​​មនុស្ស​២៥​នាក់​ស្លាប់​ក្នុង​ការ​បំផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត​ក្នុង​ពេល​ប្រារព្ធ​ពិធី​ឈប់​បាញ់​គ្នា​នៅ​អាហ្វហ្គានីស្ថាន

បុរស​​ត្រូវ​របួសម្នាក់​​ត្រូវ​បាន​គេ​យក​ទៅ​ដាក់​ឡាន​ពេទ្យ​នៃ​មន្ទីរ​ពេទ្យ​​ក្រុង Jalalabad ក្នុង​ខេត្ត​ Nangarhar នៅ​ភាគ​ខាង​កើត​នៃ​ប្រទេស​អាហ្វហ្គានីស្ថាន កាល​ពី​ថ្ងៃ​សៅរ៍​ទី​១៦ មិថុនា ២០១៨។

មនុស្ស​យ៉ាង​ហោច​ណាស់​២៥​នាក់​បាន​ស្លាប់​នៅ​ក្នុង​តំបន់​ភាគ​ខាង​កើត​ប្រ​ទេស​អាហ្វហ្គានីស្ថាន​កាល​ពី​ថ្ងៃ​សៅរ៍ ​នៅ​ពេល​ដែល​ការ​ផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត​មួយ​បាន​កើត​មានឡើង​នៅ​ក្នុងហ្វូង​ទាហាន​រដ្ឋាភិបាល ​ពួក​បះបោរ​តាលីបាន​ និង​ជន​ស៊ីវិល​ដែល​កំពុង​ប្រារព្ធ​ការ​ឈប់​បាញ់​គ្នា​បណ្តោះ​អាសន្ន​ក្នុង​អំឡុង​នៃ​ពិធី​បុណ្យ​អ៊ីស្លាម​ Eid al-Fitr ។​ ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​អះអាង​ទទួល​ខុសត្រូវ។

​ប្រភព​សន្តិសុខ​បាន​ប្រាប់​ VOA ​ថា ​បុគ្គលិក​សន្តិសុខ​អាហ្វហ្គានីស្ថាន ​ពួកអ្នក​ប្រ​យុទ្ធ​តាលីបាន​ និង​ជន​ស៊ីវិល​ស្ថិត​នៅ​ក្នុង​ចំណោម​ជន​រង​គ្រោះ​ទាំង​នោះ។​ លោក​ Attaullah Khogyani ​អ្នក​នាំ​ពាក្យ​រដ្ឋាភិបាល​បាន​ប្រាប់ ​VOA​ ថា ​ការ​ផ្ទុះ​គ្រាប់​បែក​នោះ​បាន​ស្ថិត​នៅ​ខាង​ក្រៅ​ទីក្រុង​ Jalabalad​ ជារដ្ឋ​ធានី​របស់​ខេត្ត​ Nangahar​ ក៏បាន​ធ្វើ​ឲ្យ​មនុស្ស​យ៉ាង​ហោច​ណាស់​៣០នាក់រង​របួស​ផង​ដែរ។

​អនុប្រធាន​ក្រុម​ប្រឹក្សា​ខេត្ត​បាន​ប្រាប់ ​VOA​ ថា ​ការ​វាយ​ប្រហារ​នោះ​បាន​ធ្វើ​ឡើង​ដោយ​អ្នក​ដាក់​គ្រាប់​បែក​ក្នុង​រថយន្ត​អន្តឃាត។​ ខេត្ត​ Nangahar ​ជាទី​កន្លែង​ដែល​ក្រុម​រដ្ឋ​អ៊ីស្លាម​បាន​បង្កើត​ទីតាំង​ដ៏រឹង​មាំ​របស់​ខ្លួន​ ហើយ​ពួក​ជន​សកម្ម​ប្រយុទ្ធ​របស់​ក្រុម​នោះ​ជា​ធម្មតា​បាន​ធ្វើ​ការ​វាយ​ប្រហារ​និង​បំផ្ទុះ​គ្រាប់​បែក​អត្ត​ឃាត។

​ការ​ផ្ទុះ​គ្រាប់​បែក​កាល​ពី​ថ្ងៃ​សៅរ៍​ជួន​គ្នា​ជាមួយ​ការ​ប្រកាស​តាម​ទូរទស្សន៍​ពី​ប្រធា​នា​ធិបតី​អាហ្វហ្គានីស្ថាន​លោក​ Ashraf Ghani ​ដែល​បាន​សរសើរ​ពីការ​ឈប់​បាញ់​គ្នាហើយ​និង​ការ​បន្ត​បទ​ឈប់​បាញ់​គ្នា​ជា​ឯកតោ​ភាគី​រយៈ​ពេល​៣​ថ្ងៃ​ទៀត។

គេ​មិន​ទាន់​ដឹង​នៅ​ឡើយ​ថា​ តើ​ក្រុម​តាលីបាន​ក៏មាន​បំណង​បន្តការ​ឈប់​បាញ់​គ្នា​នោះ​ដែរ​ឬ​ទេ៕