុងរដ្ឋធានីកៀវថា «យើងបានតស៊ូនៅទីនេះហើយយើងនឹងទទួលជោគជ័យនៅក្នុងការវាយបកការវាយប្រហាររបស់សត្រូវ។ ការប្រយុទ្ធនៅបន្តធ្វើឡើង»។
មន្ត្រីម្នាក់នៃក្រសួងការពារជាតិសហរដ្ឋអាមេរិកបានប្រាប់ពួកអ្នកយកព័ត៌មានកាលពីថ្ងៃ សៅរ៍ម្សិលមិញថា សហរដ្ឋអាមេរិកមើលឃើញ «ការបង្ហាញនៃការតស៊ូរបស់អ៊ុយក្រែនអាចសម្រេចជោគជ័យបាន»។
មន្ត្រីរូបនោះដែលបាននិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះដើម្បីពិភាក្សាការសម្ងាត់នោះ បានថ្លែងថា «យើងបន្តជឿថា ផ្អែកលើអ្វីដែលយើងបានសង្កេតនោះគឺថា ការតស៊ូនេះមានខ្លាំងជាងអ្វីដែលរុស្ស៊ីរំពឹងទុក ហើយយើងមានសុចនាករដែលបង្ហាញថា ពួករុស្ស៊ីមានការរកាំចិត្តកាន់តែខ្លាំងឡើង ដោយសារតែសន្ទុះទៅមុខរបស់ពួកគេក្នុងរយៈពេលជាង២៤ម៉ោងចុងក្រោយនេះយឺតជាងការរំពឹងទុក ជាពិសេសនៅផ្នែកនានានៃភាគខាងជើងនៃប្រទេសអ៊ុយក្រែន»។
នៅពេលដែលកងទ័ពរុស្ស៊ី បានប្រយុទ្ធគ្នាបន្តិចបន្តួចជាមួយកងទ័ពអ៊ុយក្រែននៅខាងក្រៅរដ្ឋធានីកៀវ អ្នកនាំពាក្យក្រសួងការពារជាតិរុស្ស៊ីឧត្តមសេនីយ៍ទោលោក Igo Konashenkov បាននិយាយនៅឯសន្និសីទកាសែតក្នុងទីក្រុងមូស្គូថា «អង្គភាពទាំងអស់បានទទួលបញ្ជាឲ្យរុលទៅមុខពីគ្រប់ទិសដៅទាំងអស់ស្របទៅតាមផែនការនៃកិច្ចប្រតិបត្តិការ»។
មូលដ្ឋានកងទ័ពមួយកន្លែងនៅក្នុងរដ្ឋធានីកៀវបានរងការវាយប្រហារកាលពីថ្ងៃសៅរ៍ម្សិលមិញ ក៏ប៉ុន្តែយោធាអ៊ុយក្រែន បាននិយាយថា ការវាយប្រហារនេះបានត្រូវវាយច្រានទៅវិញ។
អាគារស្នាក់នៅខ្ពស់ៗនៅក្នុងរដ្ឋធានីកៀវបានរងការវាយប្រហារកាលពីព្រឹកថ្ងៃសៅរ៍ម្សិលមិញដោយកាំជ្រួចមីស៊ីលរបស់រុស្ស៊ី។ នេះបើយោងតាមរដ្ឋមន្ត្រីការបរទេសអ៊ុយក្រែន។ បុគ្គលិកជួយសង្គ្រោះម្នាក់បានប្រាប់ទីភ្នាក់ងារព័ត៌មាន Associated Press ថា មនុស្ស៦នាក់បានរងរបួសនៅក្នុងការវាយប្រហារដោយកាំជ្រួចមីស៊ីលនេះ។ រូបភាពតាមវីដេអូបង្ហាញថា អគារនោះបានរងការខូចខាតយ៉ាងខ្លាំងនៅជាន់ខាងលើ។
ប្រធានាធិបតីអ៊ុយក្រែនលោក Zelenskyy បានទស្សន៍ទាយកាលពីថ្ងៃសុក្រថា ការវាយប្រហារលើរដ្ឋធានីកៀវ នឹងមានភាពកាន់តែធ្ងន់ធ្ងរឡើងនៅថ្ងៃសៅរ៍ ដោយលោកនិយាយទៀតថា «រដ្ឋធានីកៀវ ត្រូវការការយកចិត្តទុកដាក់ពិសេស» ហើយលោក បានប្រកាសថា «យើងមិនអាចបាត់បង់រដ្ឋធានីនេះបានទេ»។
លោក Zelenskyy បានបង្ហោះសារតាមបណ្តាញ Twitter ថា លោកបាននិយាយជាមួយប្រធានាធិបតីបារាំងលោក Emmanual Macron អំពីការទទួលជំនួយកាន់តែច្រើនឡើងពីសម្ព័ន្ធមិត្តប្រទេសលោកខាងលិច។
