ទីផ្សារហិរញ្ញវត្ថុតួកគីស្ថិតក្នុងចំណោមទីផ្សារដែលរងការប៉ះពាល់អាក្រក់បំផុត នៅចំពោះមុខបញ្ហារបស់ប្រទេសក្រិក ដែលជាប្រទេសជិតខាងរបស់ខ្លួន។ ផលប៉ះពាល់នេះ ត្រូវបានគេមើលឃើញថា ជាសញ្ញាមួយនៃភាពងាយរងគ្រោះកាន់តែខ្លាំងឡើង សម្រាប់សេដ្ឋកិច្ចរបស់ប្រទេសតួកគី ដែលកំពុងស្ថិតនៅក្រោមសម្ពាធរួចទៅហើយ ពីការកើនឡើងការព្រួយបារម្ភនៅតាមព្រំដែនជាមួយប្រទេសស៊ីរី និងកិច្ចខិតខំប្រឹងប្រែងបង្កើតរដ្ឋាភិបាលចម្រុះមួយ។
ទីផ្សារហិរញ្ញវត្ថុតួកគីបានរងផលប៉ះពាល់យ៉ាងខ្លាំងដោយសារវិបត្តិសេដ្ឋកិច្ចនៅប្រទេសក្រិក ហើយអត្រាប្រាក់ lira របស់តួកគីបានធ្លាក់ចុះនៅក្នុងកំណត់ត្រាទាបបំផុតមួយ។
ការភ័យខ្លាចពីបញ្ហាហិរញ្ញវត្ថុដែលកំពុងកើនឡើងនេះ កើតចេញពីការគួបផ្សំជាមួយគ្នារវាងការប្រយុទ្ធប្រឆាំងក្រុមរដ្ឋអ៊ីស្លាមនិងអស្ថិរភាពនៅប្រទេសស៊ីរី ដែលជាប្រទេសជិតខាង។
លោក Sinan Ulgen បញ្ញាវន្តនៅវិទ្យាស្ថាន Carnegie មានមូលដ្ឋាននៅទីក្រុងព្រុចសែល (Brussels) បានមានប្រសាសន៍ថា ការធ្វើប្រជាមតិនៅថ្ងៃអាទិត្យនេះនៅក្នុងប្រទេសក្រិក បានបន្ថែមសម្ពាធហិរញ្ញវត្ថុទៅលើប្រទេសតួកគីដែលមិនមែនជារដ្ឋសមាជិកនៃតំបន់ចាយប្រាក់អឺរ៉ូ។
«វាពិតជាមានហានិភ័យដ៏ធំមួយសម្រាប់ប្រទេសតួកគី ដោយសារតែស្ថានភាពសន្តិសុខនៅក្នុងតំបន់។ ហើយការបោះឆ្នោតនៅក្នុងប្រទេសក្រិកនាចុងសប្តាហ៍នេះ ក៏មានន័យថា វានឹងមានភាពចលាចលក្នុងកម្រិតណាមួយនៅក្នុងទីផ្សារហិរញ្ញវត្ថុ»។
ភាពងាយរងគ្រោះនៃទីផ្សារហិរញ្ញវត្ថុរបស់ប្រទេសតួកគី ដោយសារតែវិបត្តិក្នុងប្រទេសជិតខាងរបស់ខ្លួន កំពុងត្រូវបានគេមើលឃើញថាជាសញ្ញានៃភាពទន់ខ្សោយផ្នែកសេដ្ឋកិច្ចរបស់តូកគី។
លោក Atilla Yesilada អ្នកផ្តល់ប្រឹក្សាយោបល់នៃអង្គការ Global Source Partners ដែលមានមូលដ្ឋាននៅទីក្រុងអ៊ីស្តង់ប៊ុល និយាយថា ប្រទេសតួកគីកំពុងប្រឈមមុខនឹងបញ្ហាសេដ្ឋកិច្ចធំៗជាច្រើន។
«កំណើនសេដ្ឋកិច្ចបានធ្លាក់ចុះយ៉ាងលឿនពីប្រាំពីរភាគរយ ទៅបីភាគរយ។ ឱនភាពថវិការបស់តួកគីនាពេលបច្ចុប្បន្ននេះ ស្ថិតនៅប្រាំភាគរយនៅឡើយ ដែលជាកម្រិតខ្ពស់បំផុតមួយនៅក្នុងចំណោមប្រទេសកំពុងរីកចម្រើន។ ព្រមជាមួយគ្នានោះដែរ ប្រទេសតួកគីមានកម្រិតអតិផរណាប្រាំបីភាគរយ ដែលជាអត្រាខ្ពស់បំផុតមួយផងដែរ នៅក្នុងចំណោមប្រទេសធំៗដែលកំពុងរីកចម្រើន»។
វិស័យទេសចរណ៍ដែលជាប្រភពចំណូលរូបិយប័ណ្ណបរទេសធំបំផុតរបស់តួកគី ក៏កំពុងជួបការលំបាកផងដែរ។ ទេសចរជនជាតិរុស្ស៊ីមានចំនួនកាន់តែតិចជាងមុន មកលេងកម្សាន្តនៅប្រទេសតួកគី ដោយសារតែប្រទេសរបស់ពួកគេកំពុងស្ថិតនៅក្រោមការដាក់ទណ្ឌកម្ម ហើយចំនួនទេសចរអឺរ៉ុបដែលមកលេងកម្សាន្តនៅឆ្នេរសមុទ្រមេឌីទែរ៉ាណេ ក៏ត្រូវបានគេរំពឹងថានឹងធ្លាក់ចុះផងដែរ បន្ទាប់ពីមានការវាយប្រហារភេរវកម្មនៅរមណីយដ្ឋានមួយនៅប្រទេសទុយនេស៊ី៕
ប្រែសម្រួលដោយ ហង្ស វុទ្ធិកា