ប្រធានាធិបតីអ៊ុយក្រែន លោក Volodymyr Zelenskyy បាននិយាយនៅក្នុងសុន្ទរកថាប្រចាំរាត្រីរបស់លោកនៅថ្ងៃព្រហស្បតិ៍ថា លោកបានដកឧត្តមសេនីយយោធាជាន់ខ្ពស់អ៊ុយក្រែន២រូបចេញពីតំណែង។
លោកប្រធានាធិបតីអ៊ុយក្រែន បានហៅឧត្តមសេនីយយោធាទាំងពីររូបនោះថា ជា «មនុស្សខ្វះសេចក្តីក្លាហាន»។ ឧត្តមសេនីយម្នាក់ជាប្រធានសន្តិសុខផ្ទៃក្នុងនៃទីភ្នាក់ស៊ើបការណ៍ជាតិរបស់អ៊ុយក្រែន និងម្នាក់ទៀត ជាប្រធានទីភ្នាក់ងារស៊ើបការណ៍សម្ងាត់របស់អ៊ុយក្រែន ប្រចាំតំបន់ Kherson។
លោក Zelenskyy និយាយថា លោកគ្មានពេលដើម្បីដោះស្រាយជាមួយមនុស្សក្បត់ទេ ប៉ុន្តែថា ពួកគេនឹងត្រូវទទួលការដាក់ទណ្ឌកម្មនៅពេលក្រោយ។
មន្ត្រីអ៊ុយក្រែននិយាយថា កងកម្លាំងរុស្ស៊ី បានរឹបអូសជំនួយមនុស្សធម៌ចំនួន១៤តោន ពីក្បួនរថយន្តដឹកជញ្ជូនជំនួយ១២គ្រឿង នៅថ្ងៃព្រហស្បតិ៍នៅភាគខាងត្បូងនៃប្រទេសអ៊ុយក្រែន។ ជំនួយទាំងនោះ រួមមានថ្នាំពេទ្យនិងស្បៀងអាហារ។
ចំណែកក្បួនរថយន្តចំនួន៤៥គ្រឿងផ្សេងទៀត ដែលត្រូវបានបញ្ជូនទៅជម្លៀសជនស៊ីវិល ចេញពីទីក្រុង Mariupol ដែលកំពុងស្ថិតក្នុងការឡោមព័ទ្ធរបស់កងទ័ពរុស្ស៊ីនោះ ត្រូវបានទាហានរុស្ស៊ីបញ្ឈប់មិនឲ្យបន្តដំណើរនៅថ្ងៃព្រហស្បតិ៍ដែរ ហើយគេនៅមិនទាន់ដឹងភ្លាមៗនៅឡើយទេថា តើក្បួនរថយន្តទាំងនេះ នឹងត្រូវអនុញ្ញាតឲ្យ ឬមិនឲ្យបន្តដំណើរនោះ។
មួយថ្ងៃបន្ទាប់ពីមន្ត្រីអ៊ុយក្រែននិយាយថា រុស្ស៊ីមិនបានគោរពកិច្ចសន្យាថានឹងកាត់បន្ថយប្រតិបត្តិការយោធារបស់ខ្លួននៅជាយតំបន់រដ្ឋធានីកៀវនោះ សហរដ្ឋអាមេរិកនិងសម្ព័ន្ធមិត្តបស្ចឹមប្រទេសនៅតែមានការមន្ទិលសង្ស័យលើការអះអាងរបស់រុស្ស៊ី។
អង្គភាពស៊ើបការណ៍សម្ងាត់យោធារបស់អង់គ្លេស បានព្រមាននៅព្រឹកថ្ងៃព្រហស្បតិ៍ថា កងកម្លាំងរបស់រុស្ស៊ីភាគច្រើននៅតែបន្តប្រមូលផ្តុំគ្នានៅជិតទីក្រុងកៀវដដែល ទោះជាមានការដកទ័ពចេញពីទីនោះមួយចំនួនតូចក្តី។
