ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

អង្គការ​សុខភាព​ពិភពលោក​គ្រោង​កាត់​បន្ថយ​ការ​ស្លាប់​ដោយសារ​ការ​បំពុល​បរិយាកាស​ឲ្យ​បាន២ភាគ៣នៅ​ត្រឹម​ឆ្នាំ ២០៣០


សេតវិមាន​ប្រធានាធិបតី​នៃ​ប្រទេស​ឥណ្ឌា​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​អាប់ផ្សែងនៅ​តាមផ្លូវ Rajapth ទីក្រុង​ញូវដែលី​កាលពី​ថ្ងៃទី០១ វិច្ឆិកា ឆ្នាំ​២០១៨។
សេតវិមាន​ប្រធានាធិបតី​នៃ​ប្រទេស​ឥណ្ឌា​ត្រូវ​បាន​គ្រប​ដណ្តប់​ដោយ​អាប់ផ្សែងនៅ​តាមផ្លូវ Rajapth ទីក្រុង​ញូវដែលី​កាលពី​ថ្ងៃទី០១ វិច្ឆិកា ឆ្នាំ​២០១៨។

អ្នក​ចូលរួម​នៅ​ក្នុង​សន្និសីទ​ជា​សកល​លើក​ដំបូង​បង្អស់​ស្ដី​ពី​ការ​បំពុល​បរិយាកាស​របស់​អង្គការ​សុខភាព​ពិភពលោក បាន​អនុម័ត​ផែនការ​មួយ​ដើម្បី​កាត់​បន្ថយ​ការ​បំពុល​បរិយាកាស។ ជា​រៀង​រាល់​ឆ្នាំ ការ​បំពុល​បរិយាកាស​នេះ​បាន​ធ្វើ​ឲ្យ​មនុស្ស​ប្រមាណ ៧ លាន​នាក់​ស្លាប់​មុន​អាយុ។

អង្គការ​សុខភាព​ពិភពលោក​ចាត់​ទុក​សន្និសីទ​នេះ​ថា​ជា​ជោគជ័យ​ដ៏​អស្ចារ្យ​មួយ ដោយ​បាន​កត់​សម្គាល់​ឃើញ​ថា មាន​មនុស្ស​ចំនួន ៩ រយ​នាក់​បាន​ចូលរួម គឺ​មាន​ចំនួន​ច្រើន​ជាង​ការ​រំពឹង​ទុក​ទ្វេ​ដង។ ជាង​នេះ​ទៅ​ទៀត អង្គការ​នេះ​បាន​បញ្ជាក់​ថា មាន​ប្រទេស​ដែល​ជា​សមាជិក​ចំនួន​ជាង ៧០ ប្រទេស អង្គការ​ក្រៅ​រដ្ឋាភិបាល​នានា និង​អ្នក​ចូលរួម​ដទៃ​ទៀត​បាន​ប្ដេជ្ញា​ដោយ​ស្ម័គ្រចិត្ត​ដើម្បី​ចាត់​វិធានការ​កាត់​បន្ថយ​ការ​បំពុល​បរិយាកាស។

លោកស្រី Maria Neira នាយក​ផ្នែក​សុខភាព​សាធារណៈ​និង​បរិស្ថាន​នៃ​អង្គការ​សុខភាព​ពិភព​លោក បាន​និយាយ​ថា អង្គការ​សុខភាព​ពិភពលោក​កំពុង​ដើរ​តួនាទី​នាំ​មុខ​គេ​នៅ​ក្នុង​ការ​ចាត់​វិធានការ​ដោះស្រាយ​ការ​បំពុល​បរិយាកាស​ដើម្បី​ឲ្យ​ពិភពលោក​មាន​បរិយាកាស​ល្អ​ជាង​មុន។

