មនុស្ស​២​នាក់​ត្រូវ​បាន​សម្លាប់​នៅ​ក្នុង​ការ​វាយ​សម្រុក​ដើម្បី​ចាប់​ខ្លួន​មេដឹកនាំ​ការវាយ​ប្រហារ​នៅ​ប៉ារីស

ប៉ូលិសបារាំង​ឈរ​នៅ​ជិត​ទ្វារ​នៃ​ព្រះវិហារ Eglise Neuve ដើម្បី​រក្សាសន្តិសុខ​នៅ​តំបន់​នោះ ក្នុង​អំឡុង​ពេល​មាន​ប្រតិបត្តិការ​ក្នុង​ទីក្រុង​ Saint-Denis ដើម្បី​តាម​ចាប់​ខ្លួន​ជន​សង្ស័យពី​ការ​វាយប្រហារ​នៅ​ទីក្រុង​ប៉ារីស​ដែល​កំពុង​រត់​គេចខ្លួន។

ការវាយ​សម្រុក​របស់​ប៉ូលិស​នៅ​តែ​បន្ត​នៅ​តំបន់​ Saint Denis ​ដែល​សិ្ថត​នៅ​ជាយ​ក្រុង​ប៉ារីស ក្នុង​ដំណើរ​ប្រតិបត្តិការ​ដែល​ពាក់​ព័ន្ធ​នឹង​ការ​វាយ​ប្រហារ​ភេរវកម្ម​នៅ​ក្នុង​ទីក្រុង​ប៉ារីស។ យ៉ាង​ហោច​ណាស់​មាន​មនុស្ស​ម្នាក់​ផ្សេង​ទៀត​ត្រូវ​បាន​សម្លាប់​ ហើយ​មនុស្ស​ជា​ច្រើន​នាក់ត្រូវ​បាន​ឃុំឃាំង​នៅ​ក្នុង​និង​នៅ​ជុំវិញ​បរិវេណ​អាគារ​ផ្ទះល្វែង​ដែល​ស្ថិត​នៅ​ចំកណ្ដាល​ទីក្រុង។

អ្នក​នាង​ Lisa Bryant​ នៃ ​VOA​ រាយការណ៍​ពី​ទីក្រុង​ប៉ារីស​មក​ថា មាន​ជនសង្ស័យ​ម្នាក់​ត្រូវ​បាន​គេ​រាយការណ៍​ថា​បាន​ជីក​រូង​នៅ​ក្នុង​អាគារ​ផ្ទះល្វែង​នោះ ហើយ​ជន​នោះ​អាច​ជា​មេដឹកនាំ​មាន​ឈ្មោះ​ថា ​Abdelhamid Abaaoud ​ដែល​បាន​ដឹកនាំ​ការវាយ​ប្រហារ​នោះ។

អាជ្ញាធរ​បារាំង​បាន​ថ្លែង​ថា ​ស្រ្តី​ដែល​ជា​អ្នក​បោក​គ្រាប់បែក​អត្តឃាត​ បាន​បោក​គ្រាប់​បែក​នោះ​ភ្លាមៗ​បន្ទាប់​ពីមាន​ការ​ប្រឈម​មុខ​ដាក់​គ្នា​នៅ​តំបន់​ Saint Denis​ ដែល​ស្ថិត​នៅ​ក្រៅ​ទីក្រុងប៉ារីស​កាល​ពី​ព្រឹក​ថ្ងៃពុធ​នេះ។

ប៉ូលិស​បាន​ឡោម​ព័ទ្ធ​អាគារ​នោះ និង​បាន​ប្រាប់​ឲ្យ​ប្រជាជន​នៅ​ទីនោះ​ស្នាក់​នៅ​ក្នុង​ផ្ទះ។ យានយន្ត​សម្រាប់​ដឹកអ្នក​ដំណើរ​សាធារណៈ​នានា​ក៏​ត្រូវ​បាន​ផ្អាក​ដែរ។ ប្រជាជន​ដែល​ស្នាក់​នៅ​ទីនោះ​បាន​រាយការណ៍​ថា​ ពួក​គេ​បាន​ឮ​ស្នូរ​កាំភ្លើង​និង​សំឡេង​ផ្ទុះ​គ្រាប់​បែក។

យោង​តាម​សារព័ត៌មាន​របស់​ប្រទេស​បារាំង ជន​ដែល​សង្ស័យ​ថា​ជា​មេដឹកនាំ​ការ​វាយ​ប្រហារ​នៅ​ក្នុង​ទីក្រុង​ប៉ារីស​នោះ​ មាន​ឈ្មោះ​ថា Abdelhamid Abaaoud។ Abdelhamid Abaaoud ជា​ពួក​ជីហាត​ដែល​មាន​ដើម​កំណើត​បែលហ្ស៊ិក​ ហើយ​ប្រហែល​ជា​ជន​ម្នាក់​ក្នុង​ចំណោម​បក្សពួក​របស់​ខ្លួន​ដែល​បាន​ជីករូង​នៅ​ក្នុង​អាគារ​ផ្ទះល្វែង​មួយ​នោះ។ ​ឈ្មោះ Abaaoud នេះ​គឺជា​ជន​ដែល​ជាប់​ពាក់​ព័ន្ធ​នឹង​ប្រតិបត្តិការ​ភេរវកម្ម​ផ្សេង​ទៀត​ ដែល​ធ្លាប់​ត្រូវ​បាន​រាយការណ៍​នៅ​ក្នុង​ប្រទេស​ស៊ីរី។

អ្នក​សារព័ត៌មាន​គឺលោក ​David Thompson​ ដែល​ជា​អ្នក​ជំនាញ​តាម​ដាន​ពួក​ក្រុមសកម្ម​ប្រយុទ្ធ​រដ្ឋ​ឥស្លាម​នោះ​ បាន​ថ្លែង​ប្រាប់​វិទ្យុ​បារាំង​ថា ប្រសិន​បើ​សេចក្ដី​រាយការណ៍​ទាំង​អស់​នេះ​ជា​ការពិត​ ហើយ​ឈ្មោះ​ Abaaoud ​នេះ​ពិត​ជា​បាន​លួច​ចូល​ក្នុង​ប្រទេស​បារាំង​មែន​នោះ​ នេះ​បញ្ជាក់​ឲ្យ​ឃើញ​ថា​ ប្រទេស​បារាំង​កំពុង​តែ​ជួប​នឹង​វិបត្តិ​អសន្តិសុខ​ធ្ងន់ធ្ងរ​ហើយ៕