ភ្ជាប់​ទៅ​គេហទំព័រ​ទាក់ទង

ព័ត៌មាន​​ថ្មី

មេដឹកនាំ​យោធា​មីយ៉ាន់ម៉ា​លើក​ពី​ផែនការ​បោះឆ្នោត​និង​ការដោះលែង​អ្នកទោស​នៅ​ថ្ងៃ​បុណ្យ​ឯករាជ្យ


លោក Min Aung Hlaing មេដឹកនាំនៃរបបយោធាមីយ៉ាន់ម៉ា ចូលរួមក្នុងពិធីឯករាជ្យជាតិ ក្នុងរដ្ឋធានីណៃពិដោ ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៣។

មេដឹកនាំ​យោធា​ដែល​កំពុង​កាន់​អំណាច​របស់​ប្រទេស​មីយ៉ាន់ម៉ាគឺ​ឧត្តមសេនីយ៍​ជាន់ខ្ពស់​ Min Aung Hlaing ​បាន​រៀបរាប់​លម្អិត​អំពី​ផែនការ​សម្រាប់​ការ​បោះឆ្នោត​នៅចុង​ឆ្នាំនេះ ​ហើយបាន​អំពាវនាវ​ឱ្យមាន​ឯកភាព​ជាតិ​នៅ​ក្នុង​សុន្ទរកថា​កាលពី​ថ្ងៃពុធ​ ខណៈដែល​លោក​បាន​ដឹកនាំ​ពិធី​រំលឹក​ខួប​លើក​ទី ​៧៥ ​នៃការ​ទទួល​បាន​ឯករាជ្យ​ពី​ចក្រភព​អង់គ្លេស។ នេះ​បើ​យោង​តាម​សេចក្តី​រាយការណ៍​របស់​ទីភ្នាក់ងារ​សារព័ត៌មាន​ AP។​

លោក​បាន​ជំរុញ​ឱ្យ​ប្រទេស​ផ្សេងទៀត​ និង​អង្គការ​អន្តរជាតិ ​ក៏ដូចជា​ប្រជាជន​នៃប្រទេស​របស់​លោក​ គាំទ្រ​ «ប្រព័ន្ធ​ប្រជាធិបតេយ្យ​ពហុបក្ស​រីកចម្រើន​ខាង​វិន័យ​ពិត​ប្រាកដ» ដែលជា​គោល​គំនិត​របស់​ក្រុម​យោធា​កំពុង​កាន់​អំណាច​ដែល​បាន​កំណត់ថា​ ជា​គោលដៅ​របស់ខ្លួន​ចាប់តាំង​ពីក្រុម​យោធា​ បាន​ទម្លាក់​រដ្ឋាភិបាល​ជាប់ឆ្នោត​របស់​លោកស្រី​ អោង សានស៊ូជី ​កាលពី​ខែកុម្ភៈ ​ឆ្នាំ​ ២០២១។

លោក Min Aung Hlaing ​ក៏បាន​ប្រកាស​លើកលែង​ទោស​ដល់​អ្នកទោស​ចំនួន ​៧.០១២ នាក់ ​ដើម្បី​បង្ហាញ​ឲ្យដឹង​ក្នុង​ពេលប្រារព្ធពិធី​នេះ ​រួម​ជាមួយនឹង​ការបន្ធូរបន្ថយ​ផ្នែកខ្លះ​នៃទោស​ទណ្ឌិត​ផ្សេង​ទៀត ​ដែលមិន​ត្រូវ​បានកាត់​ទោស​ពីបទ​ឧក្រិដ្ឋ​ធ្ងន់ធ្ងរ។ អ្នកជាប់ឃុំ​ផ្នែក​នយោបាយ​មួយ​ចំនួន​ស្ថិតក្នុង​ចំណោម​អ្នក​ដែល​ត្រូវ​បាន​ដោះលែង​ដែរ​ ប៉ុន្តែ​មិនមាន​សញ្ញាណាមួយ​ដែល​ថា​កាយវិការ​នេះ​នឹង​រួម​បញ្ចូល​លោកស្រី ​ស៊ូជី ​ដែលត្រូវ​ពួក​យោធា​ចាប់​ឃុំខ្លួន​ដាក់​ឲ្យ​នៅ​ដាច់​ពីគេ ​ចាប់តាំងពី​ក្រុម​យោធា​បាន​ដណ្តើម​អំណាច​នោះ​ទេ។