លោកបានបញ្ជាក់នៅក្នុង twitter ថា «អាវុធនិងឧបករណ៍មកពីដៃគូរបស់យើង កំពុងបញ្ជូនមកហើយ។ ក្រុមចម្រុះប្រឆាំងសង្គ្រាម កំពុងធ្វើការ»។
កាលពីថ្ងៃសុក្រ ប្រធានាធិបតីអាមេរិកលោក Joe Biden បានអនុញ្ញាតឲ្យក្រសួងការបរទេសបញ្ចេញជំនួយយោធាដែលមានទឹកប្រាក់ចំនួន៣៥០លានដុល្លារដល់អ៊ុយក្រែន។ ថវិកានេះធ្វើឲ្យជំនួយខាងសន្តិសុខរបស់សហរដ្ឋអាមេរិកដែលបានសន្យាផ្តល់ឲ្យអ៊ុយក្រែនក្នុងរយៈពេលជាងមួយឆ្នាំកន្លងមកនេះមានមានចំនួនសរុបទាំងអស់ជាង១ពាន់លានដុល្លារ។
អ្នកនាំពាក្យក្រសួងការពារជាតិសហរដ្ឋអាមេរិកលោក John Kirby បានប្រាប់ពួកអ្នកយកព័ត៌មានកាលពីថ្ងៃសៅរ៍ម្សិលមិញថា ជំនួយបន្ថែមនោះរួមមាន «កាំភ្លើងបាញ់រថក្រោះ កាំភ្លើងធន់តូចនិងគ្រាប់រំសេវផ្សេងៗទៀត អាវក្រោះ និងឧបករណ៍ផ្សេងៗទៀតដែលដើម្បីជួយទាហានដែលឈរជើងនៅសមរភូមិមុខរបស់អ៊ុយក្រែននៅក្នុងការប្រឈមការវាយប្រហារដែលបង្កឡើងដោយរុស្ស៊ី»។ លោកបាននិយាយទៀតថា សហរដ្ឋអាមេរិកបន្តស្វែងរកមធ្យោបាយដើម្បីជួយអ៊ុយក្រែនការពារខ្លួនឯង «ឲ្យផុតពីអាវុធប្រល័យនិងមិនប្រល័យ»។
ក្រសួងការពារជាតិរុស្ស៊ីបានបញ្ជាក់កាលពីថ្ងៃសៅរ៍ម្សិលមិញថា កងទ័ពរុស្ស៊ីបានកាន់កាប់ទីក្រុង Melitopol ភាគអាគ្នេយ៍អ៊ុយក្រែន ក៏ប៉ុន្តែការអះអាងនេះត្រូវបានជំទាស់ប្រឆាំងដោយរដ្ឋមន្ត្រីកងទ័ពចក្រភពអង់គ្លេសលោក James Heappey។ នៅក្នុងកិច្ចសម្ភាសន៍ជាមួយទូរទស្សន៍ BBC កាលពីថ្ងៃសៅរ៍ម្សិលមិញ លោក Heappeyបាននិយាយថា «យើងមិនអាចមើលឃើញអ្វីឲ្យបានពិតប្រាកដនៅពេលឥឡូវនេះទេ»។ លោកក៏បាននិយាយដែរថា ជួររថពាសដែកដែលខិតកាន់តែជិតរដ្ឋធានីកៀវនោះ ត្រូវបានរារាំងនិងត្រូវបានពន្យឺតដោយពួកអ្នកតស៊ូអ៊ុយក្រែន។
ទីភ្នាក់ងារស៊ើបការណ៍សម្ងាត់ចក្រភពអង់គ្លេស បានបញ្ជូនសារតាមបណ្តាញ Twitter ថា ការលុកលុយចូលរបស់រុស្ស៊ីក្នុងប្រទេសអ៊ុយក្រែនយឺតជាងមុន «ទំនងដោយសារការលំបាកខាងភស្តុភានិងការតស៊ូយ៉ាងខ្លាំងរបស់អ៊ុយក្រែន»។
អភិបាលរដ្ឋធានីកៀវដែលជាអតីតជើងឯកកីឡាប្រដាល់ទម្ងន់ធ្ងន់លោក Vitali Klitschko បាននិយាយកាលពីថ្ងៃសៅរ៍ម្សិលមិញថា មិនមានវត្តមានយោធារុស្ស៊ីច្រើនទេនៅក្នុងរដ្ឋធានីកៀវ ក៏ប៉ុន្តែក្រុមបំផ្លិចបំផ្លាញទាំងនេះកំពុងរត់គេចខ្លួន។ លោក Klitschko បានដាក់បម្រាមគោលចរណ៍ពីម៉ោង៥ល្ងាចដល់ម៉ោង៨ព្រឹក ហើយលោកបាននិយាយទៀតថា ទីក្រុងនេះបានស្ថិតនៅក្នុងដំណាក់ការនៃការការពារ។
