ស.រ.អ.​និង​សម្ពន្ធមិត្ត​កំណត់​ខួប​រដ្ឋប្រហារ​នៅ​មីយ៉ាន់ម៉ា​ដោយ​ដាក់​ទណ្ឌកម្ម​ថែមទៀត

  • ​Reuters

រូបឯកសារ៖ យោធា​មីយ៉ាន់ម៉ា​ឈរ​យាម​នៅ​ប៉ុស្តិ៍​ត្រួតពិនិត្យ​មួយ​ដែល​មាន​រថពាសដែក​បិទ​ផ្លូវ​ទៅ​កាន់​អគារ​សភា កាលពី​នៅ​ថ្ងៃទី២ ខែកុម្ភៈ ឆ្នាំ​២០២១ ក្នុង​ទីក្រុង​ណៃពិដោ​នៃ​ប្រទេស​មីយ៉ាន់ម៉ា។

សហរដ្ឋ​អាមេរិក​និងសម្ពន្ធមិត្តបាន​ដាក់ទណ្ឌកម្ម​ថែម​ទៀត​លើប្រទេស​មីយ៉ាន់ម៉ាកាលពី​ថ្ងៃ​អង្គារ ដោយ​កំណត់​ខួប​ឆ្នាំ​ទី​ពីរ​នៃ​រដ្ឋប្រហារ​ក្នុង​ប្រទេស​នេះដោយ​ការដាក់​ទណ្ឌកម្ម​លើ​មន្ត្រី​ថាមពល​និង​សមាជិក​ក្រុមប្រឹក្សា​យោធា​ក្នុង​ចំណោមក្រុម​ជន​ឯ​ទៀតៗ។ នេះ​បើ​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ Reuters។​

បើតាមសេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ហិរញ្ញវត្ថុសហរដ្ឋ​អាមេរិក​ថា ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ដាក់ទណ្ឌកម្ម​លើគណៈកម្មការ​សហភាព​រៀប​ចំ​ការបោះឆ្នោត​ សហគ្រាស​រ៉ែ ​មន្ត្រី​ខាង​ថាមពលនិងក្រុមមន្ត្រី​យោធាបច្ចុប្បន្ន​និង​ក្រុម​អតីតមន្ត្រី​យោធា។ ទីភ្នាក់ងារ​សារ​ព័ត៌មាន Reuters ​បាន​រាយការណ៍​មុនគេ​អំពី​សេចក្តី​លម្អិត​នៃចំណាត់ការទាំង​នេះ​របស់ស.រ.អ.។

អ្នកនាំ​ពាក្យ​ម្នាក់នៃ​ក្រសួង​ហិរញ្ញវត្ថុ​អាមេរិកបាន​និយាយ​ថា ចំណាត់ការនេះ​ជា​លើក​ដំបូង​ដែល​ស.រ.អ.​បានយកពួក​មន្ត្រីសហគ្រាសប្រេងនិង​ឧស្ម័ន​មីយ៉ាន់ម៉ា​ MOGE ​ជា​ទីដៅនៃ​ការដាក់​ទណ្ឌកម្ម​តាម​រយៈកម្មវិធី​ទណ្ឌកម្ម​បច្ចុប្បន្ន​ប្រឆាំង​នឹង​មីយ៉ាន់ម៉ា។

ប្រទេស​កាណាដា ​អូស្ត្រាលី​ និងចក្រភព​អង់គ្លេស ​ក៏​បាន​ប្រកាស​អំពី​ការដាក់​ទណ្ឌកម្ម​របស់​ពួក​គេ​នៅ​ថ្ងៃ​អង្គារ​ដែរ។

ពួក​ឧត្តមសេនីយ៍​ជាន់ខ្ពស់​មីយ៉ាន់ម៉ាបាន​ដឹកនាំ​រដ្ឋប្រហារ​មួយ​កាល​ពីខែ​កុម្ភៈ ​ឆ្នាំ​២០២១ នៅ​ក្រោយការ​បែងចែក​អំណាច​គ្នា៥ឆ្នាំ​តាម​រយៈ​ប្រព័ន្ធ​នយោបាយស៊ីវិលដែលពួក​យោធា​បាន​បង្កើត ​ដែល​បាន​នាំឱ្យមាន​កំណែ​ទម្រង់​មួយ​ទសវត្សរ៍​មិនធ្លាប់​មានកាល​ពី​ពេល​មុនៗ។​