លោកស្រី ​ស៊ូជី វ័យ ​៧៧ ឆ្នាំ​ កំពុង​ជាប់​ពន្ធនាគាររយ:ពេល ​៣៣ ឆ្នាំ​ បន្ទាប់​ពីត្រូវ​បាន​កាត់​ទោស​ពីបទ​ចោទ​ពាក់​ព័ន្ធនឹង​ហេតុផល​នយោបាយ​ជា​បន្ត​បន្ទាប់​ ដែល​ក្រុមយោធា​ប្រឌិត​ឡើង។ ក្នុងនោះ​រួមទាំង​ការ​នាំចូល​ និង​កាន់កាប់​វិទ្យុទាក់ទង ​walkie-talkies ​ខុសច្បាប់​ ការ​រំលោភបំពាន​បម្រាម​កូវីដ ​ការ​រំលោភ​លើច្បាប់​សម្ងាត់​ជាផ្លូវការ​របស់​ប្រទេស​ ការបះបោរ​ជាប់​បទចោទ​ពីការ​ក្លែងបន្លំ​ និង​អំពើ​ពុក​រលួយ។ លោកស្រី​ត្រូវបាន​ឃុំខ្លួន​តាំង​ពី​ខែ​មិថុនា​ នៅក្នុង​បឹងហ្គាឡូ​ដែល​សាងសង់​តាម​ទំនៀម​ទម្លាប់​ប្រទេស​នៅ​ពន្ធនាគារធំ​ ក្នុង​រដ្ឋធានី​ណៃពិដោ ដែល​មាន​ឆ្មាំ​ស្ត្រី​បីនាក់​នៅ​យាមកាម​ ប៉ុន្តែ​នៅឃុំ​ដាច់​ដោយឡែក​ពី​អ្នកទោស​ផ្សេង​ទៀត។

អ្នកគាំទ្រ​របស់​លោក​ស្រី ស៊ូជី និង​អ្នកវិភាគ​ឯករាជ្យនិយាយ​ថា ​ករណី​ប្រឆាំង​នឹង​លោកស្រី ​គឺជាការ​ប៉ុនប៉ង​ធ្វើ​ឱ្យខូច​កិត្តិយស​លោកស្រី ​និងធ្វើ​ឱ្យ​មាន​ភាពស្រប​ច្បាប់​ដល់​ការ​ដណ្តើម​អំណាច​របស់​ក្រុម​យោធា​ ខណៈដែល​រារាំង​លោកស្រី​មិន​ឱ្យ​ចូលរួម​ក្នុងការ​បោះឆ្នោត​ដែល​យោធា​បាន​និយាយ​ថា​នឹង​ធ្វើឡើង​នៅខែ​សីហា​ឆ្នាំ​នេះ។

ដំណើរការ​ពិតប្រាកដ​ដំបូង​ឆ្ពោះទៅ​កាន់ការ​បោះឆ្នោត​អាចកើត​ឡើងនៅ​ចុង​ខែនេះ ​នៅពេល​ដែលការ​បន្ថែម​រយៈ ពេល​ប្រាំមួយ​ខែចុង​ក្រោយ​នៃ​ស្ថានភាព​អាសន្ន​ត្រូវ​បញ្ចប់។ ភាព​អាសន្ន​ត្រូវបាន​បង្កើត​ឡើង​ដើម្បី​អនុញ្ញាត​ឱ្យ​យោធា​គ្រប់គ្រង​ បន្ទាប់​ពីពួក​យោធា​បាន​ដណ្តើម​អំណាច​ក្នុង​អំពើ​រដ្ឋប្រហារ​នៅឆ្នាំ​ ២០២១ ។

