មានការប៉ះ​ទង្គិចគ្នា​រវាង​យុទ្ធជនស៊ីរី​គាំទ្រ​ដោយតួកគី និង​ក្រុមជន​អម្បូរ Kurd ទោះជាមានបទឈប់បាញ់គ្នា​ក៏​ដោយ

រូបឯកសារ៖ យុទ្ធជនស៊ីរីគាំទ្រដោយតួកគីចូលក្នុងក្រុង Ras al-Yan ក្នុងប្រទេសស៊ីរី កាលពីថ្ងៃទី១២ ខែតុលា ឆ្នាំ២០១៩។

ក្រសួង​ការពារ​ប្រទេសតួកគីបាននិយាយថា​ខ្លួន «គោរព​ទាំង​ស្រុង» តាមកិច្ចព្រមព្រៀងនេះហើយ​ថា​ មាន «ការសម្របសម្រួលភ្លាមៗ» ជា​មួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើឱ្យ​ប្រាកដ​ប្រជា​ថា មានភាពស្ងប់ស្ងៀមតទៅ​ទៀត។

អ្នកឃ្លាំ​មើល​សង្គ្រាម​ម្នាក់​បាននិយាយ​ថា​ ពួកយុទ្ធជន​ស៊ីរី​គាំទ្រ​ដោយតួកគីបានប៉ះទង្គិចជាមួយ​កង​កម្លាំង​ដឹក​នាំដោយពួក​ជនអម្បូរ​ Kurd នៅក្នុងផ្នែកមួយ​ចំនួនក្នុង​តំបន់ឦសាននៃ​ប្រទេស​ស៊ីរីកាលពីថ្ងៃសៅរ៍ ដោយមានយុទ្ធជនខ្លះ​ឆ្លងកាត់ព្រំដែនមក​ពី​ប្រទេសតួកគី ដើម្បី​វាយ​ប្រហារភូមិមួយ។ ភាគី​ទាំង​ពីរ​បានបន្ទោស​គ្នា​ទៅ​វិញ​ទៅមកអំពីការប្រយុទ្ធ​នេះ​ ដែលធ្វើឱ្យរង្គោះរង្គើ​ដល់ការ​ឈប់បាញ់គ្នា​សម្របសម្រួលដោយ​សហរដ្ឋអាមេរិក។

នៅ​ពេលជិត​ពីរថ្ងៃ​នៃរយៈពេល​ប្រាំ​ថ្ងៃ​ដែល​មិន​ត្រូវមានការ​ប្រយុទ្ធគ្នា ភាគី​ទាំង​ពីរ​នៅ​តែបាញ់គ្នា​នៅ​ជុំវិញ​ក្រុងព្រំដែន​ Ras al-Ayn។ ក៏​គ្មានសញ្ញា​នៃ​ការ​ដក​ថយដោយកង​កម្លាំងដឹក​នាំ​ដោយ​ពួក Kurd ពី​ទីតាំង​នានានៅ​តាមព្រំដែន​រវាង​ប្រទេស​ស៊ីរី និងប្រទេសតួកគីទេ​ តាមការ​អំពាវ​នាវ​នៅក្នុង​កិច្ច​ព្រមព្រៀង​មួយរវាងតួកគីនិង​សហរដ្ឋអាមេរិក។

ក្រសួង​ការពារ​ប្រទេសតួកគីបាននិយាយថា​ខ្លួន «គោរព​ទាំង​ស្រុង» តាមកិច្ចព្រមព្រៀងនេះហើយ​ថា​ មាន «ការសម្របសម្រួលភ្លាមៗ» ជា​មួយរដ្ឋាភិបាលក្រុងវ៉ាស៊ីនតោន ដើម្បីធ្វើឱ្យ​ប្រាកដ​ប្រជា​ថា មានភាពស្ងប់ស្ងៀមតទៅ​ទៀត។

ក្រសួង​នេះបានចោទប្រកាន់ក្រុមយុទ្ធជនដឹក​នាំ​ដោយពួក Kurd ថា​បាន «ធ្វើការ​វាយ​ប្រហារ» ១៤​លើកក្នុង​រយៈពេល៣៦ម៉ោងមុននេះ​ ភាគច្រើននៅក្នុងក្រុង Ras al-Ayn ដែល​បានត្រូវឡោមព័ទ្ធដោយ​ពួក​យុទ្ធជនសម្ព័ន្ធមិត្តនៅមុន​មានកិច្ចព្រមព្រៀង​ឈប់បាញ់គ្នា។ ក្រសួង​ការពារ​ប្រទេសតួកគីបាននិយាយថា​ ក្រុមយុទ្ធជន Kurd ស៊ីរី​បានប្រើប្រាស់កាំ​ភ្លើង​ត្បាល់ រ៉ុក្កែត និង​កាំភ្លើងយន្ត​ធុនធ្ងន់​ប្រឆាំង​នឹង​យន្តហោះនិងប្រឆាំងនឹង​រថ​ក្រោះនៅ​ក្នុង​ការ​ប្រយុទ្ធ​ទាំង​នោះ៕