ប្រទេស​មីយ៉ាន់ម៉ា​ក៏​មាន​ចលាចល​ជា​មួយចលនាអ្នក​តស៊ូបាន​ប្រយុទ្ធប្រឆាំង​នឹង​ក្រុម​យោធា​លើ​រណសិរ្ស​ជា​ច្រើន បន្ទាប់ពីមាន​ការបង្ក្រាប​បង្ហូរ​ឈាមលើ​ក្រុម​ប្រឆាំងដែលបាន​នាំ​ឲ្យ​មាន​ការដាក់​ទណ្ឌកម្ម​ដោយ​ពួក​ប្រទេស​លោក​ខាង​លិច។

បាតុករ​ស្រែក​ពាក្យស្លោក​ក្នុង​ពេល​ធ្វើ​បាតុកម្ម​ដើម្បី​ប្រារព្ធ​ខួប​លើក​ទី​២​នៃ​រដ្ឋប្រហារ​យោធា​ឆ្នាំ​២០២១ របស់​មីយ៉ាន់ម៉ា នៅ​ខាង​ក្រៅ​ស្ថានទូត​មីយ៉ាន់ម៉ា​ក្នុង​ទីក្រុង​បាងកក ប្រទេស​ថៃ នៅ​ថ្ងៃទី១ ខែកុម្ភៈ ឆ្នាំ២០២៣។

នៅថ្ងៃ​ពុធ​នេះ​ ពលរដ្ឋ​មីយ៉ាន់ម៉ា​ជាច្រើនរយ​នាក់​បាន​ធ្វើ​បាតុកម្ម​តវ៉ា​នៅ​ពី​ខាងមុខ​ស្ថានទូត​មីយ៉ាន់ម៉ា​ក្នុង​ទីក្រុង​បាងកក។ រីឯនៅ​ក្នុង​ប្រទេស​វិញ​អ្នកគាំទ្រ​ចលនា​ប្រជាធិបតេយ្យ​បាន​ធ្វើ​ពហិការ​ដោយ​បិទហាង​ទំនិញ​នានា​នៅ​ទូទាំង​ប្រទេស​។​

ចំណាត់ការរបស់​ស.រ.អ.​កាលពី​ថ្ងៃ​អង្គារបាន​យកនាយក​ចាត់ចែង​កិច្ចការ​និងនាយករដ្ឋ​រង​ផ្នែក​ចាត់ចែង​កិច្ចការនៃ​សហគ្រាស MOGE របស់​រដ្ឋ​ជា​ទី​ដៅ​នៃ​ការដាក់​ទណ្ឌកម្ម ​ដែល​ជាសហគ្រាស​រដ្ឋមាន​ប្រាក់ចំណូល​ច្រើន​បំផុត​របស់​ក្រុម​ប្រឹក្សា​យោធា​។ នេះ​បើ​តាមសេចក្តី​ថ្លែងការណ៍​របស់​ក្រសួង​ហិរញ្ញវត្ថុ​ស.រ.អ.។​

ក្នុង​ចំណោម​ជន​រង​ការដាក់​ទណ្ឌកម្ម​ដោយ​រដ្ឋាភិបាល​ក្រុង​វ៉ាស៊ីនតោន​ មាន​រដ្ឋមន្ត្រី​ថាមពល​របស់​សហភាពលោក Myo Myint Oo ​ដែលក្រសួង​ហិរញ្ញវត្ថុ​បាន​និយាយថា ​តំណាង​រដ្ឋាភិបាល​មីយ៉ាន់ម៉ា​ក្នុង​ការទាក់ទងខាង​វិស័យ​ថាមពលក្នុង​ថ្នាក់​អន្តរជាតិ​និង​ថ្នាក់ជាតិ ​និង​ក្នុង​ការ​ចាត់ចែងកិច្ចការអង្គភាពរបស់​រដ្ឋទាក់ទិននឹង​ការផលិតនិង​ការដឹក​ជញ្ជូន​ប្រេងនិង​ឧស្ម័នទៅ​លក់​ឯ​ប្រទេសក្រៅ។

សហគ្រាស​រ៉ែ​ទី​១ ​និង​សហគ្រាស​រ៉ែ​ទី២ ដែល​ទាំង​ពីរនេះ​ជា​សហគ្រាស​រដ្ឋ និងគណៈកម្មការ​សហភាព​រៀបចំ​ការបោះឆ្នោត​ ក៏រងការដាក់ទណ្ឌកម្មដោយ​ស.រ.អ.ដែរ៕