ការដណ្តើម​អំណាច​របស់​យោធា​បាន​ធ្វើឲ្យ​មាន​ការ​ដើរត្រឡប់​ថយ​ក្រោយ​នូវការ​រីកចម្រើន​ជិត​មួយ​ទសវត្សរ៍​ឆ្ពោះ​ទៅរក​លទ្ធិប្រជាធិបតេយ្យ​ បន្ទាប់ពី​រយៈពេល​ប្រាំ​ទសវត្សរ៍​នៃការ​គ្រប់គ្រង​ដោយ​យោធា។ យោធា​បាន​និយាយ​ថា ខ្លួន​បាន​ធ្វើ​សកម្មភាព​ដូច្នេះ​ ដោយសារ​តែការ​លួចបន្លំ​សន្លឹកឆ្នោត​ដ៏ធំ​នៅក្នុង​ការ​បោះឆ្នោត​ ទោះបីជា​អ្នក​សង្កេត​ការណ៍​បោះឆ្នោត​ឯករាជ្យ​មិនបាន​រកឃើញ​ភាពមិន​ប្រក្រតី​ធំ​ណាមួយ​ក៏​ដោយ។

លោក​ Min Aung Hlaing ​បាន​ប្រកាស​នៅក្នុង​សុន្ទរកថា​របស់​លោក​ ក្នុង​រដ្ឋធានី​ណៃពិដោ ​ជា​កន្លែង​ដែល​លោក​បាន​ធ្វើជា​អធិបតី​ក្នុងក្បួន​ដង្ហែទ្រង់ទ្រាយ​ធំផង​ដែរ​ថា៖

«នៅពេល​សម្រេច​បាននូវ​បទប្បញ្ញត្តិ​នៃស្ថានភាព​អាសន្ន​ ការ​បោះឆ្នោត​ដោយ​សេរី ​និងត្រឹមត្រូវ​នឹង​ប្រព្រឹត្ត​ទៅ​ស្របតាម​រដ្ឋធម្មនុញ្ញ​ឆ្នាំ​ ២០០៨ ​ហើយ​ការងារ​បន្ថែមទៀត​នឹង​ត្រូវអនុវត្ត​ដើម្បី​ប្រគល់​ភារកិច្ចរដ្ឋ​ទៅឱ្យ​គណបក្ស​ឈ្នះឆ្នោត​ស្របតាម​ស្តង់ដា​ប្រជាធិបតេយ្យ»។

លោក Htin Lin Oo (កណ្តាល) អ្នកនិពន្ធនិងអតីតមន្ត្រីផ្នែកសារព័ត៌មានរបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ NLD របស់លោកស្រី Aung San Suu Kyi ឈរជាមួយសហការីរបស់លោក ក្រោយពេលលោកត្រូវបានដោះលែងពីមន្ទីរឃុំឃាំង Insein ក្នុងទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៣។
លោក Htin Lin Oo (កណ្តាល) អ្នកនិពន្ធនិងអតីតមន្ត្រីផ្នែកសារព័ត៌មានរបស់គណបក្សសម្ព័ន្ធជាតិដើម្បីប្រជាធិបតេយ្យ NLD របស់លោកស្រី Aung San Suu Kyi ឈរជាមួយសហការីរបស់លោក ក្រោយពេលលោកត្រូវបានដោះលែងពីមន្ទីរឃុំឃាំង Insein ក្នុងទីក្រុងរ៉ង់ហ្គូន ប្រទេសមីយ៉ាន់ម៉ា កាលពីថ្ងៃទី ៤ ខែមករា ឆ្នាំ ២០២៣។

