កាលពីថ្ងៃចន្ទ ប្រទេសអ៊ុយក្រែនបានអះអាងថា ខ្លួនបានដណ្ដើមកាន់កាប់មកវិញនូវភូមិមួយចំនួនបន្ថែមទៀតនៅភាគឦសាន្តប្រទេស ដោយបានរុញច្រានកងទ័ពរុស្ស៊ីឱ្យត្រឡប់ទៅព្រំដែនរវាងប្រទេសទាំងពីរវិញ។
ប្រធានាធិបតីអ៊ុយក្រែនលោក Volodymyr Zelenskyy បានថ្លែងទៅកាន់ប្រទេសជាតិនៅក្នុងសុន្ទរកថាកាលពីយប់ថ្ងៃចន្ទថា កងទ័ពអ៊ុយក្រែនបានដណ្ដើមមកវិញនូវដែនដីជាង ៦.០០០ គីឡូម៉ែត្រការ៉េ ចាប់តាំងពីការវាយលុកបានចាប់ផ្ដើមនៅក្នុងខែនេះមក។
លោកនិយាយដូច្នេះថា៖ «ចលនាឆ្ពោះទៅមុខរបស់កងទ័ពយើងនឹងបន្តទៅមុខទៀត»។
លោក Oleh Syniehubov អភិបាលតំបន់ Kharkiv នៅភាគឦសាន្តប្រទេសអ៊ុយក្រែន បានបញ្ជាក់ថា «នៅតាមតំបន់ខ្លះនៅសមរភូមិជួរមុខ អ្នកការពាររបស់យើងបានរុលទៅដល់ព្រំដែនជាប់ប្រទេសរុស្ស៊ី» ដោយកងទ័ពរុស្ស៊ីបានដកថយយ៉ាងត្រហេបត្រហប។
រដ្ឋមន្ត្រីការបរទេសសហរដ្ឋអាមេរិកលោក Antony Blinken បាននិយាយថា «មានដំណើរវិវឌ្ឍទៅមុខគួរឱ្យកត់សម្គាល់របស់កងទ័ពអ៊ុយក្រែន ជាពិសេសនៅតំបន់ភាគឦសាន្តប្រទេសអ៊ុយក្រែន» ដោយលោកបានលើកឡើងអំពីការគាំទ្រពីសហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តផ្សេងទៀត និងអំពី«ភាពអង់អាចក្លាហាននិងភាពធន់មិនធម្មតារបស់កងទ័ពនិងប្រជាពលរដ្ឋអ៊ុយក្រែន»។
លោក Blinken បានបញ្ជាក់ដូច្នេះថា៖ «នេះគឺនៅជាដំណាក់កាលដំបូងនៅឡើយ។ ដូច្នេះ ខ្ញុំគិតថា យើងមិនអាចទស្សន៍ទាយឱ្យបានពិតប្រាកដថាស្ថានការណ៍នឹងទៅជាយ៉ាងណានោះទេ»។
ក្រសួងការពារជាតិរុស្ស៊ីបានទទួលស្គាល់កាលពីចុងសប្ដាហ៍កន្លងទៅនេះថា ខ្លួនបានដកកងទ័ពត្រឡប់ទៅវិញ ដោយបានបញ្ជាក់ថា កងទ័ពទាំងនោះត្រូវទៅធ្វើប្រតិបត្តិការនៅក្នុងតំបន់ Donetsk នៅភាគខាងកើតប្រទេសអ៊ុយក្រែនវិញ៕
ព័ត៌មានខ្លះនៅក្នុងសេចក្ដីរាយការណ៍នេះត្រូវបានដកស្រង់មកពីទីភ្នាក់ងារព័ត៌មាន Associated Press។