លោកស្រី Maria Neiraបាន​បញ្ជាក់​ដូច្នេះ​ថា៖ «ក្នុង​នាម​ជា​ទីភ្នាក់ងារ​សុខភាព​សាកលលោក អង្គការ​សុខភាព​ពិភពលោក​បាន​ប្ដេជ្ញា​យ៉ាង​ខ្លាំងក្លា ដោយ​ចាប់ផ្ដើម​ពី​ការ​ស្នើ​នូវ​គោលដៅ​ប្រាថ្នា​ទុក​មួយ​នៃ​ការ​កាត់​បន្ថយ​អត្រា​មរណភាព​ដែល​បណ្ដាល​មក​ពី​ការ​បំពុល​បរិយាកាស​ឲ្យ​បាន​ចំនួន​ពីរ​ភាគ​បី​នៅ​ត្រឹម​ឆ្នាំ ២០៣០។ នេះ​គឺ​ជា​ការ​ប្រឈម​ដ៏​ធំ​មួយ​ដែល​យើង​នឹង​អំពាវនាវ​អោយ​មនុស្ស​គ្រប់គ្នា​ចូលរួម​ចំណែក​ចំពោះ​បញ្ហា​នេះ»។

លោកស្រី Neira បាន​និយាយ​ថា ការ​ចាត់​វិធានការ​ទាន់​ពេល​វេលា​គឺ​ជា​ការ​ចាំបាច់​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោល​បំណង​នេះ។ ជា​ឧទាហរណ៍ លោកស្រី​បាន​បញ្ជាក់​ថា មនុស្ស​ត្រូវតែ​ឈប់​ដុត​កាក​សំណល់​រឹង និង​កាក​សំណល់​កសិកម្ម ក៏​ដូចជា​មិន​ត្រូវ​ប្រើ​ប្រេង​ឥន្ធនៈ​ផូស៊ីល​នោះ​ទេ។

អ្នក​ស្រី​បន្ថែម​ថា ប្រជាជន​នៅ​ទ្វីប​អាហ្វ្រិក និង​តំបន់​ផ្សេង​ទៀត​ដែល​មាន​ប្រជាជន​ជួប​ការ​លំបាក គឺ​ចាំបាច់​ត្រូវ​ទទួល​បាន​ការ​ជួយ​ជ្រោមជ្រែង​ដើម្បី​សម្រេច​ឲ្យ​បាន​នូវ​គោល​បំណង​នេះ។

លោកស្រី Neira និយាយ​ដូច្នេះ​ថា៖ «យើង​ត្រូវ​ធ្វើ​យ៉ាង​ណា​ឲ្យ​មនុស្ស ៣ ពាន់​លាន​នាក់​ដែល​សព្វថ្ងៃ​នេះ​នៅតែ​ពឹងផ្អែក​លើ​ប្រេង​ឥន្ធនៈ​ផូស៊ីល​ដើម្បី​ចម្អិន​អាហារ ឬ​បំភ្លឺ​ផ្ទះ​សម្បែង​របស់​ពួកគេ ឲ្យ​ឈប់​ប្រើ​ប្រេង​ឥន្ធនៈ​ប្រភេទ​នេះ​ត​ទៅ​ទៀត។ យើង​ត្រូវ​ធ្វើ​ឲ្យ​ប្រាកដ​ថា ពួកគេ​នឹង​មាន​លទ្ធភាព​អាច​ប្រើប្រាស់​ថាមពល​ដែល​មិន​បំពុល​បរិស្ថាន​បាន‍»។

អង្គការ​សុខភាព​ពិភពលោក​គ្រោង​នឹង​ដាក់​ឲ្យ​ដំណើរការ​នូវ​ប្រព័ន្ធ​តាមដាន​មួយ ដើម្បី​តាមដាន​មើល​ការ​ប្ដេជ្ញា​របស់​បណ្ដា​ប្រទេស​ដែល​ចូលរួម​ក្នុង​គោល​បំណង​នេះ។ ប្រព័ន្ធ​នេះ​មាន​គោល​បំណង​វាស់វែង​ពី​ដំណើរ​វិវឌ្ឍ​ទៅ​មុខ​ដែល​កំពុង​ធ្វើ​ឡើង​ដើម្បី​សម្រេច​ឲ្យ​នូវ​សុខភាព​ប្រសើរ​ជាង​មុន​សម្រាប់​មនុស្ស​រាល់​គ្នា ដោយ​ការ​លុប​បំបាត់​ការ​បំពុល​បរិយាកាស​នៅ​លើ​ពិភពលោក៕

ប្រែ​សម្រួល​ដោយ ហេង រស្មី

XS
SM
MD
LG