អង្គភាព​យោធា ​និងមន្ត្រី​រាជការ ​បានដើរ​ដង្ហែ​ក្បួន​ដែល​រៀបចំ​ឡើង​នៅកៀកនឹង​បណ្តុំ​អគារសភា​ដ៏ធំ​សម្បើម ខណៈដែល​យន្តហោះ​ចម្បាំង​យន្តហោះ​ទម្លាក់​គ្រាប់បែក​ និង​ឧទ្ធម្ភាគចក្រ​បាន​ហោះ​ពីលើ។ ផែនការ​សម្រាប់​ការ​បោះឆ្នោត​សកល​ត្រូវបាន​គេ​មើលឃើញ​យ៉ាង​ទូលំទូលាយ​ថា ជាការ​ប៉ុនប៉ង​ធ្វើឱ្យ​មាន​ប្រក្រតីភាព​នៃ​ការ​ដណ្តើម​អំណាច​របស់​យោធា​តាមរយៈ​ប្រអប់ឆ្នោត​ និង​ដើម្បី​ផ្តល់​លទ្ធផល​ដែល​ធានាឱ្យ​ឧត្តមសេនីយ៍​យោធា​រក្សា​ការគ្រប់គ្រង​អំណាច។ យោធា​នឹង​គ្រប់គ្រង​ដំណើរការ​ទាំងមូល ហើយ​បាន​ចំណាយ​ពេល​ពីរ​ឆ្នាំ​កន្លង​មក​នេះ ដើម្បី​ធ្វើឲ្យ​ចុះខ្សោយ​ក្រុម​ប្រឆាំង​ដែល​គួរ​ឱ្យ​ទុក​ចិត្ត​ណាមួយ។

ទោះបីជាមិនត្រូវ​បានដាក់​ឲ្យ​នៅ​ក្រៅច្បាប់​ជាផ្លូវការ​ក៏ដោយ ​ក៏​គណបក្ស​សម្ព័ន្ធជាតិ​ដើម្បី​ប្រជាធិបតេយ្យ ដែល​ជា​អតីត​គណបក្ស​កាន់​អំណាច​ដ៏​មាន​ប្រជាប្រិយ​ បាន​បែកបាក់​គ្នា​យ៉ាង​ពិតប្រាកដ ​ដោយ​មាន​ថ្នាក់​ដឹកនាំ និង​សមាជិក​ជាច្រើន​នាក់​ ជាប់​គុក ​ឬលាក់​ខ្លួន។ រាល់​ទម្រង់​នៃការ​ប្រឆាំង​បច្ចុប្បន្ន​ត្រូវបាន​បង្ក្រាប ដោយ​កងកម្លាំង​សន្តិសុខ ​ពេលខ្លះ​ដោយ​ក្រុម​សម្លាប់​មនុស្ស។

គណបក្ស NLD ​ដឹកនាំ​ដោយ​លោកស្រី​ ស៊ូជី ​បាន​ទទួល​ជ័យជម្នះ​ភ្លូកទឹក​ភ្លូកដី​ជា​លើក​ទី ២ ​ក្នុងការ​បោះឆ្នោត ជា​សកល​ឆ្នាំ​ ២០២០ ​ដែលជា​លទ្ធផល​បង្កឱ្យ​មានការ​ផ្តួល​រំលំ​ដោយ​យោធា​នៅឆ្នាំ​បន្ទាប់។ ការដណ្តើម​អំណាច​របស់​ក្រុមយោធា​បាននាំ​ឱ្យមាន​ការតវ៉ា​ទូទាំង​ប្រទេស​ដោយ​សន្តិវិធី ដែល​កង​កម្លាំង​សន្តិសុខ​បាន​បង្ក្រាប​ផ្តាច់ផ្តិល​ជីវិត។ កាណ៍នេះ ​បានបង្ក​ឱ្យមាន​ការ​តស៊ូ​ប្រដាប់​អាវុធ ដែល​អ្នកជំនាញ​មួយ​ចំនួន​របស់​អង្គការ​សហប្រជាជាតិ​ ចាត់ទុកថា​ជា​សង្គ្រាម​ស៊ីវិល។

