សមាជិកគ្រួសារនិងអតីតបុគ្គលិកស្ថានទូតអាមេរិកាំងប្រចាំកម្ពុជាម្នាក់ គឺអ្នកស្រី ជែនីហ្វរ យ៉ាន (Jennifer Yan) ត្រូវបានជ្រើសរើសសម្រាប់រង្វាន់ SOSA ដែលគាំទ្រដោយក្រសួងការបរទេសអាមេរិក ដោយសារសកម្មភាពស្ម័គ្រចិត្តដ៏ឆ្នើមរបស់អ្នកស្រី ក្នុងការចូលរួមជួយសហគមន៍ក្នុងប្រទេសកម្ពុជា។
Your browser doesn’t support HTML5
អ្នកស្រី យ៉ាន គឺជាជ័យលាភីម្នាក់ក្នុងចំណោម៥នាក់ដែលទទួលបានរង្វាន់រដ្ឋមន្ត្រីការបរទេសអាមេរិកសម្រាប់អ្នកស្ម័គ្រចិត្តឆ្នើមក្រៅប្រទេស ហៅកាត់ថា SOSA (Secretary of State Award for Outstanding Volunteerism Abroad) ប្រចាំឆ្នាំ២០១៩នេះ។
Your browser doesn’t support HTML5
ជ័យលាភី៤នាក់ទៀតគឺជាអតីតសមាជិកក្រុមគ្រួសារបុគ្គលិកក្រសួងការបរទេសអាមេរិក ដែលត្រូវបានបញ្ជូនទៅបម្រើការងារនៅតាមបណ្ដាប្រទេសផ្សេងៗទៀត រួមមានតង់ហ្សានី អាល្លឺម៉ង់ ម៉ារ៉ុក និងអេក្វាទ័រ។
អ្នកស្រី យ៉ាន បានមានប្រសាសន៍នៅក្នុងបទសម្ភាសន៍ជាមួយ VOA ក្រោយពីពិធីប្រគល់និងទទួលរង្វាន់ SOSA ជាផ្លូវការនៅឯក្រសួងការបរទេសអាមេរិកក្នុងរដ្ឋធានីវ៉ាស៊ីនតោនកាលពីថ្ងៃពុធទី២០ខែវិច្ឆិកាថា អ្នកស្រីមិនដែលគិតថាសកម្មភាពស្ម័គ្រចិត្តរបស់អ្នកស្រី ដើម្បីចូលរួមជួយអ្នកដទៃក្នុងប្រទេសកម្ពុជា ត្រូវបានទទួលស្គាល់ប្រកបដោយកិត្តិយសបែបនេះទេ។
«ក្នុងពេលដែលខ្ញុំចូលរួមស្ម័គ្រចិត្ត ខ្ញុំគិតថាគ្មាននរណាមើលឃើញពីសកម្មភាពស្ម័គ្រចិត្តរបស់យើងទេ ប៉ុន្តែតាមពិតទៅ មានគេទទួលស្គាល់និងសរសើរសកម្មភាពស្ម័គ្រចិត្តនេះ»
ក្នុងអំឡុងពេលរស់នៅក្នុងប្រទេសកម្ពុជារយៈពេល៣ឆ្នាំចាប់តាំងពីឆ្នាំ២០១៦មក បន្ទាប់ពីស្វាមីរបស់អ្នកស្រីដែលមានដើមកំណើតខ្មែរ ត្រូវបានបញ្ជូនទៅបម្រើការងារនៅស្ថានទូតអាមេរិកក្នុងទីក្រុងភ្នំពេញ អ្នកស្រី យ៉ាន ដែលជាពលរដ្ឋអាមេរិកាំងដើមកំណើតកូរ៉េខាងត្បូង បានធ្វើសកម្មភាពស្ម័គ្រចិត្តជាច្រើន ដើម្បីជួយសហគមន៍។
