អ៊ុយក្រែន​បដិសេធ​ឱសានវាទ​របស់​រុស្ស៊ី​ ក្នុង​ការប្រគល់​ទីក្រុង Mariupol

Solda pwo La Risi chita nan yon tank pandan yon konfli an Ikren ak La Risi andeyo vil potye Mariupol, nan sid Ikren, 20 Mas 2022.

ប្រទេស​អ៊ុយក្រែន​នៅ​ថ្ងៃ​ចន្ទ​នេះ បាន​បដិសេធ​ឱសានវាទ​របស់​រុស្ស៊ី​ក្នុង​ការ​ប្រគល់​ទីក្រុង Mariupol​ ដែល​កំពុង​រង​ការឡោមព័ទ្ធ ខណៈ​ដែល​ប្រធានាធិបតី​អ៊ុយក្រែន​លោក Volodymyr Zelenskyy និយាយ​ថា លោកត្រៀម​ខ្លួន​ដើម្បី​ជួប​ចរចា​ជាមួយ​ប្រធានាធិបតី​រុស្ស៊ី​ លោក Vladimir Putin។

នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន​លោកស្រី Irina Vereshchuk បាន​បដិសេធ​នូវ​ការទាមទាររបស់​រុស្ស៊ី​ដោយ​បាន​និយាយ​ថា រុស្ស៊ី​គួរតែ​បើក​ច្រក​របៀង​មនុស្សធម៌​សម្រាប់​ពលរដ្ឋ​ចាកចេញ​ពី​ទីក្រុង​នេះ។

លោក​នាយក​រដ្ឋមន្ត្រី​អ៊ុយក្រែន​រូបនេះ បាន​ថ្លែង​ប្រាប់សារព័ត៌មាន​អ៊ុយក្រែនPravda ថា៖ «គេ​មិន​អាចនិយាយ​ពី​រឿង​ចុះចូល​ឬទម្លាក់​អាវុធ​នោះ​ឡើយ។ យើង​បាន​ប្រាប់​ទៅ​ខាង​ភាគី​រុស្ស៊ី​រួច​ហើយ​ពី​រឿង​នេះ»។

បើ​ទីភ្នាក់ងា​រព័ត៌មានរដ្ឋ​រុស៊្សី RIA បាន​ឲ្យដឹង​ថា ក្រសួង​ការពារ​ជាតិ​រុស៊្សី​ បាន​ផ្តល់​ការបរិច្ឆេទដល់កង​កម្លាំង​អ៊ុយក្រែន​ឲ្យ​ចុះចូលនៅ​មុនព្រលឹម​ថ្ងៃ​ចន្ទ​នេះ ហើយ​ការបដិសេធ​មិន​ព្រម​ចុះ​ចួល នឹង​ត្រូវ​ចាត់​ទុក​ថា​ជា​ការ​ចូលដៃ​ជើងជាមួយ«ក្រុម​ចោរ»។

ការដាក់​ឱសានវាទ​របស់​រុស៊្សី​ត្រូវ​បាន​ធ្វើឡើង​តែ​ប៉ុន្មាន​ម៉ោង​ប៉ុណ្ណោះ បន្ទាប់ពី​ប្រធានាធិបតី​អ៊ុយក្រែន​លោកZelenskyy បាន​ថ្លែង​ប្រាប់​អ្នក​យក​ព័ត៌មាន​របស់ទូរទស្សន៍ CNNលោកFareed Zakaria នៅ​ក្នុង​បទ​សម្ភាសន៍​មួយ​ដែល​បាន​ផ្សព្វផ្សាយ​នៅ​ថ្ងៃ​អាទិត្យម្សិល​មិញ​ថា ការបរាជ័យដើម្បី​សម្រេច​បាន​នូវ​កិច្ចព្រមព្រៀង​ចរចា​មួយជាមួយ​រុស៊្សី នឹង​មាន​ន័យថា «នេះ​ជា​សង្គ្រាម​លោក​ លើកទី​៣»។

លោកZelenskyy បាន​អំពាវនាវ​ឲ្យមាន​ការចរចា​សន្តិភាព​ដ៏​ទូលំ​ទូលាយ​មួយ​ជាមួយ​រដ្ឋាភិបាល​ក្រុង​មូស្គូ​ដែ​លនឹង​ធ្វើ​ឲ្យមាន​ឡើង​វិញ​បូរណភាព​ទឹកដី​និង​យុត្តិធម៌​ដល់​អ៊ុយក្រែន​។ ប្រធាន​ក្រុម​អ្នក​ចរចា​រុស្ស៊ី បាន​និយាយ​កាលពីពេល​ថ្មីៗ​នេះ​ថា ភាគី​ទាំង​ពីរ បាន​ខិតកាន់តែ​ជិត​ទៅនឹង​កិច្ច​ព្រមព្រៀង​មួយ​លើ​បញ្ហា​អ៊ុយក្រែន​នៅ​ក្នុង​ការទម្លាប់​ចោល​ការចូលរួមអង្គការ​អូតង់និង​ដាក់ចេញនូវ​ឋានៈភាព​អព្យាក្រឹត្យ។

