ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

មាន​ក្តី​សង្ឃឹម​លើ​កិច្ចព្រមព្រៀង​បម្រែបម្រួល​អាកាសធាតុ​ ស្រប​ពេល​ការ​បញ្ចេញ​ឧស្ម័ន​នៅ​ចិន​ត្រូវ​​ព្យាករណ៍​ថា​នឹង​ធ្លាក់​ចុះ

  • Henry Ridgwell

តំណាង​មក​ពី​ជិត​២០០​ប្រទេស​បាន​មក​ដល់​ក្រុង​ Bonn ប្រទេស​អាឡឺម៉ង់ ដើម្បី​រៀប​រៀង​សន្ធិសញ្ញា​បម្រែ​បម្រួល​អាកាសធាតុ​ថ្មី​។

ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​នៅ​ក្នុង​ប្រទេស​ចិន​មាន​ទំនោរធ្លាក់​ចុះ​លឿន​ជាង​ការ​គិត​ទុក​ពី​មុន​ នេះ​បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ។ ក្រុម​អ្នក​រៀបរៀង​របាយការណ៍​នោះ​និយាយ​ថា ការ​ធ្លាក់​ចុះ​នេះ​មាន​ន័យ​ថា​ ពិភពលោក​នឹង​អាច​ការពារ​ការ​ឡើង​កំដៅ​បាន​លើស​ពី​គោលដៅ​កំណត់​របស់​អ.ស.ប។ ការ​លើក​ឡើង​ដូច្នេះ ​ធ្វើ​ឡើង​បន្ទាប់​ពី​មាន​សុទិដ្ឋិនិយម​នៅ​ក្នុង​កិច្ចប្រជុំ​កំពូល​ G7 ដែល​ថា កិច្ចព្រមព្រៀង​ពេញលេញ​មួយ​លើ​បម្រែ​បម្រួល​អាកាសធាតុ​ពិភពលោក ​អាច​ត្រូវ​បាន​ចុះ​ហត្ថលេខា​នៅ​ឆ្នាំ​នេះ។

រូបភាព​នៃ​កម្មករ និង​សិស្ស​សាលា​ពាក់​ម៉ាស​ ហើយ​ទ្រាំទ្រ​យ៉ាង​លំបាក​ទៅ​នឹង​ផ្សែង​អ័ព្ទ​ដែល​តែងតែ​គ្រប​ដណ្តប់​ទៅ​លើ​ក្រុង​នានា​នៅ​ប្រទេស​ចិន បាន​ក្លាយ​ជា​ទិដ្ឋាភាពមួយ​ដែល​មាន​លក្ខណៈ​សាមញ្ញ​ទៅ​ហើយ។ ប៉ុន្តែ​ បើ​យោង​តាម​របាយការណ៍​ថ្មី​មួយ​នោះ រឿង​ទាំង​អស់​នេះ​កំពុង​តែ​មាន​ការ​ផ្លាស់​ប្តូរ​យឺតៗ។ ការ​បញ្ចេញ​ឧស្ម័ន​ផ្ទះ​កញ្ចក់​របស់​ប្រទេស​នេះ ​ប្រហែលជា​នឹង​ឡើង​ដល់​ចំណុច​កំពូល​នៅ​ឆ្នាំ២០២៥ ​គឺ​ប្រាំ​ឆ្នាំ​នៅ​មុន​គោលដៅ​កំណត់ឆ្នាំ២០៣០​របស់​លោក​ប្រធានាធិបតី​ Xi Jingping។

លោក​ Fergus Green សហ​ការី​រៀបរៀង​របាយការណ៍​នេះ​ មក​ពី​វិទ្យាស្ថាន​សេដ្ឋកិច្ច​ក្រុង​ឡុងដ៍​ (London School of Economics) និយាយ​ថា​ មួយ​ផ្នែក​នៃ​ការ​បញ្ចេញ​ឧស្ម័ន​នេះ​ គឺវា​កើត​ឡើង​ដើម្បីផ្លាស់​ប្តូរក្នុង​របៀប​មួយ​ដែល​ប្រទេស​ចិន​ជំរុញ​ឲ្យ​មាន​កំណើន​សេដ្ឋកិច្ច​របស់​ខ្លួន។

