ចក្រភព​អង់គ្លេស​បញ្ជូន​មីស៊ីល​បាញ់​ក្នុង​រង្វង់​ចម្ងាយ​ឆ្ងាយ​ទៅ​ឱ្យ​អ៊ុយក្រែន

រូបឯកសារ៖ ម៉ីស៊ីល Storm Shadow ត្រូវបានត្រៀមបំពាក់លើយន្តហោះចម្បាំង Tornado GR4 របស់កងយោធាអង់គ្លេស កាលពីថ្ងៃទី ២១ ខែមីនា ឆ្នាំ ២០០៣។

ចក្រភព​អង់គ្លេស​បាន​បញ្ជូន​មីស៊ីល​បាញ់​ក្នុង​រង្វង់​ចម្ងាយ​ឆ្ងាយ​ទៅ​ឱ្យ​ប្រទេស​អ៊ុយក្រែន​ ដើម្បីវាយ​រុញច្រាន​កងកម្លាំង​រុស្ស៊ី​ត្រឡប់ទៅ​ក្រោយ​វិញ។​ នេះ​បើ​តាម​ការបញ្ជាក់​របស់​រដ្ឋមន្ត្រី​ការពារ​ជាតិ​ចក្រភព​អង់គ្លេស​លោក ​Ben Wallace ​កាលពី​ថ្ងៃ​ព្រហស្បតិ៍ ហើយ​ត្រូវ​បាន​ដកស្រង់​ដោយ​ទី​ភ្នាក់ងារ​សារព័ត៌មាន​ AP។

នេះ​ជា​ប្រភេទ​អាវុធដែល​ត្រូវ​បាន​ប្រគល់ជា​លើក​ដំបូង​ដល់​អ៊ុយក្រែន​ ​ដែល​បាន​រង់ចាំ​អាវុធប្រភេទ​នេះ​អស់​រយៈពេល​ជា​យូរមក​ហើយពី​សម្ព័ន្ធមិត្ត​របស់​ខ្លួន។

លោក Wallace ​បាន​ប្រាប់​សមាជិក​រដ្ឋសភា​អង់គ្លេស​ថា​ ចក្រភព​អង់គ្លេស​កំពុងផ្តល់មីស៊ីល​ប្រភេទ Storm Shadow ​ដែល​អាច​បាញ់ដល់ក្នុង​ចម្ងាយ​ ២៥០ គីឡូម៉ែត្រ​ទៅ​ឱ្យ​អ៊ុយក្រែន។​ លោក​មិន​បាន​និយាយអំពី​ចំនួន​មីស៊ីល​ប៉ុន្មាន​គ្រាប់ ដែល​ចក្រភព​អង់គ្លេស​ត្រូវ​ផ្តល់​ឱ្យ​អ៊ុយក្រែន​នោះ​ឡើយ។ ​

លោក ​Wallace គ្រាន់​តែ​និយាយ​ថា​ មីស៊ីល​ទាំង​នោះ ​កំពុង​ត្រូវ​បាន​បញ្ជូន ឬ​ក៏​ទៅ​ដល់​អ៊ុយក្រែន​រួច​ហើយ។

នាយក​រដ្ឋមន្ត្រី​អង់គ្លេស​លោក​ Rishi Sunak បាន​សន្យា​កាល​ពី​ខែ​កម្ភៈកន្លង​ទៅ​ថា​ ចក្រភព​អង់គ្លេស​នឹង​ក្លាយ​ជា​ប្រទេស​ទី​ ១​ ដែល​ផ្តល់​អាវុធ​បាញ់​ក្នុង​រង្វង់​ចម្ងាយ​ឆ្ងាយ​ទៅ​ឱ្យអ៊ុយក្រែន។ មីស៊ីល​នេះ​នឹង​ផ្តល់​សមត្ថភាព​ដល់​អ៊ុយក្រែន​ ដើម្បី​ធ្វើ​ការវាយ​ប្រហារ​បាន​យ៉ាង​ល្អហួស​ពី​ខ្សែ​ត្រៀម​ខាង​មុខ​របស់​រុស្ស៊ី ដែល​ក្នុង​នោះ​ក៏​រួម​មាន​តំបន់​ Crimea ដែល​រុស្ស៊ី​កំពុង​កាន់កាប់​ផង​ដែរ។

សារព័ត៌មាន​អង់គ្លេសរាយការណ៍​ថា​ ​អ៊ុយក្រែនបាន​សន្យាថា​នឹង​មិន​ប្រើគ្រាប់​មីស៊ីល​ទាំង​នេះ​ ដើម្បី​វាយប្រហារ​ទៅ​លើ​ប្រទេស​រុស្ស៊ី​នោះ​ឡើយ។

រដ្ឋមន្ត្រី​ការពារ​ជាតិ​អង់គ្លេស​និយាយ​ថា​ គ្រាប់មីស៊ីលរបស់​អង់គ្លេស​នេះ​នឹង​ត្រូវ​យក​ទៅ​ប្រើប្រាស់​ ដើម្បី​បណ្តេញ​កងកម្លាំង​រុស្ស៊ី​ចេញ​ពីតំបន់​ទឹកដី​អ៊ុយក្រែន​ ដែល​រុស្ស៊ីកំពុង​កាន់​កាប់​នៅ​ពេលនេះ។​លោកបន្ថែម​ទៀត​ថា​ ការ​គាំទ្រ​របស់​អង់គ្លេស​សម្រាប់អ៊ុយក្រែន​ គឺ​មាន​ការ​ទទួល​ខុសត្រូវ​ តាម​ស្តង់ដា​ ការ​សម្របសម្រួល​ និង​ប្រកប​ដោយ​ភាព​វៃឆ្លាត។​

លោក​ថ្លែង​បន្ថែម​ថា៖​ «យើង​មិន​អាច​ឈរ​ស្ងៀម​នៅ​ពេល​ដែលរុស្ស៊ីកំពុងតែ​សម្លាប់​ជនស៊ីវិល​នោះ​ឡើយ»៕