បាតុកម្មឆាំងនឹងការឈ្លានពានរបស់រុស្ស៊ី ត្រូវបានធ្វើឡើងនៅក្នុងរាជធានីបាងកកនៃប្រទេសថៃ កាលពីថ្ងៃអាទិត្យពីរថ្ងៃជាប់ៗគ្នា ដោយក្រុមបាតុកររាប់រយនាក់ បានដង្ហែក្បួនពីឧទ្យាន Lumpini នៃទីក្រុងបាងកក ឆ្ពោះទៅកាន់ឧទ្យាន Benchakitti។
លោក Oleklsandr Polieno ជាវិស្វករកម្មវិធី Software កុំព្យូទ័រជនជនជាតិអ៊ុយក្រែន ដែលបានរស់នៅក្នុងប្រទេសថៃអស់រយៈពេល ៦ ឆ្នាំមកហើយ។ លោក បានជិះយន្តហោះចេញពីកោះ Phuket ដើម្បីមកចូលរួមបាតុកម្មនេះ។
លោកថ្លែងប្រាប់វីអូអេថា៖ «នេះ ជារឿងមួយដែលយើងអាចធ្វើបានពីក្រៅប្រទេសដើម្បីជួយគាំទ្រអ៊ុយក្រែន។ វាបង្ហាញថា មនុស្សគ្រប់រូបយល់អំពីអ្វីដែលកំពុងកើតឡើងនៅប្រទេសអ៊ុយក្រែន ហើយពលរដ្ឋអ៊ុយក្រែននៅទីនោះ ទទួលបានការគាំទ្រពីពួកយើង»។
អ្នកស្រី Sophie ជាគ្រូបង្រៀនជនជាតិអ៊ុយក្រែនផ្នែកសិល្បៈដែលស្នើសុំមិនប្រាប់នាមត្រកូល។ អ្នកស្រីថ្លែងថា ក្រុមគ្រួសាររបស់អ្នកស្រីនៅអ៊ុយក្រែន កំពុងទទួលរងការឈឺចាប់។
អ្នកស្រីថ្លែងប្រាប់វីអូអេថា៖ «លោក Putin បានចាប់ផ្ដើមសង្គ្រាមនេះ។ ក្រុមគ្រួសាររបស់យើង កំពុងតែទទួលរងការឈឺចាប់។ ពួកគេ កំពុងស្ថិតនៅក្នុងរូងក្រោមដី ដោយគ្មានទឹក គ្មានអាហារ ហើយពួកគេ មិនបានដេកពួនទេ។ ពួកគេ មានការភ័យខ្លាច។ កាលពីប៉ុន្មានម៉ោងមុននេះ រុស្ស៊ី បានចាប់ផ្ដើមវាយប្រហារទៅលើទីក្រុងរបស់យើង។ ឥឡូវនេះ ពួកគេកំពុងស្ថិតនៅក្នុងរូងក្រោមដី និងកំពុងតែបន់ស្រន់ព្រះ»។
អ្នកស្រី Alexandra Bieliaieva ជាពលរដ្ឋមកពីទីក្រុង Odessa ភាគខាងត្បូងប្រទេសអ៊ុយក្រែន។ អ្នកស្រីថ្លែងប្រាប់វីអូអេថា៖ «ខ្ញុំមិនចង់ឲ្យកូនស្រីខ្ញុំត្រឡប់ទៅកាន់អ៊ុយក្រែនវិញទេ។ ខ្ញុំសង្ឃឹមថា ម្ដាយនិងបងស្រីខ្ញុំ អាចគេចផុតពីសង្គ្រាមនេះ។ ខ្ញុំសង្ឃឹមថា ម្ដាយខ្ញុំ អាចចាកចេញពីប្រទេសរបស់យើងបាន»។
នៅពេលរសៀលដ៏ក្ដៅក្នុងទីក្រុងបាងកក បាតុករខ្លះ បានចាក់ភ្លេងដោយប្រើអូប៉ាល័រយូរដៃ ដោយរួមមានទាំងភ្លេងជាតិអ៊ុយក្រែននិងចម្រៀងនៃក្រុមចម្រៀករ៉ក់ Okean Elzy ផងដែរ។ បាតុកម្មនេះ ធ្វើឡើងដោយសន្តិវិធី ចាប់តាំងពីដើមរហូតដល់ចប់ ដោយអ្នកចូលរួមភាគច្រើនបានបិទទង់ជាតិ ឬស្លៀកសម្លៀកបំពាក់ដែលមានពណ៌ដូចទៅនឹងទង់ជាតិអ៊ុយក្រែន។