«អ្វី​ដែល​យើង​បាន​ប្រទះ​ឃើញ​កាល​ពី​ឆ្នាំ​មុន ​គឺ​ថា​ ការ​ប្រើប្រាស់​ធ្យូង​របស់​ចិន​បាន​ចាប់​ផ្តើម​ធ្លាក់​ចុះ។ យើង​គិត​ថា នៅ​ក្នុង​រយៈពេល​ប្រាំ​ឆ្នាំ​ខាង​មុខ​នេះ​ យើង​នឹង​អាច​ឃើញ​ការ​ប្រើប្រាស់​ធ្យូង​មាន​ភាព​ស្ថិត​ស្ថេរ។ ការ​ប្រើប្រាស់​នោះ​អាច​បន្ត​ធ្លាក់​ចុះ ​ប៉ុន្តែ​វា​ប្រហែល​ជាស្ថិត​នៅ​ក្នុង​ទិសដៅ​មួយថេរ។ នៅ​ថ្ងៃមុខ​ គឺ​នៅ​ពាក់​កណ្តាល​ទសវត្សរ៍​ឆ្នាំ២០២០ ការ​ប្រើប្រាស់​ធ្យូង​នឹង​ចាប់​ផ្តើម​ធ្លាក់​ចុះ​យ៉ាង​ខ្លាំង»។

ការ​ធ្លាក់​ចុះ​នេះ​កំពុង​តែ​កើត​ឡើង​ដោយសារ​តែ​ការប្រែប្រួល​យឺតយ៉ាវ​នៃ​សេដ្ឋកិច្ច​ចិន​ ដែល​មាន​តម្លៃ​ទឹក​ប្រាក់​១៧,៦លាន​លាន​ដុល្លារ។

«កំណើន​សេដ្ឋកិច្ច​ កំពុង​តែ​ថមថយ​ល្បឿន​ ពី​កម្រិតតួ​លេខ​ពីរ​ខ្ទង់​ ដែល​ជា​ល្បឿន​មួយ​កើត​មានអស់​រយៈពេល​រាប់​ឆ្នាំ​កន្លង​មក។ ហើយ​ធាតុ​ផ្សំ​នៃ​កំណើន​នោះកំពុង​តែ​ងាក​ចេញ​ពី​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​ឧស្សាហកម្ម​ធុន​ធ្ងន់ ទៅ​កាន់​ការ​វិនិយោគ​នៅ​ក្នុង​វិស័យ​សេវាកម្ម និង​ការ​ផលិតឧបករណ៍ប្រើ​បច្ចេកវិទ្យា​ច្នៃ​ប្រឌិត​ខ្ពស់។ កត្តា​ដែល​មាន​សារៈសំខាន់​ខ្លាំង​មួយ​ គឺ​ការ​ផ្លាស់​ប្តូរ​នៅ​ក្នុង​ការ​ផ្គត់ផ្គង់​ថាមពល​របស់​ចិន ដែល​បាន​ងាក​ចេញ​ពី​ការ​ប្រើប្រាស់​ធ្យូង​ហើយ​ជំនួស​ដោយ​ប្រភព​ថាមពល​មិន​មែន​ធ្យូង​ ដូច​ជា​ ថាមពល​ប្រើប្រាស់​ឡើង​វិញ ក៏​ដូច​ជា​ឧស្ម័ន និង​ថាមពល​នុយក្លេអ៊ែរ»។

លោក​ Green បាន​មាន​ប្រសាសន៍​ថា ការ​ផ្លាស់ប្តូរ​នៅ​ប្រទេស​ចិន​ មាន​ន័យ​ថា ពិភពលោក​ទំនង​នឹង​អាច​បញ្ចៀស​ការ​ឡើង​កំដៅ​នៅទូទាំង​សាកលោក​ ដែល​មាន​កម្រិត​ខ្ពស់​ជាង​ពីរ​អង្សាសេ​ គឺ​ខ្ពស់​ជាង​កម្រិត​មួយ​ដែល​ធ្លាប់​មាន​នៅ​មុន​ពេល​ការ​ធ្វើឧស្សាហនីយកម្ម ហើយ​ជាកម្រិត​គោលដៅ​ខ្ពស់​បំផុត​របស់​អ.ស.ប។

អ.ស.ប​សង្ឃឹម​ថា​ នឹង​កំណត់​យក​កម្រិត​នៃ​ការ​កើន​ឡើង​នេះនៅ​ក្នុង​កិច្ចព្រមព្រៀង​ថ្មី​លើ​បម្រែបម្រួល​អាកាសធាតុ​ពិភពលោក​ ដែល​នឹង​ត្រូវ​អនុម័ត​ឡើងនៅ​ទីក្រុង​ប៉ារីស​នៅ​ក្នុង​ខែ​ធ្នូ។ ថ្លែង​នៅ​បន្ទាប់​ពី​កិច្ចប្រជុំ​ G7 នៅ​ទីក្រុង Elmau ប្រទេស​អាល្លឺម៉ង់​ នា​ថ្ងៃ​ច័ន្ទ ទី០៨ ខែ​មិថុនា ​កន្លង​ទៅ​ លោក​ប្រធានាធិបតី​សហរដ្ឋ​អាមេរិក​ បារ៉ាក់អូបាម៉ា បាន​មាន​ប្រសាសន៍​ថា​ ដំណើរ​ការ​វិវត្ត​ទៅ​មុខ​ត្រូវ​បាន​ធ្វើ​ឡើង​ឆ្ពោះ​ទៅ​រក​កិច្ចព្រមព្រៀង​អាកាសធាតុ​ដ៏​រឹងមាំ​មួយ។