សកម្មភាពស្ម័គ្រចិត្តទាំងនោះរួមទាំងការបរិច្ចាគពេលវេលា ម្ហូបអាហារនិងសម្ភារៈផ្សេងទៀតដល់អង្គការមនុស្សធម៌និងអង្គការមិនរកប្រាក់កម្រៃក្នុងស្រុកមួយចំនួនរួមមានអង្គការក្ដីសង្ឃឹមសម្រាប់កុមារកម្ពុជា (Hope for Cambodian Children) និងអង្គការមូលនិធិកុមារកម្ពុជា (Cambodian Children's Fund) ជាដើម។
អ្នកស្រី យ៉ាន មានប្រសាសន៍ថាបទពិសោធន៍ផ្ទាល់ខ្លួនក្នុងនាមជាក្មេងកំព្រាម្នាក់ដែលត្រូវបានគេយកមកចិញ្ចឹមក្នុងសហរដ្ឋអាមេរិកតាំងពីឆ្នាំ១៩៨៥ ធ្វើឱ្យអ្នកស្រីយល់ពីគុណតម្លៃនៃការចូលរួមជួយអ្នកដទៃដោយស្ម័គ្រចិត្ត ដោយមិនគិតពីការតបស្នងសងគុណអ្វីទាំងអស់។
«ពេញមួយជីវិតរបស់ខ្ញុំ ខ្ញុំតែងតែទទួលអ្វីមួយពីគេ។ ដោយសារខ្ញុំធំដឹងក្ដីក្នុងមណ្ឌលកុមារកំព្រា ខ្ញុំដឹងពីអារម្មណ៍នៃការទទួលអ្វីមួយដែលគេឱ្យនេះច្បាស់ណាស់»។
រង្វាន់SOSA ត្រូវបានបង្កើតឡើងនៅឆ្នាំ១៩៩០ ដោយមានការលើកទឹកចិត្តនិងការគាំទ្រដោយផ្ទាល់ពីរដ្ឋមន្ត្រីការបរទេសអាមេរិកនៅពេលនោះគឺលោក James A. Baker និងភរិយារបស់លោកគឺអ្នកស្រី Susan Baker។ នេះបើផ្អែកតាមអង្គការតំណាងក្រុមគ្រួសារបុគ្គលិកក្រសួងការបរទេសអាមេរិកដែលត្រូវបញ្ជូនទៅធ្វើការងារនៅតាមបេសកកម្មទូតនានានៅជុំវិញពិភពលោក ហៅកាត់ថា AAFSW (Associates of the American Foreign Service Worldwide) ។
អង្គការដែលមិនរកប្រាក់កម្រៃនេះ ផ្ដល់រង្វាន់ SOSA ប្រចាំឆ្នាំ ដើម្បីទទួលស្គាល់ការខំប្រឹងប្រែងចូលរួមធ្វើសកម្មភាពស្ម័គ្រចិត្តដ៏លេចធ្លោបំផុតរបស់បុគ្គលិកនិងក្រុមគ្រួសារបុគ្គលិកនៃក្រសួងការបរទេសអាមេរិកដែលត្រូវបញ្ជូនទៅបម្រើការងារនៅក្រៅប្រទេស។
ចាប់តាំងពីការកកើតឡើងមក រង្វាន់ SOSAនេះ ត្រូវបានប្រគល់ជូនបុគ្គលិកនិងសមាជិកគ្រួសារបុគ្គលិកចំនួន១២៥នាក់នៃស្ថានបេសកកម្មការទូតក្រៅប្រទេសជាង១៣០ហើយ។ អ្នកដែលទទួលបានរង្វាន់នេះ បានបង្ហាញពីការតាំងចិត្តនិងគំនិតច្នៃប្រឌិតដ៏ឆ្នើម ក្នុងការជួយធ្វើឱ្យប្រសើរឡើងដល់ជីវភាពរស់នៅរបស់អ្នកដទៃនៅក្នុងប្រទេសដែលពួកគេទៅធ្វើការនោះ។
អ្នកស្រី Jennifer Yan ដែលជាអតីតបុគ្គលិកផ្នែកកិច្ចការសាធារណៈក្នុងស្ថានទូតអាមេរិកក្នុងទីក្រុងភ្នំពេញដែរនោះ បានផ្ដល់នូវនិរន្តរភាពដោយធានាថាស្ថានទូតនៅតែបន្តធ្វើការជាមួយអង្គការមនុស្សធម៌និងអង្គការមិនរកប្រាក់កម្រៃដែលអ្នកស្រីធ្លាប់ចូលរួមស្ម័គ្រចិត្តជួយតទៅទៀត ក្រោយពេលដែលអ្នកស្រីបានបញ្ចប់អាណត្តិរបស់ខ្លួននៅឯស្ថានទូតហើយវិលត្រឡប់មកសហរដ្ឋអាមេរិកវិញហើយនោះ។