អ្នកស្រី Natalia ជាអ្នកបង្កើតគេហទំព័រជនជាតិរុស្ស៊ី ដែលសុំមិនបញ្ចេញនាមត្រកូល។ អ្នកស្រីស្លៀកសម្លៀកបំពាក់មានពណ៌ទង់ជាតិអ៊ុយក្រែន ដើម្បីប្រឆាំងនឹងការឈ្លានពានពីសំណាក់ប្រទេសរបស់អ្នកស្រី។
អ្នកស្រីបានថ្លែងថា៖ «ខ្ញុំ បានយំសោកអស់២ថ្ងៃហើយ។ តើខ្ញុំ អាចធ្វើអ្វីបាន? វាជាសុបិន្តអាក្រក់មួយដែលយើងឃើញរឿងនេះមកពីជ្រុងម្ខាងទៀត»។
អ្នកស្រីថ្លែងថា បណ្ដាញផ្សព្វផ្សាយរុស្ស៊ី កំពុងបំភ្លៃការពិតអំពីការឈ្លានពាននេះ។
អ្នកស្រីបន្តថា៖ «ពួកគេនិយាយថា លោក Putin ជាវីរៈបុរស បានជួយសង្គ្រោះជនជាតិរុស្ស៊ីពីគ្រប់ទីកន្លែង ហើយយើងគួរតែប្រយុទ្ធដើម្បីប្រជាពលរដ្ឋរបស់យើង។ ស្ដាប់ទៅ វាហាក់ដូចជាពួកគេទទួលបានជ័យជម្នះរួចទៅហើយ។ តែតាមពិត ពួកគេ ត្រូវបានបញ្ចូលមនោគមវិជ្ជា។ ខ្ញុំគិតថា យើងកំពុងដើរលើផ្លូវដែលកូរ៉េខាងជើងបានដើរ»។
យុវជន Taras Golokoz អាយុ១៧ឆ្នាំ ជាពលរដ្ឋថៃដើមកំណើតអ៊ុយក្រែន។ យុវជននោះ បានថ្លែងប្រាប់វីអូអេថា ខ្លួនមានក្តីបារម្ភយ៉ាងខ្លាំងចំពោះជីដូនជីតារបស់ខ្លួនដែលកំពុងរស់នៅទីក្រុង Mykolaiv។
យុវជនរូបនោះ បានថ្លែងទៀតថា៖ «ពេលខ្លះ ពួកគាត់មានអារម្មណ៍ភ័យខ្លាចយ៉ាងខ្លាំងនៅពេលឮសំឡេងឧទ្ធម្ភាគចក្ររបស់រុស្ស៊ីហោះកាត់។ ខ្ញុំព្រួយបាម្ភណាស់ ព្រោះពួកគាត់ អាចត្រូវគេបាញ់នៅពេលណាមួយ។ ប៉ុន្តែ ពួកគាត់ទទួលបានការផ្គត់ផ្គង់គ្រាមានអាសន្នល្អណាស់នៅក្នុងផ្ទះ។ ពួកគាត់ ក៏មានកន្លែងគេចពីគ្រាប់បែក ក្នុងករណីមានការវាយប្រហារតាមអាកាស»។
អ្នកស្រី Lydia Zhuravlova ជាសិល្បការនីផ្នែកសម្ដែង បាននិយាយថា កងកម្លាំងរុស្ស៊ីបានសម្លាប់គ្រួសាររបស់អ្នកស្រីទាំងអស់កាលពី៧ឆ្នាំមុន នៅពេលដែលរុស្ស៊ី បានឈ្លានពានចូលតំបន់ Donbas។
អ្នកស្រី បានប្រាប់វីអូអេថា៖ «ខ្ញុំ បានបាត់បង់គ្រួសារដោយសារតែការវាយប្រហារលើកដំបូង។ នៅពេលនេះ ការវាយប្រហារលើកទី២ បានចាប់ផ្ដើមហើយ។ ថ្ងៃនេះ ខ្ញុំងើបឈរ និងប្រយុទ្ធដើម្បីប្រទេសរបស់ខ្ញុំដែលគ្រួសាររបស់ខ្ញុំបានបន្សល់ទុកឲ្យខ្ញុំ។ យើងត្រូវការការឧបត្ថម្ភផ្នែកហិរញ្ញវត្ថុ សព្វាវុធ និងជំនួយមនុស្សធម៌សម្រាប់ពលរដ្ឋរបស់យើង ព្រោះអ៊ុយក្រែន កំពុងតែប្រយុទ្ធតែម្នាក់ឯង»។
