អេមីរ៉ាត​អារ៉ាប់​រួម​ត្រូវ​គេ​រំពឹង​ថា​នឹង​ការពារ​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ធំៗ​នៅ​កិច្ចប្រជុំ​អង្គការ​សហប្រជាជាតិ​ស្ដីពី​អាកាសធាតុ

រូបឯកសារ៖ អគារ​ខ្ពស់ៗ​ក្នុង​សង្កាត់ Dubai Marina (កណ្តាល) និង​កំពង់ផែ Dubai Harbor (ស្តាំ) ក្នុង​ទីក្រុង​ឌូបៃ ប្រទេស​អារ៉ាប់រួម កាលពី​ថ្ងៃទី៦ ខែមេសា ឆ្នាំ២០២១។

មន្ត្រី​ការទូត​ជាន់​ខ្ពស់​មួយ​រូប​នៃ​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម​លោក Majid al-Suwaidi បាន​និយាយ​ថា ប្រទេស​នៅ​តំបន់​ឈូង​សមុទ្រ​ពែក្ស​មួយ​នេះ​ចង់​ឱ្យ​កិច្ចប្រជុំ​កំពូល​របស់​អង្គការ​សហប្រជាជាតិ​ស្តីពី​អាកាសធាតុ ដែល​ខ្លួន​នឹង​ធ្វើ​ជា​ម្ចាស់​ផ្ទះ​នៅ​ចុង​ឆ្នាំ​នេះ​មាន​«លទ្ធផល​ដែល​មាន​ការ​ផ្លាស់ប្តូរ» សម្រាប់​កិច្ច​ប្រឹងប្រែង​របស់​អន្តរជាតិ​នៅ​ក្នុង​ការ​ទប់ស្កាត់​ការ​ឡើង​កម្តៅ​ផែនដី។ នេះ​បើ​យោង​តាម​សេចក្ដី​រាយការណ៍​របស់​ទីភ្នាក់ងារ​ព័ត៌មាន AP។

ប៉ុន្តែ លោក​បាន​ថ្លែង​ថា ការ​ធ្វើ​ដូច្នេះ​នឹង​ទាមទារ​ឱ្យ​ឧស្សាហកម្ម​ឥន្ធនៈ​ផូស៊ីល​ចូលរួម​ក្នុង​តុ​ចរចា។

ក្រុម​អ្នក​ធ្វើ​យុទ្ធនាការ​បរិស្ថាន​បាន​ថ្កោលទោស​ចំពោះ​វត្តមាន​របស់​អ្នក​បញ្ចុះបញ្ចូល​គោល​នយោបាយ​ផ្នែក​ប្រេង​ឥន្ធនៈ​និង​ឧស្ម័ន​នៅ​ក្នុង​កិច្ច​ពិភាក្សា​មុនៗ ដោយ​បាន​បញ្ជាក់​ថា ចំណាប់​អារម្មណ៍​របស់​ពួកគេ​គឺ​ផ្ទុយ​ពី​គោលដៅ​នៃ​ការ​កាត់​បន្ថយ​ការ​បញ្ចេញ​ឧស្ម័ន​ស្រូប​កម្ដៅ​ទៅ​ក្នុង​បរិយាកាស។

កាលពី​ខែ​មុន សមាជិក​សភា​អាមេរិក​និង​អឺរ៉ុប​ជា​ច្រើន​នាក់​បាន​អំពាវនាវ​ឱ្យ​មាន​អ្នក​ថ្មី​ជំនួស​តំណែង​ប្រធាន​កិច្ចប្រជុំ​ដែល​ត្រូវ​បាន​ជ្រើស​តាំង ដោយសារតែ​ប្រធាន​កិច្ច​ប្រជុំ​នេះ​មាន​ការ​ពាក់ព័ន្ធ​ជាមួយ​នឹង​ក្រុមហ៊ុន​ប្រេង​ឥន្ធនៈ​ជាតិ Abu Dhabi ដែល​ជា​កម្មសិទ្ធិ​របស់​រដ្ឋ​នៃ​ប្រទេស​អេមីរ៉ាត​អារ៉ាប់​រួម។

បញ្ហា​នេះ​ធ្វើ​ឱ្យ​ការ​ចរចា​ដែល​កំពុងតែ​មាន​ភាព​ស្មុគស្មាញ​ស្រាប់​កាន់តែ​ស្មុគស្មាញ​បន្ថែម​ទៀត នៅ​មុន​កិច្ចប្រជុំ​របស់​អង្គការ​សហប្រជាជាតិ​ស្ដីពី​ការ​ប្រែប្រួល​អាកាសធាតុ​ពី​ថ្ងៃ​ទី ៣០ ខែ​វិច្ឆិកា ដល់​ថ្ងៃ​ទី ១២ ខែ​ធ្នូ​នៅ​ទីក្រុង Dubai ចូល​មក​ដល់។

កិច្ច​ពិភាក្សា​បឋម​ដែល​នឹង​ចាប់ផ្តើម​នៅ​សប្តាហ៍​នេះ​នៅ​ទីក្រុង Bonn ប្រទេស​អាល្លឺម៉ង់​នឹង​បង្ហាញ​ថា​តើ​ភាព​ជា​ប្រធាន​របស់​អេមីរ៉ាត​អារ៉ាប់​រួម​នៅ​ពេល​ខាង​មុខ​អាច​លុប​បំបាត់​មន្ទិល​សង្ស័យ​ក្នុង​ចំណោម​ភាគី​និង​ក្រុម​សង្គម​ស៊ីវិល​អំពី​សមត្ថភាព​របស់​ប្រទេស​នេះ​ក្នុង​ការ​ដឹកនាំ​ប្រទេស​ជិត ២០០ ដើម្បី​សម្រេច​ឱ្យ​បាន​នូវ​កិច្ច​ព្រមព្រៀង​ដ៏​សំខាន់​មួយ​ដែរ​ឬ​ក៏​យ៉ាង​ណា​នោះ៕