លោកZelenskyy បាន​ប្រាប់​ទូរទស្សន៍CNN ថា កងទ័ព​រុស្ស៊ី​ បាន​ក្នុង​ប្រទេស​អ៊ុយក្រែន​ដើម្បី​«កម្ទេច​យើង​និង​សម្លាប់​យើង» ប៉ុន្តែ​លោក​បាន​សន្យាថា អ៊ុយក្រែន​នឹង​មិនចុះ​ចាញ់​ហើយ​និង​ប្រគល់​អធិបតេយ្យ​ភាព​និង​បូរណភាព​ទឹកដី​ឲ្យ​រុស្ស៊ី​នោះ​ឡើយ។ លោក​បន្ថែម​ទៀត​ថា «កងទ័ព​រុស្ស៊ី​ បាន​សម្លាប់​កុមារ​អ៊ុយក្រែន។ អ្នក​មិន​អាច​ផ្លាស់ប្តូរ​ស្ថានភាព​នេះ​ឡើយ។ អ្នក​មិន​អាច​ទាមទារ​ឲ្យ​អ៊ុយក្រែន​ទទួល​ស្គាល់​នូវទឹកដី​នៃ​ផ្នែក​ខ្លះ​របស់​ខ្លួន​ថា​ជាសាធារណរដ្ឋ​ឯករាជ្យ​នោះ​ឡើយ។ ការសម្រប​សម្រួល​ទាំង​នេះជា​រឿងខុស»។

ដោយ​ឡែក​នៅ​ក្នុង​ទីក្រុងMariupolឯណោះ​វិញ សាលា​សិល្បៈ​មួយ​កន្លែង​របស់​ទីក្រុង ដែល​មាន​មនុស្ស​ប្រមាណ​៤០០​នាក់​ កំពុង​រត់​រក​កន្លែង​ជ្រក​ពួន​នោះ ត្រូវ​បាន​កងទ័ព​រុស្ស៊ី​ផ្លោង​ដាក់​កាល​ពីព្រឹក​ថ្ងៃ​អាទិត្យ​ម្សិល​មិញ។

ក្រុម​ប្រឹក្សារបស់​ទីក្រុងMariupolនិយាយថា អគារ​នេះ​ត្រូវ​បាន​បំផ្លាញនៅ​ក្នុង​ការ​វាយ​ប្រហារ​នោះ។ ព័ត៌មាន​ពី​អ្នក​នៅ​រស់​រាន​ជីវិតពី​ការ​បាញ់​ផ្លោងរបស់​រុស្ស៊ីនេះ​ នៅ​មិន​ទាន់ត្រូវ​បាន​ដឹង​នៅ​ឡើយ​ទេ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​សហរដ្ឋ​អាមេរិកលោកLloyd Austin បាន​ប្រាប់​កម្មវិធី“Face the Nation” របស់​ទូរទស្សន៍ CBS ថា លោក​គិត​ថា កង​កម្លាំង​របស់​រុស្ស៊ី​បាន​បើក​ការវាយ​ប្រហារដ៏​ព្រៃ​ផ្សៃ​លើ​ជន​ស៊ីវិល​អ៊ុយក្រែន​ ពី​ព្រោះយុទ្ធនាការយោធា​របស់​ខ្លួន កំពុង​ជាប់​គាំង។

ការិយាល័យ​សិទ្ធិមនុស្ស​អង្គការ​សហប្រជាជាតិរាយការណ៍​ថា ជនស៊ីវិល​យ៉ាង​តិចណាស់​ក៏ចំនួន​៩០២នាក់ដែរ​ ត្រូវ​បាន​សម្លាប់​ ហើយមនុស្ស​ប្រមាណ១.៤៥៩​នាក់ ទទួល​រង​របួស​រហូត​មក​ដល់​ថ្ងៃ​សៅរ៍កន្លង​ទៅ​នេះ និង​បាន​និយាយ​ថា ចំនួន​នេះ​ទំនង​ជាអាច​ខ្ពស់​ពីនេះ៕