លោក Roman Vasylyovch បានជួយរៀបចំការធ្វើបាតុកម្មនេះ។ លោកនិយាយថា បាតុកម្ម ក៏ត្រូវបានរៀបចំឡើងនៅខាងក្រៅស្ថានទូតរុស្ស៊ីក្នុងទីក្រុងបាងកកនៅថ្ងៃចន្ទផងដែរ។
លោកថ្លែងថា៖ «យើង រកចម្លើយរបស់យើងចេញពីសកម្មភាព មិនមែនចេះតែនិយាយនោះទេ។ យើងអាចគិត និងនិយាយជាយូរមកហើយ ប៉ុន្តែ បើយើងនៅតែនិយាយទៀត ពួកគេអាចសម្លាប់ពលរដ្ឋរហូតដល់មួយលាននាក់។ សូមធ្វើសកម្មភាពបន្ថែមទៀត និងជួយបន្ថែមទៀតដល់ប្រទេសអ៊ុយក្រែន»។
រដ្ឋាភិបាលថៃ មិនបានធ្វើអត្ថាធិប្បាយជាសាធារណៈអំពីការឈ្លានពាននេះទេ ដែលខុសពីប្រទេសនៅក្នុងតំបន់អាស៊ីអាគ្នេយ៍ផ្សេងទៀតដូចជាសិង្ហបុរី និងឥណ្ឌូណេស៊ី។
សមាគមប្រជាជាតិអាស៊ីអាគ្នេយ៍ ឬអាស៊ានដែលរួមមានទាំងប្រទេសថៃផងដែរនោះ បានចេញសេចក្ដីថ្លែងការណ៍ដោយអំពាវនាវដល់គ្រប់ភាគីឲ្យរក្សាភាពអត់ធ្មត់ខ្ពស់បំផុត រួមមានទាំងការប្រើមធ្យោបាយការទូតដើម្បីគ្រប់គ្រងស្ថានការណ៍នេះ។
លោក Pravit Rojanaphruk ដែលជាអ្នកកាសែតជើងចាស់នៅសារព័ត៌មានអនឡាញជាភាសាអង់គ្លេស Khaosod ជឿថា រដ្ឋាភិបាលថៃ មិនចង់ពាក់ព័ន្ធនឹងបញ្ហានេះទេ ដោយសារហេតុផលសេដ្ឋកិច្ច។
លោក បានថ្លែងប្រាប់វីអូអេថា៖ «ខ្ញុំគិតថា ថៃមានទំនាក់ទំនងល្អជាមួយរុស្ស៊ី។ ក្រុមហ៊ុនទេសចរណ៍រុស្ស៊ី បាននាំភ្ញៀវទេសចរពីលោកខាងលិចយ៉ាងច្រើនមកកាន់ប្រទេសថៃ»។
វិស័យទេសចរណ៍ ជាវិស័យដែលមានសារៈសំខាន់មួយសម្រាប់សេដ្ឋកិច្ចថៃ។ នៅឆ្នាំ ២០១៩ វិស័យទេសចរណ៍មានអាត្រា១១ ភាគរយនៃផលិតផលក្នុងស្រុកសរុបរបស់ថៃ ដែលក្នុងនោះ ពលរដ្ឋថៃប្រមាណ ២០ ភាគរយប្រកបមុខរបរក្នុងវិស័យនេះ។ នេះ បើតាមធនាគារនៃប្រទេសថៃ។
នៅប្រទេសផ្សេងទៀតនៃទ្វីបអាស៊ី ក៏មានការធ្វើបាតុកម្មគាំទ្រដល់ប្រទេសអ៊ុយក្រែនផងដែរ ដូចជាកោះតៃវ៉ាន់ និងប្រទេសជប៉ុន ហើយកាលពីប៉ុន្មានថ្ងៃមុននេះ រដ្ឋាភិបាលទាំងពីរ បានប្រកាសថា ពួកគេនឹងដាក់ទណ្ឌកម្មទៅលើប្រទេសរុស្ស៊ី៕
ប្រែសម្រួលដោយលោក នៀម ឆេង