ប្រវត្តិសាស្ត្រ​របស់​មីយ៉ាន់ម៉ា ​សូម្បីតែ​មុន​ពេលការ​កាន់កាប់​ ឆ្នាំ ​២០២១ ត្រូវ​បាន​គេកត់​សម្គាល់​ដោយ​ជម្លោះ​ប្រដាប់​អាវុធ​ជាច្រើន​ទសវត្សរ៍​រវាង​រដ្ឋាភិបាល​កណ្តាល និង​ជនជាតិ​ដើម​ភាគតិច​ដែល​ស្វែងរក​ស្វ័យភាព​កាន់តែ​ច្រើន ​ដែលភាគ​ច្រើន​នៅក្នុង​តំបន់​ព្រំដែន។

ជម្លោះ​ប្រដាប់​អាវុធ​នៅតែ​រាលដាល​ពេញ​ប្រទេស​ ហើយ​លោក ​Min Aung Hlaing​ បាន​សង្កត់ធ្ងន់​ថា៖ «ការ​បញ្ចប់​ជម្លោះ​ប្រដាប់​អាវុធ​ផ្ទៃក្នុង​ ដើម្បី​ធានាបាន​នូវ​សាមគ្គីភាព​ជាតិ ​និងសន្តិភាព ​ដែលជា​កត្តា​ចាំបាច់​សម្រាប់​ប្រទេស​ជាតិ​យើង ​ហើយការ​ខិតខំ​ប្រឹងប្រែង​យ៉ាងខ្លាំង​កំពុង​ត្រូវបាន​ធ្វើឡើង​ហើយ​ដើម្បី​ឆ្ពោះទៅកាន់​គោល​បំណង​នេះ»។

ការណ៍​ដែល​លោក​ Min Aung Hlaing​ ផ្តួលរំលំ​រដ្ឋាភិបាល​ប្រជាធិបតេយ្យ​ និងការ​គាបសង្កត់​យ៉ាង​ខ្លាំងក្លា​លើ​ក្រុម​ប្រឆាំង​ទាំងអស់ ​ក៏បាន​ធ្វើឱ្យ​ប្រទេស​នេះ​ក្លាយជា​រដ្ឋឯកោ​ក្នុង​ចំណោម​ប្រទេស​ជាច្រើន​ទៀត​ ដែល​ត្រូវ​រងការ​ដាក់​ទណ្ឌកម្ម​ផ្នែក​នយោបាយ​ និង​សេដ្ឋកិច្ច​ប្រឆាំង​នឹង​ក្រុម​ឧត្តមសេនីយ៍​ដែល​កំពុងកាន់​អំណាច។

លោក​បាន​បន្ថែម​ថា៖​ «គេ​មើល​ឃើញ​ថា អង្គការ ​និង​ប្រទេស​មួយ​ចំនួន​បាន​ជ្រៀត​ជ្រែក​ចូល​ក្នុង​កិច្ចការ​ផ្ទៃ​ក្នុង​របស់​មីយ៉ាន់ម៉ា។ ទោះ​ជា​យ៉ាងណា​ក៏ដោយ ​ក៏​យើងបាន​សម្រេចចិត្ត​ឈរ​យ៉ាង​ម៉ឺងម៉ាត់​ជា​សកល ខណៈ​ពេល​ដែល​ប្រកាន់​ខ្ជាប់នូវ​គោល​នយោបាយការ​បរទេស​របស់​យើង ​ដើម្បី​ការពារ​អធិបតេយ្យភាព ​សន្តិសុខ និង​ផលប្រយោជន៍​របស់​ប្រទេសជាតិ​យើង»៕

ប្រែសម្រួលដោយលោក សុខ ខេមរា

XS
SM
MD
LG