បញ្ជាការរងកងទ័ពជើងអាកាសអង់គ្លេសលោក Mick Smeath បាននិយាយនៅក្នុងសេចក្តីថ្លែងការណ៍មួយថា «ការវាយប្រហារដ៏ខ្លាំង ទំនងជានឹងអាចកើតមាននៅតំបន់ជាយក្រុងកៀវនៅប៉ុន្មានថ្ងៃខាងមុខនេះ»។
មន្ត្រីជាន់ខ្ពស់មួយរូបនៃក្រសួងការពារជាតិអាមេរិក បានហៅការដកទ័ពរបស់រុស្ស៊ីនោះថា ជារឿងតូចមួយដោយព្រមានថា កងកម្លាំងរុស្ស៊ី នៅតែបន្តផ្តោតទៅលើគោលដៅក្នុងរដ្ឋធានីកៀវ និងទីក្រុងមួយចំនួននៅភាគខាងជើងអ៊ុយក្រែន ជាមួយនិងការវាយប្រហារតាមអាកាសនិងការបាញ់ផ្លោង។
អ្នកនាំពាក្យក្រសួងការពារជាតិអាមេរិកលោក John Kirby បាននិយាយនៅថ្ងៃព្រហស្បតិ៍ថា ការដកទ័ពនោះ «មិនច្រើន ហើយក៏មិនឆាប់រហ័សដែរ»។ លោកបានបញ្ជាក់ថា កងកម្លាំងរុស្ស៊ីដែលត្រូវបានដកចេញនោះ មានចំនួនតិចជាង២០% នៃកងទ័ពរុស្ស៊ីទាំងអស់ដែលបានដាក់ពង្រាយនៅជិតទីក្រុងកៀវ និងទីក្រុង Chernihiv។
លោកបន្តទៀតថា «គេនៅមិនទាន់ដឹងច្បាស់ទេថា តើកម្លាំងដែលត្រូវដកចេញទាំងនោះទៅទីណាទេ ហើយមានរយៈពេលយូរប៉ុន្មាន និងក្នុងគោលបំណងអ្វីនោះទេ។ ប៉ុន្តែ យើងមិនឃើញសញ្ញាណាមួយដែលថា កម្លាំងទាំងនោះ ត្រូវបានដកបញ្ជូនត្រឡប់ទៅកាន់ប្រទេសរុស្ស៊ីវិញឡើយ»។
មន្ត្រីការពារជាតិអាមេរិកមួយចំនួន ជឿជាក់ថា កងកម្លាំងរុស្ស៊ី ដែលត្រូវប្តូរទៅកាន់ទីតាំងថ្មីនោះ ទំនងដូចជាឆ្ពោះទៅកាន់ប្រទេសបេឡារុស ដើម្បីយកគ្រៀងផ្គត់ផ្គង់បន្ថែម និងជួលជុលបរិក្ខាយោធារបស់គេ មុនពេលត្រឡប់ចូលក្នុងប្រទេសអ៊ុយក្រែនសាជាថ្មី ដើម្បីជួយកម្លាំងរុស្ស៊ីផ្សេងទៀត ដែលកំពុងធ្វើការវាយប្រហារនៅផ្នែកខាងកើតអ៊ុយក្រែន៕
លោក Jeff Seldin អ្នកយកព័ត៌មានផ្នែកសន្តិសុខជាតិរបស់វីអូអេ អ្នកស្រី Carla Babb អ្នកឆ្លើយឆ្លងព័ត៌មានរបស់វីអូអេប្រចាំក្រសួងការពារជាតិ អ្នកស្រី Margaret Besheer អ្នកយកព័ត៌មានវីអូអេប្រចាំនៅអង្គការសហប្រជាជាតិ និងអ្នកស្រី Anita Powell អ្នកឆ្លើយឆ្លងព័ត៌មានរបស់វីអូអេប្រឆាំសេតវិមាន រួមចំណែកនៅក្នុងសេចក្ដីរាយការណ៍នេះ។