ក្រៅពីធ្វើសកម្មភាពស្ម័គ្រចិត្តនៅក្រៅស្ថាប័នការងាររបស់ខ្លួនហើយនោះ អ្នកស្រី Jennifer Yan ក៏ជាបុគ្គលិកសកម្មម្នាក់ដែលបានស្ម័គ្រចិត្តចូលរួមជួយក្នុងពេលស្ថានទូតមានរៀបចំព្រឹត្តិការណ៍នានា ដូចជាការរៀបចំអាហារពេលព្រឹកក្នុងរដូវបុណ្យណូអែល (Breakfast with Santa) និងការគ្រប់គ្រងទំព័រ Facebook សម្រាប់ក្រុមគ្រួសារបុគ្គលិកស្ថានទូតជាដើម។
ជាម្ដាយនៃកូន៤នាក់ អ្នកស្រី Jennifer Yan ក៏សកម្មក្នុងការចូលរួមស្ម័គ្រចិត្តជួយសាលារៀនកូនៗរបស់អ្នកស្រី ដោយអ្នកស្រីបានរៀបចំបញ្ឈរអាមេរិកាំងនៅឯពិធីតាំងពិព័រណ៍នៅសាលារៀនផងដែរ។
អ្នកស្រីបណ្ឌិត Joanna Athanasopoulos Owen ប្រធានអង្គការ AAFSW មានប្រសាសន៍ក្នុងបទសម្ភាសន៍ជាមួយVOAនៅក្រោយពិធីប្រគល់រង្វាន់ SOSA ដល់ជ័យលាភីអ្នកស្ម័គ្រចិត្តឆ្នើមទាំង៥នាក់ថា រង្វាន់អ្នកស្ម័គ្រចិត្តនេះ ជួយឱ្យបុគ្គលភ្ញាក់រលឹក ដោយគិតហួសពីត្រឹមតែខ្លួនឯង និងក្រុមគ្រួសារខ្លួនឯង។
«សូមស្ម័គ្រចិត្តផ្ដល់ម្ហូបអាហាររបស់អ្នក ស្ម័គ្រចិត្តផ្ដល់សេចក្ដីល្អរបស់អ្នក ស្ម័គ្រចិត្តជួយថតរូបនរណាម្នាក់ដែលអ្នកមិនដែលស្គាល់នៅតាមផ្លូវ និងស្ម័គ្រចិត្តដើម្បីធ្វើឱ្យនរណាម្នាក់ មានអារម្មណ៍ថាអ្នកស្វាគមន៍រូបគេនៅក្នុងប្រទេសរបស់អ្នកជាដើម»។
អ្នកស្រី Susan Pompeo ភរិយារបស់រដ្ឋមន្ត្រីការបរទេសអាមេរិកបច្ចុប្បន្នគឺលោក Mike Pompeo មានប្រសាសន៍នៅក្នុងពិធីប្រគល់រង្វាន់ SOSA នេះដែរថា សកម្មភាពស្ម័គ្រចិត្តជួយអ្នកដទៃនេះ មិនមែនជួយត្រឹមតែអ្នកដទៃប៉ុណ្ណោះទេ តែវាក៏ជួយដល់អ្នកស្ម័គ្រចិត្តខ្លួនឯងផងដែរ។
អ្នកស្រី Jennifer Yan យល់ស្របចំពោះគំនិតបែបនេះ ដោយមានប្រសាសន៍ថាវាគ្មានអ្វីខុសទាស់នោះទេ ក្នុងការស្ម័គ្រចិត្តចែករំលែកពេលវេលានិងធនធានផ្ទាល់ខ្លួន ដើម្បីផ្ដល់ដល់អ្នកដទៃ រួមទាំងអាហាររបស់ខ្លួនផងដែរ។
«ពេលដែលអ្នកចែកម្ហូបរបស់អ្នកដល់អ្នកផ្សេង អាហារនោះកាន់តែមានឱជារស»។