បណ្តាញផ្សាយព័ត៌មានរដ្ឋរបស់រុស្ស៊ី RT បានរាយការណ៍កាលពីថ្ងៃសៅរ៍ម្សិលមិញថា កងទ័ពរុស្ស៊ី ត្រូវបានបញ្ជាឲ្យបង្កើនការលុកលុយចូលប្រទេសអ៊ុយក្រែនគ្រប់ទិសទាំងអស់» បន្ទាប់ពីរដ្ឋាភិបាលក្រុងកៀវ បានបដិសេធពុំព្រមចរចា។
មន្ត្រីការពារជាតិជាន់ខ្ពស់ម្នាក់របស់សហរដ្ឋអាមេរិក បានប្រាប់ពួកអ្នកយកព័ត៌មានដោយសុំមិនបញ្ចេញឈ្មោះដើម្បីពិភាក្សាអំពីការណ៍សម្ងាត់នោះ បាននិយាយថា កងទ័ពរុស្ស៊ី បានបាញ់កាំជ្រួចមីស៊ីលផ្លោង ballistic និងកាំជ្រួចមីស៊ីល Cruise ជាង២រយគ្រាប់ ចាប់តាំងការឈ្លានពានបានចាប់ផ្តើម ភាគច្រើននៃមីស៊ីលទាំងនោះបាញ់សំដៅលើកងទ័ពអ៊ុយក្រែន។
មន្ត្រីសហរដ្ឋអាមេរិករូបនោះបានថ្លែងទៀតថា៖ «កងទ័ពរុស្ស៊ី កំពុងជួបប្រទះការតស៊ូយ៉ាងខ្លាំងជាងអ្វីដែលពួកគេរំពឹងទុក»។ លោកបានបន្ថែមទៀតថា កងទ័ពរុស្ស៊ីមិនទាន់បានបង្កើតឲ្យមានឧត្តមភាពនៃកងកម្លាំងអាកាសនៅឡើយទេ បើទោះបីជារុស្ស៊ីមានប្រៀបនិងបានខំប្រឹងប្រែងដើម្បីកម្ចាត់ប្រព័ន្ធការពារដែនអាកាសរបស់អ៊ុយក្រែនក៏ដោយ។ មន្ត្រីរូបនោះបានបន្ថែមទៀតថា ទីបញ្ជាការនិងការត្រួតត្រារបស់អ៊ុយក្រែន «គ្មានការខូចខាត» នោះទេ។
នៅក្នុងរដ្ឋធានីកៀវ លោកប្រធានាធិបតី Zelenskyy បានស្វះស្វែងប្រមូលការគាំទ្រនៅក្នុងប្រទេស ដោយច្រានចោលពាក្យចចាមអារ៉ាមដែលថា លោកបានរត់គេចខ្លួនចេញពីទីក្រុង ហើយលោកទទូចថា លោកនិងមន្ត្រីផ្សេងទៀតរបស់រដ្ឋាភិបាល «បានស្ថិតនៅក្នុងរដ្ឋធានីកៀវទាំងអស់គ្នាដើម្បីការពារឯករាជ្យនិងរដ្ឋរបស់យើង»។
ពួកមន្ត្រីរុស្ស៊ី បាននិយាយថា កងទ័ពរបស់ពួកគេបានរុលទៅមុខយ៉ាងខ្លាំងចូលក្នុងប្រទេសអ៊ុយក្រែននៅក្នុងអ្វីដែលពួកគេបានពណ៌នាថា ជាកិច្ចខិតខំប្រឹងប្រែងដើម្បីលប់បំបាត់ការគំរាមកំហែងភេរវកម្ម។
នៅក្នុងការចុះផ្សាយតាមបណ្តាញព័ត៌មានសង្គមមួយ ឧត្តមសេនីយ៍ទោរុស្ស៊ីលោក Igor Konashenko បាននិយាយថា កងទ័ពរបស់ប្រទេសលោកបានធ្វើឲ្យទីកន្លែងយោធានិងប្រព័ន្ធការពារដែនអាកាសនិងស្ថានីយរ៉ាដារាប់សិបរបស់អ៊ុយក្រែនបិទលែងដំណើរការ ខណៈពេលដែលបានកម្ទេចយន្តហោះចម្បាំង ឧទ្ធម្ភាគចក្រនិងរថយន្តយោធារបស់អ៊ុយក្រែនមួយចំនួនតូចទៀត។
យោធារុស្ស៊ីក៏បាននិយាយដែរថា ខ្លួនបានត្រួតត្រាអាកាសយានដ្ឋាន Hostomel ដែលជាអាកាសយានដ្ឋានយុទ្ធសាស្ត្រដ៏សំខាន់នៅភាពពាយ័ព្យរដ្ឋធានីកៀវ។
