តុលាការតួកគីបានច្រានចោលការប្តឹងឧទ្ធរណ៍កាលពីថ្ងៃសុក្រ ក្នុងការដោះលែងលោក Andrew Brunson គ្រូគង្វាលជនជាតិអាមេរិកាំងដែលការឃុំឃាំងរូបលោកបានធ្វើឲ្យមានជម្លោះខាងការទូតរវាងតួកគី និងសហរដ្ឋអាមេរិក។
តុលាការជាន់ខ្ពស់នៅក្នុងទីក្រុង Izmir បានធ្វើទៅតាមការសម្រេចរបស់តុលាការជាន់ទាបដើម្បីរក្សាលោក Brunson ឲ្យស្ថិតនៅក្នុងការឃុំឃាំងក្នុងផ្ទះ នេះបើតាមបណ្តាញព័ត៌មានតួកគីនិងលោក Cem Halavurt មេធាវីរបស់លោក Brunson។ តុលាការក៏បានច្រានចោលការប្តឹងឧទ្ធរណ៍ដើម្បីលុបចោលការធ្វើដំណើររបស់លោក Brunson ផងដែរ។
ការសម្រេចទាំងនេះបានកើតមានឡើងទើបតែប៉ុន្មានម៉ោងបន្ទាប់ពីរដ្ឋមន្រ្តីម្នាក់របស់តួកគីបាននិយាយថា ប្រទេសរបស់លោកនឹងធ្វើការឆ្លើយតប ប្រសិនបើសហរដ្ឋអាមេរិកដាក់ទណ្ឌកម្មថ្មីដោយសារការបន្តការឃុំឃាំងលោក Brunson ដែលត្រូវបានរងការចោទប្រកាន់ពីការគាំទ្របុព្វជិតអ៊ីស្លាម Fethullah Gullen ដែលមានទីតាំងនៅក្នុងសហរដ្ឋអាមេរិក។ តួកគីបានចោទប្រកាន់បុព្វជិត Gullen ជាមេគំនិតនៅពីខាង ក្រោយនៃរដ្ឋប្រហារមិនបានទទួលជោគជ័យនៅឆ្នាំ២០១៦។
លោក Runhsar Pekcan រដ្ឋមន្រ្តីក្រសួងពាណិជ្ជកម្មតួកគីបានត្រូវទីភ្នាក់ងារព័ត៌មានរដ្ឋតួកគី Anadolu ដកស្រង់សម្តីមកចុះផ្សាយថា «យើងបានធ្វើការឆ្លើយតបជាស្រេចហើយដោយផ្អែកលើច្បាប់របស់អង្គការពាណិជ្ជកម្មពិភពលោកហើយនឹងបន្តធ្វើដូច្នេះទៀត»។
រដ្ឋមន្រ្តីក្រសួងរតនាគារសហរដ្ឋអាមេរិកលោក Steven Mnuchin បាននិយាយកាលពីថ្ងៃព្រហស្បត៍ថា សហរដ្ឋអាមេរិកបានត្រៀមខ្លួនជាស្រេចហើយដើម្បីដាក់ទណ្ឌកម្មកាន់តែច្រើនឡើងលើតួកគី ប្រសិនបើលោក Brunson មិនបានទទួលការដោះលែងទេនោះ៕