រដ្ឋាភិបាលរុស្ស៊ីបានបញ្ជាក់នៅថ្ងៃចន្ទនេះថា ប្រទេសរុស្ស៊ីនឹងសម្រេចបានតាមគោលបំណងរបស់ខ្លួនទាំងអស់នៅក្នុង «ប្រតិបត្តិការយោធា» របស់ខ្លួនក្នុងប្រទេសអ៊ុយក្រែន។ នេះបើយោងតាមសេចក្ដីរាយការណ៍របស់ទីភ្នាក់ងារព័ត៌មាន Reuters។
រដ្ឋាភិបាលរុស្ស៊ីអះអាងដូច្នេះ បន្ទាប់ពីកងទ័ពអ៊ុយក្រែនមានការវិវឌ្ឍទៅមុខនៅសមរភូមិនៅក្នុងតំបន់ Kharkiv។
អ្នកនាំពាក្យរដ្ឋាភិបាលរុស្ស៊ីលោក Dmitry Peskov បានបដិសេធមិនឆ្លើយតបដោយផ្ទាល់ចំពោះសំណួរដែលអ្នកយកព័ត៌មានសួរថាតើប្រធានាធិបតីរុស្ស៊ីលោក Vladimir Putin មានជំនឿទុកចិត្តឬទេនៅក្នុងការដឹកនាំយោធារបស់លោកនេះ ដោយលោកបានឆ្លើយថា «ប្រតិបត្តិការពិសេស» របស់កងទ័ពរុស្ស៊ីនឹងបន្តរហូតទាល់តែសម្រេចបានតាមគោលបំណងរបស់ខ្លួន។
លោក Peskov បានបន្ថែមថា លោក Putin បានទាក់ទងជាប់លាប់ជាមួយនឹងមេបញ្ជាការយោធារុស្ស៊ីនានានៅក្នុងប្រទេសអ៊ុយក្រែន ហើយគេតែងតែជូនដំណឹងដល់លោកអំពីដំណើរវិវឌ្ឍន៍យោធានៅទីនោះ។
នេះគឺជាប្រតិកម្មលើកដំបូងបង្អស់ពីរដ្ឋាភិបាលរុស្ស៊ីចំពោះការវាយបកតបតទៅវិញដូចផ្លេកបន្ទោររបស់កងទ័ពអ៊ុយក្រែនកាលពីសប្ដាហ៍មុន ដែលនៅក្នុងការវាយបកនោះ រដ្ឋាភិបាលអ៊ុយក្រែនបានអះអាងថា ខ្លួនបានដណ្ដើមកាន់កាប់មកវិញនូវដែនដីជាង ៣.០០០ គីឡូម៉ែត្រការ៉េនៅក្នុងរយៈពេលតែប៉ុន្មានថ្ងៃប៉ុណ្ណោះ។
លោក Peskov ក៏បានបញ្ជាក់ផងដែរថា ប្រទេសរុស្ស៊ីមិនឃើញមានក្ដីរំពឹងណាមួយថានឹងមានការចរចាសន្តិភាពជាមួយនឹងប្រទេសអ៊ុយក្រែន ឬក៏មិនឃើញមានហេតុផលណាមួយសម្រាប់ការចរចានោះដែរ៕