ការអះអាងរបស់រុស្ស៊ីនេះមិនទានមានការបញ្ជាក់ភ្លាមៗនៅឡើយទេ ក៏ប៉ុន្តែពួកអាជ្ញាធរអ៊ុយក្រែនបានរាយការណ៍ពីការប្រយុទ្ធគ្នាដ៏ខ្លាំងក្លានៅទីនោះ។
ជនជាតិអ៊ុយក្រែនយ៉ាងតិចណាស់ក៏១៩៨នាក់ដែរត្រូវបានសម្លាប់ រួមទាំងកូនក្មេង៣នាក់ផង។ នេះបើតាមសេចក្តីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មានរុស្ស៊ី Interfax ដែលបានដកស្រង់ប្រភពពីក្រសួងសុខាភិបាលអ៊ុយក្រែន។ គេមិនទាន់ដឹងច្បាស់នៅឡើយថា តើតួលេខនៃចំនួនអ្នកស្លាប់ទាំងនោះជាជនស៊ីវិលតែប៉ុណ្ណោះឬយ៉ាងណាទេ។
អ៊ុយក្រែនបានបញ្ជាក់ទៀតថា ទាហានរុស្ស៊ីជាង១ពាន់នាក់បានត្រូវសម្លាប់ ខណៈដែលរុស្ស៊ីមិនបានបញ្ចេញអំពីតួលេខនៃការស្លាប់របស់ខ្លួន។
អ៊ុយក្រែនបានជម្លៀសបុគ្គលិកស្ថានទូតរបស់ខ្លួននៅក្នុងទីក្រុងមូស្គូនៃប្រទេសរុស្ស៊ីទៅកាន់ប្រទេសឡេតូនី។ នេះបើតាមការបញ្ជាក់របស់ក្រសួងការបរទេសរបស់ប្រទេសនោះកាលពីថ្ងៃសៅរ៍ម្សិលមិញ។
អង្គការសិទ្ធិមនុស្ស Amnesty International និយាយថា រុស្ស៊ីប្រហែលបានប្រព្រឹត្តិឧក្រិដ្ឋកម្មសង្គ្រាមដោយការឈ្លានពាននៅក្នុងប្រទេសអ៊ុយក្រែន។
លោកស្រី Agnes Callamard អគ្គលេខាធិការអង្គការ Amnesty International បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍ថា៖ «យោធារុស្ស៊ី បានបង្ហាញពីការប្រមាថជីវិតជនស៊ីវិលដោយការប្រើកាំជ្រួចមីស៊ីលផ្លោង ballistic និងគ្រឿងផ្ទុះផ្សេងៗដែលប៉ះពាល់ក្នុងតំបន់នានាដែលមានពលរដ្ឋរស់នៅយ៉ាងច្រើន។ ការវាយប្រហារខ្លះ អាចជាឧក្រិដ្ឋកម្មសង្គ្រាម។ រដ្ឋាភិបាលរុស្ស៊ីដែលអះអាងមិនពិតដោយថា ខ្លួនប្រើតែអាវុធដែលមានប្រដាប់បញ្ជាបាញ់តម្រង់ចំទិសដៅនោះ ត្រូវតែទទួលខុសត្រូវចំពោះទង្វើរបស់ខ្លួន»៕
ប្រែសម្រួលដោយលោក ជឹង ប៉ូជីន
លោក Jeff Seldin អ្នកឆ្លើយឆ្លងព័ត៌មានសន្តិសុខជាតិ អ្នកស្រី Heather Murdock អ្នកឆ្លើយឆ្លងព័ត៌មានជនភៀសខ្លួនដែលស្ថិតនៅទីក្រុងកៀវ លោក Jamie Dettmer ស្ថិតក្នុងទីក្រុង Lviv អ្នកស្រី Carla Babb អ្នកឆ្លើយឆ្លងព័ត៌មានប្រចាំក្រសួងការពារជាតិ អ្នកស្រី Cindy Saine អ្នកឆ្លើយឆ្លងព័ត៌មានការបរទេសជាន់ខ្ពស់ និងលោក Wayne Lee នៃ VOA បានរួមចំណែកក្នុងសេចក្តីរាយការណ៍នេះ។ ហើយព័ត៌មានមួយចំនួនក្នុងសេចក្តីរាយការណ៍នេះដកស្រង់ពីទីភ្នាក់ងារសារព័ត៌មាន Reuters។