«គ្រប់​ប្រទេស​ G7 ទាំង​អស់​នា​ពេល​ឥឡូវ​នេះ​បាន​ដាក់​គោលដៅ​កំណត់​នៅ​ត្រឹម​ឆ្នាំ២០២០ ដើម្បី​កាត់​បន្ថយ​ការ​បញ្ចេញ​សារធាតុ​ការបោន ហើយ​និង​បន្ត​ជំរុញ​ឲ្យ​ប្រទេស​ដែល​បញ្ចេញ​ធាតុ​ការបោន​ច្រើន​ដទៃ​ទៀត​ធ្វើ​ដូច​គ្នា​ដែរ។ យើង​នឹង​បន្ត​ប្តេជ្ញា​ចំណាយ​ហិរញ្ញវត្ថុ​លើ​ផ្នែក​អាកាសធាតុ​ ដើម្បី​ជួយ​ប្រទេស​កំពុង​អភិវឌ្ឍ​ ធ្វើ​ការ​ផ្លាស់​ប្តូរ​ទៅ​រក​កំណើន​សេដ្ឋកិច្ច​ដែល​មាន​ការ​ប្រើ​កម្រិត​ការបោន​ទាប»។

​ក្រុម​មេដឹកនាំ​ G7 បាន​ព្រមព្រៀង​ថា ពិភពលោក​គួរ​តែ​បំបាត់​ចោល​ការ​ប្រើប្រាស់​ឥន្ធនៈ​ផូស៊ីល នៅ​ចុង​សតវត្សរ៍​នេះ។ លោក​ Martin Kaiser ​ប្រធាន​ផ្នែក​នយោបាយ​អាកាសធាតុ​អន្តរជាតិ​នៃ​អង្គការ Greenpeace បាន​ស្វាគមន៍​ការ​លើក​ឡើង​ដូចនេះ​នៅ​ក្នុង​កិច្ចប្រជុំ​ G7។

«កិច្ចប្រជុំ​នៅ​ Elmau បាន​ផ្តល់​ផ្លែផ្កា។ ដោយ​មាន​ការ​សម្រេច​ផ្សេងៗ​ទៅ​លើ​បម្រែបម្រួល​អាកាសធាតុ ​ទស្សនវិស័យ​នៃ​ការផ្គត់ផ្គង់​ថាមពល​ប្រើប្រាស់​ឡើង​វិញឲ្យ​បាន​១០០ភាគរយ​ បញ្ចេញ​ជា​រូបរាង​ហើយ។ កិច្ចប្រជុំ​នេះ​ក៏​បាន​ផ្តល់​នូវ​សញ្ញា​យ៉ាង​ច្បាស់​ថា ​នៅ​ពាក់​កណ្តាល​សតវត្សរ៍​នេះ​ យើង​ត្រូវ​ចាប់​ផ្តើម​លុប​បំបាត់​ការ​ប្រើប្រាស់​ធ្យូង និងប្រេង​ចេញ​ពី​ប្រព័ន្ធ​ថាមពល»។

មាន​សុទិដ្ឋិនិយម​ជុំវិញ​កម្រិត​នៃ​កិច្ចព្រមព្រៀង​នោះ នៅ​មុន​កិច្ច​ប្រជុំ​នៅ​ក្រុង​ប៉ារីស​ ដែល​នឹង​ធ្វើឡើង​នៅ​ប្រាំ​មួយ​ខែខាង​មុខ​នេះ។ ក៏ប៉ុន្តែ ​ក្រុម​អ្នក​ការពារ​បរិស្ថាន​និយាយ​ថា​ ក្រុម​មេដឹកនាំ​នៃ​ប្រទេស​ឧស្សាហកម្ម​នៅ​លើ​ពិភពលោក​ត្រូវ​តែ​ធ្វើ​សកម្មភាព​ជាក់​ស្តែង​ឲ្យដូច​ការ​ប្តេជ្ញា​វិជ្ជមាន​របស់​ពួកគេ ​ដើម្បី​ដោះស្រាយ​បញ្ហាការ​បញ្ចេញ​ឧស្ម័ន​ទាំង​ឡាយ​ ក៏​ដូចជា​ជួយ​ផ្គត់ផ្គង់​ផ្នែក​ហិរញ្ញវត្ថុដើម្បី​ឲ្យ​សេដ្ឋកិច្ច​ពិភពលោក​ដំណើរ​ការ​ឡើង​ដោយ​គ្មាន​សារធាតុ​ការបោន៕

ប្រែ​សម្រួល​ដោយ ណឹម សុភ័ក្រ្តបញ្ញា

XS
SM
MD
LG